ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេសកជន​អ.ស.ប​ជួប​បក្ស​នយោបាយ​ប្រឆាំង​និង​កាន់​អំណាច


សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​​ដើរ​ក្បួន​តវ៉ា​នៅ​តាម​ផ្លូវ​ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​​កាល​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៣។
សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​​ដើរ​ក្បួន​តវ៉ា​នៅ​តាម​ផ្លូវ​ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​​កាល​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៣។
ក្រុម​មន្ត្រី​គណបក្ស​កាន់​អំណាច​និង​គណបក្ស​ជំទាស់​បាន​ជជែក​ដោយឡែកៗ​ពីគ្នា​ជាមួយ​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ក្នុង​ពេល​ដែល​លោក​បំពេញ​ទស្សនកិច្ច​ការងារ​រយៈ​ពេល​មួយ​សប្តាហ៍​នៅ​ក្រុង​ភ្នំពេញ។

លោក​កឹម សុខា ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រជែង​ដ៏​ធំ​មួយ​បាន​ជួប​ជាមួយ​លោក​សូរិយា ស៊ូបែឌី ​កាលពី​ល្ងាច​ថ្ងៃ​ច័ន្ទ​ដោយ​ជជែក​ជាច្រើន​ពី​ដំណោះស្រាយ​ស្វែងរក​ការ​កែទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​។

«ខ្ញុំ​ជជែក​គ្នា​លម្អិត​ពី​ការ​រក​ដំណោះស្រាយ។ ចំណុច​ណា​ដែល​យើង​អាច​ដោះស្រាយ​បាន​កម្រិត​ណា​ដែល​យើង​អាច​ទទួល​យក​បាន។ ដូចជា​យើង​ថា​ប្រសិនបើ​គ.ជ.ប ​ឬ​រដ្ឋាភិបាល​ឆ្លើយ​ថា​ពេលវេលា​មិន​គ្រប់គ្រាន់​តើ​យើង​ត្រូវធ្វើ​អ្វី ​ហើយ​អ្វីដែល​យើង​ត្រៀម​បាន​កម្រិត​ណា»។

លោក សូរីយ៉ា ប្រាសាដ ស៊ូបិឌី (Surya Prasad Subedi)​ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​ស្ថានភាព​សិទ្ធិ​ មនុស្ស​នៅ​កម្ពុជា។
លោក សូរីយ៉ា ប្រាសាដ ស៊ូបិឌី (Surya Prasad Subedi)​ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​ស្ថានភាព​សិទ្ធិ​ មនុស្ស​នៅ​កម្ពុជា។
គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​បាតុកម្ម​ជា​លើក​ទី២​កាល​ពី​ម្សិលមិញ​នេះ​ដែរ​ដើម្បី​ទាមទារ​
ឲ្យ​មាន​ការ​កែទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​សើរើ​ឈ្មោះ​អ្នកបោះឆ្នោត​ឡើងវិញ​ដែល​មាន​បញ្ហា ​អន្តរាគមន៍​លើ​គណបក្ស​កាន់​អំណាច​ដែល​ប្រើប្រាស់​មធ្យោបាយ​របស់​រដ្ឋ​ដើម្បី​ឃោសនា​នយោបាយ​ រួម​ទាំង​ទាមទារ​ឲ្យ​មាន​ការ​អនុញ្ញាត​ឲ្យ​លោក​សម រង្ស៊ី ​វិល​ត្រឡប់​មក​ចូលរួម​ការ​បោះឆ្នោត​វិញ​បាន។

លោក​សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ដោយសារ​ការ​ផ្តន្ទា​ទោស​របស់​តុលាការ​ខ្មែរ​ហើយ​លោក​ត្រូវ​បាន​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត​ដែល​រារាំង​រូបលោក​មិន​ឲ្យ​មាន​ឱកាស​ចូលរួម​ការ​បោះឆ្នោត​បាន។

លោក​កឹម សុខា ​បញ្ជាក់​ថា ​លោក​ក៏​បាន​លើកឡើង​ជាថ្មី​ម្តង​ទៀត​ករណី​លោក​សម រង្ស៊ី ​ចំពោះ​មុខ​លោក​សូរិយា ស៊ូបែឌី ​ដែរ ​ប៉ុន្តែ​លោក​បដិសេធ​ផ្តល់​សេចក្តី​អត្ថាធិប្បាយ​ពី​ប្រតិកម្ម​តប​របស់​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​នេះ​ដោយសារតែ​លោក​សំអាង​ថា​លោក​ស៊ូបែឌី ​នឹង​ត្រូវ​ធ្វើ​សន្និសីទ​កាសែត​ពី​ជំនួប​នានា​នៅ​ចុង​សប្តាហ៍​នេះ។

កាលពី​ថ្ងៃ​ច័ន្ទ​ដែរ ​លោក​សូរិយា ស៊ូបែឌី ​បាន​ជួប​ជាមួយ​លោក​ឈាង វុន ​ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស​របស់​រដ្ឋសភា​និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា។

លោក​ឈាង វុន ​បញ្ជាក់​ថា​លោក​បាន​បកស្រាយ​ពន្យល់​តប​ទៅនឹង​អនុសាសន៍​មួយ​ចំនួន​នៅក្នុង​របាយការណ៍​កាល​ពី​លើក​មុន​របស់​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ជាពិសេស​ទាក់ទង​នឹង​ការធ្វើ​សមាជ​ជាតិ។

ការ​ធ្វើ​សមាជ​នេះ​ដែល​មន្ត្រី​គណបក្ស​ប្រជាជន​ដដែល​ពន្យល់​ថា​មិន​អាច​ធ្វើទៅ​រួច​ទេ​ដោយសារ​តែ​បច្ចុប្បន្ន​កម្ពុជា​ស្ថិត​ក្នុង​ដំណើរ​ប្រជាធិបតេយ្យ​រួច​ទៅហើយ។

លោក​ឈាង វុន ​បញ្ជាក់​ថា​លោក​បាន​លើក​ពី​ការបដិសេធ​មិន​ចូលរួម​ក្នុង​គណៈកម្មការ​នានា​របស់​គណបក្ស​ជំទាស់​ក្នុង​រដ្ឋសភា ​ប៉ុន្តែ​មិនមាន​ការជជែក​អំពី​ករណី​លោក​សម រង្ស៊ី​នោះ​ទេ។

ជាមួយគ្នា​នោះ​បើតាម​តំណាងរាស្ដ្រ​គណបក្ស​កាន់អំណាច​ដដែល ​លោក​ស៊ូបែឌី ​បាន​សរសើរ​ការដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។

«គាត់​គោរព​និង​កោតសរសើរ​សម្តេច​ចំពោះ​ការដឹកនាំ​កម្ពុជា​យើង​នេះ»។

លោក​ឈាង វុន ​អះអាង​ថា ​លោក​ហ៊ុន សែន ​គ្រោង​នឹង​ទទួលយក​សំណើ​សុំ​ជួប​របស់​លោក​សូរិយា ស៊ូបែឌី។ ក៏ប៉ុន្តែ​លោក​មិនដឹងថា​ជំនួប​នោះ​នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃ​ណា​នោះទេ។

លោក សូរិយា ស៊ូបែឌី ​បានមក​ដល់​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃអាទិត្យ ​ហើយ​លោក​នឹង​បញ្ចប់​ទស្សនកិច្ច​ការងារ​របស់​លោក​លើក​ទី៩​នេះ​នៅ​ថ្ងៃ​សៅរ៍​ទី២៥​ខែឧសភា។

លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​បាន​ច្រាន​ចោល​ការ​ស្នើសុំ​ជួប​របស់លោក​ស៊ូបែឌី ​ជាច្រើន​ដង​នាពេល​កន្លងមក​ដោយ​បានធ្វើការ​វាយប្រហារ​ថា​លោក​ស៊ូបែឌី ​គឺជា​ទេសចរ​រយៈពេល​វែង​នៅ​កម្ពុជា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG