ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

និយតករ​អាមេរិក​​ថា ​ឱសថ​សាក​ល្បង​មួយ​​​​​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ​១៩ ​​​មិន​មាន​ប្រសិទ្ធភាព​ទេ


រូបឯកសារ៖ អ្នកស្រាវជ្រាវ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ Eli Lily រៀបចំ​កោសិកា​សម្រាប់​ផលិត​អង់ទីករ​ការពារ​ជំងឺ​កូវីដ១៩ ដើម្បី​ធ្វើ​តេស្ត​នៅ​ក្នុង​មន្ទីរពិសោធន៍​មួយ​នៅ​ទីក្រុង Indianapolis សហរដ្ឋអាមេរិក ខែឧសភា ឆ្នាំ២០២០។

អ្នក​ស្រាវជ្រាវ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​លើក​ឡើង​ថា​ ឱសថសាក​ល្បង​ព្យាបាលជំងឺ​កូវីដ​១៩​ មួយ​ប្រភេទ មិនមាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​អ្នក​ជំងឺដែល​កំពុងសម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ ដែល​ស្ថិត​ក្នុង​ដំណាក់កាល​ធ្ងន់ធ្ងរ​ក្រោយ​ឆ្លង​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​នោះ។​

វិទ្យាស្ថានជាតិ​ផ្នែក​អាឡែកស៊ី​និងជំងឺឆ្លង​របស់​អាមេរិក​ បាន​ចេញ​នូវ​សេចក្តីថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​ចន្ទ​ ដោយ​និយាយ​ថា​ ខ្លួន​នឹងបញ្ឈប់​ការ​ជ្រើស​រើស​អ្នក​ជំងឺ​ថ្មីៗ​ ដើម្បី​ចូលរួមទទួល​ការ​ព្យាបាល​ដោយ​ឱសថ​សាក​ល្បង​នេះ​ ដែល​មាន​ឈ្មោះ​ថា ​bamlanivimab។​

ឱសថ​នេះ​ ត្រូវ​បាន​ស្រាវជ្រាវ​ និង​ផលិត​ដោយ​ក្រុមហ៊ុន​ឱសថអាមេរិក​ឈ្មោះ​ Eli Lilly និង​ក្រុមហ៊ុន​ជីវបច្ចេកវិទ្យា​ AbCellera ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​កាណាដា​ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ព្យាបាល​ដោយ​ប្រើ​អង់ទីគ័រ​កោសិកា​តែ​មួយ​ឬ​ monoclonal antibodies ក្នុង​ការជួយ​បង្កើន​កោសិកា​ប្រឆាំង​មេរោគ ដែល​អ្នក​វិទ្យាសាស្រ្ត​សង្ឃឹម​ថា អាចប្រយុទ្ធ​ប្រឆាំង​ត​ទល់​នឹង​វីរុសក្នុងសារពាង្គកាយ​មនុស្សបាន។​ ឱសថ​នេះ​មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​ឱសថ​ដែល​គេ​ព្យាបាល​លោក​ប្រធានាធិបតី Donald Trump ពេល​លោក​ឆ្លង​ជំងឺ​កូវីដ​១៩ កាល​ពី​ដើម​ខែ​តុលា​នេះ​ដែរ។​

ការ​ព្យាបាល​សាកល្បង​លើ​ឱសថ​នេះ​ ត្រូវ​បាន​ក្រុម​អ្នក​ត្រួត​ពិនិត្យ​ឯករាជ្យផ្អាក​ជា​បណ្តោះ​អាសន្នកាល​ពី​ដើម​ខែ​តុលានេះ ដោយបារម្ភ​ពី​បញ្ហា​សុវត្ថិភាព​នៃ​ឱសថ​នេះ។ ការ​សិក្សា​សាក​ល្បង​នេះ​បាន​ចាប់​ធ្វើ​ក្នុង​ខែ​សីហា ដោយ​មាន​បំណង​សាកល្បង​លើ​អ្នក​ជំងឺ​កូវីដ​១៩​ ចំនួន ​១០.០០០​ នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ក្នុង​សហរដ្ឋ​អាមេរិក។

នៅ​ពេល​នេះ​សហរដ្ឋ​អាមេរិក​កំពុង​ជួប​ប្រទះ​នូវ​ការ​កើន​ឡើងយ៉ាង​ខ្លាំង​នៃ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ១៩ ដោយ​ទិន្នន័យ​ពី​សាកលវិទ្យាល័យ Johns Hopkins បង្ហាញ​ថា គ្រាន់​តែ​ថ្ងៃ​ច័ន្ទ​មាន​ករណី​ឆ្លង​ថ្មី​ចំនួន ​៦៦.០០០ ​ករណី​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក ហើយ​ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ទី​ក្រុង​និង​រដ្ឋ​មួយ​ចំនួន​ឈាន​ដល់​ចំណុច​អាសន្ន​ថ្មី​មួយ៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG