ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភាពក្រីក្រ​និងការ​រំលោភ​បំពាន​ជំរុញ​ឲ្យ​យុវជន​ចូលរួម​ក្រុម​​ហិង្សា​ជ្រុល​និយម​


រូបភាពឯកសារ៖ រូបថត​ជនសង្ស័យ​របស់​សមាជិក​ក្រុម​ Boko Haram ដែល​គេ​កំពុង​តាមចាប់ខ្លួន​ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​លើ​បដា​តាមផ្លូវ​មួយ​នៅ Yenagoa ប្រទេស​នីហ្សេរីយ៉ាកាលពី​ថ្ងៃទី​១៩ ឧសភា ២០១៦។
រូបភាពឯកសារ៖ រូបថត​ជនសង្ស័យ​របស់​សមាជិក​ក្រុម​ Boko Haram ដែល​គេ​កំពុង​តាមចាប់ខ្លួន​ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​លើ​បដា​តាមផ្លូវ​មួយ​នៅ Yenagoa ប្រទេស​នីហ្សេរីយ៉ាកាលពី​ថ្ងៃទី​១៩ ឧសភា ២០១៦។

ដំណើរ​ឆ្ពោះ​ទៅ​កាន់​ភាព​ជ្រុល​និយម​នៅអាហ្វ្រិក​គឺ​បណ្តាល​មកពី​ការ​ខ្វះខាត​ ភាព​ក្រីក្រ ​ការ​អភិវឌ្ឍ​ទន់ខ្សោយ​ជាង​គេ​ និង​ការ​ផាត់​ចេញ​ដោយ​សង្គម។

របាយ​ការណ៍​របស់​អ.ស.ប.​ព្រមាន​ថា​ ភាពក្រីក្រ ​ការខ្វះខាត ​និង​ការ​បំពាន​អំណាចរបស់​រដ្ឋាភិបាល​កំពុង​ជំរុញ​ឲ្យ​ពលរដ្ឋ​អាហ្វ្រិក​ក្មេងៗ​ទៅ​ចូលរួម​ក្រុម​ហិង្សា​ជ្រុលនិយម​ ដូច​ជា​ពួក​ Boko Haram ក្រុម al-Shabab និង​រដ្ឋឥស្លាម។ ការ​សិក្សា​ដោយ​កម្មវិធី​អភិវឌ្ឍន៍​របស់​អ.ស.ប.​ (UNDP)​នេះរក​ឃើញ​ហេតុផល​ដែល​នាំ​ឲ្យ​មាន​ការ​អូសទាញយុវជន​ទៅ​ចូលរួម​ជាមួយ​អង្គការ​ដែល​ធ្វើ​សកម្មភាព​ភេវកម្ម។

ការ​សិក្សា​រយៈ​ពេល២​ឆ្នាំ​នេះ​គឺជា​ការសិក្សា​ស្រាវជ្រាវ​ប្រភេទ​នេះ​លើក​ទីមួយ​ហើយ​វា​ផ្អែក​លើ​បទ​សម្ភាសន៍​ជាមួយ​អ្នក​ស្ម័គ្រចិត្ត​៤៩៥​នាក់​ដែល​ចូលរួម​ជាមួយ​អង្គការ​ជ្រុល​និយម។ ការ​សិក្សានេះ​ឆ្លុះ​បញ្ចាំង​អំពីការ​ប្រមូល​ទាហាន​ភេរវកម្ម​ ការ​យល់​ច្រឡំ គ្រោះថ្នាក់​ច្រើន​ឡើង​ និង​សកម្មភាព​ដែល​អាច​កើត​មាន​ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ។​

របាយ​ការណ៍​នេះរក​ឃើញ​ថា ​ ដំណើរ​ឆ្ពោះ​ទៅ​កាន់​ភាព​ជ្រុល​និយម​នៅអាហ្វ្រិក​គឺ​បណ្តាល​មកពី​ការ​ខ្វះខាត​ ភាព​ក្រីក្រ ​ការ​អភិវឌ្ឍ​ទន់ខ្សោយ​ជាង​គេ​ និង​ការ​ផាត់​ចេញ​ដោយ​សង្គម។ ​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​អ.ស.ប.​ព្រមាន​ថា ​ទ្វីប​អាហ្វ្រិក​ងាយ​រង​គ្រោះ​ដោយ​អំពើ​ហិង្សាជ្រុល​និយម​កាន់តែ​ជ្រៅទៅៗ។​ អង្គការ​នេះ​កត់​សម្គាល់​ថា ប្រជាជន​ក្នុង​ទ្វីបនេះ​រស់នៅ​ក្រោម​បន្ទាប់​ភាព​ក្រីក្រ​ ហើយ​យុវជន​ជាច្រើន​ប្រឈម​នឹង​ភាព​អត់​ការងារ​ធ្វើ​ធ្ងន់ធ្ងរ។​

លោក ​Mohamed Yahya ​អ្នក​សម្រប​សម្រួល​កម្មវិធី​ក្នុង​តំបន់​របស់​កម្មវិធី​អភិវឌ្ឍន៍របស់​អ.ស.ប. ​(UNDP)​ នៅ​ទ្វីបអាហ្វ្រិក​ និង​ជាអ្នក​ឈាន​មុខ​គេ​ក្នុង​ការ​សរសេរ​របាយ​ការណ៍​នេះ បាន​ប្រាប់ VOA ថា ត្រូវ​មាន​ដំណោះស្រាយ​ចំពោះ​បញ្ហានេះ បន្ថែម​ពី​លើ​វិធាន​ការ​នានា​ខាង​សន្តិសុខ។​

«ជាក់ស្តែង ​កត្តា​សន្តិសុខ​ដើរ​តួនាទី​សំខាន់។ ​ប៉ុន្តែ​បញ្ហា​សន្តិសុខ​សំខាន់​តែ​នៅ​ពេល​ណាដែល​ក្រុម​ទាំងនេះ​គឺ​អ្នក​ដែល​បាន​ចូលរួម​ជាមួយ​ក្រុម​ទាំង​នោះ ​ធ្វើ​សកម្មភាព​ ឬ​ចូល​រួម​ក្នុង​អំពើ​ភេរវកម្ម ​ឬ​អំពើ​ហិង្សា​ជ្រុលនិយម​តែ​ប៉ុណ្ណោះ។ ​នេះ​បើតាម​មតិ​របស់​ខ្ញុំ។ ក្នុង​ករណី​ជាច្រើន បញ្ហា​នេះ​ហួស​ពេល​ ពីព្រោះ​គេបាន​ចូល​រួម​ជាមួយ​ក្រុម​ភេរវកម្ម​រួច​ទៅ​ហើយ។ដូច្នេះ​តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ ​មុន​ពេល​ពួក​គេចូលរួម​ជា​មួយ​ក្រុមជ្រុល​និយម?»​

អ្នក​ចូលរួម​ក្នុង​ការ​សិក្សា​នេះ​បង្ហាញ​ថា ​ ការខកចិត្ត​អំពី​ស្ថានភាព​ជីវភាព​របស់​គេ​ គឺ​ជា​កត្តាសំខាន់​ជាង​កត្តាម​នោគម​វិជ្ជា​សាសនា ពេលគេធ្វើការ​សម្រេច​ចិត្ត​ចូល​រួម​ជាមួយ​ក្រុម​ជ្រុល​និយម។ ​ការ​សិក្សា​នេះ​រក​ឃើញថា ការ​ចូល​ធ្វើ​ទាហាន​ភេរវ​កម្ម​នៅ​អាហ្វ្រិកកើត​មាន​ឡើង ​ភាគច្រើននៅ​តំបន់​ជនបទ ហើយ​មាន​ការ​ជួប​គ្នា​ទល់​មុខ ​ជាជាង​ការ​ចូលរួម​តាម​អ៊ីនធឺណិត ​ដូច​ករណី​ជាច្រើន​ក្នុង​តំបន់​ផ្សេង​ទៀត​ដែរ។​

លោក​ Yahya ​នៃ​កម្មវិធី​អភិវឌ្ឍន៍​អ.ស.ប.​ព្រមាន​ថា ​ការ​ចុះឈ្មោះ​ទាហាន​អាហ្រិ្វក​ក្មេងៗ​ក្នុង​អង្គការ​ភេរវកម្ម​ ទំនង​ជានឹង​កើន​ឡើង​ នៅពេល​បណ្តាញ​អ៊ីនធឺណិត​ជ្រាប​ចូល​សុះសាយ​ក្នុង​ទ្វីបនេះ។ លោក​និយាយ​ថា​ គេ​ត្រូវ​ផ្តល់​ជម្រើស​ខាង​សេដ្ឋ​កិច្ច​សង្គមប្រសើរ​ឡើង​ដល់​យុវជន​ក្មេងៗ ​ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ៕​

XS
SM
MD
LG