ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​ចំណាក​ស្រុក​រាប់​ពាន់​នាក់​បាន​បាត់​ខ្លួន​រៀង​រាល់​ឆ្នាំ


សាកសព​​ជនចំណាកស្រុក​ត្រូវ​បាន​ដាក់​តម្រៀប​គ្នានៅ​កំពង់​ផែ​កោះ Lampedusa នា​ថ្ងៃទី០៩ ខែ​កុម្ភៈ ឆ្នាំ២០១៥។ យ៉ាងហោចណាស់ ជនចំណាកស្រុក​២៥នាក់​បានស្លាប់​ពេល​ធ្វើដំណើរតាម​ទូក​​ពី​អាហ្រ្វិកខាងជើង​ទៅ​កាន់​ប្រទេស​អ៊ីតាលី​។
សាកសព​​ជនចំណាកស្រុក​ត្រូវ​បាន​ដាក់​តម្រៀប​គ្នានៅ​កំពង់​ផែ​កោះ Lampedusa នា​ថ្ងៃទី០៩ ខែ​កុម្ភៈ ឆ្នាំ២០១៥។ យ៉ាងហោចណាស់ ជនចំណាកស្រុក​២៥នាក់​បានស្លាប់​ពេល​ធ្វើដំណើរតាម​ទូក​​ពី​អាហ្រ្វិកខាងជើង​ទៅ​កាន់​ប្រទេស​អ៊ីតាលី​។

ជន​ចំណាក​ស្រុក​ និង​ជន​ភៀស​ខ្លួន​​ជាង​មួយ​លាន​នាក់​ បាន​មក​ដល់​ទ្វីប​អឺរ៉ុប​កាល​ពីឆ្នាំមុន ​ដោយ​ភាគ​ច្រើន​នៃ​ពួកគេ​រត់​គេច​ចេញ​ពី​តំបន់ដែល​មាន​​ជម្លោះ។ ប៉ុន្តែ ​មនុស្ស​រាប់ពាន់​នាក់​ផ្សេង​ទៀត​ក៏បាន​ស្លាប់ ​ឬក៏​បាត់ខ្លួន​ជា​រៀងរាល់​ឆ្នាំ ដោយ​មិន​ដឹង​មូល​ហេតុ ដែល​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​ពួកគេ​ឆ្ងល់​ថា ​តើ​មាន​រឿ​ង​អ្វី បានកើតឡើង​ចំពោះ​ពួកគេទាំង​នោះ។ គម្រោង​ «​ជន​ចំណាក​ស្រុកដែល​បាន​បាត់​ខ្លួន» (Missing Migrants Projects) ​មាន​បំណង​ស្វែងរក​ហេតុផល​នៅ​ពីក្រោយ​ការ​បាត់​ខ្លួន​នោះ។

ជន​ចំណាក​ស្រុក​ និង​ជន​ភៀស​ខ្លួនជាង​មួយ​លាន​នាក់​ បាន​មក​ដល់​ទ្វីប​អឺរ៉ុប​កាល​ពីឆ្នាំមុន ​ដោយ​ភាគ​ច្រើន​នៃ​ពួកគេ​រត់​គេច​ចេញ​ពី​តំបន់ដែល​មានជម្លោះ។ ហើយ​មាន​មនុស្ស​ជា​ច្រើន​ទៀត​ ដែល​មាន​បំ​ណង​ចូល​មក​ទ្វីបអឺរ៉ុប ក្នុង​ឆ្នាំ​នេះ។ មនុស្ស​រាប់ពាន់​នាក់​បាន​ស្លាប់​ ក្នុង​ការ​ធ្វើ​ដំណើរ​តាមសមុទ្រ​ ពី​ប្រទេស​តួកគី ​ទៅ​ប្រទេស​ក្រិក ឬ​ពីអាហ្វ្រិក​ខាង​ជើង​ ទៅ​ប្រទេស​អ៊ីតាលី។ ប៉ុន្តែ ​មនុស្ស​រាប់ពាន់​នាក់​ផ្សេង​ទៀត​ក៏បាន​ស្លាប់ ​ឬក៏​បាត់ខ្លួន​ជា​រៀងរាល់​ឆ្នាំ ដោយ​មិន​ដឹង​មូល​ហេតុ ដែល​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​ពួកគេ​ឆ្ងល់​ថា ​តើ​មាន​រឿ​ង​អ្វី បានកើតឡើង​ចំពោះ​ពួកគេទាំង​នោះ។ គម្រោង​ «​ជន​ចំណាក​ស្រុកដែល​បាន​បាត់​ខ្លួន» (Missing Migrants Projects) ​មាន​បំណង​ស្វែងរក​ហេតុផល​នៅ​ពីក្រោយ​ការ​បាត់​ខ្លួន​នោះ។

លោក​ William Lacy Swing ​និយាយ​ថា​ជោគ​វាសនា​របស់​ជន​ចំណាក​ស្រុក​ជាច្រើន គឺ​ស្ថិត​ក្នុង​សភាព​អាថ៌កំបាំង។ លោក ​Swing គឺជាអគ្គនាយកនៃអង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ (International Organization for Migration)។

គ្មាន​នរណា​ម្នាក់​ ដឹង​ពី​ចំនួន​មនុស្ស​ស្លាប់ ឬ​បាត់​ខ្លួន​ទេ។ ពួកយើង​ ធ្វើ​ការ​ប៉ាន់​ប្រមាណ ​លើ​មនុស្ស​ដែល ​យើង​អាច​តាម​ដាន​បាន​។ ឧទាហរណ៍​ កាលពី​ឆ្នាំ​មុន​ យើង​ដឹង​ថា​ វា​ជា​ឆ្នាំ​ដែល​ជាប់​កំណត់​ត្រា ដែល​មាន​មនុស្ស​ច្រើន​ជាង ៥.៣០០ នាក់​បាន​ស្លាប់​តាម​ផ្លូវ​ចំ​ណាក​ស្រុក​។ ប៉ុន្តែ វា​មិន​បាន​រាប់​បញ្ជូល អ្នក​ផ្សេង​ទៀត​ដែល​បានស្លាប់​នៅ​ក្នុង​វាល​ខ្សាច់​ ឬ​នៅតាម​បណ្តោយ​ផ្លូវ​ចំណាក​ស្រុក​ផ្សេង​ទៀត​ទេ។ វា​ជារឿង​ពិបាក​ណាស់។

គម្រោង​ «ជន​ចំណាក​ស្រុក​ដែល​បាន​បាត់​ខ្លួន» ជាកិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​អង្គការ IOM ​និងគណៈកម្មការ​អន្ដរជាតិ​ទទួល​បន្ទុក​លើ​ជន​បាត់​ខ្លួន​ (International Commission on Missiong Persons)។ លោក​ Swing ​និយាយ​ថា​ វា​បាន​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​ ០៣ ខែ​តុលា ឆ្នាំ​ ២០១៣ បន្ទាប់​ពី​ទូក​លិច​នៅ​ក្បែរ​កោះLampedusa នៃ​ប្រទេស​អ៊ីតាលី។ មនុស្ស​ច្រើន​ជាង ​៣៦០ ​នាក់​បាន​ស្លាប់។ ជន​រងគ្រោះ​ជា​ច្រើន មក​ពី​ ប្រទេស​អេរីទ្រា (Eritrea) ​សូម៉ាលី ​និង​ហ្គាណា ​ដែល​បាន​ជិះ​ទូក​ចេញ​ពី​កំពង់ផែ Misrata នៃ​ប្រទេស​លីប៊ី។ ប៉ុន្នាន​ថ្ងៃ​ក្រោយ​មក​ ទូក​មួយ​ទៀត​បាន​លិច​នៅ​ក្នុង​តំបន់​ដដែល​ ហើយ​បានសម្លាប់​មនុស្ស​ជាង ​៣០ នាក់។

ជា​ច្រើន​ដង​ហើយ ​ដែល​សាកសព​នៃជន​ចំណាក​ស្រុក មិន​បាន​រក​ឃើញ ឬ​ក៏​កំ​ណត់បាន​នូវអត្តសញ្ញាណ​។ ការ​ពិនិត្យ​ឡើងវិញ​ទៅលើ ​រឿង​នេះ​ចំនួន​៣.០០០ ករណី ​នៅ​ចន្លោះ​ឆ្នាំ ១៩៩០ និង​ឆ្នាំ ២០១៣ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ មាន​សាកសព​តិច​ជាង​ពាក់​កណ្តាល​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ។​

ជា​ការ​ពិត​ណាស់ ​ចំពោះការ​បាត់ខ្លួន​នេះ មាន​សាកសព​ជាច្រើន​ ដែល​អ្នក​មិន​ដែល​ឃើញ​ និង​មិន​ដែល​ស្គាល់។ ហើយអ្វី​ដែល​ពិបាក​នោះគឺ​ មិន​ត្រឹម​តែ​ទុក្ខព្រួយពី​ការបាត់បង់​សាច់ញ្ញាតិ អ្នក​ជាទី​ស្រឡាញ់​ជា​រៀង​រហូត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ វា​ហាក់​ដូច​ជា​រឿង​សោកសៅ​ទ្វេដង​ដោយសារ​តែ​អ្នក​មិន​អាច​បញ្ជាក់​ឲ្យ​បានច្បាស់​ពី​ជន​ដែល​បាត់​ខ្លួន​នោះ​ ទាំង​ខាង​ផ្លូវ​កាយ ផ្លូវ​ចិត្ត ឬ​ស្មារតី។

ហើយ ​លោក​ Swing ​និយាយ​ថា ​ក៏​មិន​មាន​ការ​បញ្ជាក់ឲ្យ​ច្បាស់​តាម​ផ្លូវ​ច្បាប់​ផង​ដែរ។​

តើ​ប្តី​ឬ​ប្រពន្ធខ្ញុំ​ នៅ​រស់​ដែរ​ឬ​ទេ? តើ​ខ្ញុំ​គឺជាស្ត្រី​មេម៉ាយ ឬ​បុរសពោះ​ម៉ាយ​ឬ? ចុះទ្រព្យ​សម្បត្តិ​របស់​ពូក​យើង? ដូច្នេះ អ្នក​ឃើញ​ថា វា​ពិត​ជា​ទុក្ខ​សោក​គួរឲ្យ​ឈឺចាប់ ​នៅ​ពេល​ដែល​ជន​ទាំង​នោះបាត់ខ្លួន​ ហើយ​គ្មាន​វិធី​ក្នុង​ការ​ស្វែងរក​សាកសព​បាន​នោះ។

អតីត​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ ប្រចាំ​ប្រទេស​អាហ្រ្វិក​ខាងត្បូង​ បាន​និយាយ​ថា ​មាន​កត្តា​ជាច្រើន​ដែល​ធ្វើ​ឲ្យ​មាន​ចលនា​មនុស្ស​រាប់​លាន​នាក់​ធ្វើ​ដំណើរ​ដើម្បី​ស្វែងរក​ជីវិត​ប្រសើរ​ជាងមុន។

ឥឡូវនេះ​ យើង​មាន​វិបត្តិ​បន្ត​បន្ទាប់ ​ស្មុគស្មាញ ​និង​រីករាលដាល​ ពី​ភាគខាងលិច​នៃទ្វីប​អាហ្រ្វិក​ ឆ្លង​ទៅ​ឈូង​សមុទ្រ​ Bengal ដែល​នៅ​ចន្លោះ​នោះ​មាន​តំបន់​ដែល​មានស្ថេរភាព​តិចតួច​ណាស់។ មិន​ថា​តែ​ជំងឺ​អេបូឡា ​(Ebola) នៅ​អាហ្វ្រិក​ខាង​លិច​ ឬ​ក្រុម​សកម្មប្រយុទ្ធ​បូកូហារ៉ាម​ (Boko Haram) នៅ​ប្រទេស​នីហ្សេរីយ៉ា បញ្ហា​មិន​ទាន់​បាន​បញ្ចប់​នៅ​ប្រទេស​លីប៊ី យ៉េមែន ​ស៊ូដង់​ខាងត្បូង ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​ អាហ្វហ្គានីស្ថាន​ អ៊ីរ៉ាក់​នោះ​ទេ ហើយ​ជា​ការពិត​ណាស់ បញ្ហា​ដ៏​ធំ​បំផុត​គឺ សង្គ្រាម​ប្រាំមួយ​ឆ្នាំ​នៅ​ប្រទេស​ស៊ីរី។

លោក​និយាយ​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​មាន​ចំណាក​ស្រុក​មួយ​ទៀត​នោះ​គឺ «​កំណើន​អសមភាពសេដ្ឋកិច្ច​ រវាង​លោក​ខាង​ជើង ​និង​ខាង​ត្បូង »។

លំហូរ​ចូលនៃ​ជនចំណាក​ស្រុក និង​ជនភៀស​ខ្លួន នៅក្នុង​ទ្វីប​អឺរ៉ុប​ត្រូវ​បាន​គេ​ហៅ​ថា​ ជា​វិបត្តិ​ធំ​ជាង​គេ​បំផុត​ចាប់​តាំងពី​សង្គ្រាម​លោក​លើក​ទីពីរ។ ប្រធាន​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ ​មើលឃើញ​បញ្ហា​នេះ​ខុស​ពី​អ្នក​ដទៃ។

វា​មិន​មែន​ជា​ភាសា​ដែល ​យើង​នឹង​ប្រើនៅ​អង្គការ IOM​ទេ ។ យើង​ឃើញ​ថា ​វា​ជា​បញ្ហា​ប្រឈម​នៃការ​ធ្វើ​ចំណាក​ស្រុក។ វាជា​ វិបត្តិ​សហជីព​ និង​វិបត្តិ​នៃ​ភាព​ជា​អ្នក​ដឹកនាំ ​ច្រើន​ជាង​វិបត្តិ​នៃ​ការធ្វើ​ចំណាក​ស្រុក ពីព្រោះ​ ​ការ​ឯកភាព​គ្នា ​កាន់តែ​ច្រើន​ នៅក្នុង​តំបន់​ ដែល​ធ្វើ​ឲ្យ​ជន​ចំណាក​ស្រុក​មាន​ឆន្ទៈ​ក្នុងការ​ចែក​រំលែក​ការទទួល​ខុសត្រូវ​ នោះ​ចំនួន​តួលេខ​នឹង​អាចគ្រប់គ្រង​បាន។

អង្គការ​ IOM ​និង​គណកម្មាការ​អង្គការ​អន្ដរជាតិ​លើ​ជន​ដែល​បាន​បាត់ខ្លួន​ បាន​និយាយ​ថា​«សហគមន៍​អន្តរជាតិ​នៅ​មិន​ទាន់​បាន​ធ្វើការ​អភិវឌ្ឍ​យុទ្ធសាស្រ្ត​ដែល​ប្រទាក់ក្រឡា និង​មាន​ប្រសិទ្ធភាព​នៅ​ឡើយទេ» ដែល​មិន​ត្រឹមតែ​ដើម្បី​ដោះស្រាយ​ជាមួយ​នឹង​បញ្ហា​នាពេល​បច្ចុប្បន្ន​នោះទេ​ ប៉ុន្តែ​ក៏​ដោះស្រាយ​បញ្ហាបាត់​ខ្លួន​របស់​ជន​ចំណាក​ស្រុក​ផងដែរ ។ ពួកគេ​បាន​និយាយ​ថា «ខណៈ ​ពេល​ដែល​រដ្ឋាភិបាល​ស្ទាក់ស្ទើរ ធ្វើ​ឲ្យ​មាន​ជន​រងគ្រោះ​របួស​និង​ស្លាប់​កើន​ឡើង​ជា​បន្ត​បន្ទាប់»។

លោក​ Swing ​បាន​និយាយ​ថា​នៅ​ក្នុង​គ្រោះ​មហន្តរាយ​អាកាសចរណ៍ ​គ្រប់យ៉ាង​បាន​ធ្វើ​រួច​រាល់ ​ដើម្បី​ធានា​ថា​អ្នក​ដំណើរ​និងបុគ្គលិក​បម្រើការ​លើ​យន្តហោះទាំងអស់​ត្រូវ​បាន​ធ្វើការ​កំណត់​បញ្ជាក់​។ លោក​បាន​និយាយ​ថា ​កិច្ចការដូច​នេះ​ មិន​ត្រូវ​បាន​កើតមាន​ទេ​នៅពេល​ទូក​ដឹក​ជន​ចំណាក​ស្រុក​ និង​ជន​ភៀសខ្លួន​បាន​លិច​នោះ។ ជាញឹកញាប់​ អ្នក​ដំណើរ​ មិនមាន​ឯកសារ​សម្គាល់​អត្តសញ្ញាណ​ខ្លួន​ឡើយ។ ហើយ​មិន​មាន​ហេតុផល​ផ្លូវ​ច្បាប់ ​ឬការធានា​រ៉ាប់រង​ ដើម្បី​កំណត់​បញ្ជាក់​ផងដែរ។

គម្រោង​«ជន​ចំណាក​ស្រុក​ដែល​បាន​បាត់ខ្លួន​» នេះ ពឹង​ផ្អែក​លើ​មនុស្ស​ ១០.០០០ នាក់ ដែល​បាន​ដាក់​ពង្រាយ​ក្នុងតំបន់​ចំនួន​៤៨០​កន្លែង​នៅ​ក្នុង​១៦០ ប្រទេស។ គោលដៅ​របស់​គម្រោង​នេះ គឺ​ដើម្បី​ប្រើ​ប្រព័ន្ធ​គ្រប់គ្រង​មូលដ្ឋាន​ទិន្នន័យ​កំណត់​អត្តសញ្ញាណ ICMP ដើម្បី​កំណត់​ព័ត៌មានលើជន​ដែល​បានបាត់​ខ្លួន។ វា​នឹងរួម​បញ្ចូល ​«សំណាក​ហ្សែន ​ការធ្វើ​តេស្ត​ និង​ការផ្គូផ្គង ​DNA ​ដើម្បី​ជួយ​កំណត់​អត្ត​សញ្ញាណ​ជន​ចំណាក​ស្រុក​ដែល​បាន​ស្លាប់»។

ឥឡូវនេះ​ ពួក​យើង​ធ្វើ​បាន​ច្រើន ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម។ ហើយ​ខ្ញុំគិត​ថា​យើង​មាន​ការភ្ញាក់ផ្អើល​ពី​ការ​ឆ្លើយ​តប​វិជ្ជមាន​ នៅពេល​ដែល​ប្រជាជន​យល់​អំពី​តួលេខ និង​សោកនាដកម្ម​ ដែល​តំណាងឲ្យ​ក្រុម​គ្រួសារ ​និង​មនុស្ស​ជាទីស្រឡាញ់។ ​ដូច្នេះ​ ខ្ញុំ​គិត​ថា​ វា​គឺជា​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​នៅទីនោះ ​ដើម្បី​ទទួល​បាន​ការ​ជ្រោមជ្រែង​ពី​រដ្ឋាភិបាល​ក្នុង​ការ​តាមដាន​ការ​ស្លាប់​របស់​ជន​ចំណាក​ស្រុក​ និងអ្នក​ដែល​បាន​បាត់​ខ្លួន​ នៅតាម​បណ្តោយ​ផ្លូវ​ចំណាក​ស្រុក​នៅ​ទូទាំង​ពិភពលោក។

គម្រោង​នេះ​មាន​គោល​បំណង​ដើម្បី​ «ស្វែងរក​កិច្ចសហប្រតិបត្តិការ​ពី​រដ្ឋាភិបាល ​និង​អ្នក​ដទៃ​ទៀត​ក្នុងការ​កត់​ទុក​មនុស្ស​ដែល​បាន​បាត់​ខ្លួន ពី​តំបន់​ដែល​មាន​ជម្លោះ ​ការរំលោភ​បំពាន​សិទ្ធិមនុស្ស​ គ្រោះ​មហន្តរាយ​ ឧក្រិដ្ឋកម្ម​ ការធ្វើ​ចំណាក​ស្រុក​មិន​ទៀងទាត់​ និង​កាលៈទេសៈ​ផ្សេង​ៗទៀត»៕

ប្រែ​សម្រួល​ដោយ៖ ឆាយ គីម​ហ៊ង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG