ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកហ៊ុន សែន ប្រតិកម្មទៅនឹង​របាយការណ៍​របស់មន្ត្រីអ.ស.ប.​


អ្នក​រាយ​ការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ លោក​សូរិយា ស៊ូប៊ែឌី​
អ្នក​រាយ​ការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ លោក​សូរិយា ស៊ូប៊ែឌី​

លោក​ហ៊ុន សែន​ពុំ​បាន​ពន្យល់​ពី​កំហុសឆ្គង​ក្នុង​របាយ​ការណ៍​របស់​លោក​ស៊ូបេឌី​ឬ​មូលហេតុ​លម្អិត​អ្វី​ដែល​កម្ពុជា​មិន​អាច​ទទួល​យក​នោះ​ទេ។​​

វ៉ាស៊ីនតោន៖ «ហេតុអីបានជា​កន្លងទៅ​គេថា​ អានេះ​ជា​អនុសាសន៍​អ.ស.ប.។​ អូ ​អា​អ.ស.ប.!​ មនុស្ស​ម្នាក់​ហ្នឹង​ អ.ស.ប.​នឹង​គេដែរ?​ ហើយ​ដើរ​តឹកឡឺកៗ​មក​អញ្ចឹង ​ទៅ​ត្រង់​នេះ​ ត្រង់នោះ ​ហើយ​ធ្វើ​របាយ​ការណ៍? ​រួច​ហើយ​ឲ្យ​គេ​ទទួល​យក!​ រដ្ឋ​អធិប្បតេយ្យ​ភាព​មួយ​មិនអាច​ទទួល​យក​នូវ​អ្វី​ដែល​ជា​របស់​អ្នក​ដទៃ​បាន​ទេ​ត្រូវ​សួរ​ប្រជា​ពលរដ្ឋ​សិន។​ ឥឡូវឆ្នាំ​២០១៣​ សួរ​ប្រជា​ពលរដ្ឋ​ទៅ​ បើ​ប្រជា​ពលរដ្ឋ​លែង​ត្រូវការ​គណបក្ស​ប្រជាជន​កម្ពុជា​ហើយ​ គេ​បោះឆ្នោត​ទម្លាក់​ហើយ ​ហើយ​បោះ​ឆ្នោត​ទម្លាក់​ហើយ​ អាហ្នឹង​លោក​ឯង​ធ្វើ​ទៅ​តាម​លោក​ឯង​ហ្នឹង​ទៅ»។​

ដោយ​បាន​យក​ប្រជាពលរដ្ឋ​អ្នក​បោះឆ្នោត​គាំទ្រ​លោក​ជាខែល​ការពារ​នោះ​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បានវាយប្រហារ​ដោយ​ពាក្យសម្តី​ធ្ងន់ៗ​ ដូច្នេះ​លើ​មន្ត្រី​អ.ស.ប. ​លោក​សូរិយា ស៊ូប៊ែឌី​ ដែល​សរសេរ​របាយ​ការណ៍​ថ្មីៗ​ ដោយ​រក​ឃើញ​ថា​ ដី​សម្បទាន​សេដ្ឋ​កិច្ច​មិន​បាន​ផ្តល់ប្រយោជន៍​ដល់​ពលរដ្ឋ​ ប្រព័ន្ធ​យុត្តិ​ធម៌​មិន​បម្រើ​ជនក្រីក្រ​ ការ​ធ្លាក់ចុះ​សិទ្ធិ​បញ្ចេញ​មតិ​ និង​ប្រព័ន្ធ​បោះឆ្នោត​មិន​ឯករាជ្យ​ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ដើមទៀត។​ ថ្

លែង​ជា​សាធារណៈ​កាល​ពីថ្ងៃ​ ព្រហស្បតិ៍​ក្នុង​ពិធីចែក​សញ្ញាប័ត្រ​ដល់​និស្សិត​នៃ​សាកល​វិទ្យាល័យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ លោក​ហ៊ុន សែន​ពុំ​បាន​ពន្យល់​ពី​កំហុសឆ្គង​ក្នុង​របាយ​ការណ៍​របស់​លោក​ស៊ូបេឌី​ឬ​មូលហេតុ​លម្អិត​អ្វី​ដែល​កម្ពុជា​មិន​អាច​ទទួល​យក​នោះ​ទេ។

លោកហ៊ុន ​សែន​គ្រាន់តែ​បង្ហាញ​ការ​សោកស្តាយ ​ហើយ​ជំរុញ​ថា ​លោក​សូរីយា ​ស៊ូប៊ែឌី​ អ្នក​រាយ​ការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​គួរទៅ​ជួយ​ប្រទេស​របស់​លោក​គឺ​ប្រទេស​នេប៉ាល់​ ជាជាង​ជួយ​កម្ពុជា។​ តែ​ក្រុម​សកម្មជន​តស៊ូ​មតិ​ខ្លះ​បាន​វិភាគ​ថា​ ការវាយ​ប្រហារ​របស់​លោក​ហ៊ុន សែន​ទៅ​លើមន្ត្រី​អ.ស.ប.​នេះ​នឹង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​បាត់បង់​ផលប្រយោជន៍​ជាតិ​លើ​ឆាក​អន្តរជាតិ។​

លោក​អ៊ូ វីរៈ​ នាយកមជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​អះអាង​ថា​ ជា​សិទ្ធិ​របស់ នាយក​រដ្ឋមន្ត្រីហ៊ុន សែន ​ក្នុងការ​ធ្វើអត្ថាធិប្បាយ​ តែ​នេះ​ជា​ការ​ផ្ញើសារ​មួយ​ មិន​ល្អ​ដែល​ថា​ កម្ពុជា​មាន​ភាព​ចម្រូងចម្រាស់​ជា​មួយ​អ.ស.ប.​ ហើយ​ជា​ការ​បង្ហាញ​ ការ​ធ្លាក់ចុះ​កេរ្តិ៍ឈ្មោះ​កម្ពុជា​លើឆាក​អន្តរ​ជាតិ​ដែរ។​

«ការដែល​បង្ហាញ​បែប​ហ្នឹង ​ការ​ប្រតិកម្ម​បែប​ហ្នឹង​ធ្វើ​ឲ្យ​ប្រទេស​ជា​ច្រើន​ឈប់​ទុក​ ចិត្ត​ប្រទេស​កម្ពុជា​ថា​ ប្រទេស​កម្ពុជា​ហាក់ដូច​ជា​គ្មាន​ឆន្ទៈ​ក្នុង​ការ​យក​សេចក្តី​រាយ​ការណ៍​របស់​អ្នក​រាយ​ការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​យក​មក​អនុវត្តន៍​ ហើយ​ការ​ខ្វះ​ឆន្ទះ​ផ្នែក​សិទ្ធិ​មនុស្ស​នេះវា​ធ្វើឲ្យ​ប្រទេស​កម្ពុជា​ក្លាយជា​ប្រទេស​ មួយ​ដែល​មិន​គួរ​ទុកចិត្ត​បាន​ ក្លាយ​ជា​ប្រទេស​មួយ​មិនមែន​ជា​សមាជិក​ល្អ​របស់​អ.ស.ប.។​ អាហ្នឹង​វា​នឹង​ខូចខាត​ដល់​ប្រទេស​យើង»។​

លោក​ថ្លែង​ដូច្នេះ​ដោយ​ចង្អុល​បង្ហាញ​ឲ្យ​ឃើញ​ថា​ កម្ពុជា​អាច​ប្រឈមមុខ​នឹង​ការ​ បាត់​ការ​គាំទ្រ​បេក្ខភាព​កម្ពុជា​ជា​សមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អ.ស.ប.​ដែល ត្រូវ​បោះឆ្នោត​នៅខែ​នេះ​ និង​គ្មាន​បរិយាកាស​ល្អ​ដែល​អាច​ឲ្យ​អ្នក​វិនិយោគ​ទុន​មាន​ការ​ជឿជាក់។​
«វាអាច​ប៉ះពាល់​ដល់​ឱកាស​ទាក់ទាញ​វិនិយោគ​ទាក់ទង​នឹង​ការ​ប្រកួត​ប្រជែង​ ជាមួយ​ប្រទេស​ដទៃ​ក្នុង​តំបន់​អាស៊ាន​ និង​សមាជិកភាព​កម្ពុជា​ក្នុង​ក្រុម​ប្រឹក្សា​ សន្តិសុខ​អ.ស.ប.​ជាដើម។​ ជាទូទៅ​ក្នុង​ឆាក​អន្តរជាតិ​សំខាន់​ណាស់»។​

លោកយ៉ាប់ គឹមទឹង​ ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​ខ្មែរ​អាមេរិកាំង​មួយ​ក្នុង​ប្រទេស​ អាមេរិក​ ហៅ​ថា​ ខារ៉ាដ​ បាន​អះអាង​ថា​ សហគមន៍​អន្តរជាតិ​នឹង​មិន​យល់ស្រប​ជា​មួយ​នឹង​ការ​បដិសេធ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ចំពោះ​របាយ​ការណ៍​លោក​សូរិយា ស៊ូប៊ែឌី​ដែល​បាន​ស្រាវជ្រាវ​និង​ចងក្រង​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​ បញ្ហា​រំលោភ​បំពាន​ដីធ្លី ​និង​បញ្ហា​ជា​ច្រើន​ផ្សេងៗ​ទៀត​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ។​

«ម្ល៉ោះ​ហើយ​ រដ្ឋាភិបាល​មិន​អាច​ចេះ​តែ​បដិសេធ​របស់​គេ។​ រដ្ឋាភិបាល​ត្រូវតែ​យក​រឿងហ្នឹង​ទៅ​ត្រិះរិះ​មើល។​ បញ្ហា​ស្រុក​ខ្មែរ​យើង​មាន​ច្រើន​ឡើងៗ​ ដូច​ថា​ រដ្ឋាភិបាល​ធ្វើអ្វី​ទៅ​តាមចិត្ត​ អត់​មាន​អ្វី​ ដូច​ជា​ Balance of Power ​ប្រព័ន្ធ​ត្រួត​ពិនិត្យ​គ្នា​ទៅ​វិញ​ទៅ​មក»។​

គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ដែល​កាន់​ អំណាច​ជាង​៣០​ឆ្នាំ​ កំពុង​គ្រប់គ្រង​ប្រទេស​ម្នាក់​ឯង​ក្រោយពី​បាន​ឈ្នះ​ឆ្នោត​ ៩០​អាសនៈ​ក្នុង​រដ្ឋ​សភា​១២៣​អាសនៈ​កាលពី​ឆ្នាំ​២០០៨។​

វីអូអេ​បាន​ព្យាយាម​ទាក់ទង​លោក​សូរិយា ស៊ូប៊ែឌី​ដើម្បី​អត្ថាធិប្បាយ​ តែ​ពុំអាច​ទាក់ទង​បានទេ​នៅថ្ងៃនេះ ​តែលោក​បាន​ដាក់​របាយការណ៍​របស់​លោក​ទៅ​កាន់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អ.ស.ប.​ទាក់ទង​នឹង​ការ​រកឃើញ​របស់​លោក​អំពីការ​ជឿនលឿន​លើវិស័យ​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​និង​ការ​មិន​ជឿនលឿន​ទៅ​មុខ​មួយ​ចំនួន​ដែល​លោក​បាន​ផ្តល់​អនុសាសន៍​ដល់​រដ្ឋាភិបាល​ ដើម្បី​ឲ្យ​មាន​ការ​កែ​ទម្រង់​ដើម្បី​បញ្ចៀស​ការ​គំរាម​ដល់​សន្តិសុខ​និង​ស្ថិរភាព​របស់​ប្រទេស។​

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ចាត់ទុក​របាយ​ការណ៍​លោក​ស៊ូប៊ែឌី​ថា​ ជា​របាយ ​ការណ៍​ចាប់​បង្ខំ​ ដែល​លោក​អះអាង​ថា​ មានតែ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​ទេ​ដែល​មានសិទ្ធិ​ធ្វើ​ដូច្នោះ។​

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ធ្លាប់​បដិសេធ​ និង​វាយ​ប្រហារ​ស្រដៀង​គ្នា​នេះ​ដែរ​ចំពោះ​មន្ត្រីអ.ស.ប.​ លោក​យ៉ាស ហ្គៃ​ ជា​តំណាង​ពិសេស​អ.ស.ប.​ទទួល​បន្ទុក​សិទ្ធិមនុស្ស​មុន​លោក​សូរិយា ស៊ូប៊ែឌី ហើយ​ដែលបាន​ធ្វើឲ្យ​មាន​ប្រតិកម្ម​ពីក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ​ ពេល​នោះ​ផង​ដែរ។​

ប្រតិកម្ម​តប​ទៅ​នឹង​ក្រុមមន្ត្រី​សង្គម​ស៊ីវិល​ខ្លះ​ដែល​រិះគន់​អត្ថាធិប្បាយ​លោក​នាយក ​រដ្ឋមន្ត្រី​ហ៊ុន សែន​ទិះទៀន​លោក​សូរិយា ​ស៊ូប៊ែឌីនោះ​ លោក​ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​របស់​រដ្ឋាភិបាល ​បាន​អះអាង​ថា​ អត្ថាធិប្បាយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​គ្រាន់​តែ​ជាការ​តតាំង​មតិ ​មិនមែន​ជា​ឧទ្ទាម​ជាមួយ​អ.ស.ប.​ទេ​ព្រោះ​កម្ពុជា​នៅ​មាន​វិស័យ​ច្រើន​តទៅ​ទៀត​ដែល​ត្រូវធ្វើ​កិច្ច​សហ​ប្រតិបត្តិ​ការ​ ជាមួយ​គ្នា​ទៅមុខ​ទៀត។​

«ការ​អត្ថាធិប្បាយ​ហ្នឹង​គឺ​ជា​ការ​បញ្ចេញ​យោបល់​នៃ​នាយក​រដ្ឋមន្ត្រី​មួយ​ដែល​តំណាង​អំណាច​របស់​ប្រជាពលរដ្ឋ​ ដែល​ទទួល​កាតព្វ​កិច្ច​មួយ​រក្សា​អធិបតេយ្យ​ ភាព​និង​ឯករាជ្យ​របស់​ខ្លួន។​ ដូចក្នុង​មាត្រា​រដ្ឋធម្មនុញ្ញ​គឺ​ថា​ រាជរដ្ឋាភិបាល​ប្តេជ្ញា​ ក្នុង​ការ​ការពារ​នូវ​អ្វី​ដែល​ជា​អធិបតេយ្យភាព​ និង​បូរណភាព​ទឹក​ដី​របស់​ខ្លួន​ រក្សា​ខ្លួន​ក្នុង​ឯករាជ្យ ​អព្យាក្រិត​ មិន​នៅក្រោម​បង្គាប់ ​ចំណុះ​អ្នក​ណា»។​

លោកផៃ ស៊ីផាន​ជំរុញ​ឲ្យ​អន្តរជាតិ​មួយ​ចំនួនវាយ​តម្លៃ​សារជាថ្មី​អំពីស្ថាន​ការណ៍​កម្ពុជា ​ក្រោយពី​សម្រេច​ចិត្ត​មិន​បាន​ត្រឹមត្រូវ​ ខ្វះ​ការ​គោរព​នូវភាព​ស្មើភាព​គ្នា។​

លោកស្រី​ជា វណ្ណាត​ អ្នកវិភាគ​ឯករាជ្យក្នុងប្រទេស​កម្ពុជា​ បាន​ធ្វើការ​កត់​ សម្គាល់​ថា ​ការវាយ​ប្រហារ​គ្នា​ក៏​ចេះ​តែ​កើត​មាន​ទៅ​ ហើយ​ការ​សម្រប​សម្រួល​គ្នា​ ក៏​ចេះតែ​កើត​មាន​ដែរ ​រវាង​កម្ពុជា​និង​អ.ស.ប.​ ជាពិសេស​លើ​បញ្ហា​បន្ត​អាណត្តិ​ ការិល័យ​អ.ស.ប.​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ និង​ការ​ផ្លាស់ប្តូរ​មន្ត្រី​របស់ខ្លួន​ដែល​ ធ្វើការ​ដោយ​ឯករាជ្យ។​

«តួនាទី​របស់អ.ស.ប.​ក៏មិន​ដើរតួ​ជាអ្នក​ប្រឈម​ជាមួយ​នឹង​ប្រទេស​ជា​សមាជិក​ របស់​ខ្លួន​ដែរ ​ម្ល៉ោះហើយ​ស្អី​ដែល​ថា​ ខ្លួន​អាច​សម្បទាន​បាន​ចេះ​តែ​សម្បាទាន​គ្នា​ទៅវិញ​ទៅ​មក​ទៅ​ណា៎»។​
លោកស្រី​បានសង្កេត​ឃើញ​ថា ​ការ​រិះគន់ខ្លះ​ពិបាក​ឲ្យ​រដ្ឋាភិបាល​ទទួល​ ដោយ​ សារ​ថា ​វា​បង្ហាញ​ថា​ រដ្ឋាភិបាល​មិនចេះ​ធ្វើអ្វី​ ឬ​ក៏ធ្វើ​ទៅ​តាម​ការ​រិះគន់​ នៅ​ពេល ដែល​រដ្ឋាភិបាល​កំពុង​ធ្វើ​កំណែ​ទម្រង់​លើវិស័យ​មួយចំនួន​ដូចគ្នា​នឹង​ការ​លើក​ ឡើង​របស់​មន្ត្រី​អ.ស.ប.៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG