សហរដ្ឋអាមេរិកបានកំណត់ថា ការប្រើអំពើហិង្សាប្រឆាំងនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាអ៊ីស្លាមដោយពួកយោធាមីយ៉ាន់ម៉ា ជាអំពើប្រល័យពូជសាសន៍និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ នេះបើតាមមន្ត្រីអាមេរិកមួយរូបដែលបានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃអាទិត្យម្សិលមិញហើយត្រូវបានផ្សព្វផ្សាយដោយទីភ្នាក់ងារនេះ។
សហគមន៍ជនជាតិរ៉ូហ៊ីងយ៉ារាប់សែននាក់ដែលភាគច្រើនជាអ្នកកាន់សានាអ៊ីស្លាមនោះ បានរត់គេចចេញពីប្រទេសមីយ៉ាន់ម៉ាដែលភាគច្រើនកាន់ព្រះពុទ្ធសាសនាកាលពីឆ្នាំ២០១៧ ក្រោយការបង្ក្រាបដោយកងកម្លាំងយោធានៅក្នុងប្រទេសនេះ ហើយដែលពេលនេះកំពុងក្លាយជាប្រធានបទនៃករណីអំពើប្រល័យពូជសាសន៍នៅក្នុងតុលាការអន្តរជាតិទីក្រុងឡាអេ នៃប្រទេសហូឡង់។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken មានគម្រោងប្រកាសជាផ្លូវការនូវការសម្រេចចិត្តរបស់អាមេរិកក្នុងការចាត់ទុកការបង្ក្រាបរបស់ពួកយោធាមីយ៉ាន់ម៉ានោះ ថាជាអំពើប្រល័យពូជសាសន៍នៅក្នុងសុន្ទរកថារបស់លោកនៅឯសារមន្ទីរHolocaustក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃចន្ទនេះដែលនៅទីនោះ កំពុងមានការតាំងពិព័រណ៍ស្តីពី «មាគ៌ារបស់ភូមាទៅកាន់អំពើប្រល័យពូជសាសន៍»។
លោកBlinken បាននិយាយកាលពីខែធ្នូឆ្នាំទៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសម៉ាឡេស៊ីថា សហរដ្ឋអាមេរិក កំពុងពិនិត្យមើលដោយហ្មត់ចត់ថាតើការធ្វើបាបជន ជាតិរ៉ូហ៊ីងយ៉ានោះ អាចជាអំពើប្រល័យ«ពូជសាសន៍ដែរ» ឬយ៉ាងណា។
ក្រសួងការបរទេសអាមេរិកកាលពីឆ្នាំ២០១៨ បានចេញផ្សាយរបាយការណ៍មួយដោយបានបញ្ជាក់លម្អិតពីអំពើហិង្សាប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ានៅក្នុងរដ្ឋ Rakhineភាគខាងលិចមីយ៉ាន់ម៉ាថា មានភាពព្រៃផ្សៃធំធេងនិងរីករាលដាលហើយហាក់ដូចជាបំភិតបំភ័យពលរដ្ឋទាំងនោះមានការភិតភ័យនិងបណ្តេញពលរដ្ឋទាំងនោះផងដែរ»។
សមាជិកព្រឹទ្ធសភាអាមេរិកនៃរដ្ឋ Oregon លោក Jeff Merkleyបានបង្ហោះសារលើTwitter កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញបន្ទាប់ពីមានព័ត៌មានស្តីពីគម្រោងចាត់ទុកអំពើហិង្សានោះថាជាអំពើប្រល័យពូជសាសន៍ថា «ខ្ញុំមិនដែលបំភ្លេចរឿងរ៉ាវនៃការឈឺចាប់ដែលខ្ញុំបានឮកាលពីឆ្នាំ២០១៧ពីសមាជិកនៃសហគមន៍ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាក្នុងប្រទេសភូមានិងបង់ក្លាដែសនោះឡើយ។ វាជារឿងរ៉ាវនៃអំពើហិង្សានិងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ»។
ជនជាតិរ៉ូហ៊ីងយ៉ាប្រមាណ៨សែន៥ម៉ឺននាក់កំពុងរស់នៅតាមជំរំនានានៅក្នុងប្រទេសបង់ក្លាដែសដែលនៅជាប់នឹងប្រទេសមីយ៉ាន់ម៉ា បានរ៉ាយរ៉ាប់ពីការកាប់សម្លាប់និងការរំលោភបំពានផ្លូវភេទ ខណៈដែលពលរដ្ឋរ៉ូហ៊ីងយ៉ាប្រមាន៦សែននាក់ផ្សេងទៀតកំពុងស្ថិតនៅក្នុងរដ្ឋ Rakhineក្នុងប្រទេសមីយ៉ាន់ម៉ានៅឡើយដោយពួកគេបានរាយការណ៍ថា មានការគាបសង្កត់កាន់តែច្រើននោះ៕