ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​ប្រធានាធិបតី​ស៊ីមបាវ៉េ​លោក Robert Mugabe បន្សល់​នូវ​កេរដំណែល​ចម្រុះ​ក្រោយ​ការ​ស្លាប់


ក្មេងៗ​លេង​បាល់ទាត់​នៅ​ក្បែរ​រូបភាព​របស់​អតីត​ប្រធានាធិបតី​ស៊ីមបាវ៉េ លោក Robert Mugabe នៅ ក្នុង​ក្រុង​ហារ៉ារ៉េ កាលពី​ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩។
ក្មេងៗ​លេង​បាល់ទាត់​នៅ​ក្បែរ​រូបភាព​របស់​អតីត​ប្រធានាធិបតី​ស៊ីមបាវ៉េ លោក Robert Mugabe នៅ ក្នុង​ក្រុង​ហារ៉ារ៉េ កាលពី​ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩។

អតីត​មេដឹកនាំ​ប្រទេស​ស៊ីមបាវ៉េ​លោក Robert Mugabe ដែល​បាន​ស្លាប់​ក្នុង​អាយុ ៩៥ ឆ្នាំ នៅ​ក្នុង​មន្ទីរពេទ្យ​ប្រទេស​សិង្ហបុរី​កាល​ពី​ថ្ងៃ​សុក្រ​ទី ៦ ខែ​កញ្ញា​កន្លង​ទៅ​នេះ បាន​បន្សល់​ទុក​នូវ​កេរ​ដំណែល​ដ៏​ស្មុគស្មាញ។

សម្រាប់​អ្នក​ខ្លះ លោក​គឺ​ជា​វីរបុរស​រំដោះ​ជាតិ​ដែល​ប្រកាន់​ខ្ជាប់​តាម​គោលការណ៍​របស់​លោក។ សម្រាប់​អ្នក​ខ្លះ​ផ្សេង​ទៀត លោក​គឺ​ជា​អ្នក​លួច​បន្លំ​នៅ​ក្នុង​ការ​បោះ​ឆ្នោត ជា​អ្នក​បំផ្លាញ​សេដ្ឋកិច្ច​របស់​ប្រទេស​ដែល​ធ្លាប់​រីក​ចម្រើន​សម្បូរ​សប្បាយ​ផ្គត់ផ្គង់​ស្បៀង​អាហារ​ជា​ច្រើន​ដល់​ទ្វីប​អាហ្វ្រិក និង​ជា​អ្នក​គំរាមកំហែង​ប្រជាពលរដ្ឋ​ខ្លួន​ឯង​អស់​រយៈពេល​រាប់​ទសវត្ស។

ប្រធានាធិបតី​ស៊ីមបាវ៉េ​បច្ចុប្បន្ន​លោក Emmerson Mnangagwa ដែល​ជា​អតីត​អនុ​ប្រធានាធិបតី​នៅ​ពេល​ដែល​លោក Mugabe ធ្វើ​ជា​ប្រធានាធិបតី បាន​ប្រកាន់​គោល​ជំហរ​ថា​លោក Mugabe ជា​វីរបុរស។ លោក​ប្រកាន់​គោល​ជំហរ​ដូច្នេះ​នៅ​ពេល​ដែល​លោក​សរសេរ​សារ​នៅ​លើ Twitter ប្រកាស​អំពី​ការ​ស្លាប់​របស់​លោក Mugabe កាល​ពី​ថ្ងៃ​ទី ៦ ខែ​កញ្ញា។

លោក​ប្រធានាធិបតី​ស៊ីមបាវ៉េ Emmerson Mnangagwa ថ្លែង​ទៅ​កាន់​ប្រជាជាតិ នៅ​វិមាន State House ក្នុង​ក្រុង​ហារ៉ារ៉េ កាលពី​ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩។
លោក​ប្រធានាធិបតី​ស៊ីមបាវ៉េ Emmerson Mnangagwa ថ្លែង​ទៅ​កាន់​ប្រជាជាតិ នៅ​វិមាន State House ក្នុង​ក្រុង​ហារ៉ារ៉េ កាលពី​ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩។

លោក Mnangagwa សរសេរ​ដូច្នេះ​ថា៖ «វា​ជា​រឿង​ដ៏​គួរ​ឲ្យ​សោកសៅ​ជា​ទី​បំផុត​ដែល​សមមិត្ត Robert Mugabe ដែល​ជា​បិតា​ស្ថាបនិក និង​ជា​អតីត​ប្រធានាធិបតី​នៃ​ប្រទេស​ស៊ីមបាវ៉េ​បាន​ទទួល​មរណភាព»។

សារ​បង្ហោះ​ទី​ពីរ​របស់​លោក Mnangagwa រៀបរាប់​ថា លោក Mugabe គឺ​ជា «និមិត្តរូប​នៃ​ការ​រំដោះ​ជាតិ ជា​អ្នក​បង្រួបបង្រួម​ទ្វីប​អាហ្វ្រិក​ដែល​បាន​បូជា​ជីវិត​របស់​លោក​ដើម្បី​រំដោះ និង​ផ្ដល់​អំណាច​ដល់​ប្រជាពលរដ្ឋ​របស់​លោក»។

អ្នកស្រី Arikana Chihombori-Quao ឯក​អគ្គរដ្ឋទូត​សហភាព​អាហ្វ្រិក​ប្រចាំ​សហរដ្ឋ​អាមេរិក បាន​ហៅ​លោក Mugabe ថា​ជា​អ្នក​ក្លាហាន ដោយ​លើក​សរសើរ​លោក Mugabe ជា​ពិសេស​ទាក់ទិន​នឹង​អ្វី​ដែល​លោក Mugabe ផ្ទាល់​បាន​ហៅ​ថា​ជា​ការ​កែ​ទម្រង់​ដីធ្លី និង​អ្វី​ដែល​អ្នក​រិះគន់​លោក Mugabe មើល​ឃើញ​ថា​ជា​ការ​រឹប​អូស​ដីធ្លី​កសិកម្ម​របស់​ប្រជាពលរដ្ឋ​ស្បែក​ស។

អ្នកស្រី Chihombori-Quao បាន​ប្រាប់ VOA ភាសា​ស៊ីមបាវ៉េ​កាល​ពី​ថ្ងៃ​ទី ៦ ខែ​កញ្ញា​ថា៖ «ប្រទេស​ស៊ីមបាវ៉េ​នៅតែ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​មួយ​ចំនួន​តូច​នៅ​លើ​ពិភពលោក​ដែល​អាច​យក​ដី​ត្រឡប់​មក​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​វិញ និង​ជា​ប្រទេស​មួយ​ដែល​អាច​បញ្ចៀស​ការ​សម្លាប់​រង្គាល​នៃ​ការ​ដាក់​អាណានិគម»។

ប៉ុន្តែ អ្នក​ដទៃ​ផ្សេង​ទៀត​យល់​ឃើញ​ថា លោក Mugabe ជា​មនុស្ស​ដែល​គ្មាន​ចិត្ត​ធម្ម​មេត្តា។

អ្នកស្រី Muleya Mwananyanda អនុ​ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស Amnesty International ប្រចាំ​ទ្វីប​អាហ្វ្រិក​ខាង​ត្បូង និយាយ​ដូច្នេះ​ថា៖ «ទោះបីជា​លោក Mugabe អះអាង​ខ្លួន​លោក​ថា​ជា​អ្នក​ជួយ​សង្គ្រោះ​ប្រទេស​ស៊ីមបាវ៉េ​ក៏​ដោយ ក៏​លោក​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ និង​កិត្តិនាម​របស់​ប្រទេស​ស៊ីមបាវ៉េ​រង​ទុក្ខ​វេទនា និង​ខូចខាត​គ្មាន​ទី​បញ្ចប់»។

ការ​លេច​ឡើង និង​ការ​ធ្លាក់​ចុះ​ទៅ​វិញ

លោក Mugabe កើត​នៅ​ប្រទេស​ស៊ីមបាវ៉េ​ក្នុង​ឆ្នាំ ១៩២៤ ដែល​នៅ​ពេល​នោះ​ដែនដី​របស់​ស៊ីមបាវ៉េ​ស្ថិត​ក្រោម​អាណានិគម​របស់​ចក្រភព​អង់គ្លេស​ដែល​ដាក់​លើ​តំបន់ Rhodesia។ នៅ​ក្នុង​ដំណាក់កាល​ដំបូងៗ​នៃ​ជីវិត​របស់​លោក លោក Mugabeបាន​ដឹកនាំ​ចលនា​ឧទ្ទាម​មួយ​ដែល​នៅ​ទី​បំផុត​ធ្វើ​ឲ្យ​ប្រទេស​ស៊ីមបាវ៉េ​ទទួល​បាន​ឯករាជ្យ ហើយ​បន្ទាប់​មក​លោក​បាន​ឡើង​កាន់​អំណាច​នៅ​ពេល​ដែល​ប្រទេស​ស៊ីមបាវ៉េ​ចាប់​កំណើត​ឡើង​នៅ​ឆ្នាំ ១៩៨០។

នៅ​ដំណាក់​កាល​ដំបូងៗ​នៃ​សម័យ​ឯករាជ្យ លោក​បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ស៊ីមបាវ៉េ​ផ្សះផ្សា​គ្នា បន្ទាប់ពី​សង្គ្រាម​ស៊ីវិល​បាន​បញ្ចប់​ទៅ ដែល​សង្គ្រាម​នេះ​បាន​កើត​ឡើង​នៅ​ក្នុង​អំឡុង​ពេល​នៃ​ដំណាក់កាល​ចុង​ក្រោយ​នៃ​សម័យ​អាណានិគម។ លោក​ក៏​បាន​ពង្រីក​ជា​លើក​ដំបូង​នូវ​ប្រព័ន្ធ​អប់រំ និង​ប្រព័ន្ធ​សុខាភិបាល​របស់​ប្រទេស ដោយ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ទាំង​ពីរ​នេះ​មាន​ភាព​ល្អ​ប្រសើរ​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក។

ប៉ុន្តែ រយៈពេល​បន្ត​ក្រោយ​មក លោក Mugabe បាន​ចាប់ផ្ដើម​កាន់តែ​គ្មាន​ការ​អត់ឱន​ចំពោះ​អ្នក​ប្រឆាំង ហើយ​លោក​ប្រឈម​នឹង​ការ​កើន​ឡើង​នូវ​ការ​ចោទ​ប្រកាន់​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស ការ​គាប​សង្កត់ និង​ការ​លួច​បន្លំ​នៅ​ក្នុង​ការ​បោះ​ឆ្នោត។

នៅ​រវាង​ឆ្នាំ ១៩៨៣ និង​ឆ្នាំ ១៩៨៧ រដ្ឋាភិបាល​ស៊ីមបាវ៉េ​ដែល​កាន់កាប់​ដោយ​គណបក្ស ZANU-PF របស់​លោក Mugabe បាន​ធ្វើ​ការ​បង្ក្រាប​យ៉ាង​ឃោរឃៅ​លើ​ចលនា​សេរីភាព ZAPU ដែល​ជា​ចលនា​ប្រឆាំង​ដឹកនាំ​ដោយ​លោក Joshua Nkomo។

ដំណាក់​កាល​នេះ​ជា​ដំណាក់​កាល​នៃ​ការ​សម្លាប់​រង្គាល​មនុស្ស​រាប់​ពាន់​នាក់​ដែល​ភាគ​ច្រើន​ជា​អ្នក​និយាយ​ភាសា Ndebele នៃ​តំបន់ Matabeleland ដែល​ជា​មូលដ្ឋាន​រឹងមាំ​របស់​លោក Nkomo។

ក្រោយ​មក ទិន្នផល​កសិកម្ម​បាន​ធ្លាក់​ចុះ បន្ទាប់ពី​មាន​ការ​ផ្ទេរ​ដោយ​បង្ខំ​នូវ​កសិដ្ឋាន​អាជីវកម្ម​របស់​ពលរដ្ឋ​ស្បែក​ស​ទៅ​ឲ្យ​ពលរដ្ឋ​ស្បែក​ខ្មៅ​ដែល​ខ្វះ​បទ​ពិសោធន៍ និង​ខ្វះ​ថវិកា​នៅ​ក្នុង​ការ​ធ្វើ​កសិកម្ម​ឲ្យ​បាន​ផល​ល្អ។ សម្រាប់​ប្រជាពលរដ្ឋ​ស៊ីមបាវ៉េ​ភាគ​ច្រើន ថវិកា ការងារ និង​ទំនិញ​អាជីវកម្ម​ដែល​មាន​តម្លៃ​សមរម្យ​គឺ​នៅតែ​មិន​ទាន់​អាច​សម្រេច​បាន ហើយ​ពួកគេ​បាន​បន្ទោស​លោក Mugabe ថា​ជា​អ្នក​ធ្វើ​ឲ្យ​បញ្ហា​នេះ​កើត​ឡើង។

កិច្ច​ប្រឹងប្រែង​ការពារ​អំណាច​របស់​លោក Mugabe

ដោយ​ថ្លែង​ប្រាប់ VOA កាល​ពី​ឆ្នាំ ២០១៨ លោក Mugabe បាន​ការពារ​ការ​គ្រប់គ្រង​អំណាច​របស់​លោក។

លោក​និយាយ​ដូច្នេះ​ថា៖ «តាំង​ពី​ពេល​នោះ​រហូត​មក​ទល់​នឹង​ពេល​នេះ ខ្ញុំ​បាន​ប្រឹងប្រែង​ធ្វើ​ឲ្យ​ប្រទេស​ត្រឡប់​ទៅ​គោរព​តាម​រដ្ឋធម្មនុញ្ញ​ឡើង​វិញ ត្រឡប់​ទៅ​រក​ភាព​ត្រឹមត្រូវ​តាម​ច្បាប់​ឡើង​វិញ ត្រឡប់​ទៅ​រក​សេរីភាព​សម្រាប់​ប្រជាពលរដ្ឋ​របស់​យើង និង​ទៅ​រក​បរិយាកាស​មួយ​ដែល​ប្រជាពលរដ្ឋ​របស់​យើង​មាន​សិទ្ធិ​សេរីភាព»។

រូបភាព​ឯកសារ៖ អតីត​ប្រធានាធិបតី​ស៊ីមបាវ៉េ លោក Robert Mugabe ស្ថិត​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ផ្ទះ​ឯកជន​របស់​លោក នៅ​ក្នុង​ក្រុង​ហារ៉ារ៉េ ប្រទេស​ស៊ីមបាវ៉េ កាលពី​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
រូបភាព​ឯកសារ៖ អតីត​ប្រធានាធិបតី​ស៊ីមបាវ៉េ លោក Robert Mugabe ស្ថិត​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ផ្ទះ​ឯកជន​របស់​លោក នៅ​ក្នុង​ក្រុង​ហារ៉ារ៉េ ប្រទេស​ស៊ីមបាវ៉េ កាលពី​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។

លោក Pedzisai Chakwenya ដែល​ជា​ស្មៀន​អាយុ ២៨ ឆ្នាំ បាន​និយាយ​ថា លោក​មាន​អារម្មណ៍​ចម្រុះ​អំពី​លោក Mugabe ដែល​ជា​អ្នក​ដឹកនាំ​ប្រទេស​ស៊ីមបាវ៉េ​ស្ទើរតែ​ពេញ​មួយ​ជីវិត​របស់​លោក។ លោក Chakwenya បញ្ជាក់​ដូច្នេះ​ថា៖ «កាល​ពី​ដំបូង លោក Robert Mugabe បាន​ធ្វើ​រឿង​ត្រឹមត្រូវ ប៉ុន្តែ​ពេល​ខ្លះ​លោក​បាន​ធ្វើ​ខុស»។

លោក Dumisani Nkomo ដែល​ធ្វើ​ការ​ឲ្យ​ក្រុម​គ្រិស្ត​សាសនា​កសាង​សន្តិភាព​មួយ​នៅ​តំបន់ Matabeleland មាន​ចម្ងល់​ថា តើ​កេរដំណែល​របស់​លោក Mugabe អាច​ល្អ​ដូច​ដើម​វិញ​បាន​ដែរ​ឬ​ក៏​យ៉ាង​ណា​នោះ។

លោក Nkomo បញ្ជាក់​ដូច្នេះ​ថា៖ «វា​ពិបាក​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​ដូច​ដើម​វិញ។ ខ្ញុំ​គិត​ថា ចំណុច​អាក្រក់​គឺ​លុប​លើ​ចំណុច​ល្អ។ ជា​ការ​ពិត អ្នក​ខ្លះ​អាច​និយាយ​បាន​ថា ក្នុង​នាម​ជា​អ្នក​បង្រួបបង្រួម​ទ្វីប​អាហ្វ្រិក លោក Mugabe បាន​តស៊ូ​មតិ​ឲ្យ​គេ​ទទួល​ស្គាល់​ទ្វីប​អាហ្វ្រិក​ថា​ជា​ដៃគូ​ស្មើ​ភាព​គ្នា​មួយ​នៅ​ក្នុង​អង្គការ​រូបិយវត្ថុ​អន្តរជាតិ IMF និង​នៅ​ក្នុង​អង្គការ​សហប្រជាជាតិ​ជា​ដើម។ បើ​តាម​ទ្រឹស្ដី លោក Mugabe គឺ​ជា​ជើង​ឯក​បង្រួបបង្រួម​ទ្វីប​អាហ្វ្រិក ប៉ុន្តែ​បើ​តាម​ការ​អនុវត្ត​វិញ លោក​ធ្វើ​បាប​ប្រជាពលរដ្ឋ​របស់​លោក»។

ដំណាក់កាល​ចុង​ក្រោយ

នៅ​ពេល​ដែល​លោក Mugabe ឈាន​ចូល​ដល់​អាយុ​ខ្ទង់ ៩០ លោក​ធ្លាក់​ខ្លួន​កាន់តែ​ទ្រុឌទ្រោម​ឡើង។ អ្នកស្រី Grace (Marufu) Mugabe ដែល​ជា​ភរិយា​ទី​ពីរ​របស់​លោក មាន​អាយុ​តិច​ជាង​លោក ៤១ ឆ្នាំ និង​ជា​អ្នក​ដែល​គ្មាន​ប្រជាប្រិយភាព​ក្នុង​ចំណោម​សាធារណជន ដោយសារតែ​មនុស្ស​ភាគ​ច្រើន​យល់​ឃើញ​ថា​អ្នកស្រី​គ្មាន​ការ​អៀនខ្មាស​នៅ​ក្នុង​ការ​ប្រឹងប្រែង​ដើម្បី​បាន​ឡើង​កាន់​អំណាច​បន្ត​ពី​លោក Mugabe។

ពួក​យោធា​បាន​រារាំង​រឿង​នេះ​មិន​ឲ្យ​កើត​ឡើង ដោយ​បាន​ដណ្ដើម​គ្រប់គ្រង​ស្ថាប័ន​រដ្ឋ និង​បង្ខំ​លោក Mugabe ឲ្យ​លាលែង​ពី​តំណែង​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៧។ លោក Mnangagwa ដែល​ជា​អ្នក​ឡើង​កាន់​ដំណែង​បន្ត​ពី​លោក Mugabe បាន​បដិសេធ​មិន​ធ្វើ​ការ​កាត់ទោស​លោក Mugabe។

លោក Mnangagwa និយាយ​ដូច្នេះ​ថា៖ «លោក Mugabe គឺ​ជា​បិតា​ស្ថាបនិក​នៃ​ប្រទេស​ស៊ីមបាវ៉េ។ លោក​គឺ​ជា​បិតា​ស្ថាបនិក​នៃ​ប្រទេស​ស៊ីមបាវ៉េ​ដែល​មាន​សេរីភាព​របស់​ពួក​យើង»។

លោក Mugabe បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ Gleneagles នៃ​ប្រទេស​សិង្ហបុរី ដែល​នៅ​ទី​នោះ លោក​បាន​ទទួល​ការ​ព្យាបាល​សម្រាប់​ជំងឺ​ដែល​មិន​បង្ហាញ​ជា​សាធារណៈ។ ក្រសួង​ការបរទេស​សិង្ហបុរី​ត្រូវ​បាន​គេ​រាយការណ៍​មក​ថា បាន​ធ្វើ​ការ​ជាមួយ​នឹង​អាជ្ញាធរ​ស៊ីមបាវ៉េ​ដើម្បី​សម្របសម្រួល​ការ​បញ្ជូន​សាកសព​របស់​លោក Mugabe ទៅ​កាន់​ប្រទេស​ស៊ីមបាវ៉េ៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG