ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មន្ត្រី​អ.ស.ប.​ត្រឡប់​ទៅ​ខេត្ត​រតនគីរី​រក​ជនភៀសខ្លួន​ជា​ថ្មី​ទៀត

  • ហេង រស្មី

ជន​ជាតិ​ភាគ​តិច​វៀតណាម​មួយ​ក្រុម ត្រូវ​បាន​គេ​ឃើញ​ចេញពី​ព្រៃ​ដែល​មាន​ចម្ងាយ​ប្រមាណជា​៧០គ.ម​ពី​ភាគឦសាន​នៃ​ទីក្រុង​បានលុង​ក្នុង​ខេត្តរតនគីរី​នៃ​ប្រទេស​កម្ពុជា​ នៅ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ២០០៤ ។

បន្ទាប់​ពី​កិច្ច​ប្រជុំ​រយៈ​ពេល​ជាង​១​ម៉ោង​កាល​ពី​ថ្ងៃ​អង្គារ ​អាជ្ញាធរ​ខេត្ត​រតនគីរី​នៅ​មិន​ទាន់​អនុញ្ញាត​ឲ្យ​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​ចុះ​រុក​រក​ជន​ជាតិ​ភាគ​តិច​វៀតណាម​ដែល​កំពុង​សម្ងំ​លាក់​ខ្លួន​នៅ​ក្នុង​ព្រៃ​នៃ​ទឹក​ដី​កម្ពុជាទេ​ បន្ទាប់​ពី​បាន​ភៀស​ខ្លួន​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​ប្រទេស​វៀតណាម។​

កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​ ​អាជ្ញាធរ​ខេត្ត​រតនគីរី​ ក្រោម​ការ​ដឹក​នាំ​ប្រជុំ​ដោយ​លោកថង សាវ៉ុន​ អភិបាល​ខេត្ត​ ជាមួយ​និង​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀសខ្លួន​ បាន​ជជែក​ពិភាក្សា​គ្នា​ដើម្បី​រុក​រក​ជន​ជាតិ​ភាគតិច​វៀតណាម​ដែល​កំពុង​លាក់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា។​

លោក​ឆាយ ធី​ អ្នកសម្រប​សម្រួល​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​រតនគីរី មាន​ប្រសាសន៍​ថា​ អាជ្ញាធរ​ខេត្ត​មិន​ទាន់​បាន​អនុញ្ញាត​ឲ្យ​មន្ត្រី​តំណាង​អង្គការ​សហ​ប្រជាជាតិ​ចុះ​រុក​រក​ជន​ជាតិ​ភាគតិចវៀត​ណាម​នៅ​ឡើយ​ទេ។​

លោក​មាន​ប្រសាសន៍​ថា​ អាជ្ញាធរ​បាន​ទាមទារ​ឲ្យ​មាន​លិខិត​ពី​ក្រសួង​ការ​បរទេស​ និង​មាន​ការ​ចាត់​តាំង​ពី​ប្រមុខ​រដ្ឋាភិបាល​ ទើប​អនុញ្ញាត​ឲ្យ​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​ចុះ​រុក​រក​ជន​ជាតិ​ភ្នំ​ម៉ុង​តាញ៉ា​ ដែល​កំពុង​លាក់​ខ្លួន​នៅ​ក្នុង​ព្រៃ​នៃ​ខេត្ត​រតនគីរី។​

លោក​និយាយ​ថា៖ ​«ការ​លើក​ហេតុ​ផល​ ការ​មិន​សហការ ​ការ​ពន្យារ​ពេល​វេលា​នេះ​គឺ​គេ​ទុក​ឱកាស​ដើម្បី​ឲ្យ​សមត្ថកិច្ច​របស់​គេ​ទៅ​ធ្វើ​ការ​ប្រតិបត្តិ​ការ​តាម​តំបន់​ព្រៃ​ ធ្វើ​យ៉ាង​ណា​ដើម្បី​ចាប់​ជន​ភៀស​ខ្លួន​បាន​ដោយ​ខ្លួន​ឯង​ហើយ​គេ​នឹង​មាន​គម្រោងបញ្ជូន​ទៅ​ប្រទេស​វៀត​ណាម»។​

លោក​ថង សាវ៉ុន​ អភិបាល​ខេត្ត​រតនគីរី ​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ទេ​ ដោយ​លោក​និយាយ​ថា ​កំពុង​ជាប់​ប្រជុំ​តាំង​ពី​ព្រឹក​រហូត​មក​ដល់​យប់​ថ្ងៃ​ពុធ​នេះ។​ ​ចំណែក​ឯ​លោក​កុយ គួង​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ បាន​បញ្ជាក់​ថា​ លោក​មិន​ទាន់​បាន​ទទួល​សេចក្តី​រាយ​ការណ៍​ពី​អាជ្ញាធរ​ខេត្ត​រតនគីរី​នៅ​ឡើយ​ទេ។

លោក​នាយ​ឧត្តម​សេនីយ៍​ ខៀវ សុភ័គ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ ​បាន​បញ្ជាក់​ថា ​កម្ពុជា​មិន​បាន​ឃាត់​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​ទេ។​ ក៏ប៉ុន្តែ​យើង​ចង់​ឲ្យ​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​សហ​ការ​រួម​គ្នា​ជា​មួយ​កង​កម្លាំងមាន​សមត្ថ​កិច្ច​ដើម្បី​រុក​រក​ជន​ជាតិ​ភ្នំវៀតណាម​រួម​គ្នា។​

លោក​និយាយ​ថា៖​ «អ្វី​ដែល​UN ​គាត់​ចុះ​ទៅ​តែ​ឯង​ វា​ខុស​នឹង​នីតិវិធី​ ដែល​បាន​ណែនាំ​ដោយ​ក្រសួង​មហាផ្ទៃ​ ពិសេស​គឺ​ឯក​ឧត្តម​ឧប​នាយក​រដ្ឋមន្ត្រី​តែ​ម្តង។​ ​និយាយរួម​ គាត់​ត្រូវ​សហ​ការ​ជាមួយ​អគ្គនាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​ ចុះ​ ទៅ​ជាមួយ​គ្នា​ ទៅ​សហការ​ជាមួយ​គ្នា​ទៅ​ មិន​ថ្វីទេ»។​

មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​ និង​មន្ត្រី​នៃ​ឧត្តម​ស្នង​ការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​បរាជ័យ​ចំនួន​ពីរ​លើក​មក​ហើយ​ក្នុង​ការ​ស្វាត់​ស្វែង​ការ​សហ​ការ​ជាមួយ​អាជ្ញាធរ​ខេត្ត​រតនគីរី​ដើម្បី​រុក​រក​ជនជាតិ​ភាគ​តិច​វៀតណាម ដែល​កំពុង​សម្ងំ​លាក់​ខ្លួន​នៅ​ក្នុង​ព្រៃ​នៃ​ប្រទេស​កម្ពុជា ​ដោយ​សារ​តែ​អាជ្ញាធរ​ខេត្ត​លើក​ហេតុ​ផល​ជាប់​រវល់​ម្តង​ហើយ​ម្តង​ទៀត។

វីអូអេ​បានព្យាយាម​ទាក់ទងសុំ​ការ​បំភ្លឺ​ពីលោក​នាយ​ឧត្តម​សេនីយ៍​សុខ ផល​ អគ្គនាយក​នៃ​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​ ក្រសួង​មហា​ផ្ទៃ តែមិន​អាច​ទាក់​ទង​បាន។​

ជនជាតិ​ដើម​ភាគ​តិច​ទាំង​១៣​នាក់​ ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់​ ដែល​បាន​រត់​ចេញ​ពី​ពន្ធនាគារ​ក្នុង​ប្រទេស​វៀតណាម​ បាន​រត់​គេច​ខ្លួន​ពី​ការ​ធ្វើ​ទុក្ខបុក​ម្នេញ​របស់​អាជ្ញាធរ​វៀតណាម​ខាង​ផ្នែក​សេរីភាព​សាសនា​ សេរីភាព​ក្នុង​ការ​ប្រើ​ប្រាស់​អ៊ីនធើណែត​ និង​សិទ្ធិ​ដីធ្លី​ ​ហើយ​មក​លាក់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា។​

សេចក្តី​រាយ​ការណ៍​ពី​អ្នកភូមិ​ក្នុង​ខេត្ត​រតនគីរី​បាន​បញ្ជាក់​ថា​ ​ពួក​គេ​បាន​ភៀស​ខ្លួន​ចូល​ក្នុង​ព្រៃ​នៃ​ខេត្ត​រតនគីរី​អស់​រយៈ​ពេល​ជាង​បី​សប្តាហ៍​មក​ហើយដើម្បី​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​ទី៣។​

លោក​ស្រី​ Wan Hea Lee ​តំណាង​ការិយាល័យ​ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​នៅ​ថ្ងៃ​ពុធ​នេះ​ បាន​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ទីក្រុង​ភ្នំពេញ​ឆ្ពោះ​ទៅ​ខេត្ត​រតនគីរី​ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​រុក​រក​ជន​ជាតិ​ភាគ​តិច​វៀតណាម។

មន្ត្រី​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​មិន​បាន​ឆ្លើយ​តាម​សារ​អេឡិក​ត្រូនិក​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ៕

XS
SM
MD
LG