ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

សន្និបាត​អ.ស.ប.​បោះឆ្នោត​ព្យួរ​សមាជិកភាព​រុស្ស៊ី​ពី​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស


ការបង្ហាញឈ្មោះ​ប្រទេស​ដែល​ចូលរួម​ក្នុង​ការបោះឆ្នោត​ស្តីពី​ការព្យួរ​សមាជិកភាព​រុស្ស៊ី​ពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អ.ស.ប. ក្នុង​អំឡុងពេល​សន្និបាត​អ.ស.ប. ស្តីពី​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​នៅ​ទីស្នាក់ការ​អ.ស.ប. ក្នុង​ទីក្រុង New York នៅ​ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២។

សន្និបាត​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​បោះឆ្នោត​សម្រេច​ព្យួរ​សមាជិកភាព​របស់​រុស្ស៊ីពី​ស្ថាប័ន​សិទ្ធិ​មនុស្ស​ចម្បង​របស់​ខ្លួន ដោយសារ​មាន​របាយការណ៍​ចោទ​ប្រកាន់​អំពី​ការរំលោភ​សិទ្ធិ​មនុស្ស​ដ៏​ធ្ងន់ធ្ងរ​ដោយ​កងទ័ព​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ហើយ​ដែល​ទាំង​សហរដ្ឋ​អាមេរិក​និង​អ៊ុយក្រែន​បាន​ហៅ​ថា ស្មើ​នឹង​ឧក្រិដ្ឋកម្ម​សង្គ្រាម។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន AP។

លទ្ធផល​នៃ​ការបោះឆ្នោត​នេះ​គឺ ៩៣​សំឡេង​គាំទ្រ ទល់​នឹង​២៤​សំឡេង​ប្រឆាំង និង​៥៨​សំឡេង​អនុប្បវាទ ដែល​ជា​លទ្ធផល​សំឡេង​តិច​ជាងការបោះឆ្នោត​ពីរ​លើក​មុន​របស់​សន្និបាត​នេះ ទៅ​លើ​សេចក្តី​សម្រេច​ពីរ​កាលពី​ខែមុន ដែល​ទាមទារ​ឱ្យ​មាន​បទ​ឈប់​បាញ់​នៅ​អ៊ុយក្រែន ការដក​ទ័ព​រុស្ស៊ី​ចេញ​ទាំងអស់ និង​ការការពារ​ជន​ស៊ីវិល។ សេចក្តី​សម្រេច​ទាំង​ពីរ​មុន​នោះ​ត្រូវ​បាន​បោះឆ្នោត​គាំទ្រ​ដោយ​សំឡេង​យ៉ាង​តិច​១៤០​ប្រទេស។

រុស្ស៊ី​បាន​ក្លាយ​ជា​ប្រទេស​ទី​២​ ដែល​សមាជិកភាព​របស់​ខ្លួន​ត្រូវ​បាន​ដក​ចេញ​ពី​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អ.ស.ប.​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០០៦។ នៅ​ឆ្នាំ​២០១១ សន្និបាត​អ.ស.ប. បាន​ព្យួរ​សមាជិកភាព​របស់​ប្រទេស​លីបី នៅ​ពេល​ដែល​មាន​ចលាចល​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​នៅ​ភាគ​ខាង​ជើង​នៃ​ទ្វីប​អាហ្វ្រិក​មួយ​នេះ ដែល​បាន​នាំ​ឱ្យ​មាន​ការ​ផ្តួល​រំលំ​មេដឹកនាំ​ផ្តាច់ការ​យូរ​អង្វែង Moammar Gadhafi។

ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​អ.ស.ប. លោកស្រី Linda Thomas-Greenfield ជា​អ្នក​ផ្តួចផ្តើម​យុទ្ធនាការ​បោះឆ្នោត​ដក​រុស្ស៊ី​ពី​អាសនៈ​របស់​ខ្លួន​នៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ដែល​មាន​៤៧​អាសនៈ​នេះ ក្រោយ​ពី​មាន​លេច​ឡើង​នូវ​រូបភាព​ពី​វីដេអូ​និង​រូបថត​នៅ​ពី​ដង​ផ្លូវ​នៃ​ទីក្រុងBucha ដែល​ពោរពេញ​ដោយ​សាកសព​ដែល​ទំនង​ជា​សាកសព​ជន​ស៊ីវិល​ក្រោយ​ពី​ទាហាន​រុស្ស៊ី​បាន​ដក​ថយ​វិញ​នោះ។ ការ​សម្លាប់​ទាំង​នេះ​បាន​នាំ​ឱ្យ​មាន​ការ​ខឹងសម្បា​នៅ​ជុំវិញ​ពិភពលោក និង​ជំរុញ​ឱ្យ​មាន​ការ​បន្តឹង​ទណ្ឌកម្ម​ថែម​ទៀត​ទៅ​លើ​រុស្ស៊ី ដែល​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ថា ខ្លួន​មិន​បាន​ប្រព្រឹត្ត​អំពើទាំង​នោះ​ទេ។

ដោយ​ឡែក​ នៅ​ក្នុង​ការ​បោះឆ្នោត​នេះ ​ប្រទេស​កម្ពុជា​បាន​បោះឆ្នោត​អនុបវាទ​ចំពោះ​ការ​ដក​សមាជិកភាព​របស់​រុស្ស៊ី​ពី​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្តី​រាយការណ៍​នេះ​ មាន​ប្រភព​ពី​វីអូអេ​ខេមរភាសា។​

XS
SM
MD
LG