មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិនៅថ្ងៃព្រហស្បតិ៍បានស្តីបន្ទោសដល់អភិបាលខេត្តរតនគីរីថា គ្មានឆន្ទៈក្នុងការផ្តល់សិទ្ធិដល់មន្ត្រីអង្គការសហប្រជាជាតិចុះរុករកជនជាតិកុលសម្ព័ន្ធភ្នំវៀតណាមដែលកំពុងលាក់ខ្លួនក្នុងព្រៃនៃប្រទេសកម្ពុជា។
អ្នកស្រី Wan Hea Lee តំណាងការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាមានប្រសាសន៍ប្រាប់ VOA តាមសារអេឡិកត្រូនិក ឬ អ៊ីម៉ែលមកថា អ្នកស្រីបានទៅដល់ខេត្តរតនគីរីហើយ ក៏ប៉ុន្តែអ្នកស្រីមិនមានព័ត៌មានអ្វីបន្ថែមទេ។
អ្នកស្រីបានបញ្ជាក់ថា ទាក់ទិននឹងឆន្ទៈរបស់អភិបាលខេត្ត គឺមិនបានផ្តល់សិទ្ធិសុវត្ថិភាពពិសេសណាមួយក្នុងការរុករករបស់ជនជាតិភ្នំវៀតណាមនោះទេ។
លោក ថង សាវ៉ុន អភិបាលខេត្តរតនគីរី នៅតែមិនបានធ្វើអត្ថាធិប្បាយទេ ដោយលោកនិយាយថា កំពុងជាប់ប្រជុំ។
«ខ្ញុំកំពុងជាប់ប្រជុំ សុំអធ្យាស្រ័យបង»។
កាលពីថ្ងៃអង្គារ អាជ្ញាធរខេត្តរតនគីរី បានបើកកិច្ចប្រជុំមួយ ជាមួយនឹងមន្ត្រីអង្គការសហប្រជាជាតិដើម្បីរកមធ្យោបាយ ក្នុងការស្វែងរកជនជាតិភាគតិចវៀតណាមដែលកំពុងលាក់ខ្លួនក្នុងប្រទេសកម្ពុជា។
ក្រោយពីកិច្ចប្រជុំរយៈពេលជាងមួយម៉ោង អាជ្ញាធរខេត្តរតនគីរីនៅមិនទាន់អនុញ្ញាតឲ្យមន្ត្រីអង្គការសហប្រជាជាតិចុះរុករកជនជាតិភាគតិចភ្នំ វៀតណាមដែលកំពុងសម្ងំលាក់ខ្លួន នៅក្នុងព្រៃនៃទឹកដីកម្ពុជាទេ។
ក្រុមអាជ្ញាធរបានទាមទារឲ្យមានលិខិតពីក្រសួងការបរទេស និងមានការចាត់តាំងពីប្រមុខរដ្ឋាភិបាល ទើបអនុញ្ញាតឲ្យមន្ត្រីអង្គការសហប្រជាជាតិចុះរុករកជនជាតិភ្នំ ម៉ុងតាញ៉ា ដែលកំពុងលាក់ខ្លួននៅក្នុងព្រៃនៃខេត្តរតនគីរី។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសមានប្រសាសន៏ថាមន្ត្រីអង្គការសហប្រជាជាតិបានចុះទៅដល់ខេត្តរតនគីរីដោយមិនបានផ្តល់ដំណឹងដល់ក្រសួងការបរទេសជាមុនទេ។ លោកបានបញ្ជាក់ថា ក្រសួងការបរទេសមិនបានដឹងអ្វីទាក់ទិននិងអង្គការសហប្រជាជាតិចុះទៅខេត្តរតនគីរី។
លោកមានប្រសាសន៏ថា៖ «កន្លងមកបើសិនជាមានកិច្ចការងារអ្វីផ្សេងៗគេតែងតែជូនដំណឹងគ្នាទៅវិញទៅមក សហការគ្នាទៅវិញទៅមក។ករណីនេះដែលក្រុមអង្គការសហប្រជាជាតិគេចុះទៅរតនគីរីកន្លងមកនេះគឺគេអត់បានជូនព័តមាន ឬជូនដំណឹងដល់យើងសោះ»។
លោក ឆាយ ធី អ្នកសម្របស្រួលសមាគមសិទ្ធិមនុស្សអាដហុកប្រចាំខេត្តរតនគីរីមានប្រសាសន៍ថា ជនជាតិភាគតិចភ្នំវៀតណាមកំពុងប្រឈមមុខនឹងការខ្វះស្បៀងអាហារបរិភោគនិងជំងឺផ្សេងៗ។
លោកបានបញ្ជាក់ថា ដោយសារតែការលាក់ខ្លួននៅក្នុងព្រៃយូរពេក ជនជាតិភ្នំ ម៉ុងតាញ៉ាទាំងនោះគ្រោងថានិងសំរុកចេញពីក្នុងព្រៃដើម្បីជួបជាមួយមន្ត្រីអង្គការសហប្រជាជាតិ។
លោកនិយាយថា៖ ឃើញថាជំហររបស់ជនភៀសខ្លួនគាត់ប្រថុយប្រថាន គាត់ថាធ្វើយ៉ាងណាទោះបីជាគាត់ឧបសគ្គយ៉ាងណាក៏ដោយក៏គាត់ត្រូវតែចាកចេញពីព្រៃដើម្បីបង្ហាញខ្លួននៅចំពោះមុខយូ អ៊ីន»។
ជនជាតិកុលសម្ព័ន្ធភ្នំវៀតណាមត្រូវបានមន្ត្រីសិទ្ធិមនុស្សបានបញ្ជាក់ថា មានគ្នា ទាំងអស់សរុប ១៣នាក់ ក្នុងនោះមានស្ត្រីម្នាក់ ដែលបានរត់ចេញពីពន្ធនាគារក្នុងប្រទេសវៀតណាម បានភៀសខ្លួនពីការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរវៀតណាម ខាងផ្នែកសេរីភាពសាសនា សេរីភាពក្នុងការប្រើប្រាស់អ៊ីនធឺណែត និងសិទ្ធិដីធ្លី ហើយមកលាក់ខ្លួនក្នុងប្រទេសកម្ពុជាអស់រយៈពេលជាងបីសប្តាហ៍មកហើយ។
មន្ត្រីរដ្ឋាភិបាលកម្ពុជា ទាំងក្រសួងមហាផ្ទៃនិងក្រសួងការបរទេសនៅតែបដិសេធថាមិនមានវត្តមានជនជាតិភាគតិចភ្នំវៀតណាមណាមួយកំពុងលាក់ខ្លួននៅកម្ពុជាទេ៕