ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អគ្គលេខាធិការ​អ.ស.ប អំពាវនាវ​ឲ្យ​មាន​កិច្ចប្រឹងប្រែង​ជា​អន្តរជាតិ​រួមគ្នា​ខ្លាំង​ជាង​មុន​ដើម្បី​ប្រយុទ្ធ​នឹង​វីរុស​កូរ៉ូណា


រូបឯកសារ៖ បុគ្គលិក​ថែទាំ​សុខភាព នាំ​អ្នកជម្ងឺ​កូវីដ១៩ ទៅកាន់​មន្ទីរពេទ្យ​នៅ​ទីក្រុង Brno ក្នុង​សាធារណរដ្ឋ​ឆែក កាលពី​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។
រូបឯកសារ៖ បុគ្គលិក​ថែទាំ​សុខភាព នាំ​អ្នកជម្ងឺ​កូវីដ១៩ ទៅកាន់​មន្ទីរពេទ្យ​នៅ​ទីក្រុង Brno ក្នុង​សាធារណរដ្ឋ​ឆែក កាលពី​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។

អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​លោក Antonio Guterres បាន​និយាយ​ថា វា​ពិតជា​គួរឲ្យ​សោក​ស្តាយ​ណាស់​ដែល​ក្រុម​ប្រទេសដែល​មាន​សេដ្ឋកិច្ច​ធំបង្អស់​ចំនួន​ ២០ ក្នុង​ពិភព​លោក ឬ G-20 មិន​បាន​រួមគ្នា​កាលពី​ខែ​មីនា ដែល​នៅ​ពេល​នោះ លោក​ បាន​ស្នើ​ឲ្យ​មាន​ការឆ្លើយតប​ស្របគ្នា​មួយ ដើម្បី​ទប់ទល់នឹង​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​១៩ នៅក្នុង​ប្រទេស​ទាំងអស់។

នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​នឹង​សារព័ត៌មាន Associated Press លោក Guterres បាន​និយាយ​ថា លោក​សង្ឃឹម​ថា ខណៈ​ដែល​កិច្ច​ប្រជុំ​កំពូល G-20 នឹង​ប្រព្រឹត្តិ​ធ្វើឡើង​នៅក្នុង​ខែវិច្ឆិកា​ខាងមុខ​នេះ សហគមន៍​អន្តរជាតិ​គួរតែ​យល់​ហើយ​ថា «ពួកគេ​ត្រូវ​រួបរួម​គ្នា​ជាង​មុន​ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩»។

លោក Guterres បាន​និយាយ​ថា អង្គការ​សហ​ប្រជាជាតិ​នឹង«គាំទ្រ​យ៉ាង​ពេញ​ទំហឹង» ក្នុងការ​ឲ្យ​មាន​ការ​ឆ្លើយ​តប​រួម​គ្នា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺកូវីដ១៩ បន្ថែម​ពី​លើ​ការស្វះស្វែង​ឲ្យ​មាន​ការ​«ធានា»ថា វ៉ាក់សាំង​ដែល​ផលិត​ បាន​ត្រូវ​ចាត់ទុក​ជា​«ទំនិញ​សាធារណៈ​សាកល»​មួយ ហើយ​«មាន​តម្លៃ​សមរម្យ និង​អាច​ទទួល​បាន​គ្រប់គ្នា គ្រប់​ទីកន្លែង»។

អ្នក​ស្រាវជ្រាវ​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក កំពុងតែ​រូតរះ​បង្កើត​វ៉ាក់សាំង​ដែល​មាន​ប្រសិទ្ធិភាព​និង​សុវត្ថិភាព​មួយ​ដើម្បី​ប្រឆាំងនឹង​ជំងឺកូវីដ១៩ ដែល​បាន​សម្លាប់​មនុស្ស​ច្រើន​ជាង​១លាន ១សែន​នាក់នៅ​ជុំវិញ​ពិភពលោក និង​មនុស្ស​ជាង​៤១លាន​នាក់​ធ្លាក់​ខ្លួន​ឈឺ។

ក្នុង​ខណៈ​នេះ​ដែរ ប្រទេស​ដែល​មាន​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ជាង​១លាន​ករណី​នោះ បាន​កើន​ដល់​៧​ប្រទេស ក្នុង​នោះ ប្រទេស​បារាំង​និង​អេស្ប៉ាញ ជា​ប្រទេស​ចុង​ក្រោយ​ដែល​បាន​ឈាន​ដល់​តួលេខ​នេះ។

កាលពី​ថ្ងៃទី​២២ ខែតុលា​កន្លង​ទៅ​នេះ ប្រទេស​បារាំង បាន​ពង្រីក​បំរាម​គោចរ​ដល់​ប្រមាណជា​៦៥ភាគរយ​នៃ​ចំនួន​ប្រជាពលរដ្ឋ​របស់​ខ្លួន ហើយ​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​ប៊ែលហ្ស៊ិក បាន​ឆ្លង​ជំងឺកូវីដ១៩ និង​ត្រូវបាន​ទទួល​ការព្យាបាល​នៅក្នុង​មន្ទីរ​ព្យាបាល​អ្នក​ជំងឺ​កម្រិត​ធ្ងន់ នៅ​ពេល​រលកទី​ពីរ​នៃ​ជំងឺនេះ បាន​រាតត្បាត​ឡើង​វិញ​នៅ​អឺរ៉ុប។

ក៏ប៉ុន្តែ យោង​តាម​ទិន្នន័យ​របស់​មជ្ឈមណ្ឌល​ធនធាន​វីរុស​កូរ៉ូណា​នៃ​សាកល​វិទ្យាល័យ Johns Hopkins បាន​ឲ្យ​ដឹង​ថា សហរដ្ឋ​អាមេរិក​នៅ​តែ​ជា​ប្រទេស​ដែល​មាន​ករណី​ឆ្លង​ខ្ពស់​បំផុត គឺ​ជាង​៨លាន ៤សែន​ករណី បន្ទាប់​មក គឺ​ប្រទេស​ឥណ្ឌា​ដែល​មាន​ប្រមាណជា​៧លាន ៧សែន ៦ម៉ឺន​ករណី ប្រេស៊ីល​៥លាន ៣សែន ២​ម៉ឺន​ករណី រុស្ស៊ី ១លាន ៤សែន ៥ម៉ឺន​ករណី និង​អាហ្សង់ទីន​ប្រមាណជា១ លាន ៥ម៉ឺនករណី។ ប្រទេស​បារាំង​ស្ថិត​ក្នុង​លេខរៀង​ទី​៦ ដែល​មាន​ប្រមាណជា ១លាន ៤ម៉ឺន​ករណី និង​អេស្ប៉ាញ​មាន​ប្រមាណជា ១លាន ២ម៉ឺន​ករណី។

មជ្ឈមណ្ឌល​គ្រប់គ្រង ​និង​បង្ការ​ជំងឺ​របស់​សហរដ្ឋ​អាមេរិក CDC ​បាន​កែតម្រូវ​និយម​ន័យ​នៃ​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​នឹង​មនុស្ស​ណាម្នាក់​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ​១៩។

មជ្ឈមណ្ឌល CDC នេះ ពី​មុន​បាន​សម្រេច​ថា ទំនាក់ទំនង​ជិតស្និទ្ធ គឺ​ការ​ចំណាយពេល​១៥នាទី​ជាប់​គ្នា​ក្នុង​ចម្ងាយ​២ម៉ែត្រ​ជាមួយ​នឹង​មនុស្ស​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ១៩​ម្នាក់។ ការកែតម្រូវ​នោះ ត្រូវ​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី២១ ខែតុលា ហើយ​ឥឡូវនេះ និយមន័យ​នៃ​ទំនាក់ទំនង​ជិតស្និទ្ធ គឺ​មនុស្ស​ម្នាក់​បាន​ចំណាយ​ពេល​សរុប​១៥នាទី ដែល​ចំនួន​នាទី​ត្រូវ​បូក​បន្ត​គ្នា​ក្នុង​រយៈពេល​២៤​ម៉ោង។

ការផ្លាស់ប្តូរ​និយមន័យ​ដែល​ធ្វើឡើង​ដោយ​មជ្ឈមណ្ឌល CDC នេះ បាន​ធ្វើ​ឡើង​ភ្លាមៗ​ បន្ទាប់​ពី​មាន​សេចក្តី​រាយការណ៍​មួយ ស្តីពី​មន្ត្រី​ក្នុង​ពន្ធនាគារ​ម្នាក់​នៅ​រដ្ឋ Vermont ភាគឦសាន​ក្នុង​សហរដ្ឋ​អាមេរិក បាន​ឆ្លង​ជំងឺ​កូវីដ​១៩​ ដោយសារ​មន្រ្តីនោះ មាន​ទំនាក់ទំនង​ក្នុងរយៈពេល​ខ្លីៗ​ជាមួយ​អ្នក​ទោស​ជាង​២០​ដង ហើយ​បន្ទាប់​មក​ធ្វើតេស្ត​រក​វីរុស​កូរូណា​ឃើញ​លទ្ធផល​វិជ្ជមាន។ ទំនាក់ទំនងក្នុង​រយៈពេល​ខ្លីៗ​រវាង​មន្រ្តី និង​អ្នក​ទោស​ទាំង​នោះ មាន​រយៈ​ពេល​សរុប​ប្រមាណ​ជា​១៧នាទី៕

ប្រែសម្រួល​ដោយ​កញ្ញា ទុំ ម្លិះ

XS
SM
MD
LG