មន្ត្រីអង្គការសហប្រជាជាតិបានថ្កោលទោសការបង្ក្រាបឥតឈប់ឈររបស់រដ្ឋាភិបាលវៀតណាមទៅលើអ្នកការពារសិទ្ធិមនុស្ស និងអំពាវនាវឲ្យមានការដោះលែងជាបន្ទាន់នូវអ្នកដែលជាប់ពន្ធនាគារទាំងឡាយណាដែលបានអនុវត្តសិទ្ធិរបស់ពួកគេដើម្បីសេរីភាពក្នុងការបញ្ចេញមតិ។
ការិយាល័យឧត្ដមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានសម្ដែងការព្រួយបារម្ភចំពោះការបង្កើនយុទ្ធនាការបង្ក្រាបរបស់វៀតណាមទៅលើអ្នកដែលចោទសួរ ឬរិះគន់ទៅលើគោលនយោបាយរបស់រដ្ឋាភិបាល។ ការិយាល័យអង្គការសហប្រជាជាតិនេះថ្កោលទោសដល់ការកាត់ទោសធ្ងន់ធ្ងរចំពោះអ្នកប្រឆាំងក្រោយពេលមានការកាត់ក្ដីមួយ ដែលធ្វើបង្គ្រប់កិច្ច។
ចំពោះឧបទ្ទវហេតុថ្មីៗនេះ អង្គការសហប្រជាជាតិបានរាយការណ៍កាលពីថ្ងៃអង្គារថា សកម្មជនល្បីឈ្មោះមួយរូប គឺអ្នកស្រី Tran Thi Nga ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ ៩ ឆ្នាំ និងជាប់ឃុំក្នុងគេហដ្ឋាន ៥ ឆ្នាំ ពីបទផ្សព្វផ្សាយនូវអ្វីដែលគេហៅថាការឃោសនាប្រឆាំងនឹងរដ្ឋអំណាច។
អ្នកនាំពាក្យប្រចាំការិយាល័យឧត្ដមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស អ្នកស្រី Liz Throssel បានឲ្យដឹងថា ការកាត់ទោសទៅលើអ្នកស្រី Tran Thi Nga ត្រូវបានគេធ្វើឡើងក្នុងរយៈពេលមិនដល់មួយខែផង បន្ទាប់ពីអ្នកសរសេរប្លុកដ៏លេចធ្លោម្នាក់ដែលគេស្គាល់ថា មាតាផ្សិត ត្រូវបានគេចាប់ដាក់ពន្ធនាគាររយៈពេល ១០ ឆ្នាំ។ អ្នកស្រីនិយាយថា អ្នកសរសេរប្លុកទាំងពីរនាក់ត្រូវបានគេកាត់ទោសក្នុងដំណើរការកាត់ក្ដីដែលមិនមានភាពត្រឹមត្រូវ។
អ្នកស្រី Throssell បាននិយាយថា៖ «ជាង ៦ ខែមកនេះ យ៉ាងហោចណាស់មានសកម្មជនការពារសិទ្ធិមនុស្ស ៧ នាក់ត្រូវបានគេចាប់ខ្លួន និងប្រឈមមុខនឹងការកាត់ទោស ហើយរាប់សិបនាក់ទៀតកំពុងត្រូវបានគេឃុំខ្លួន មិនតែប៉ុណ្ណោះ សកម្មជនពីរនាក់ទៀតត្រូវបានគេនិរទេសខ្លួន ឬបណ្ដេញចេញឲ្យទៅរស់នៅបរទេស។ សកម្មជនជាច្រើននាក់ទៀតត្រូវបានគេបំភិតបំភ័យ រំខាន និងវាយដំយ៉ាងសាហាវឃោឃៅ។ សកម្មជនការពារសិទ្ធិមនុស្សមិនគួរត្រូវបានគេចាត់ទុកជាឧក្រិដ្ឋជន ដែលគំរាមកំហែងដល់សន្តិសុខជាតិនោះទេ»។
អ្នកស្រី Throssell ប្រាប់ VOA ថា ឧត្ដមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស និងក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិនានា បដិសេធចោលទាំងអស់គ្នានូវមាត្រា ៨៨ នៃក្រមព្រហ្មទណ្ឌរបស់វៀតណាម ដែលជាក្រមព្រហ្មទណ្ឌ ដែលកាត់ទោសសកម្មជនការពារសិទ្ធិមនុស្សទាំងអស់នោះ។
អ្នកស្រី Throssell បន្ថែមថា៖ «ពួកគេគ្រប់គ្នាចាត់ទុក បទបញ្ញត្តិទាំងអស់នេះថាមិនច្បាស់លាស់ និងរំលោភបំពានលើច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដែលបានចាត់ទុកការអនុវត្តសិទ្ធិជាមូលដ្ឋាន ដូចជាសេរីភាពក្នុងការបញ្ចេញមតិ ទៅនឹងបទឧក្រិដ្ឋកម្ម»។
អ្នកស្រី Throssell និយាយថា លោកឧត្ដមស្នងការ បានសម្ដែងការព្រួយបារម្ភទៅកាន់អាជ្ញាធរវៀតណាម ប៉ុន្តែមិនទទួលបានការឆ្លើយតបអ្វីឡើយ៕
ប្រែសម្រួលដោយ សឿន វឌ្ឍនា