ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​ថា តួលេខ​ភាព​ក្រីក្រ​ផ្លូវការ​របស់​ម៉ាឡេស៊ី​មិន​បាន​បញ្ចូល​ពលរដ្ឋ​រាប់​លាន​នាក់


រូបឯកសារ៖ ក្រុមអ្នកស្ម័គ្រចិត្តចូលរួមផ្តល់អាហារនៅហាងបាយ Pit Stop Community Cafe នៅក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
រូបឯកសារ៖ ក្រុមអ្នកស្ម័គ្រចិត្តចូលរួមផ្តល់អាហារនៅហាងបាយ Pit Stop Community Cafe នៅក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

អ្នក​ទៅ​ហាង​បាយ​នោះ​ជា​ប្រចាំ​មួយ​ចំនួន ដែល​ពឹង​ពាក់​លើ​កន្លែង​នេះ​ដើម្បី​ទទួល​បាន​អាហារ​បរិភោគ​ជា​រៀងរាល់​ថ្ងៃ គឺ​រក​ចំណូល​បាន​លើស​ពី​លក្ខខណ្ឌ​កំណត់​របស់​រដ្ឋាភិបាល​សម្រាប់​ជន​ក្រីក្រ។

នៅ​រៀងរាល់​ម៉ោង​ប្រាំ​កន្លះ​ល្ងាច រយៈពេល ៦ ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ ហាង​បាយ Pit Stop Community Cafe ដែល​ស្ថិត​នៅ​លើ​ផ្លូវ​ដ៏​ស្ងប់ស្ងាត់​មួយ​ក្នុង​កណ្ដាល​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី តែងតែ​បើក​ទ្វារ​ទទួល​ស្វាគមន៍​ជន​ក្រីក្រ​មួយ​ចំនួន​នៅ​ក្នុង​រដ្ឋធានី​នេះ ដើម្បី​ផ្ដល់​ម្ហូប​អាហារ​ជូន​ពួកគេ​ដោយ​ចិត្ត​ស្មោះ នឹង​ឥត​គិត​ថ្លៃ។

អ្នក​ទៅ​ហាង​បាយ​នោះ​ជា​ប្រចាំ​មួយ​ចំនួន ដែល​ពឹង​ពាក់​លើ​កន្លែង​នេះ​ដើម្បី​ទទួល​បាន​អាហារ​បរិភោគ​ជា​រៀងរាល់​ថ្ងៃ គឺ​រក​ចំណូល​បាន​លើស​ពី​លក្ខខណ្ឌ​កំណត់​របស់​រដ្ឋាភិបាល​សម្រាប់​ជន​ក្រីក្រ។

អ្នក​ជំនាញ​កាន់​តែ​ច្រើន ដែល​ភាគច្រើន​មក​ពី​អង្គការសហប្រជាជាតិ នា​ពេល​ថ្មីៗ​នេះ បាន​និយាយ​ថា តួលេខ​ផ្លូវការ​នៃ​ជន​ក្រីក្រ​មិន​បាន​បញ្ចូល​មនុស្ស​រាប់​លាន​នាក់ ដែល​សម​នឹង​ត្រូវ​បាន​ចាត់​ទុក​ជា​ជន​ក្រីក្រ​នៅ​ស្ទើរតែ​គ្រប់​កន្លែង​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស ដែល​ករណី​នេះ​ធ្វើ​ឲ្យ​ពួកគេ​បាត់បង់​ឱកាស​ទទួល​បាន​ជំនួយ​ឧបត្ថម្ភ​សំខាន់​ពី​រដ្ឋ។

ដោយ​គ្រាន់​តែ​ធ្វើ​ការ​កែប្រែ​បន្តិចបន្តួច​ទៅ​លើ​បន្ទាត់​ភាព​ក្រីក្រ​ផ្លូវការ​របស់​ខ្លួន​ចាប់​តាំង​ពី​ទសវត្សរ៍ ១៩៧០ មក រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​ប្រកាស​ថា ខ្លួន​ស្ទើរតែ​កម្ចាត់​ភាព​ក្រីក្រ​បាន​ទាំង​អស់​ក្នុង​ចំណោម​ពលរដ្ឋ​ចំនួន ៣២ លាន​នាក់ ហើយ​ជាមួយ​នឹង​កម្រិត​ភាព​ក្រីក្រ​ត្រឹម​តែ ០,៤ ភាគរយ ដែល​ម៉ាឡេស៊ី​អះអាង​ដោយ​ខ្លួន​ឯង​នេះ ធ្វើ​ឲ្យ​ប្រទេស​នេះ​មាន​អត្រា​ភាព​ក្រីក្រ​ទាប​ជាង​ប្រទេស​ណាៗ​ទាំង​អស់ ដែល​ធនាគារ​ពិភពលោក​មាន​តួលេខ។ ប្រទេស​ថៃ ដែល​ជា​ប្រទេស​ជិតខាង អះអាង​ថា អត្រា​ភាព​ក្រីក្រ​របស់​ខ្លួន​មាន ៨,៦ ភាគរយ។

ការ​ច្រានចោល​ចុងក្រោយ​បង្អស់​នៃ​តួលេខ​ភាព​ក្រីក្រ​របស់​ម៉ាឡេស៊ី​នេះ គឺ​ធ្វើ​ឡើង​ដោយ​លោក Philip Alston អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​អំពី​ភាព​ទីទ័ល​ក្រ និង​សិទ្ធិ​មនុស្ស។ បន្ទាប់​ពី​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល ១១ ថ្ងៃ​កាល​ពី​ខែ​សីហា​មក លោក Alston បាន​សរសើរ​រដ្ឋាភិបាល​ម៉ាឡេស៊ី​អំពី «កិច្ច​ខិតខំ​ប្រឹងប្រែង​ខ្លាំងក្លា» នៅ​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ប៉ុន្តែ​លោក​បាន​ហៅ​បន្ទាត់​ភាព​ក្រីក្រ​នៅ​ក្នុង​ចំនួន​ប្រមាណ ២៣៤ ដុល្លារ​ក្នុង​មួយ​ខែ​ថា​ជា «រឿង​គួរ​ឲ្យ​អស់​សំណើច»។ ចំនួន​នេះ​នឹង​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ក្នុង​គ្រួសារ​ដែល​មាន​គ្នា ៤ នាក់ រក​ប្រាក់​ចំណូល​បាន​តិច​ជាង ២ ដុល្លារ​ក្នុង​មួយ​ថ្ងៃ។

លោក Alston បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​ទីក្រុង​កូឡាឡាំពួរ​ថា៖ «ការណ៍​នេះ​មិន​អាច​ទៅ​រួច​នោះ​ទេ លើកលែង​តែ​ក្រោម​កាលៈទេសៈ​យ៉ាប់យ៉ឺន​បំផុត​ប៉ុណ្ណោះ»។

លោក​បាន​បន្ថែម​ថា ពលរដ្ឋ​ម៉ាឡេស៊ី​ភាគ​ច្រើន ដែល​ស្ថិត​នៅ​លើ​បន្ទាត់​ភាព​ក្រីក្រ «កំពុង​រស់​នៅ​ក្នុង​ស្ថានភាព​លំបាក​ខ្លាំង ដែល​បើ​តាម​ស្តង់ដារ​អន្តរជាតិ​វិញ ពួកគេ​នឹង​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ជន​ក្រីក្រ»។

នៅ​ក្នុង​របាយការណ៍​មួយ​បន្ទាប់​មក លោក Alston បាន​និយាយ​ថា បន្ទាត់​ភាព​ក្រីក្រ «ដែល​ខុស​ពី​ការ​ពិត​ខ្លាំង» របស់​ប្រទេស​ម៉ាឡេស៊ី​នេះ បាន​ជំរុញ​ឲ្យ​មាន​ការ​យល់​ខុស​អំពី​ថា​តើ​នរណា​ដែល​អាច​ត្រូវ​ចាត់ទុក​ថា​ជា​ជន​ក្រីក្រ ដែល​ករណី​នេះ​បាន​ធ្វើ​ឲ្យ​ប្រព័ន្ធ​របប​សន្តិសុខ​សង្គម​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​មាន​កម្រិត និង​មាន​បន្ទុក​ខ្លាំង​ហួស​ប្រមាណ។

លោក​បាន​បន្ត​ថា រដ្ឋាភិបាល​ម៉ាឡេស៊ី​ក៏​បាន​បង្ហាញ​ខុស​ពី​ការ​ពិត​នូវ​ទិន្នន័យ​ស្ទង់មតិ​អំពី​គ្រួសារ​ជន​ក្រីក្រ ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​បង្អាក់​ដល់​ការ​ស្រាវជ្រាវ​ដែល​អាច​ជួយ​ដោះស្រាយ​បញ្ហា​បាន។

បន្ទាត់​ភាព​ក្រីក្រ​មាន​គោលបំណង​កំណត់​ប្រាក់​ចំណូល​អប្បបរមា​ដែល​មនុស្ស​ម្នាក់ ឬ​ក៏​មួយ​គ្រួសារ អាច​រក​បាន ដើម្បី​អាច​បំពេញ​តម្រូវ​ការ​មូលដ្ឋាន​នៃ​ជីវិត​ប្រចាំ​ថ្ងៃ​ដូចជា​ម្ហូប​អាហារ និង​ទី​ជម្រក​ជា​ដើម។

«មិន​គ្រប់គ្រាន់»

ហាង​បាយ Pit Stop នេះ​គឺ​ជា​ហាង​បាយ​សម្រាប់​ជន​ក្រីក្រ​មួយ​ក្នុង​ចំណោម​ផ្ទះ​បាយ​បែប​នេះ​ចំនួន​រាប់​សិប​ផ្សេង​ទៀត​នៅ​ទូទាំង​រដ្ឋធានី​ប្រទេស​ម៉ាឡេស៊ី ដែល​កំពុង​នាំ​មុខ​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ភាព​ក្រីក្រ​របស់​ប្រទេស​ម៉ាឡេស៊ី​នេះ ដោយសារតែ​បន្ទាត់​នៃ​ភាព​ក្រីក្រ​មិន​ត្រូវ​នឹង​អ្វី​ជា​ការ​ពិត​នោះ។

អ្នកស្រី Joycelyn Lee ដែល​ជា​សហ​ស្ថាបនិក​ហាង​បាយ Pit Stop នេះ បាន​ប្រាប់​ VOA ថា៖ «[ការ​ផ្ដល់​អាហារ​បែប​នេះ] គឺ​មិន​គ្រប់គ្រាន់​នោះ​ទេ»។ អ្នកស្រី​ថ្លែង​ដូច្នេះ មុន​ពេល​អ្នកស្រី​បិទ​ទ្វារ​ហាង​ប្រចាំ​ថ្ងៃ ដែល​នៅ​ក្នុង​ហាង​ពោរពេញ​ទៅ​ដោយ​កៅអី​រៀប​បះជើង​ទៅ​លើ និង​បន្លែ​សាច់​គ្រឿងគ្រៅ​ផ្សេងៗ​សម្រាប់​ត្រៀម​ធ្វើ​ម្ហូប​អាហារ​ទទួល​ជន​ក្រីក្រ​នៅ​ថ្ងៃ​បន្ទាប់។

ទោះជា​យ៉ាង​ណា​ក៏​ដោយ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ អ្នកស្រី​មិន​ច្បាស់​ថា​តើ​ការ​ដំឡើង​បន្ទាត់​ភាព​ក្រីក្រ​នេះ​នឹង​អាច​ធ្វើ​ឲ្យ​អ្វីៗ​ប្រសើរ​ឡើង​នោះ។ ដូច​លោក Alston និង​អ្នក​ដទៃ​ទៀត​ផង​ដែរ អ្នកស្រី​និយាយ​ថា ភាព​ស្ទាក់ស្ទើរ​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ការ​បញ្ចេញ​ទិន្នន័យ​លម្អិត​ធ្វើ​ឲ្យ​មាន​ការ​លំបាក​នៅ​ក្នុង​ការ​ដឹង​អំពី​ផល​វិបាក​ដែល​អាច​នឹង​កើត​មាន​នោះ។

អ្នកស្រី​បញ្ជាក់​ថា កង្វល់​មួយ​របស់​អ្នកស្រី​គឺ​ថា ការ​ដំឡើង​បន្ទាត់​ភាព​ក្រីក្រ​អាច​ជំរុញ​ឲ្យ​មាន​អតិផរណា ដែល​នឹង​ប៉ះពាល់​ដល់​មនុស្ស​គ្រប់​រូប ជា​ពិសេស​ពលរដ្ឋ​ក្រីក្រ។ អ្នកស្រីបាន​បន្ថែម​ថា កាល​ពី​អតីតកាល រដ្ឋាភិបាល​បាន​ផ្សា​ភ្ជាប់​បន្ទាត់​ភាព​ក្រីក្រ​ជាមួយ​នឹង​ប្រាក់​បៀវត្សរ៍​អប្បបរមា។ ដូច្នេះ ប្រសិនបើ​ដំឡើង​បន្ទាត់​ភាព​ក្រីក្រ គឺ​ត្រូវ​ដំឡើង​ប្រាក់​បៀវត្សរ៍​អប្បបរមា​ដែរ។

អ្នកស្រី Andrea Tan ដែល​ជា​សហ​ស្ថាបនិក​ហាង​បាយ Pit Stop នេះ​ដែរ បាន​និយាយ​ថា៖ «នេះ​គឺ​ជា​បញ្ហា​ប្រទាំង​ប្រទើស​ផ្នែក​នយោបាយ ដោយសារ​តែ​យើង​នៅ​ជា​ប្រទេស​ផលិតកម្ម​នៅ​ឡើយ។

អ្នកស្រី​បាន​និយាយ​ថា មន្ត្រី​រដ្ឋាភិបាល «ព្រួយបារម្ភ​ថា ប្រសិន​បើ​អ្នក​បង្កើន​ប្រាក់​ឈ្នួល​ខ្ពស់​គ្រប់គ្រាន់ រោងចក្រ និង​ក្រុមហ៊ុន​ជា​ច្រើន​នឹង​រត់ចេញ​ទៅ​រក​កន្លែង​ដែល​ចំណាយ​ទាប​ជាង​នេះ ដូចជា​ប្រទេស​វៀតណាម​ជា​ដើម»។

ស្រប​ពេល​នេះ​ដែរ អ្នកស្រី Lee និង​អ្នកស្រី Tan បាន​បញ្ជាក់​ថា ក្រុមហ៊ុន​បរទេស និង​អ្នក​ប្រើប្រាស់​គឺ​មាន​ការ​ទទួល​ខុស​ត្រូវ​ច្រើន​ដូច​រដ្ឋាភិបាល​ដែរ​ចំពោះ​រឿង​បន្ទាត់​ភាព​ក្រីក្រ និង​ប្រាក់​ឈ្នួល​មិន​ស៊ីមេទ្រី​គ្នា​នេះ។

ប្រសិន​បើ​បន្ទាត់​ភាព​ក្រីក្រ និង​ប្រាក់ឈ្នួល​អប្បបរមា​ត្រូវ​បាន​ដំឡើង អ្នកស្រី Lee និយាយ​ថា សាជីវកម្ម​ពហុជាតិ​នឹង​ងាក​ទៅ​រក​ការ​ឆ្លើយតប​ពី​រដ្ឋាភិបាល «ហើយ​ពួកគេ​នឹង​គំរាម​ចាកចេញ [ពី​ប្រទេស​ម៉ាឡេស៊ី]»។

អ្នក​ស្រី​និយាយ​ដូច្នេះ​ថា៖ «បញ្ហា​នេះ​គឺ​ជា​បញ្ហា​ដ៏​លំបាក​មួយ​នៅ​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត។ តើ​អ្នក​នឹង​សម្រេច​ចិត្ត​បែប​ណា? តើ​ក្រុមហ៊ុន​ទាំង​នោះ​នឹង​ហ៊ាន​ផ្ដល់​ប្រាក់​ឈ្នួល​ដល់​កម្មករ​ច្រើន​ជាង​នេះ​ទេ? តើ​អ្នក​ដែល​ទិញ​ផលិតផល​ពី​ក្រុមហ៊ុន​ទាំង​នោះ​នឹង​ហ៊ាន​ចំណាយ​បន្ថែម​ទេ?»។

«អ្នក​ដែល​រក​បាន​ចំណូល​ទាប​ចំនួន ៤០ ភាគរយ ដែល​ហៅ​ថា B40»

លោក Christopher Choong Weng Wai អនុ​ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ Khazanah នៅ​ប្រទេស​ម៉ាឡេស៊ី បញ្ជាក់​ថា បន្ទាត់​ភាព​ក្រីក្រ​គឺ​ចាំបាច់​ត្រូវ​ដំឡើង ប្រសិនបើ​រដ្ឋាភិបាល​ចង់​ប្រើប្រាស់​វា​ដើម្បី​ផ្ដល់​ជំនួយ​ផ្នែក​សង្គម​ឲ្យ​មាន​ប្រសិទ្ធភាព​ជាង​មុន។

ដោយសារ​តែ​អត្រា​ភាព​ក្រីក្រ​ផ្លូវការ​របស់​ប្រទេស​ម៉ាឡេស៊ី​មាន​កម្រិត​ទាប​ខ្លាំង រដ្ឋាភិបាល​បាន​បង្វែរ​កិច្ច​ប្រឹងប្រែង​ផ្នែក​ជំនួយ​សង្គម​របស់​ខ្លួន​លើ​ពលរដ្ឋ​ចំនួន ៤០ ភាគរយ ដែល​ជា​អ្នក​រក​បាន​ចំណូល​ទាប ដែល​គេ​ហៅ​ថា B40។ អ្នក​រក​បាន​ចំណូល​ទាប​ទាំង​នេះ​ភាគ​ច្រើន ជា​ផ្លូវការ​គឺ​មិន​មែន​ជា​ជន​ក្រីក្រ​នោះ​ទេ។

លោក Christopher Choong Weng Wai បាន​និយាយ​ថា៖ «បញ្ហា​គឺ​ថា ការ​ផ្គត់ផ្គង់​ថវិកា​ជា​ប្រាក់​ឧបត្ថម្ភ និង​ជា​ប្រាក់​ជំនួយ​សង្គម​សម្រាប់​ពលរដ្ឋ​ក្នុង​ក្រុម B40 នេះ មិន​បាន​ដំឡើង​តាម​ស្ថានការណ៍​ជាក់ស្ដែង​នោះ​ទេ។ វា​មិនមែន​ជា​ការ​ផ្ដល់​ឲ្យ​មាន​កម្រិត​នោះ​ទេ ប៉ុន្តែ​ជា​ការ​ពង្រីក​ការ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ និង​ជំនួយ​សង្គម​ទាំង​នេះ​ទៅ​កាន់​ក្រុម​គោលដៅ​ដែល​មាន​ទំហំ​ធំ​ជាង​នេះ។ ដូច្នេះ យើង​ឃើញ​ថា ទំហំ​នៃ​ការ​ផ្តល់​ឲ្យមាន​ភាព​ល្អ​ប្រសើរ​ជាង​មុន ប៉ុន្តែ​ជម្រៅ​នៃ​ការ​ផ្ដល់​ឲ្យ​នោះ​បាន​ថយ​ចុះ​ទៅ​វិញ»។

នៅ​ក្នុង​របាយការណ៍​របស់​លោក លោក Alston បាន​លើក​ឧទាហរណ៍​ពី​ការ​ផ្ទេរ​ជា​ប្រាក់​ដល់​ពលរដ្ឋ​ក្នុង​ក្រុម B40 នេះ។ លោក​បាន​និយាយ​ថា ដោយសារ​តែ​ការ​ផ្ទេរ​ប្រាក់​នោះ​មាន​ទៅ​ដល់​មនុស្ស​ជា​ច្រើន «ប្រាក់​ដែល​ផ្ដល់​ឲ្យ​នោះ​គឺ​ក្នុង​កម្រិត​តិចតួច​បំផុត ដែល​មិន​អាច​ជួយ​អ្វី​បាន​ច្រើន​នោះ​ទេ»។

របាយការណ៍​មួយ​របស់​អង្គការ UNICEF នៅ​ម៉ាឡេស៊ី​ដែល​រៀបចំ​ឡើង​សម្រាប់​លោក Alston កាល​ពី​ខែ​មិថុនា ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា ប្រព័ន្ធ​ពន្ធដារ និង​របប​សន្តិសុខ​សង្គម «ជាក់ស្ដែង មិន​បាន​ផ្ដល់​ការ​ចែកចាយ​ស្មើ​ភាព​គ្នា និង​មិន​បាន​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​នោះ​ទេ»។

សំណួរ​គឺ​ថា​តើ​អត្រា​ភាព​ក្រីក្រ​ពិត​ប្រាកដ​នៅ​ម៉ាឡេស៊ី​មាន​ប៉ុន្មាន។

អ្នកស្រី Lee អ្នកស្រី Tan និង​លោក Choong Weng Wai មាន​ភាព​ប្រយ័ត្នប្រយែង​នៅ​ក្នុង​ការ​ផ្ដល់​ជា​គំនិត ប្រសិនបើ​គ្មាន​ទិន្នន័យ និង​ការ​ស្រាវជ្រាវ​បន្ថែម។

ការ​សិក្សា​នា​ពេល​ថ្មីៗ​នេះ​របស់​លោក Martin Ravallion ដែល​ជា​សេដ្ឋវិទូ និង​ជា​អតីត​ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​នៃ​ធនាគារ​ពិភពលោក បាន​រក​ឃើញ​ថា នៅ​ពេល​ដែល​ប្រៀបធៀប​ជាមួយ​នឹង​ប្រទេស​ដទៃ​ទៀត​ដែល​មាន​ប្រាក់​ចំណូល​ជា​មធ្យម​ស្រដៀង​នឹង​ប្រទេស​ម៉ាឡេស៊ី នោះ​មាន​ប្រជាពលរដ្ឋ​ប្រហែល ២០ ភាគរយ ឬ ៦ លាន ៤ សែន​នាក់ ដែល​គួរតែ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ជន​ក្រីក្រ។

ការ​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន Khazanah បាន​រក​ឃើញ​ថា ប្រសិនបើ​កំណត់​បន្ទាត់​ភាព​ក្រីក្រ​នៅ​ត្រឹម​កម្រិត ៦០ ភាគរយ​នៃ​ប្រាក់​ចំណូល​មធ្យម​របស់​ប្រទេស​ម៉ាឡេស៊ី នោះ​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​ម៉ាឡេស៊ី​ចំនួន ២២,២ ភាគរយ​ស្ថិត​នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ​នេះ។

នៅ​ពេល​សុំ​សេចក្ដី​អធិប្បាយ​ពាក់ព័ន្ធ​នឹង​ការ​រិះគន់​គ្រប់​ទិសទី​លើ​បន្ទាត់​ភាព​ក្រីក្រ​នេះ ក្រសួង​សេដ្ឋកិច្ច​ប្រទេស​ម៉ាឡេស៊ី​ស្នើ​ឲ្យ VOA យោង​ទៅ​លើ​សេចក្ដី​ប្រកាស​ដែល​ខ្លួន​បាន​ចេញ​ផ្សាយ​នៅ​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ការ​លើកឡើង និង​របាយការណ៍​របស់​លោក Alston។

នៅ​ក្នុង​សេចក្ដី​ប្រកាស​នោះ ក្រសួង​សេដ្ឋកិច្ច​នេះ​ប្រកាន់​ជំហរ​តាម​តួលេខ​របស់​ខ្លួន។ ក្រសួង​នេះ បញ្ជាក់​ថា តួលេខ​នោះ​បាន​មក​ដោយ​ការ​ប្រើប្រាស់​នូវ​បទដ្ឋាន​ដែល​ទទួល​ស្គាល់​ដោយ​អន្តរជាតិ និង​បាន​ហៅ​ការ​ចោទប្រកាន់​របស់​លោក Alston ពី​ការ​បន្លំ​តួលេខ​ភាព​ក្រីក្រ​នេះ​ថា «ជា​អ្វី​ដែល​មិន​អាច​ទទួល​បាន​ជា​ដាច់ខាត និង​ខ្វះ​ការ​ទទួល​ខុសត្រូវ»។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្រសួង​នេះ​បាន​បន្ថែម​ថា ខ្លួន​កំពុង​តែ​ពិនិត្យ​ឡើង​វិញ​អំពី​វិធី​ដែល​ខ្លួន​កំណត់​អំពី​បន្ទាត់​ភាព​ក្រីក្រ ដើម្បី​ឲ្យ​ស្រប​តាម​ការ​កើន​ឡើង​នូវ​ការ​ចំណាយ​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ ហើយ​ខ្លួន​ក៏​នឹង​ពិចារណា​ផង​ដែរ​លើ​កត្តា​ដទៃ​ទៀត​ក្រៅ​ពី​ប្រាក់​ចំណូល៕

ប្រែ​សម្រួល​ដោយ ណឹម សុភ័ក្រ្តបញ្ញា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG