ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប.​អំពាវនាវ​រក​ការ​សហការ​ពី​មន្ត្រី​​កម្ពុជា​ក្នុង​រឿង​ម៉ុងតាញ៉ា


ជន​ជាតិ​​ភាគ​តិច​​វៀតណាម​​មួយ​​ក្រុម​ ត្រូវ​​បាន​​គេ​​ឃើញ​​ចេញ​ពី​​ព្រៃ​​ដែល​​មាន​​ចម្ងាយ​​ប្រមាណ​ជា​​៧០​គ.ម​​ពី​​ភាគ​ឦសាន​​នៃ​​ទីក្រុង​​បានលុង​​ក្នុង​​ខេត្ត​រតនគីរី​​នៃ​​ប្រទេស​​កម្ពុជា​​ នៅ​​ថ្ងៃ​ទី​​២២​ ខែ​កក្កដា​ ឆ្នាំ​២០០៤។​
ជន​ជាតិ​​ភាគ​តិច​​វៀតណាម​​មួយ​​ក្រុម​ ត្រូវ​​បាន​​គេ​​ឃើញ​​ចេញ​ពី​​ព្រៃ​​ដែល​​មាន​​ចម្ងាយ​​ប្រមាណ​ជា​​៧០​គ.ម​​ពី​​ភាគ​ឦសាន​​នៃ​​ទីក្រុង​​បានលុង​​ក្នុង​​ខេត្ត​រតនគីរី​​នៃ​​ប្រទេស​​កម្ពុជា​​ នៅ​​ថ្ងៃ​ទី​​២២​ ខែ​កក្កដា​ ឆ្នាំ​២០០៤។​

អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​និង​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​បាន​អំពាវនាវដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​សហការ​ដើម្បី​ជួយ​ដល់​ជន​ភៀស​ខ្លួន​កុលសម្ព័ន្ធ​ភ្នំ​វៀតណាម ​ដែល​កំពុង​លាក់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

​សេច​ក្តី​ថ្លែង​ការណ៍​រួម​គ្នា​របស់​អង្គការ​សហ​ប្រជាជាតិ ​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះបាន​បញ្ជាក់​ថា​ ជនជាតិ​ម៉ុងតាញ៉ា​ ទាំង​១៣​នាក់​ បាន​ប្រឈម​មុខ​នឹង​ជំងឺ​យ៉ាង​ធ្ងន់ធ្ងរ​ដូច​ជា​ជំងឺ​គ្រុនចាញ់​ និង​ជំងឺ​គ្រុនឈាម​ ក្នុង​ពេល​ដែល​ពួក​គេ​បាន​ភៀស​ខ្លួន​ពី​ប្រទេស​វៀតណាម​មក​នៅ​ក្នុង​ព្រៃ​នៃ​ប្រទេស​កម្ពុជា។​

សេចក្តី​ប្រកាស​ព័ត៌មាន​រួម​គ្នា​នេះបាន​កើត​មាន​ឡើង​ទន្ទឹម​គ្នា​បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​រតនគីរី​បាន​រារាំង​មន្ត្រី​អង្គការ​សហ​ប្រជាជាតិមិន​ឲ្យ​ជួយ​សង្គ្រោះ​ជនជាតិ​កុល​សម្ព័ន្ឋ​ភ្នំ​វៀតណាម​ដែល​កំពុង​លាក់​ខ្លួន​ក្នុង​ខេត្ត​រតនគីរី។​

លោក​ ឆាយ ធី​ អ្នក​សម្របសម្រួល​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​រតនគីរី​មាន​ប្រសាសន៍​ថា ​ក្រុម​សមត្ថកិច្ច​ដែល​រួម​មាន​មន្ត្រី​ប៉ូលីស​ និង​ទាហ៊ាន​ប្រដាប់​ដោយ​កាំភ្លើង​ខ្លី​និង​អាវុធ​ AK47​ ស្វ័យ​ប្រវត្តិ​ បាន​រារាំង​មិន​ឲ្យ​មន្ត្រី​ជាន់ខ្ពស់​អង្គការ​សហប្រជាជាតិ​ដឹកនាំ​ដោយ​លោក​ស្រី Wan Hea Lee​ បាន​ចូល​ជួយ​សង្គ្រោះ​ជន​ជាតិ​ម៉ុងតាញ៉ា​ទេ។​

លោក​បាន​បញ្ជាក់​ថា ​ការ​រារាំង​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ខណៈ​ពេល​ដែល​រថយន្ត​របស់​អង្គការ​សហ​ប្រជាជាតិ​បាន​ចុះ​ទៅ​ដល់​ស្រុក​បរកែវ​និង​ស្រុក​លំផាត់ ដែល​ជា​ទី​កន្លែង​សង្ស័យ​ថា​ជន​ជាតិ​កុល​សម្ព័ន្ធ​ភ្នំ​វៀតណាម​ ឬ​ ម៉ុងតាញ៉ា​កំពុង​លាក់​ខ្លួន​នៅ​ទី​នោះ។​ក៏ប៉ុន្តែ​នៅ​ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ​មិន​ទាន់​បាន​ជូប​ក្រុម​ជន​ភៀស​ខ្លួន​ផង​ក៏​ត្រូវ​បាន​អាជ្ញាធរ​រារាំង​ក្បួន​រថយន្ត​មិន​ឲ្យ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ដោយ​អះអាង​ថា​បេសកម្ម​របស់​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​មិន​មាន​ការ​អនុញ្ញាត។​

លោក​បាន​បញ្ជាក់​ថា​ ការ​រារាំង​របស់​សមត្ថកិច្ច​ទៅ​លើ​មន្ត្រី​អង្គការ​សហប្រជាជាតិ​រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​ទទួល​រង​សម្ពាធ​ពី​ប្រទេស​វៀតណាម។​

លោក​និយាយ​ថា៖​ «គឺ​យើង​ឃើញ​ថា​ កម្ពុជា​យើង​ហ្នឹង​រង​នូវ​សម្ពាធ​ពី​ប្រទេស​វៀតណាម​ដែល​មិន​យក​ច្បាប់​ ការ​គោរព​សិទ្ធិ​មនុស្ស​និង​ច្បាប់​សន្ធិសញ្ញា​អន្តរជាតិ​មក​អនុវត្ត​ទេ ​បែរ​ជា​ផ្គាប់​ចិត្ត​ទៅ​ប្រទេស​ដែល​មាន​ឥទ្ធិពល​មក​លើ​ខ្លួន។ នេះ​ជា​ការ​កត់​សម្គាល់​របស់​ខ្ញុំ​បាទ​»។​

អ្នក​ស្រី​ វ៉ាន់ ហ៊ា លី​ ( Wan Hea Lee)​ តំណាង​ការិយាល័យ​ឧត្តម​ស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​បាន​បញ្ជាក់​ថា​ អាជ្ញាធរ​ពិត​ជា​បាន​ឃាត់​ក្បួន​រថយន្ត​អ្នក​ស្រី​មិន​ឲ្យ​ជួប​ជាមួយ​ក្រុម​កុល​សម្ព័ន្ធ​ភ្នំ​វៀតណាម​ដែល​កំពុង​លាក់​ខ្លួន​នៅ​ក្នុង​ព្រៃ​ពិត​ប្រាកដ​មែន។

អ្នក​ស្រី​បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA ​តាម​ទូរស័ព្ទ​ជា​លើក​ដំបូង​របស់​អ្នក​ស្រី​ដែល​មិន​ដែល​ធ្លាប់​ផ្តល់​បទ​សម្ភាសន៍​តាម​ទូរស័ព្ទ​កន្លង​ទៅ​នោះ។ ​អ្នក​ស្រី​បាន​បញ្ជាក់​ថា​ គោល​បំណង​របស់​អ្នកស្រី​ចង់​ទៅ​ជួប​ក្រុម​ជនជាតិ​ម៉ុងតាញ៉ា​នោះ​គឺ​យើង​ចង់​ដឹង​ពី​ស្ថានភាព​ពួក​គេ​យ៉ាង​ដូច​ម្តេច ​ថា​តើ​មាន​ព័ត៌មាន​អ្វី​ខ្លះ​ដែល​យើង​ទទួល​បាន។​

អ្នក​ស្រី​បាន​បញ្ជាក់​ថា ​តើ​ឲ្យ​យើង​សហការ​ជាមួយ​អាជ្ញាធរ​យ៉ាង​ដូច​ម្តេច​ បើ​យើង​មាន​តែ​ភាគី​តែ​ម្ខាង​គត់​ដែល​ប្រឹងប្រែង​សហការ​ក្នុង​ខណៈ​ពេល​ដែល​ភាគី​ម្ខាង​ទៀត​មិន​ព្រម​សហការ​ជាមួយ​យើង​សោះ។​

អ្នក​ស្រី​មាន​ប្រសាសន៍​ថា ​យើង​បាន​ពិភាក្សា​គ្នា​ជាមួយអាជ្ញាធរ​ខេត្ត ​ថា​តើ​នឹង​ត្រូវ​ដំណើរការ​យ៉ាង​ដូចម្តេច​ក្នុង​នាម​បេសកម្ម​រួម​គ្នា​ដើម្បី​ជួយ​ជនភៀស​ខ្លួន​ ក៏ប៉ុន្តែ​មិន​បាន​ជោគជ័យ​ទេ។​

អ្នក​ស្រី​និយាយ​ថា៖

​«យើង​ពិត​ជា​មិន​យល់​ទាល់​តែ​សោះ​ថា ​តើ​ហេតុ​អ្វី​បាន​ជា​ពួក​យើង​ត្រូវ​បាន​រារាំង​នៅ​ព្រឹក​នេះ? ​តើ​អ្នក​នៅ​ក្នុង​រដ្ឋាភិបាល​និង​អ្នក​នៅ​ក្នុង​ភូមិ​ឲ្យ​យើង​ធ្វើយ៉ាង​ម៉េច?​ ខ្ញុំ​កំពុង​រង់​ចាំ​ថា​ តើ​មាន​ផែនការ​អ្វី​ខ្លះ?»។​

លោក​ស្រី​បាន​បញ្ជាក់​ថា ​អ្នក​ស្រី​នឹង​វិល​ត្រឡប់​មក​ទី​ក្រុង​ភ្នំពេញ​វិញ​នៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ​បន្ទាប់​ពី​ខកខាន​មិន​បាន​ជួប​ជនជាតិ​ម៉ុងតាញ៉ា។​

លោក ​ឆាយ ធី មន្ត្រី​សម្រប​ស្រួល​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​បាន​បញ្ជាក់​ថា​ ក្រុម​ជនជាតិ​ភ្នំ​ម៉ុងតាញ៉ា​បាន​អះអាង​ថា ​ពួក​គេ​សុខ​ចិត្ត​ស្លាប់​ក្នុង​ទឹក​ដី​ប្រទេស​កម្ពុជា​មិន​ព្រម​ប្រគល់​ខ្លួន​ឲ្យ​សមត្ថកិច្ច​កម្ពុជា​ចាប់​បញ្ជួន​ទៅ​ប្រទេស​វៀតណាម​វិញ​ទេ។​

លោក​ ថង សាវ៉ុង អភិបាល​ខេត្ត​រតនគីរី​មិន​អាច​ស្នើ​សុំ​ដើម្បី​ទំនាក់ទំនង​បាន​ទេ​ដោយ​ទូរស័ព្ទ​របស់​លោក​មិន​មាន​អ្នក​ទទួល។​

ក៏ប៉ុន្តែ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​នាយ​ឧត្តមសេនីយ៍​ ខៀវ សុភ័គ​ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​បាន​ស្តី​បន្ទោស​ថា​មន្ត្រី​អង្គការ​សហប្រជាជាតិ​ជា​អ្នក​បង្ក​បញ្ហា។​ លោក​បាន​បញ្ជាក់​ថា លោក​បាន​បញ្ជាក់​រួច​ហើយ​ថា​ត្រូវ​មាន​ការ​សហការ​ជាមួយ​គ្នា។ ​បើ​រុក​រក​យើង​ធ្វើ​ទាំង​អស់​គ្នា​តែ​ខាង​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​មិន​ព្រម​អនុវត្ត​តាម​គោលការណ៍​នេះ​ទេ។ ​ក៏ប៉ុន្តែ​ទោះ​ជាយ៉ាង​ណា​ក៏​ដោយ ​លោក​មាន​ប្រសាន៍​ថា ​បើ​ជនជាតិ​ម៉ុងតាញ៉ា​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​អង្គការ​សហ​ប្រជាជាតិ​គឺ​ភាគី​កម្ពុជា​យើង​មិន​រារាំងទេ។​

លោក​និយាយ​ថា៖​ «ប្រសិន​បើ​ជនជាតិ​ម៉ុងតាញ៉ា​ទាំង​១៣​រូប​នោះ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​យូអ៊ិន​ហើយ ​អញ្ជើញ​ចុះ»។​

មន្ត្រី​សិទ្ធិ​មនុស្ស​និង​ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា​ ក្រុម​កុល​សម្ព័ន្ធ​ភ្នំ​វៀតណាម​មាន​គ្នាប្រមាណ​១៣​នាក់​បាន​ភៀស​ខ្លួន​ពី​ប្រទេស​វៀតណាម​តាំង​ពី​ក្នុង​អំឡុង​ខែ​វិច្ឆិកា​មក​ម៉្លេះដើម្បី​គេច​ចេញ​ពី​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ពី​អាជ្ញាធរ​វៀតណាម​ខាង​ផ្នែក​សេរីភាព​សាសនា​ សេរីភាព​ក្នុង​ការ​ប្រើ​ប្រាស់​អ៊ីនធឺណែត​និង​សិទ្ធិ​ដីធ្លី​ ហើយ​មក​លាក់​ខ្លួន​ក្នុង​ព្រៃ​នៃ​ខេត្ត​រតនគីរី៕

XS
SM
MD
LG