ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​នយោបាយ​៨​នឹង​ប្រកួត​ក្នុង​ការ​បោះឆ្នោត​ជាតិ​២០១៣


សន្លឹក​ឆ្លោត​និង​ឈ្មោះ​គណបក្ស​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០០៨។
សន្លឹក​ឆ្លោត​និង​ឈ្មោះ​គណបក្ស​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០០៨។
មាន​តែ​គណបក្ស​នយោបាយ​ចំនួន​ប្រាំបី​តែ​ប៉ុណ្ណោះ​បាន​មក​ចុះឈ្មោះ​និង​ដាក់​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​តំណាងរាស្ដ្រ​សម្រាប់​ការ​បោះឆ្នោត​នៅ​ក្នុង​ខែ​កក្កដា​ឆ្នាំ២០១៣​នេះ​ខណៈ​ដែល​មាន​គណបក្ស​ចំនួន​១១​បាន​ចូល​ប្រកួត​ប្រជែង​ដណ្តើម​សំឡេងឆ្នោត​កាលពី​ឆ្នាំ២០០៨។

លោក សោ សុភ​រី សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (គ.ជ.ប.) ​បាន​ប្រកាស​ក្នុង​សន្និសីទ​កាសែត​នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ​ថា​គណបក្ស​ក្នុង​ចំណោម​គណបក្ស​ទាំង​ប្រាំបី​មាន​គណបក្ស​ចំនួន​ប្រាំ​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវការ​រួច​ហើយ។

«មាន​គណបក្ស​ចំនួន​ប្រាំ​ដែល​គណៈកម្មាធិការ​ជាតិ​សម្រេច​ទទួលស្គាល់​និង​ឲ្យ​ឈរ​ឈ្មោះ​បោះឆ្នោត​ជា​ផ្លូវការ​តាមច្បាប់​រួច​ហើយ។ ដោយឡែក​គណបក្ស​សង្គ្រោះ​ជាតិ​គណៈកម្មាធិការ​ជាតិ​បាន​តម្រូវ​ឲ្យ​កែតម្រូវ​តាម​លក្ខខណ្ឌ​ផ្សេងៗ​នូវ​បញ្ជី​ដែល​ខ្វះខាត។ ឯ​គណបក្ស​ពីរ​គឺ​គណបក្ស​ខ្មែរ​ឈប់​ក្រ​និង​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ​គណៈកម្មាធិការ​ជាតិ​ទើបនឹង​បានទទួល​កំពុងតែ​ពិនិត្យ​មិន​ទាន់​ចេញ​លទ្ធផល​ថា​យ៉ាងណា​ទេ»។

គណបក្ស​ដែល​ត្រូវបាន​ទទួលស្គាល់​ជា​ផ្លូវការ​រួមមាន​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច ​របស់​លោក​ញ៉ឹក ប៊ុនឆៃ ​គណបក្ស​សញ្ជាតិ​កម្ពុជា​ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ។

លោក សោ សុភរី​មិន​បាន​បញ្ជាក់​ឲ្យ​ច្បាស់លាស់​ថា ​តើ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បង្កើត​ឡើង​ដោយ​គណបក្ស​សម រង្ស៊ី ​របស់​លោក​សម រង្ស៊ី ​និង​ដោយ​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក​កឹម សុខា ​មាន​បញ្ហា​អ្វី​នោះ​ទេ​ក្រៅពី​បង្ហើប​ថា​មាន​កំហុស​ឯកសារ​ចុះបញ្ជី​និង​មាន​ខុស​ឈ្មោះ​ជាដើម។

លោក​ទេព នីថា ​អគ្គលេខាធិការ​គ.ជ.ប​បន្ថែម​ថា​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​កែតម្រូវ​លើ​ឈ្មោះ​បេក្ខជន​ចំនួន​ជាង​២០​រូប។ បេក្ខជន​ទាំងនេះ​មាន​កំហុស​ផ្នែក​អក្ខរាវិរុទ្ធ ​ខ្វះ​ទិន្នន័យ​ពី​ភេទ ​ឬ​ថ្ងៃខែ​កំណើត​ជាដើម។

សូម​បញ្ជាក់​ថា​បើ​តាម​ច្បាប់​បោះឆ្នោត​ គ.ជ.ប. ​មាន​រយៈពេល​មួយ​សប្តាហ៍​ដើម្បី​ធ្វើការ​ត្រួត​ពិនិត្យ​និង​សម្រេច​លើ​ពាក្យ​ស្នើសុំ​ចុះបញ្ជី​គណបក្ស​និង​បញ្ជី​បេក្ខជន​តំណាងរាស្ដ្រ​ហើយ​ប្រសិនបើ​មាន​បញ្ហា​បែបណា​នោះ​គ.ជ.ប​នឹង​បញ្ជូន​សំណុំ​ឯកសារ​ទាំងនោះ​ទៅកាន់​គណបក្ស​សាម៉ី​វិញ​ដើម្បី​កែ​សម្រួល។ ​គណបក្ស​សាមី​មាន​រយៈពេល​ប្រាំ​ថ្ងៃ​សម្រាប់​ធ្វើ​ការ​កែតម្រូវ​នូវ​ឯកសារ​របស់​ខ្លួន​ហើយ​ប្រសិនបើ​គណបក្ស​ដែល​ជាប់​ពាក់​ព័ន្ធ​ខកខាន​បំពេញ​ឯកសារ​របស់​ខ្លួន​ក្នុង​រយៈពេល​ប្រាំ​ថ្ងៃនេះ គ.ជ.ប​នឹង​ចាត់ទុក​គណបក្ស​នោះ​ថា​បាន​បោះបង់​សិទ្ធិ​ចូលរួម​បោះឆ្នោត។

លោក​យ៉ែម ប៉ុញ្ញឫទ្ធិ ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ជំនឿ​ថា​គណបក្ស​លោក​នឹង​អាច​បំពេញ​បែបបទ​ឡើង​វិញ​ទៀត​តាម​ពេល​កំណត់។

«យើង​អាចធ្វើ​ទាន់​ចំពោះ​ករណី​ដែល​ពាក់ព័ន្ធ​នឹង​សេចក្តី​ប្រកាស​របស់​បេក្ខជន​បានន័យថា​ជា​ឯកសារ​ដែល​បេក្ខជន​អាចធ្វើ​បាន​ភ្លាមៗ​នៅ​ទីស្នាក់ការ​តែម្តង។ ក៏​ប៉ុន្តែ​ឯកសារ​ដែល​យើង​ពិបាក​គឺ​លិខិត​បញ្ជាក់​ពី​សាលា​ឃុំ​សង្កាត់ ​ឃុំ​សង្កាត់​ជា​អ្នក​បញ្ជាក់ ​គាត់​បញ្ជាក់​បោះត្រា​ខុស ​គួរ​ណាស់​តែ​ឃុំ​សង្កាត់​ជា​អ្នកទទួល​ខុសត្រូវ។ ​ក៏ប៉ុន្តែ​នេះ​ត្រូវ​ឲ្យ​ឃុំ​សង្កាត់​បញ្ជាក់​សារ​ជា​ថ្មី​ឡើង​វិញ ​ហើយ​វា​ចំពេល​ដែល​គេ​ធ្វើបុណ្យ​បី​ថ្ងៃ​ទៅទៀត»។

ប្រទេស​កម្ពុជា​នឹង​ធ្វើ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នៅ​ថ្ងៃទី២៨​ខែកក្កដា​ឆ្នាំ២០១៣​នេះ។ ការ​ចុះបញ្ជី​ឈ្មោះ​គណបក្ស​និង​បេក្ខជន​ឈរ​ឈ្មោះ​តំណាងរាស្ត្រ​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃទី២៩ ​ខែមេសា ​គឺ​មាន​រយៈពេល​១៥​ថ្ងៃ។ ការ​ចុះបញ្ជី​ឈ្មោះ​គណបក្ស​និង​បេក្ខជន​តំណាងរាស្ត្រ​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG