មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សបានកោតសរសើរក្រសួងមហាផ្ទៃរបស់ប្រទេសកម្ពុជាក្នុងកិច្ចសហការស្វែងរកជនជាតិភាគតិចតំបន់ភ្នំវៀតណាមដែលភៀសខ្លួនចូលក្នុងព្រៃនៃខេត្តរតនគីរី។ ក៏ប៉ុន្តែមន្ត្រីដដែលនោះបានព្រមានឲ្យប្រទេសកម្ពុជាអនុវត្តតាមគោលការណ៍ច្បាប់ត្រឹមត្រូវនៅថ្ងៃអនាគត។
លោកស្រី Ravina Shamdasani អ្នកនាំពាក្យរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិសម្រាប់សិទ្ធិមនុស្សដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស មានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍កាលពីល្ងាចថ្ងៃអង្គារថា អង្គការសហប្រជាជាតិ«អរគុណក្រសួងមហាផ្ទៃសម្រាប់កិច្ចសហប្រតិបត្តិការក្នុងរយៈពេលពីរខែកន្លងមកនេះ បើទោះជាមានការលំបាកជាមួយអាជ្ញាធរខេត្តក៏ដោយ»។
លោកស្រីបានរំឭកពីការព្រមានរបស់អាជ្ញាធរខេត្តក្នុងការចាប់បញ្ជូនជនភៀសខ្លួនម៉ុងតាញ៉ាតំបន់ភ្នំវៀតណាមនេះត្រឡប់ទៅកាន់ស្រុកកំណើតរបស់ពួកគេនៅតំបន់ខ្ពង់រាបវិញ។
មន្ត្រីអង្គការសហប្រជាជាតិដដែលពិពណ៌នាអំពីការខ្វះខាតផ្នែកការពារនិងចំណីអាហារសម្រាប់ជនភៀសខ្លួន និងបញ្ជាក់ថា នៅពេលដែលជនភៀសខ្លួនទាំង១៣នាក់ត្រូវបានរកឃើញនៅក្នុងព្រៃនៃខេត្តរតនគីរីនោះ«ពួកគេស្គាំងស្គម អស់កម្លាំងខ្លាំង សក់កន្ទ្រីងកន្រ្ទើង និងមានជំងឺជាច្រើន ក្រោយពីពួកគេបានស្ថិតនៅក្នុងព្រៃអស់រយៈពេលប្រាំពីរសប្តាហ៍ដោយដេកផ្ទាល់នឹងដី ដោយមានចំណីអាហារបន្តិចបន្តួចតែប៉ុណ្ណោះ។
លោកស្រី Ravina Shamdasani ព្រមានថា អង្គការសហប្រជាជាតិនៅតែបន្ត«ធ្វើការជាមួយរដ្ឋាភិបាលដើម្បីធានាថា ករណីណាមួយនៅពេលអនាគតត្រូវបានយកចិត្តទុកដាក់ស្របទៅនឹងបទដ្ឋានច្បាប់អន្តរជាតិ»។
ក្រុមជនជាតិកុលសម្ព័ន្ធតំបន់ភ្នំវៀតណាម ឬហៅថា ម៉ុងតាញ៉ាទាំង១៣នាក់ត្រូវគេដឹងថា បានរត់គេចពីការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរក្រុងហាណូយ និងបានចូលមកជ្រកកោនក្នុងព្រៃនៃខេត្តរតនគីរីនៅប៉ែកឦសានប្រទេសកម្ពុជាចាប់តាំងពីចុងខែតុលាមកម្ល៉េះ។
ក្រុមមន្ត្រីអង្គការសហប្រជាជាតិ និងមន្ត្រីក្រសួងមហាផ្ទៃបានប្រទះឃើញពួកគេនៅក្នុងព្រៃកាលពីចុងសប្តាហ៍មុន។ ហើយពួកគេត្រូវបានដឹកជញ្ជូនមកកាន់រាជធានីភ្នំពេញ បន្ទាប់ភ្លាមៗនោះដែរ។
លោកនាយឧត្តមសេនីយ៍ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ស្វាគមន៍ការលើកឡើងរបស់មន្ត្រីអង្គការសហប្រជាជាតិ ហើយបានអះអាងថា មន្ត្រីកម្ពុជានឹងព្យាយាមគោរពតាមសន្ធិសញ្ញាស្តីពីជនភៀសខ្លួនដែលកម្ពុជាជាប្រទេសហត្ថលេខីមួយដែរនោះ។
«កម្ពុជានៅតែជាប្រទេសហត្ថលេខីនៃអនុសញ្ញាឆ្នាំ១៩៥១ស្តីពីជនភៀសខ្លួនតាំងពីដើមរៀងមក រហូតថ្ងៃអនាគត»។
លោកស្រីវី វៀនតាន់ (Vivian Tan) អ្នកនាំពាក្យអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប្រចាំតំបន់ មានប្រសាសន៍តាមសារអេឡិចត្រូនិចឬអ៊ីមែលនៅថ្ងៃនេះ ពេលដែលរដ្ឋាភិបាលនៃប្រទេសកម្ពុជាកំពុងដំណើរការនីតិវិធីសម្ភាសជនភៀសខ្លួនចារ៉ាយវៀតណាមទាំង១៣នាក់ ហើយករណីនេះនឹងត្រូវការពេលវេលាចាំបាច់មួយ។
កាលពីម្សិលមិញ មន្ត្រីផ្លូវការកម្ពុជាបញ្ជាក់ថា ជនជាតិតំបន់ភ្នំវៀតណាមចំនួន៥នាក់ក្នុងចំណោម១៣បានទទួលការសម្ភាសន៍រួចហើយ។ប៉ុន្តែលោកនាយឧត្តមសេនីយ៍ខៀវ សុភ័គមិនអាចបញ្ជាក់បន្ថែមលើព័ត៌មានវិវត្តថ្មីៗជុំវិញជនភៀសខ្លួននេះទេ។
ការធ្វើសម្ភាសន៍លើជនភៀសខ្លួនវៀតណាមនេះធ្វើឡើងដំណាលគ្នានឹងដំណើរទស្សនកិច្ចរបស់លោក Truong Tan Sang ប្រធានាធិបតីវៀតណាម នៅក្នុងប្រទេសកម្ពុជា។ ក៏ប៉ុន្តែមន្ត្រីកម្ពុជាអះអាងកាលពីថ្ងៃអង្គារថា ប្រមុខដឹកនាំវៀតណាមមិនបានលើកបញ្ហានេះមកជជែកជាមួយមន្ត្រីដឹកនាំកម្ពុជានោះទេ។
ប្រទេសវៀតណាម ថ្មីៗនេះត្រូវសារព័ត៌មានមួយចំនួនរាយការណ៍ថា បានព្យាយាមដាក់សម្ពាធមកលើប្រទេសកម្ពុជាដើម្បីឲ្យកម្ពុជាចាប់បញ្ជូនជនជាតិតំបន់ភ្នំម៉ុងតាញ៉ាត្រឡប់ទៅវៀតណាមវិញ៕