និយ័តករនៃរដ្ឋបាលស្បៀងអាហារនិងឱសថសហរដ្ឋអាមេរិកហៅកាត់ថា FDA បានយល់ព្រមជាលើកដំបូងឲ្យប្រើឱសថRemdesivir ដើម្បីព្យាបាលជំងឺកូវីដ១៩។ Remdesivir ជាប្រភេទឱសថចាក់តាមស៊ីរ៉ូម។
ក្រុមហ៊ុន Gilead Science ដែលផលិតឱសថនោះ បានបញ្ជាក់នៅថ្ងៃព្រហស្បត៍ថា ឱសថនោះ បានត្រូវយល់ព្រមឲ្យប្រើប្រាស់សម្រាប់មនុស្សដែលមានអាយុចាប់ពី១២ឆ្នាំឡើង ដែលត្រូវចូលមន្ទីរពេទ្យដោយសារការឆ្លងវីរុសកូរ៉ូណា។ ចំពោះអ្នកជំងឺដែលមានអាយុតិចជាង១២ឆ្នាំ ទីភ្នាក់ងារFDA នៅតែអនុញ្ញាតឲ្យប្រើក្នុងគ្រាមានភាពបន្ទាន់ ដូចការណែនាំពីពេលមុនកន្លងមក។
ក្រុមហ៊ុននេះ ហៅឱសថនោះថា Veklury។ ការសិក្សាដ៏ធំមួយក្នុងសហរដ្ឋអាមេរិក រកឃើញថា ថ្នាំនេះកាត់បន្ថយពេលវេលាក្នុងការជាសះស្បើយឡើងវិញចំនួន៥ថ្ងៃ គឺពីចំនួន១៥ថ្ងៃមកនៅត្រឹម១០ថ្ងៃជាមធ្យម។
ថ្នាំនេះរារាំងមិនឲ្យវីរុសកូរ៉ូណាបង្កើនចំនួនក្នុងខ្លួនមនុស្សបាន។ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ក៏បានប្រើប្រាស់ថ្នាំនេះដែរ នៅពេលដែលលោកបានឆ្លងជំងឺកូវីដ១៩ កាលពីដើមខែតុលា៕