ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​កំពុងរៀបចំ​សម្ភាស​ជនភៀស​ខ្លួន​ពី​ប្រទេស​វៀតណាម


ជនជាតិ​ម៉ុងតាញ៉ា​នៃ​ប្រទេស​វៀតណាម​ចំនួន​១៣នាក់ ក្នុង​នោះ​មាន​ស្រ្តី​ម្នាក់​ផង​បាន​ចេញ​ពី​កន្លែង​លាក់ខ្លួន​ក្នុងព្រៃ​នៅ​ខេត្តរតនៈគីរី​ដើម្បី​សុំ​ការជួយ​ការពារ​ពី​អង្គការ​សហ​ប្រជាជាតិ។ (រូបថត​ផ្តល់​ឲ្យ​ដោយ​អង្គការ​ Adhoc)
ជនជាតិ​ម៉ុងតាញ៉ា​នៃ​ប្រទេស​វៀតណាម​ចំនួន​១៣នាក់ ក្នុង​នោះ​មាន​ស្រ្តី​ម្នាក់​ផង​បាន​ចេញ​ពី​កន្លែង​លាក់ខ្លួន​ក្នុងព្រៃ​នៅ​ខេត្តរតនៈគីរី​ដើម្បី​សុំ​ការជួយ​ការពារ​ពី​អង្គការ​សហ​ប្រជាជាតិ។ (រូបថត​ផ្តល់​ឲ្យ​ដោយ​អង្គការ​ Adhoc)

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ថា​ កម្ពុជា​កំពុង​រៀប​ចំ​បែប​បទ​សម្ភាសជាមួយ​ក្រុម​ជនជាតិ​កុល​សម្ព័ន្ធ​ភ្នំវៀតណាម​ដែល​បាន​មក​ដល់​ទីក្រុង​ភ្នំពេញ បន្ទាប់​ពី​ពួកគេ​ត្រូវ​បាន​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​បាន​ប្រទះ​ឃើញ​នៅក្នុង​ព្រៃ​កាល​ពី​ថ្ងៃ​ចុង​សប្តាហ៍​មុន។​

យ៉ាង​តិច​មាន​ជនជាតិ​ម៉ុងតាញ៉ា​ចំនួន​៨នាក់​ត្រូវ​បាន​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​បាន​រក​ឃើញ​ និង​៥​នាក់​ផ្សេង​ទៀត​ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់​ត្រូវ​បាន​ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច​កម្ពុជា​បាន​រក​ឃើញ​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​កន្លែង​ផ្សេងៗ​គ្នា​ បន្ទាប់​ពី​ពួកគេ​បាន​ភៀស​ខ្លួន​ពី​ប្រទេស​វៀតណាម​មក​លាក់​ខ្លួន​នៅ​ក្នុង​ព្រៃ​នៃ​ខេត្ត​រតនៈ​គីរី​អស់​រយៈ​ពេល​ជិត​មួយ​ខែ។

លោក​នាយ​ឧត្តម​សេនីយ៍​ខៀវ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ ​មាន​ប្រសាសន៍​ថា ​ជនជាតិ​កុល​សម្ព័ន្ធភ្នំ​វៀតណាម​ទាំង​១៣​នាក់​កំពុង​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​សមត្ថ​កិច្ច​នៅ​ក្នុង​សណ្ឋាគារ​មួយ​ដោយ​មាន​ការ​រិត​បន្តឹង​សន្តិសុខ​ដើម្បី​ការពារ​សុវត្តិភាព​របស់​ពួកគេ។

លោក​បាន​បញ្ជាក់​ថា ​រដ្ឋាភិបាល​កំពុង​រៀប​ចំ​បញ្ជី​សំណួរ ​ដោយ​មាន​ការ​សហការ​ជាមួយ​នឹង​អង្គការ​សហ​ប្រជាជាតិ​ដើម្បី​សម្ភាសជនជាតិ​ ម៉ុងតាញ៉ា​ទាំង​នោះ​ ហើយ​ប្រសិន​ណា​បើ​យើង​រក​ឃើញ​ថា ​ពួកគេ​មិន​ពិត​ប្រាកដ​ថា​ ជាជន​ជាតិ​ម៉ុងតាញ៉ា​ទេ​ ពួក​គេ​អាច​ប្រឈម​មុខ​និរទ្ទេស​ទៅ​កាន់​ប្រទេស​វៀតណាម​វិញ។

ក៏​ប៉ុន្តែ​ ទោះ​ជាយ៉ាង​ណាក៏​ដោយ​ លោក​បាន​បញ្ជាក់​ថា ​កម្ពុជា​នឹង​ប្រឹង​ប្រែង​ដើម្បី​គោរព​ច្បាប់​អន្តរជាតិ។

លោក​និយាយ​ថា៖ ​«គ្មាន​ហេតុ​ផល​ណា​ក្រៅ​ពី​ហ្នឹង​ទេ​ ប្រសិន​ណា​បើ​មិន​ច្បាស់​លាស់។​ ប៉ុន្តែ​យើង​ត្រូវ​សហការ​ជាមួយ​UN​ដែរ​ការ​ងារ​ហ្នឹង។ ​ប៉ុន្តែ​សិទ្ធិសម្រេចនៅ​លើ​សមត្ថ​កិច្ច​កម្ពុជា​ ពិសេស​គឺ​ក្រសួង​មហា​ផ្ទៃ​ជា​អ្នក​សម្រេចស្រប​តាម​អនុក្រិត្យ​របស់​រដ្ឋាភិបាល»។​

លោក ​គឹម សារិន​ ប្រធាន​នាយក​ដ្ឋាន​ជនភៀស​ខ្លួន​នៃ​ក្រសួង​មហាផ្ទៃ​មិនបាន​ធ្វើ​អត្ថាធិប្បាយ​ទេ ​ដោយ​លោក​បាន​បញ្ជាក់​ថា ​កំពុង​ជាប់​ប្រជុំ។

លោក​និយាយ​ថា៖​ «ខ្ញុំ​ជាប់​ប្រជុំ​បន្តិច ​ចាំ​មើល​ខ្ញុំ​ចប់​ប្រជុំ​សិន។ ​ឥឡូវ​និយាយ​អត់​បាន»។​

ជន​ជាតិ​កុល​សម្ព័ន្ធ​ភ្នំ​ម៉ុងតាញ៉ា​មាន​គ្នា​ចំនួន​២​ក្រុម​សរុប​ទាំង​អស់​ចំនួន​ ១៣​នាក់​បាន​ភៀស​ខ្លួន​ដោយ​សារ​ការ​ធ្វើ​ទុក្ខ​បុម្នេញ​ពី​អាជ្ញាធរ​វៀតណាម​ខាង​សេរីភាព​សាសនា​ សេរីភាព​ក្នុង​ការ​ប្រើ​ប្រាស់​អ៊ីនធឺណែត​ និង​សិទ្ធិ​ដីធ្លី​ ហើយ​មក​លាក់​ខ្លួន​ក្នុង​ព្រៃ​នៃ​ខេត្ត​រតនគីរី​កាល​ពី​ក្នុង​អំឡុង​ខែ​វិច្ឆិកា។​

វីអូអេ​បាន​ព្យាយាម​ទាក់ទង​សុំ​សេចក្តី​អត្ថាធិប្បាយបំភ្លឺ​ពី​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ និង​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន តែ​មិន​អាច​ទាក់ទង​បាន​ទេ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។​

លោក​នី ចរិយា​ ប្រធាន​ក្រុម​ស៊ើប​អង្កេត​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ ​សង្ឃឹម​ថា ​អង្គការ​សហ​ប្រជាជាតិ​និង​ធ្វើ​កិច្ច​ការ​លើ​ជនភៀស​ខ្លួន​នេះ​មិន​ទៅ​តាម​គំនាប​របស់​រដ្ឋាភិបាល​ទេ។​

លោក​បាន​បញ្ជាក់​ថា៖ ​«ខ្ញុំ​ជឿ​ថា ​គាត់​នឹង​អនុវត្ត​ទៅ​តាម​កតិកា​សញ្ញា​ស្តី​អំពី​ឋានៈ​នៃ​ជន​ភៀស​ខ្លួន ​និង​ពិធី​សារ​ស្តី​ពី​ជន​ភៀស​ខ្លួន​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ចុះ​ហត្ថលេខា​ជា​ប្រទេស​ភាគី»។​

ជនជាតិ​កុល​សម្ព័ន្ធ​ភ្នំ​វៀតណាម​ ដែល​រស់នៅតំបន់​ខ្ពង់រាប​ភាគ​កណ្តាល​នៃ​ប្រទេស​វៀតណាម ​ធ្លាប់​បាន​រត់ភៀស​ខ្លួន​មក​កម្ពុជា​យ៉ាង​តិច​ចំនួន​ពីរ​លើក​រួច​មក​ហើយ​ គឺ​លើក​ទី​១​នៅ​ឆ្នាំ​២០០១​ និង​លើក​ទី​ពីរ​ឆ្នាំ​២០០៤ ​បន្ទាប់ពី​មាន​ការ​បង្ក្រាប​ទៅលើ​អ្នក​បះបោរ​ជា​ជនជាតិ​ដើម​ភាគតិច​ ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​វៀតណាម​ដែល​បាន​គាប​សង្កត់​ផ្នែក​ប្រពៃណី ​និង​សាសនា។​

មាន​ជនជាតិ​ដើម​ភាគតិច​ជាង​៥០​ជនជាតិ​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​វៀតណាម​ត្រូវ​បាន​គេ​អះអាង​ថា​ ​អាជ្ញាធរ​វៀតណាម​បាន​រិតត្បិត​ខាង​ផ្នែក​សាសនា ​សិទ្ធិ​មនុស្ស​ស្រដៀងៗ​គ្នា​នឹង​ការ​រិតត្បិត​ ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ពលរដ្ឋ​កម្ពុជា​ក្រោម​ផង​ដែរ៕

XS
SM
MD
LG