ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​ថា​ការផ្ទុះ​គ្រាប់​នៅ​លើ​នាវា​ចម្បាំង​រស្ស៊ី​នៅ​ក្នុង​សមុទ្រ​ខ្មៅ​ បាន​ធ្វើ​ឲ្យ​នាវា​ខូចខាត​ធ្ងន់ធ្ងរ


នាវា​​​ចម្បាំង Moskva បំពាក់​ដោយ​កាំជ្រួច​មីស៊ីល​របស់​រុស្ស៊ី ចូល​ចត​នៅ​ផែ Sevastopolនៃ​តំបន់ Crimea កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ក្រោយ​ពី​បាន​ដាន​សកម្មភាព​របស់​​នាវា​ចម្បាំង​របស់​អង្គការ​អូតង់​នៅ​ក្នុង​សមុទ្រ​ខ្មៅ។ (Reuters)
នាវា​​​ចម្បាំង Moskva បំពាក់​ដោយ​កាំជ្រួច​មីស៊ីល​របស់​រុស្ស៊ី ចូល​ចត​នៅ​ផែ Sevastopolនៃ​តំបន់ Crimea កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ក្រោយ​ពី​បាន​ដាន​សកម្មភាព​របស់​​នាវា​ចម្បាំង​របស់​អង្គការ​អូតង់​នៅ​ក្នុង​សមុទ្រ​ខ្មៅ។ (Reuters)

នាវា​ចម្បាំង Moskva បំពាក់​ដោយ​កាំជ្រួច​មីស៊ីល​របស់​រុស្ស៊ី​នៅ​សមុទ្រ​ខ្មៅ​ត្រូវ​ទទួលរង​ការ ខូច​ខាត​យ៉ាង​ខ្លាំង បន្ទាប់ពីគ្រាប់​ដែល​ផ្ទុកនៅ​លើ​នាវា​នោះ បាន​ផ្ទុះ។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Interfaxរបស់​រុស្ស៊ី​ដែល​បាន​ដក​ស្រង់​សម្តីក្រសួង​ការពារ​ជាតិ​រុស្ស៊ី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ហើយត្រូវបាន​រាយការណ៍​ដោយទីភ្នាក់ងារ​ព័ត៌មាន Reuters។

ទីភ្នាក់ងារ​ព័ត៌មាន Interfax របស់​រុស្ស៊ី បាន​រាយការណ៍ទៀត​ថា ក្រុម​នាវិក​នៅ​លើ​នាវា​នោះត្រូវ​បាន​គេ​ជម្លៀស​ចេញ។ ទីភ្នាក់ងារ​ព័ត៌មាន​នេះ​និយាយ​ថា ការផ្ទុះ​គ្រាប់លើ​នាវាចម្បាំងនោះ​ កើត​មាន​ឡើង​ដោយ​សារ​តែ​មានភ្លើង​ឆេះ​នៅ​លើ​នាវា​នោះ​ ហើយមូលហេតុ​នៃ​ការ​ឆេះ​នេះ​កំពុងត្រូវ​បាន​ស៊ើបអង្កេត។

មន្ត្រី​អ៊ុយក្រែន​ម្នាក់​បាន​និយាយ​កាល​ពី​ដំបូង​ថា នាវា​ចម្បាំង Moskva របស់​រុស្ស៊ី​នេះ​ ទទួល​រង​ការបាញ់​ប្រហារ​ដោយ​គ្រាប់​មីស៊ីល​ចំនួន២គ្រាប់ ក៏ប៉ុន្តែ​មិន​បាន​បញ្ជាក់​ពី​ភ័ស្តុតាង​នោះ​ទេ។

នាវា​ចម្បាំង​នោះ មាន​ទម្ងន់​១២.៥០០តោន​និង​មានក្រុម​នាវិកធ្វើការ​លើ​នោះ​ប្រមាណ​៥០០​នាក់។ ទីភ្នាក់ងារ​ព័ត៌មានរុស្ស៊ី​មួយ​ចំនួន​រាយការណ៍​ថា នាវា​ចម្បាំងMoskva មាន​បំពាក់កាំជ្រួច​ប្រឆាំង​នាវា​ចម្បាំង Vulkan ចំនួន​១៦គ្រាប់​ដែល​អាច​បាញ់ចេញ​ក្នុង​រង្វង់​ចម្ងាយ​យ៉ាង​ហោច​ណាស់​ក៏៧០០គីឡូម៉ែត្រ​ផង​ដែរ។

ក្រសួង​ការពារជាតិ​រុស្ស៊ីបាន​បញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា៖ «អគ្គិភ័យ​នៅ​លើ​នាវាចម្បាំង​នោះ​ បានធ្វើឲ្យ​គ្រាប់​រំសេវ​នៅលើ​នាវា​នោះ​ ត្រូវ​ផ្ទុះ​ឆេះ​ ហើយ​នាវា​នេះ​ទទួល​រង​ការ ខូចខាត​យ៉ាងធ្ងន់ធ្ងរ។ ក្រុម​កង​នាវិក​ត្រូវ​បាន​ជម្លៀស​ចេញ​ទាំង​អស់។

អភិបាលតំបន់ដែល​នៅ​ជិត​កំពង់ផែ​សមុទ្រ​ខ្មៅ Odesa របស់​អ៊ុយក្រែន​លោកMaksym Marchenko បាន​និយាយ​កាលពី​ដំបូងនៅ​ក្នុង​ការបង្ហោះ​សារតាម​អនឡាញ​ថា កាំជ្រួច​ប្រឆាំង​នាវា​ចម្បាំង​២គ្រាប់​ ត្រូវ​បានបាញ់​ចំ​លើ​នាវានេះ​ តែ​លោក​មិន​បាន​បង្ហាញ​ភ័ស្តុតាង​ណា​មួយ​ឡើយ។

កាល​ពី​ខែ​មុន អ៊ុយក្រែន​និយាយថា ខ្លួន​បាន​បំផ្លាញនាវា​ធំមួយ​គ្រឿង​របស់​រុស្ស៊ីឈ្មោះ Orsk​ នៅ​ក្នុង​ដែន​សមុទ្រ Azov ភាគឦសាន្ត​សមុទ្រ​ខ្មៅ ក៏ប៉ុន្តែរដ្ឋាភិបាល​ក្រុង​មូស្គូ​មិន​បាន​បញ្ជាក់​ពីអ្វី​ដែល​បាន​កើត​ឡើងទៅលើ​នាវា​នោះ​ទេ៕

XS
SM
MD
LG