ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប.​និយាយ​ថា​ជំងឺ​កូវីដ១៩​អាច​ជំរុញ​មនុស្ស​៣៤​លាន​នាក់​ឱ្យ​ក្រីក្រ​ជា​ខ្លាំង


រូប​ឯកសារ៖ បុគ្គលិក​ម្នាក់​ចាកចេញ​ពី​រោងចក្រ​របស់​ក្រុមហ៊ុន Volkswagen នៅ​ពេល​ក្រុមហ៊ុន​នេះ​បិទ​រោងចក្រ​របស់​ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​ក្នុង​ប្រទេស​ម៉ិកស៊ិក ក្នុង​ពេល​បារម្ភ​ពី​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ក្រុង Puebla ប្រទេស​ម៉ិកស៊ិក កាលពី​ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០។

អ.ស.ប.​បាន​និយាយ​ថា​ ការ​ខាត​បង់​សេដ្ឋកិច្ច​សាកល​ដោយសារ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩​គិត​ជា​ទឹក​ប្រាក់​អាច​ដល់​៨៥០​ម៉ឺន​លាន​ដុល្លារ​ដោយ​បំបាត់​ចោល​ការ​ចំណេញ​សឹង​តែ​ទាំង​អស់​កាលពី​បួន​ឆ្នាំ​កន្លង​ទៅ​នេះ។

អ.ស.ប.​បាន​ព្រមាន​កាលពី​ថ្ងៃ​ពុធ​ ទី១៣​ ខែ​ឧសភា​ថា​ បញ្ហា​ហិរញ្ញ​វត្ថុ​សាកល​ដោយ​សារ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩​អាច​បណ្តាល​ឱ្យ​សេដ្ឋកិច្ច​សាកល​ខាត​បង់​៨៥០​ម៉ឺន​លាន​ដុល្លារ​ក្នុង​ពេល​ជាង​ពីរ​ឆ្នាំ​ខាង​មុខហើយ​ជំរុញ​ឱ្យ​មនុស្ស​ជាង​៣៤​លាន​នាក់​ក្រីក្រ​ជា​ខ្លាំង។​

លោក​ Elliott Harris ​ជា​អ្នក​សេដ្ឋកិច្ច​ជាន់​ខ្ពស់​របស់​អ.ស.ប.។​ លោក​បាន​និយាយ​ថា៖ «នៅ​ពេល​នេះ​ យើង​កំពុង​ប្រឈម​នឹង​ការពិត​ជាក់​ស្តែង​នៃ​ដំណើរ​សេដ្ឋកិច្ច​មិន​ទៅ​មុខ​យ៉ាង​ធ្ងន់​ធ្ងរ ដែល​មាន​ទំហំ​ធំ​មិន​ធ្លាប់​ឃើញ​ចាប់តាំង​ពី​ដំណើរ​សេដ្ឋកិច្ច​ធ្លាក់​ដុន​ដាប​ខ្លាំង» ​ដោយ​លោក​បាន​និយាយ​យោង​ដល់​ដំណើរ​សេដ្ឋកិច្ច​ធ្លាក់​ដុន​ដាប​ខ្លាំង​ជា​សាកល​ដែល​បាន​ចាប់​ផ្តើម​នៅ​ក្នុង​ស.រ.អា.​ក្នុង​ឆ្នាំ១៩២៩​ហើយ​បាន​រាល​ដាល​នៅ​ទូទាំង​ពិភពលោក​បី​បួន​ឆ្នាំ​បន្ទាប់​មក។​

នៅ​ក្នុង​របាយ​ការណ៍​ពាក់​កណ្តាល​ឆ្នាំ​ស្តីពី ​«ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​ និង​សេចក្តី​សង្ឃឹម»​ អ.ស.ប.​បាន​ទស្សន៍ទាយ​ថា​ សេដ្ឋកិច្ច​សាកល​នឹង​ធ្លាក់​ចុះ​ចំនួន​៣,២%​នៅ​ក្នុង​ឆ្នាំ​២០២០​ហើយ​នឹង​ងើប​ឡើង​វិញ​បន្តិច​នៅ​ឆ្នាំ​ក្រោយ។​ គេ​រំពឹង​ថា​ ពាណិជ្ជ​កម្ម​ពិភពលោក​នឹង​ធ្លាក់​ចុះ​១៥%​ផង​ដែរ។ ​ការ​ខាត​បង់​សរុប​ក្នុង​ឆ្នាំ​២០២០-២០២១​មាន​ចំនួន​៨៥០​ម៉ឺន​លាន​ដុល្លារ​ន័យ​ថា​ផល​ចំណេញ​ទាំង​អស់​កាល​ពី​បួន​ឆ្នាំ​កន្លង​ទៅ​នេះ​នឹង​ត្រូវ​រលាយ​អស់។​

លោក​ Harris ​បាន​និយាយ​ថា៖​ «វិបត្តិ​ខាង​សុខភាព​ និង​ខាង​សេដ្ឋកិច្ច​បង្ក​ឱ្យ​មាន​ការ​លំបាក​ដល់​គោល​នយោបាយ​ដោះដូរ»។ ​លោក​គូស​បញ្ជាក់​ថា​ រដ្ឋាភិបាល​ត្រូវ​ទប់ទល់​នឹង​ការ​រាត​ត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ​១៩ដោយ​នៅ​ពេល​ជា​មួយ​គ្នា​ដែរ​ត្រូវ​បន្ថយ​ផល​ប៉ះពាល់​ខាង​សេដ្ឋកិច្ច​ឱ្យ​មាន​តិច​បំផុត។​

លោក​បាន​ថ្លែង​បន្ថែម​ថា៖ ​«តុល្យភាព​រវាង​ការ​ជួយ​ស្រោច​ស្រង់​ជីវិត​មនុស្ស​ និង​ការ​រក្សា​ទុក​ការងារ​ជា​ការ​ពិបាក​ពីព្រោះ​វា​ជា​ការ​ចាំបាច់​ដូច​គ្នា»។​

មនុស្ស​ជាង​៤​លាន​៣​សែននាក់​នៅ​ទូទាំង​ពិភពលោក​បាន​ឆ្លង​ជំងឺ​កូវីដ១៩​ដែល​ជា​ជំងឺ​បណ្តាល​មក​ពី​វីរុស​កូរ៉ូណា​ហើយ​មាន​មនុស្ស​ជិត​៣​សែន​នាក់​បានបាត់​បង់​ជីវិត​ដោយ​សារ​ជំងឺ​នេះ។​

លោក​ Harris ​បាន​មាន​ប្រសាសន៍​ថា ​នៅ​ពេល​ដែល​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​នេះ​បាន​នាំ​ឱ្យ​គាំង​សកម្មភាព​នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍​ជា​ច្រើន​នោះ ​ប្រទេស​ក្រីក្រ​មិន​ទាន់​មាន​ជំងឺ​នេះ​ខ្លាំង​នៅ​ឡើយ​ទេ​ ក៏​ប៉ុន្តែ​មាន​ការ​រង​គ្រោះ​ខាង​សេដ្ឋកិច្ច​ដោយ​សារ​ចំណង​ទាក់​ទង​របស់​ពួក​គេ​ជា​មួយ​ពួក​ប្រទេស​អភិវឌ្ឍន៍។​

លោក ​Harris ​បាន​កត់​សម្គាល់​ថា​ ឧស្សាហ​កម្ម​ទំនិញ​ប្រើ​ប្រាស់​ និង​ទេសចរណ៍​បាន​រង​ផល​ប៉ះពាល់​ខ្លាំង​ស្រប​ពេល​ដែល​ផ្នែក​ដឹក​ជញ្ជូន​ និង​ឧស្សាហ​កម្ម​ទំនិញ​ប្រើ​ប្រាស់​បាន​ធ្វើ​ឱ្យ​មនុស្ស​ឥត​ការងារ​ធ្វើរាប់​លាន​នាក់​នៅ​ទូទាំង​ពិភព​លោក​ក្នុង​ពេល​តែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ។​

លោក ​Harris ​បាន​និយាយ​ប្រាប់​អ្នក​កាសែត​ថា៖​ «នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍​ និង​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ​មនុស្ស​ជា​ច្រើន​នាក់​មាន​ហានិភ័យ​ធ្លាក់​ក្នុង​ភាព​ក្រីក្រ ​ដោយ​មាន​ការ​វាយ​តម្លៃ​បែប​មាន​សុទិដ្ឋិនិយម​បំផុត​ថា​ មនុស្ស​១៦០​លាន​នាក់​ថែម​ទៀត​នឹង​រស់​នៅ​ក្នុង​ភាព​ទីទាល់ក្រ​មិន​ហួស​ពី​ឆ្នាំ​២០៣០​ទេ»។​

មនុស្ស​ជាង​៣៤​លាន​នាក់​ក្នុង​បណ្តា​ក្រុម​ជន​ទាំង​នេះ​ទំនង​ជា​នឹង​ធ្លាក់​នៅ​ក្រោម​បន្ទាត់​ក្រីក្រ​អន្តរជាតិ​មិន​ហួស​ពី​ដំណាច់​ឆ្នាំ​នេះ​ទេ។ ​ជន​ទាំង​នេះ​ជា​ក្រុម​បុគ្គល​ដែល​មាន​ប្រាក់​ចំណូល​តិច​ជាង​១ដុល្លារ​៩០​សេន​ក្នុង​មួយ​ថ្ងៃ។ ​គេ​ទស្សន៍ទាយ​ថា ប្រទេស​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​នឹង​រង​គ្រោះ​ខ្លាំង​បំផុត​ដោយនៅ​ទី​នោះ​មាន​មនុស្ស​ក្រីក្រ​ខ្លាំង​ចំនួន​ពាក់​កណ្តាល​នៃ​មនុស្ស​ជាង​៣៤​លាន​នាក់​នេះ។​

លោក ​Hamid Rashid ​ ជា​ប្រធាន​សាខា​ឃ្លាំ​មើល​សេដ្ឋកិច្ច​សាកល​ និង​ជា​អ្នក​និពន្ធ​នាំមុខ​គេ​នៃ​របាយ​ការណ៍​នេះ​របស់​អ.ស.ប.។​ លោក​បាន​និយាយ​ថា៖​ «ពិភព​លោក​នឹង​មាន​ភាព​ធម្មតា​ជា​ថ្មី​នៅ​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ១៩។​ ប្រសិន​បើ​គ្មាន​ការ​ទំលាយ​ភាព​ទាល់​ច្រក​ក្នុង​ការ​ផលិត​ថ្នាំ​វ៉ាក់សាំង​ និង​ការ​ព្យាបាល​ជំងឺ​នេះ​ទេ យើង​នឹង​ប្រឈម​ការ​ធ្លាក់​ចុះ​ខាង​សេដ្ឋកិច្ច​ក្នុង​រយៈពេល​យូរ​គឺ​មាន​ការ​រីកចម្រើន​កម្រិត​ទាប មាន​លំហូរ​ពាណិជ្ជកម្ម​សាកល​តិចតួចមានការ​បណ្តាក់​ទុន​មាន​ទឹកប្រាក់​តិច​តួច​ និង​មាន​សកម្មភាព​សេដ្ឋ​កិច្ច​តែ​បន្តិច​បន្តួច»។​

លោក​ Rashid ​បាន​ថ្លែង​ថា​ ទម្រង់​នៃ​ការ​ប្រើប្រាស់​និង​ការ​ផលិត​គ្រឿង​ឧបភោគ​បរិភោគ​នឹង​មាន​ការ​ផ្លាស់ប្តូរ​ជា​មូលដ្ឋាន​ ហើយ​ភាព​ស្វ័យប្រវត្តិ​ និង​ការ​ធ្វើការ​ដោយ​ឌីជីថល​នឹង​មាន​កំណើន​ជាង​មុន​ដែល​អាច​នាំ​ឲ្យ​អ្នក​ធ្វើការ​ខ្លះ​គ្មាន​ការងារ​ធ្វើ​ជា​អចិន្ត្រៃយ៍។​

ប្រទេស​ជា​ច្រើន​បាន​បញ្ចេញ​កញ្ចប់​ថវិកា​សារពើពន្ធ​ដើម្បី​ជួយ​ជំរុញ​សេដ្ឋកិច្ច​នោះ​ ប៉ុន្តែ​ការ​ជំរុញ​នេះ​មិន​ស្មើ​គ្នា​ទេ។​ នៅ​ក្នុង​ប្រទេស​សម្បូរ​ធនធាន​ វិធានការ​នេះ​ស្មើ​នឹង​១០%​នៃ​ផលិត​ផល​សរុប​ក្នុង​ស្រុក។​ ចំណែក​ឯ​នៅ​ក្នុង​ប្រទេស​ក្រីក្រ​វិញ វិធានការ​នេះ​ស្មើតែ​ពី​០,៥%​ទៅ​១%​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក​តែ​ប៉ុណ្ណោះ។​

ប្រទេស​កំពុង​អភិវឌ្ឍន៍​ជា​ច្រើន​មាន​បញ្ហា​សេដ្ឋកិច្ច​ជា​ស្រេច​ទៅ​ហើយ​នៅ​មុន​មាន​ការ​រាត​ត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ដោយ​សារ​មាន​អតិផរណា​និង​ការ​សង​បំណុល​ដែល​នៅ​ពេល​នេះ​មាន​ផល​ប៉ះពាល់​ដោយ​សារ​ការ​ចុះ​ថយ​ប្រាក់​ចំណូល​ពី​ការ​ដឹក​ជញ្ជូន​ទំនិញ​ទៅ​លក់​ឯ​ប្រទេស​ក្រៅ ការ​ចុះថយ​នៃ​វិស័យ​ទេសចរណ៍​ និង​ការថម​ថយ​ប្រាក់​ផ្ញើ​ពី​ក្រុម​អ្នក​ទៅ​ធ្វើការ​ឯ​ប្រទេស​ក្រៅ។​ របាយការណ៍​នេះ​និយាយ​ថា​ ត្រូវ​មាន​ការ​គាំទ្រ​ជា​អន្តរជាតិ​ថែម​ទៀត។​

នៅ​ពេល​ដែល​ព័ត៌មាន​ភាគ​ច្រើន​ជា​ព័ត៌មាន​មិន​ល្អ​ក៏​ដោយ ក៏អ្នក​ចងក្រង​សេចក្តី​រាយការណ៍​នេះ​និយាយ​ថា​ តើ​ពិភពលោក​ត្រូវ​រៀបចំ​ការ​រើប​ឡើង​វិញ​បែប​ណា​ដែល​មាន​សារៈ​សំខាន់។​

លោក​ Rashid ​បាន​មាន​ប្រសាសន៍ថា៖ ​«វិបត្តិ​បច្ចុប្បន្ន​នេះ​ជា​ឱកាស​មួយ​សម្រាប់​កសាង​ភាព​ធន់​ប្រឆាំង​នឹង​ការ​រង្គោះ​រង្គើ​សេដ្ឋកិច្ច​ និង​ការ​រាតត្បាត​ជាសាកល​នៃ​ជំងឺ​ឆ្លង​ក្នុង​ពេល​អនាគត​ ពង្រឹង​កិច្ច​ការពារ​ខាង​សង្គម កាត់​បន្ថយ​ភាព​មិន​ស្មើគ្នា ​និង​ដោះស្រាយ​ហានិភ័យ​នៃ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ដែល​កំពុង​កើនឡើង»៕​

ប្រែ​សម្រួល​ដោយ​ឈឹម សុមេធ

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG