ករណីរំលោភសិទ្ធិមនុស្ស ដែលកាន់តែមានការរីករាលដាលជាប្រព័ន្ធនៅក្នុងប្រទេស អេរីត្រេ (Eritrea) គួរតែត្រូវបានបញ្ជូនទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ ពីបទប្រឆាំងនឹងមនុស្សជាតិ ដែលរួមបញ្ចូលទាំងការបង្កើតទាសភាព និងការធ្វើទារុណកម្មផងដែរ។ នេះបើតាមការអះអាងរបស់គណៈកម្មការស៊ើបអង្កេតរបស់អ.ស.បនៅថ្ងៃពុធនេះ។
គណៈកម្មការនេះបាននិយាយក្នុងរបាយការណ៍មួយថា ប្រទេសអាហ្រ្វិកខាងកើតដ៏ តូចមួយនេះគ្មានការរីកចម្រើនស្ទើរតែទាំងស្រុង ចំពោះការទប់ស្កាត់ការរំលោភសិទ្ធិ មនុស្សដ៏ធ្ងន់ធ្ងរ ដែលអង្គការបានកត់ត្រាលើកដំបូងកាលពីមួយឆ្នាំមុន។
ជនភៀសខ្លួនអេរីត្រេស្ថិតក្នុងចំណោមក្រុមជនភៀសខ្លួនទំហំធំជាងគេបង្អស់ដែលបានឆ្លងសមុទ្រមេឌីទែរ៉ានេ ដើម្បីស្វះស្វែងរកជីវភាពប្រសើរក្នុងសហភាពអឺរ៉ុប។ របាយការណ៍ថ្មីនេះនិយាយថា មានជនជាតិអេរីត្រេចំនួន៤៧.០២៥នាក់ បានដាក់ពាក្យ សុំសិទ្ធិជ្រកកោនក្នុងឆ្នាំ២០១៥។
ក្រុមមន្ត្រីសិទ្ធិមនុស្សនិយាយថា លោក Isaias Afwerki ប្រធានាធិបតីប្រទេសអេរីត្រេដែលបានកាន់អំណាចក្រោយអាណានិគមអ៊ីតាលីតាំងពីឆ្នាំ១៩៩១ នោះ កាន់តែផ្តាច់ការគៀបសង្កត់ឡើង បង្ក្រាបក្រុមជំទាស់ បំបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងបំបិទសិទ្ធិក្រុមសង្គមស៊ីវិល៕