មន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនទីក្រុងបាងកកបានស្វាគមន៍ចំពោះនីតិវិធីរបស់រដ្ឋាភិបាលទៅលើជនជាតិកុលសម្ព័ន្ធភ្នំម៉ុងតាញ៉ា ដោយបានសម្តែងការគាំទ្រចំពោះនាយកដ្ឋានជនភៀសខ្លួនក្រសួងមហាផ្ទៃដែលបានថែរក្សាជនស្វែងរកសិទ្ធិជ្រកកោនទាំងនោះ។
អ្នកស្រី វី វៀនតាន់ ( Vivian Tan ) អ្នកនាំពាក្យអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប្រចាំទីក្រុងបាងកក បានបញ្ជាក់ប្រាប់តាមសារអេឡិចត្រូនិចឬអ៊ីមែលមកថា ករណីជនជាតិភ្នំម៉ុងតាញ៉ាកំពុងដំណើរការដាក់ពាក្យនៅនាយកដ្ឋានជនភៀសខ្លួនប្រទេសកម្ពុជាដើម្បីស្នើសុំសិទ្ធិជ្រកកោននយោបាយ។
លោកស្រីមានបញ្ជាក់ថា អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួននឹងយកចិត្តទុកដាក់ចំពោះពួកគេនៅពេលដែលសេចក្តីត្រូវការរបស់ពួកគេកំពុងស្ថិតនៅក្រោមការវាយតម្លៃ។
មន្ត្រីរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃច័ន្ទ កំពុងរៀបចំបែបបទសម្ភាសជាមួយក្រុមជនជាតិកុលសម្ព័ន្ធភ្នំវៀតណាមដែលបានមកដល់ទីក្រុងភ្នំពេញ បន្ទាប់ពីពួកគេត្រូវបានអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានប្រទះឃើញនៅក្នុងព្រៃកាលពីថ្ងៃចុងសប្តាហ៍មុន។
លោកនាយឧត្តមសេនីយ៍ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រសួងបានសម្ភាសជនជាតិម៉ុងតាញ៉ាបានចំនួន៥នាក់ហើយក្នុងចំណោម១៣នាក់។ ក៏ប៉ុន្តែរដ្ឋាភិបាលមិនទាន់បានវាយតម្លៃនៅឡើយទេ។
លោកនិយាយថា៖ «ដំណើរការធ្វើសម្ភាសហ្នឹងយើងធ្វើបាន៥នាក់ហើយក្នុងចំណោម១៣នាក់ហ្នឹង។ ហើយមូលហេតុអ្វីបានជាយើងធ្វើបានតែ៥ ដោយសារការធ្វើសម្ភាសន៍ហ្នឹងវាមានការលំបាកពេកត្រង់ថា ត្រូវរកអ្នកដែលចេះភាសាចារ៉ាយ។ បងប្អូនទាំងអស់ហ្នឹងអត់និយាយភាសា វៀតណាមទេ។ ចង់និយាយអញ្ចឹងប្លែកត្រង់ហ្នឹង»។
លោកគឹម សារិន ប្រធាននាយកដ្ឋានជនភៀសខ្លួនក្រសួងមហាផ្ទៃ នៅតែមិនធ្វើអត្ថាធិប្បាយទេនៅថ្ងៃអង្គារនេះ។
លោកនិយាយថា៖«ខ្ញុំជាប់រវល់បន្តិច ចាំបន្តិចទៀតទៅ»។
ជនជាតិម៉ុងតាញ៉ាចំនួន៨នាក់ត្រូវបានមន្ត្រីអង្គការសហប្រជាជាតិបានរកឃើញ និង៥នាក់ផ្សេងទៀតក្នុងនោះមានស្ត្រីម្នាក់ ត្រូវបានក្រុមអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានរកឃើញកាលពីថ្ងៃសៅរ៍នៅកន្លែងផ្សេងៗគ្នា បន្ទាប់ពីពួកគេបានភៀសខ្លួនពីប្រទេសវៀតណាមមកលាក់ខ្លួននៅក្នុងព្រៃនៃខេត្តរតនៈគីរីអស់រយៈពេលជិតមួយខែ។
លោក ឆាយធី អ្នកសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុកប្រចាំខេត្តរតនៈគីរីបានបញ្ជាក់ថា តាមរយៈអ្នកបកប្រែ ជនជាតិម៉ុងតាញ៉ាចំនួន៥នាក់ដែលសមត្ថកិច្ចកម្ពុជាបានរកឃើញ បាននិយាយថា ពួកគេត្រូវបានក្រុមសមត្ថកិច្ចកម្ពុជាចាប់ចងស្លាបសេក ដោយដាក់ដៃទៅក្រោយនិងបានបាញ់កាំភ្លើងអាកា៤៧ស្វ័យប្រវត្តិចំនួន១០គ្រាប់ដើម្បីគំរាមពួកគេ មុននឹងចាប់បញ្ជូនដាក់លើរថយន្តយកមកកាន់ស្នងការខេត្តរតនគីរី។
ក្នុងពេលដែលកម្ពុជាកំពុងរៀបចំនីតិវិធីសម្ភាសជនជាតិភាគតិចភ្នំម៉ុងតាញ៉ាចំនួន១៣នាក់នេះ លោក Truong Tan Sang ប្រធានាធិបតីវៀតណាមបានមកបំពេញទស្សនកិច្ចជាផ្លូវការចំនួនពីរថ្ងៃដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពជាមួយប្រទេសកម្ពុជា។
ក៏ប៉ុន្តែមិនទាន់ដឹងថា ដំណើរទស្សនកិច្ចផ្លូវការរបស់មេដឹកនាំវៀតណាមចំពេលនេះនឹងមានឥទ្ធិពលទៅលើការចាប់បញ្ជូនខ្លួនជនជាតិកុលសម្ព័ន្ធភ្នំ ម៉ុងតាញ៉ាទាំង១៣នាក់នេះទៅកាន់ប្រទេសវៀតណាមវិញឬក៏យ៉ាងណានោះទេ។
មន្ត្រីរដ្ឋាភិបាលកម្ពុជាបានអះអាងរួចហើយថា ខ្លួននឹងប្រឹងប្រែងអនុវត្តកតិកាសញ្ញាស្តីអំពីឋានៈនៃជនភៀសខ្លួន និងពិធីសារស្តីពីជនភៀសខ្លួនដែលរដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាជាប្រទេសភាគី៕