ជីវិតរស់នៅក្នុងតំបន់ជាច្រើនក្នុងប្រទេសអូស្ត្រាលី ចាប់ផ្តើមស្រដៀងទៅនឹងស្ថានភាពមុនពេលកើតមានជំងឺកូវីដ១៩ វិញហើយ។
កាលពីថ្ងៃទី២៣ តុលា ការរឹតត្បិតពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ត្រូវបានបន្ធូរបន្ថយនៅរដ្ឋ New South Wales។ កន្លែងទីសក្ការៈបូជា បានអនុញ្ញាតឲ្យមនុស្សចូលរហូតដល់ ៣០០នាក់ ខណៈកន្លែងហាត់ប្រាណ ក៏បានអនុញ្ញាតឲ្យមនុស្សចូលច្រើនជាងមុនផងដែរ។ អ្នកគាំទ្រចំនួនជិត៤ម៉ឺននាក់ បានចូលរួមទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រកីឡាបាល់ឱប (National Rugby League) នៅក្រុងស៊ីដនី កាលពីថ្ងៃទី២៥ ខែតុលា។
នាពេលបច្ចុប្បន្ន នៅទូទាំងប្រទេសអូស្ត្រាលី ដែលមានប្រជាជនសរុប ២៥លាននាក់ មានក្តីសង្ឃឹមបែបប្រយ័ត្នប្រយែងមួយដែលថា យ៉ាងហោចណាស់សម្រាប់ពេលនេះវីរុសកូរ៉ូណា អាចត្រូវគ្រប់គ្រងបាន។ គិតត្រឹមចុងខែតុលា នៅអូស្ត្រាលី មានករណីឆ្លងជំងឺកូវីដ១៩ ជាង២៧.៥០០ និងករណីស្លាប់ប្រមាណ ៩០០នាក់ ត្រូវបានកត់ត្រាទុក ចាប់តាំងពីករណីឆ្លងជំងឺកូវីដ១៩ ត្រូវបានកំណត់ឃើញលើកដំបូងកាលពីចុងខែមករា។ ហើយគេបានធ្វើតេស្តទៅលើមនុស្សចំនួនជាង ៨,៥ លាននាក់។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលអូស្ត្រាលីលោក Greg Hunt និយាយថា ការបិទព្រំដែនរបស់អូស្ត្រាលី មិនឲ្យអ្នកដំណើរពីក្រៅប្រទេសចូល កាលពីខែមីនា ក៏បានដើរតួយ៉ាងសំខាន់ផងដែរ នៅក្នុងការគ្រប់គ្រងការឆ្លងជំងឺកូវីដ១៩។
លោក Hunt បានថ្លែងថា៖ «អ្វីដែលយើងបានឃើញ គឹថា នៅទូទាំងប្រទេស យើងធ្វើបានយ៉ាងល្អអស្ចារ្យ ហើយវិធានការការពារចម្បងចំនួនបួនរួមមាន ការការពារតាមព្រំដែនអន្តរជាតិរបស់យើង ការធ្វើតេស្ត ដែលមានលក្ខណៈល្អដូចៗគ្នានៅតាមរដ្ឋ និងតំបន់ផ្សេងៗ ការតាមដានកំណត់ ដែលទទួលបានលទ្ធផលយ៉ាងល្អប្រពៃ ដោយរដ្ឋ New South Wales ឈានដល់ទទួលបានបទដ្ឋានកម្រិតខ្ពស់។ រដ្ឋ Victoria ធ្លាប់មានបញ្ហាប្រឈមធ្ងន់ធ្ងរ ប៉ុន្តែស្ថានភាព កំពុងតែមានភាពប្រសើរជាងមុន ហើយខ្ញុំគិតថា នេះគឺជា សារដ៏សំខាន់មួយ និងចុងក្រោយគឺ ការរក្សាគម្លាតពីគ្នា»។
ការធ្វើដំណើរជាអន្តរជាតិចេញនិងចូលប្រទេសអូស្ត្រាលី ត្រូវបានគេរំពឹងថា នឹងនៅតែត្រូវបានរឹតត្បិតរហូតដល់ឆ្នាំក្រោយ សូម្បីតែការធ្វើដំណើរដែលចាត់ទុកថា ស្ថិតក្នុងលក្ខខណ្ឌសុវត្ថិភាព បានអនុញ្ញាតឲ្យពលរដ្ឋណូវែលសេឡង់ធ្វើដំណើរតាមជើងយន្តហោះទៅកាន់រដ្ឋ New South Wales និងតំបន់ភាគខាងជើងប្រទេសអូស្ត្រាលីនោះក៏ដោយ។
ពលរដ្ឋអូស្ត្រាលីមួយចំនួន កំពុងតាមដានស្ថានការណ៍ដោយសឹងតែមិនជឿ និងព្រួយបារម្ភពីសាច់ញាតិ និងមិត្តភក្តិ ខណៈដែលករណីឆ្លងវីរុសកូរ៉ូណា បានកើនឡើងសាជាថ្មីនៅតំបន់ដទៃទៀតនៅលើពិភពលោក។
អ្នកស្រី Raina McIntyre សាស្ត្រាចារ្យផ្នែកសន្តិសុខជីវៈនៅវិទ្យាស្ថាន Kirby នៃសាកលវិទ្យាល័យ New South Wales និយាយថា ស្ថានភាពពាក់ព័ន្ធនឹងជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស គឺគួរឲ្យខ្លាច។
អ្នកស្រី McIntyre ថ្លែងថា៖ «វាពិតជារឿងគួរឲ្យរន្ធត់ណាស់។ នៅពេលដែលយើងគិតពីការរាតត្បាតជំងឺជាសាកល យើងមិនបានគិតថា ប្រទេសសម្បូរទៅដោយធនធាន និងមានចំណូលខ្ពស់ អាចចុះដុនដាបដូចនេះ នោះទេ។ ប៉ុន្តែនេះជារឿងពិតដែលពួកយើងបានឃើញ»។
វិធានការបិទសកម្មភាពសេដ្ឋកិច្ចនៅទីក្រុង Melbourne ដែលជាវិធានការដ៏តឹងរ៉ឹងជាងគេបង្អស់មួយនៅលើពិភពលោក អាចត្រូវបន្ធូរបន្ថយក្នុងពេលឆាប់ៗនេះ ខណៈការឆ្លងជំងឺកូវីដ១៩ ត្រូវបានរាយការណ៍ថា បានបន្តធ្លាក់ចុះ។ រដ្ឋ Victoria ធ្លាប់ជាកន្លែងប្រកាសអាសន្នជំងឺកូវីដ១៩ ធំជាងគេមួយនៅប្រទេសអូស្ត្រាលី ប៉ុន្តែអាជ្ញាធរបានសង្ឃឹមថា បទបញ្ជាតឹងរ៉ឹងឲ្យស្នាក់នៅផ្ទះ និងវិធានការដទៃទៀត ដែលត្រូវបានអនុវត្តអស់រយៈពេលជាង ១០០ថ្ងៃ នឹងមានប្រសិទ្ធភាព។
យ៉ាងណាក្តី ករណីឆ្លងជំងឺកូវីដ១៩ ថ្មីមួយចំនួន នៅតែបង្កឲ្យមានការភ្ញាក់ផ្អើល។ មន្ត្រីសុខាភិបាល បានផ្ញើសារតាមទូរស័ព្ទទៅកាន់មនុស្សប្រហែល ១សែន ៤ម៉ឺននាក់ ដែលរស់នៅតំបន់ជាយទីក្រុង Melbourne ដោយជំរុញឲ្យពួកគេទៅធ្វើតេស្តរកជំងឺកូវីដ១៩ បន្ទាប់ពីសិស្សម្នាក់ បានទៅរៀន ទាំងកើតជំងឺកូវីដ១៩។
មន្ត្រីអូស្ត្រាលីយល់ស្របថា ទោះបីជាវីរុសកូរ៉ូណា អាចគ្រប់គ្រងបានមួយភាគធំក៏ដោយ ជោគជ័យពិតប្រាកដគឺ លុះត្រាតែវ៉ាក់សាំងប្រកបដោយសុវត្ថិភាព និងទុកចិត្តបាន មានសម្រាប់គ្រប់គ្នា៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្ត្របញ្ញា