ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ភាគី​នានា​ត្រូវ​បំពេញ​កិច្ច​សន្យា​ក្នុង​ដំណើរ​សាលាក្តី​ខ្មែរក្រហម

  • សុខ ខេមរា

(ពីឆ្វេងទៅស្តាំ) នួន ជា មេមនោគមវិជ្ជា និងខៀវ​សំផន​ អតីត​ប្រមុខ​រដ្ឋ​​ខ្មែរ​ក្រហម​ ជាជន​ជាប់ចោទ​ចុង​ក្រោយ​​​ក្នុង​​​សំណុំ​​រឿង​​០០២​។​
ក្រុមអ្នក​ឃ្លាំមើល​សាសាក្តី​កាត់ទោស​ខ្មែរក្រហម​បាន​ទទូច​ឲ្យ​អ.ស.ប.​ ​ ប្រទេស​កម្ពុជា​ និង​ក្រុម​ម្ចាស់​ជំនួយ​ បំពេញ​កិច្ច​សន្យា​ក្នុង​ដំណើរការ​កាត់​ទោស​ខ្មែរក្រហម ​ដោយ​ទទូច​ដល់​ភាគី​ពាក់ព័ន្ធ​ថា​ ពួក​គេ​ត្រូវ​ផ្តល់​ការ​គាំទ្រ​ថវិកា​ដើម្បី​ទ្រទ្រង់​សាលាក្តី​ដែល​កំពុង​អស់​ថវិកា​នេះ។​

សាលាក្តី​ខ្មែរក្រហម​ខាង​ភាគី​កម្ពុជា​ខ្វះ​ថវិកា​ចំនួន​៣​លាន​ដុល្លារសម្រាប់​ដំណើរ​ការ​ដល់​បំណាច់​ឆ្នាំ​២០១៣។​ លោកសុខ ខេមរា​នៃ​វីអូអេ​រាយ​ការណ៍​ពីរដ្ឋធានី​វ៉ាស៊ីនតោន​ថា​ ក្រុមអ្នក​ឃ្លាំមើល​ខ្លះ​អះអាង​ថា ​បើ​សាលាក្តី​នេះ​បរាជ័យ​ដោយសារ​អស់​ថវិកា​ទ្រទ្រង់​ នោះ​គឺ​ជាគម្រូ​អាក្រក់​ដល់​យុត្តិធម៌​អន្តរជាតិ​និង​ជា​សោក​នាដកម្ម​ផង​ដែរ។​

បុគ្គលិក​ភាគី​កម្ពុជា​ជាច្រើន​ ក្នុង​ចំណោម​២៥០​នាក់​ បាន​ធ្វើ​កូដកម្ម​មិនមក​បំពេញ​ការងារ​ចាប់​តាំងពី​ដើម​ខែ​កញ្ញា ​ដោយសារ​តែ​សាលាក្តី​គ្មាន​ថវិកា​បើក​ប្រាក់​ខែ​ជូន​ពួកគេ​ចំនួន៣​ខែ​ចាប់ពី​ខែ​មិថុនា​ដល់​ខែ​សីហា។​ ការ​មិន​មក​ធ្វើការ​នេះ​នាំ​ឲ្យ​មានការ​រាំង​ស្ទះ​ដល់​ដំណើរ​ការ​កាត់ទោស​ដោយសារ​គ្មាន​អ្នក​បកប្រែ​ គ្មាន​អ្នក​បច្ចេក​ទេស​នានា។​ ក្រុម​អ្នក​ឃ្លាំមើល​សាលាក្តី​ខ្មែរក្រហម​ក្នុង​ប្រទេស​អាមេរិក​ខ្លះ​បាន​ទទូច​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​គឺ​អ.ស.ប. រដ្ឋាភិបាល​កម្ពុជា​ និង​ម្ចាស់​ជំនួយ​ដែល​បាន​សន្យា​រួមគ្នា​នោះ ​មិន​ត្រូវ​ទុកចោល​សាលាក្តី​នេះ​ទេ​ តែត្រូវ​តែ​បន្ត​ផ្តល់​ថវិកា​ដើម្បី​បញ្ចប់​ការ​កាត់​ទោស​ពួក​អតីត​មេ​ដឹកនាំ​ខ្មែរក្រហម។​

លោកជេម ហ្គោលស្តុន​ (James A Goldston)​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ច្បាប់​របស់​ស.រ.អា.ឈ្មោះ​ Open ​Society ​Justice​ Initiative ​ដែល​ឃ្លាំមើល​សាលាក្តី​ បាន​អះអាង​ប្រាប់​វីអូអេ​ផ្នែក​ខេមរភាសា​ថា៖​ «ខ្ញុំគិត​ថា ​ប្រទេស​ផ្តល់​ជំនួយ​សហគមន៍​អន្តរជាតិ​ និង​រដ្ឋាភិបាល​កម្ពុជា​ចាំបាច់​ត្រូវ​ធ្វើការ​សម្រេច​ចិត្ត​ថា ​ពួក​គេ​នឹង​បំពេញ​កាតព្វ​កិច្ច​ផ្នែក​ហិរញ្ញ​វត្ថុ​របស់​ពួក​គេ​ក្នុង ការ​ធានា​ថា​ សំណុំ​រឿង​ដែល​កំពុង​រង់ចាំ​កាត់ក្តី​ទាំងអស់​ ដែល​បច្ចុប្បន្ន​នេះ​បើក​ការ​កាត់ទោស​នៅ​ក្នុង​តុលាការ​នោះ​ ត្រូវ​ដំណើរ​ការ​ដល់​ទីបញ្ចប់​តាម​ច្បាប់។​ សាលាក្តី​នេះ​បង្កើត​ឡើង​ដើម្បី​ផ្តល់​យុត្តិធម៌។​ សំណុំ​រឿង​ជាច្រើន​ត្រូវ​គេ​ស៊ើប​អង្កេត។​ វាជា​រឿង​សោក​នាដកម្ម​ ប្រសិន​បើ​សំណុំ​រឿង​ទាំង​នោះ​មិន​អាច​បញ្ចប់​បាន​ ដោយសារ​ម្ចាស់ជំនួយ​គ្មានការ​ធានា​ថវិកាគ្រប់​គ្រាន់»។​

លោក​បាន​បន្ថែម​ថា ​ការ​ខ្វះខាត​ថវិកា​នេះ​ជា​ការ​ទទួល​ខុសត្រូវ​រួមគ្នា​ ក្រៅពី​បាន​ចោទ​សួរ​ពីការ​តាំងចិត្ត​របស់​ភាគី​នីមួយៗ។​

លោក​និយាយថា៖​ «សម្រាប់​ខ្ញុំ​ វាហាក់​ដូចជា​ថា​ ក្នុង​ផ្នែក​ជា​ច្រើន​នៃ​ពិភព​លោក​មាន​ចំណោទ​ ថា​តើ​មាន​ការ​តាំង​ចិត្ត​ផ្នែក​នយោបាយ​ក្នុង​ការ​ធានា​ចំពោះ​ការ​ទទួល​ខុសត្រូវ​ ឬ​យ៉ាង​ណា?​ ប៉ុន្តែ​ក្នុង​រឿង​នេះ​ បន្ថែមពី​លើ​បញ្ហា​ចំណោទ​រឿង​ថវិកា​នេះ​មាន​សំណួរ​ងាយ​បំផុត​ ថា​តើ​ភាគី​ពាក់​ព័ន្ធ​ផ្តល់​ថវិកា​ដើម្បី​ឲ្យ​តុលាការ​បញ្ចប់​កិច្ច​ការ​ឬ​ទេ?»​

លោក Goldston ​បាន​ព្រមាន​ពី​ការ​បរាជ័យ​ចំពោះ​តុលាការ​និង​ផលវិបាក​នានា​ផង​ដែរ។​

លោក​និយាយថា៖​ «ជា​អវសាន​ ប្រសិន​បើ​ថវិកា​មិន​ត្រូវ​គេ​ធានា​ដើម្បី​បញ្ចប់​សំណុំ​រឿង​០០២​ទេ ​ហើយ​សំណុំ​រឿង​ផ្សេង​ទៀត​ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ស៊ើប​អង្កេត​មិន​អាច​ឈាន​ដល់​ការ​បញ្ចប់​តាម​ច្បាប់​ទេ​ នោះ​គឺ​ជា​ការ​បរាជ័យ​ដ៏​ធំ​ ហើយ​ក៏​ជា​សញ្ញា​អាក្រក់​មួយ​ចំពោះ​ក្រុម​ជន​រងគ្រោះ​នៃ​ឧក្រិដ្ឋ​កម្ម​ដែល​ជា​បញ្ហា​ក្នុង​តុលាការ។​ គួរ​ឲ្យ​សោកស្តាយ​ រឿង​នេះ​ខ្ញុំ​គិត​ថា ​អាច​នឹង​ក្លាយ​ជា​ការ​ដើរ​ថយ​ក្រោយ​សម្រាប់​យុត្តិធម៌​អន្តរ​ជាតិ​ សម្រាប់​គោល​ការណ៍​នៃ​ការ​ទទួល​ខុសត្រូវ​ចំពោះ​ឧក្រិដ្ឋ​កម្ម​ដ៏​ធំធេង​នេះ»។​

សាលាក្តី​កាត់ទោស​ខ្មែរក្រហម​កំពុង​កាត់​ទោស​សំណុំ​រឿង​០០២​ វគ្គ១​ទាក់​ទង​នឹង​ការ​ជម្លៀសពលរដ្ឋ​ចេញពី​ទីក្រុង។​ សាលាក្តី​នេះ​ត្រូវ​ចាប់​ផ្តើម​កាត់​ទោស​ពី​អង្គហេតុ​សំខាន់​ទាក់ទង​នឹង​បទ​ឧក្រិដ្ឋ​ដ៏ឃោរឃៅ​ នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ ​ក្រោយពី​មាន​គម្រោង​ការ​ថា​ នឹង​បញ្ចប់ ​ឬ​ចេញ​សេចក្តី​សន្និដ្នាន​ជាស្ថាពរ​នៃ​សំណុំ​រឿង​០០២​វគ្គ​ទី១ ​នៅពាក់​កណ្តាល​ខែតុលា​ខាង​មុខ​នេះ។​ តែ​ដោយសារ​បុគ្គលិក​កម្ពុជា​មិន​មក​ធ្វើការ​ ដោយសារ​វិបត្តិ​ថវិកា​ហើយ​ធ្វើ​កូដកម្ម​នោះ វា​នឹង​នាំឲ្យ​គាំង​ដំណើរ​ ឬ​ពន្យារពេល​ដំណើរការ​ទៅ​មុខ​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​របស់​សាលាក្តី ​ដែល​ម្ចាស់​ជំនួយ​មិន​ព្រម​ផ្តល់​ថវិកា​បន្ថែម​នេះ។​

លោកស្រី ​នូស្ស៊ីន សាការាទី​ (Nushin Sarkarati ) ​មន្ត្រី​ច្បាប់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​មួយ​របស់​ស.រ.អា. ​Center​ for ​Justice ​and ​Accountability​ ដែល​បាន​គាំទ្រ​ដល់​ជន​រងគ្រោះ​ដើម្បី​ដាក់​ពាក្យ​ប្តឹង​ជន​ជាប់ចោទ​ក្នុង​សាលាក្តី​នេះ​ បាន​បង្ហាញ​ប្រតិកម្ម​ថា៖​ «កូដកម្ម​មិនចូល​ធ្វើការ​ជាច្រើន​លើក​កំពុង​រារាំង​ការ​កាត់ទោស​សំណុំ​រឿង​ទី២ ​មិន​ឲ្យ​ដំណើរ​ការ​ទៅមុខ​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព។​ បុគ្គលិក​កម្ពុជា​ជា​បុគ្គលិក​សំខាន់​ក្នុង​ប្រតិបត្តិការ​សាលាក្តី។​ បើ​គ្មាន​បុគ្គលិក​កម្ពុជា​ទេ ​សាលាក្តី​ត្រូវ​បង្ខំ​ពន្យារ​ពេល​សវនាការ​ ដែល​នេះ​ជា​ការ​ពន្យារ​ពេល​ដល់​ការ​កាត់ទោស​ជន​ជាប់​ចោទ​ទាំង​ពីរ។ ​ក្រុម​ដើម​បណ្តឹង​រដ្ឋប្បវេណី​ និង​ជន​រងគ្រោះ​ក្នុង​សំណុំ​រឿង​០០២​វគ្គទី១ ​រង​ចាំ​ជាយូរ​ហើយ​ដើម្បី​ស្វែងរក​មើល​ថា ​តើ​ជន​ជាប់ចោទ​ទាំងពីរ​បច្ចុប្បន្ន​នេះ​ទទួល​ខុសត្រូវ​ចំពោះការ​ខូចខាត​ដល់​ពួក​គេ​ជាជន​រងគ្រោះ​ឬ​ទេ?​ តែការ​តវ៉ា បច្ចុប្បន្ន​នេះ​ពន្យារ​ពេល​ការ​ស្វះស្វែង​រក​យុត្តិធម៌​ដែល​ពួក​គេ​ចង់ចាំ​ជាយូរ​មក​ហើយ​នោះ»។​

លោកស្រី​បាន​បន្ថែម​ថា៖​ «អ.ស.ប.និង​រដ្ឋាភិបាល​កម្ពុជា​បាន​ប្តេជ្ញាចិត្ត​ចំពោះ​ជន​រងគ្រោះ​និង​សហគមន៍​អន្តរ​ជាតិ​ថា ​ក្រុម​មេ​ដឹកនាំ​និង​អ្នក​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត​ចំពោះ​របប​ខ្មែរក្រហម​ឃោរឃៅ ​គួរត្រូវ​នាំខ្លួន​មកកាត់​ទោស។​ ទាំង​អ.ស.ប.និង​រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​ធានា​ថា ​សាលាក្តី​នេះ​មាន​មធ្យោបាយ​គ្រប់គ្រាន់​ដើម្បី​ប្រតិបត្តិ​នូវ​ការ​តាំង​ចិត្ត​នេះ»។​

ថ្លែង​ប្រាប់​វីអូអេ​ផ្នែក​ខេមរភាសា​ លោក​ភីធ័រ ម៉ាកខ្វៃយ៍​ (Peter Maguire) ​ជា​សាស្ត្រាចារ្យ​ច្បាប់​នៃ​សាកល​វិទ្យាល័យ​អាមេរិកាំង​ ហើយនឹង​ជាអ្នក​និពន្ធ​សៀវភៅ​«ប្រឈមមុខ​នឹងការ​ស្លាប់នៅ​កម្ពុជា»​ (Facing ​Death​ in ​Cambodia) ​បាន​ស្តី​បន្ទោស​លើ​អ.ស.ប.ចំពោះបរាជ័យ​ក្នុងរឿង​គាំទ្រ​ថវិកា​និង​ដំណើរ​ការ​សាលាក្តី​នេះ។​

លោក​និយាយថា៖​ «ដោយមាន​ជន​ជាប់​ចោទ២​ ក្នុង​ចំណោម​៤​នាក់​ ​បាន​ស្លាប់​ ឬ​ត្រូវ​រំលត់​បណ្តឹង​អាជ្ញា​នោះ​ នោះ​សាលាក្តី​ខ្មែរក្រហម​បាន​បរាជ័យដោយ​បំពេញ​កិច្ចការ​មិន​បាន​ទាំង​ពាក់​កណ្តាល​ផង​នៃ​កិច្ចការ​នានា​ដែល​អ.ស.ប.និង​អ្នក​គាំទ្រ​របស់​ពួក​គេ​ក្នុង​ស្ថាប័​សិទ្ធិ​មនុស្ស ​ដែល​បាន​សន្យា​នោះ។​សាលាក្តី​កូន​កាត់​របស់​កម្ពុជា​នឹង​បម្រើ​ទៅ​ជា​រឿង​និទាន​របៀប​ជា​ការ​ព្រមាន​ដាស់តឿន​អំពី​ថា​ តើ​ត្រូវធ្វើ​ដូចម្តេច​ក្នុង​ករណីមិន​រៀបចំ​សាលាក្តី​ឧក្រិដ្ឋ​កម្ម​សង្គ្រាម។​ អ.ស.ប.គួរតែ​បិទទ្វារ​ទៅ​ហើយ​ក្នុង​ដំណើរ​ការ​សំណុំ​រឿង​បន្ថែម​ទៅមុខ​ទៀត​នោះ។​ តុលាការ​កូន​កាត់​នេះ​ចាំបាច់​ត្រូវ​កាត់​ទោស​ជន​ជាប់​ចោទ​ចំណាស់ៗ​ចប់​ រួច​ហើយ​គួរតែ​វេច​បង្វិច​ទៅ»។​

ទោះជា​យ៉ាងណា​ក៏ដោយ​ អ្នក​នាំពាក្យ​អ.ស.ប.​ម្នាក់​គឺ​លោក​ស្រី ​អៀរី ខានិកុ​ (Eri Kaneko) ​បាន​អះអាង​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​លោក​អគ្គលេខា​ធិការ​អ.ស.ប. បាន់​ គីមូន ​ចំពោះ​ការ​ស្វែងរក​ថវិកា។​ លោកស្រី​បាន​អះអាង​ថា ​លោក​អគ្គលេខា​បាន​អំពាវនាវ​ជា​អន្តរជាតិ​ឲ្យ​មាន​ការ​ផ្តល់​ជំនួយ​ដល់​សាលាក្តី​ខ្មែរក្រហម ​នៅ​ពេល​លោក​បាន​បំពេញ​ទស្សន​កិច្ច​ក្នុង​ប្រទេស​អឺរ៉ុប​ថ្មីៗ​នេះ។​

លោក​និយាយថា៖​ «លោក​អគ្គលេខា​ធិការ​អ.ស.ប.បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ផ្តល់​ថវិកាដើម្បី​បន្ត​ដំណើរ​ការ​តុលាការ​ដ៏​សំខាន់​នេះ ​គឺ​មិន​គ្រាន់​តែ​សម្រាប់​ប៉ុន្មាន​សប្តាហ៍​ខាងមុខទេ ​តែ​ត្រូវ​មើល​ទៅ​លើ​សំណុំ​រឿង​ទាំង​អស់​ឲ្យ​ដល់​ទី​បញ្ចប់»។​

ទោះជា​យ៉ាងណា​ក៏​ដោយ​ ប្រទេស​កម្ពុជា​បាន​អះអាង​ថា​ ខ្លួន​មិន​អាច​បរិច្ចាគ​ថវិកា​គាំទ្រ​សាលាក្តី​ខ្មែរក្រហម​ទៀត​ទេ​ ព្រោះ​កម្ពុជា​បាន​បរិច្ចាគ​ច្រើន​ហើយ​គឺ​មាន​ចំនួន​ជិត​១៧​លាន​ដុល្លារចាប់តាំង​ពី​សាលាក្តី​នេះ​បាន​កើត​ឡើង​កាលពី​ឆ្នាំ​២០០៦។​ អ.ស.ប.និង​ប្រទេស​កម្ពុជា​ក៏​បាន​ស្វះស្វែង​រកការ​គាំទ្រ​ថវិកា​ក្នុង​ប្រទេស​អាស៊ាន​ដែរ ​តែ​ពុំទាន់​មាន​ការ​សន្យា​ពី​ប្រទេស​ទាំង​នោះ​ដើម្បី​ផ្តត់ផ្តង់​ការ​ខ្វះ​ខាត​ថវិកាសម្រាប់​ភាគី​ជាតិ​ចំនួន​៣​លាន​ដុល្លារ​ដល់​បំណាច់ឆ្នាំ​២០១៣​នេះ​ទេ។​ អ.ស.ប.និង​កម្ពុជា​ក៏​ពុំមាន​សញ្ញា​ថា ​នឹង​ផ្តល់​ការ​គាំទ្រ​ថវិកា​បន្ថែម​ទៀត​ដែរ។​

សាលាក្តី​កាត់ទោស​ខ្មែរក្រហម​ដែល​ញាំ​ញី​ដោយ​ការ​ចោទ​ប្រកាន់​រឿង​អំពើ​ពុក​រលួយ​ និង​ឥទ្ធិពល​នយោបាយ​នោះ​ ចំណាយ​ថវិកាអស់​ប្រមាណ​២០០​លាន​ដុល្លារ​ហើយ​ ដោយ​កាត់​ទោស​បាន​តែ​ជន​ជាប់​ចោទ​ម្នាក់​គឺ​កាំង ហ្គេចអ៊ាវ​ ហៅ​ឌុច ​អតីត​ប្រធាន​គុក​ទួលស្លែង​របស់ខ្មែរក្រហម។​ សព្វថ្ងៃ​មាន​ជន​សង្ស័យ​វ័យ​ចំណាស់​អាយុ​៨០​ឆ្នាំ​២​នាក់​គឺនួន ជា ​បងធំ​ទី២ ​និង​ ខៀវ សំផន​ អតីត​ប្រមុខរដ្ឋ​ដែល​កំពុង​ជាប់​ឃុំឃាំង​រង់ចាំ​ការ​កាត់ទោស​ពី​បទ​សង្ស័យ​ថា​ មាន​ជាប់ទាក់​ទិន​នឹង​ការ​ទទួល​ខុសត្រូវ​ចំពោះ​ការ​សម្លាប់​រង្គាល​ពលរដ្ឋ​ខ្មែរជាង​១លាន​៧សែន​នាក់ ក្នុង​ទសវត្សរ៍​១៩៧០៕
XS
SM
MD
LG