ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

របៀបវារៈ​សម្រាប់​ការ​ពិភាក្សា​​របស់​អង្គការ​​អូតង់​ស្តីពី​​អ៊ុយក្រែន​គឺ​បញ្ហា​«អាវុធ»


ទាហានអ៊ុយក្រែនម្នាក់ដើរកាត់រថក្រោះរបស់ទាហានរុស្ស៊ីដែលត្រូវបានបំផ្លាញនៅក្រុង Bucha ជាយរដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន ថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២២។

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​លោក Dmytro Kuleba នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ច្រានចោល​ភាព​ស្ទាក់ស្ទើរ​របស់​ប្រទេស​ខ្លះដើម្បី​ធ្វើ​ទៅតាម​សំណើរបស់​អ៊ុយក្រែន​ដែល​បាន​ស្នើ​សុំ​អាវុធ​ ដោយ​សារ​តែ​ពួក​គេ​ភ័យខ្លាចពី​ការធ្លាក់ចូល​ទៅក្នុង​ជម្លោះ​ជាមួយ​រុស្ស៊ី ដោយ​លោក​បាន​និយាយ​ថា​ ការផ្តល់ឲ្យ​អ៊ុយក្រែន​នូវ​អ្វី​ដែល​អ៊ុយក្រែន​ត្រូវការ​នោះ​ គឺ​អ៊ុយក្រែន​ទេ​ជា​អ្នកធ្វើ​ការប្រយុទ្ធ​ដោយ​ខ្លួន​ឯង​នោះ​ ដោយ​គ្មាន​អ្នក​ណា​នោះ​ឡើយ។

លោក Kuleba និយាយ​ថា៖ «ខ្ញុំ​គិត​ថា ការស្នើសុំ​របស់​អ៊ុយក្រែននោះ​ជា​ការត្រឹមត្រូវ​ ពី​ព្រោះ​អ្នក​ជា​អ្នក​ផ្តល់​អាវុធ​ឲ្យ​យើង ហើយ​យើងជា​អ្នក​លះបង់​អាយុ​ជីវិតផ្ទាល់​ខ្លួន​ ហើយ​សង្គ្រាម​នេះកំពុង​ត្រូវ​បាន​រាំងខ្ទប់​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន»។

លោក​បាន​ថ្លែង​នៅ​ក្នុង​ទីក្រុង​ព្រុចសែលប្រទេស​បែលហ្ស៊ិក​ជាមួយ​អគ្គលេខាធិការ​អង្គការ​អូតង់​លោក Jens Stoltenberg មុន​ជំនួប​របស់ក្រុម​រដ្ឋមន្ត្រី​ការបរទេស​អង្គការ​អូតង់នៅ​ទី​នោះ។ លោក Stoltenberg បាន​និយាយ​ថា សម្ពន្ធមិត្ត​នឹង​ដោះស្រាយ​តម្រូវការ​របស់​អ៊ុយក្រែន​ចំពោះ​ប្រព័ន្ធ​ការពារ​ដែន​អាកាស អាវុធ​ប្រឆាំង​រថក្រោះ​និង​ការជួយ​ឧបត្ថម្ភ​ផ្សេងៗទៀត។

លោក Kuleba បាន​ស្វាគមន៍​ការដាក់​ទណ្ឌកម្ម​របស់​ប្រទេស​លោក​ខាង​លិច​ប្រឆាំង​នឹង​រុស្ស៊ី ក៏ប៉ុន្តែ បាន​អំពាវនាវ​ឲ្យ​បង្កើន​វិធានការ​នានា រួមទាំង​ការដាក់​ទណ្ឌកម្ម​ទាំង​ស្រុង​លើ​ប្រេង​និង​ឧស្ម័ន​រុស្ស៊ី បិទខ្ទប់​ធនាគារ​ទាំង​អស់​របស់​រុស្ស៊ី​ពី​ប្រព័ន្ធ​ធនាគារ SWIFT ហើយ​នឹង​បិទ​កំពង់ផែ​នានា​សម្រាប់​កប៉ាល់​និង​ទំនិញ​រុស្ស៊ី​ផង​ដែរ។

សហរដ្ឋ​អាមេរិក​និង​សម្ពន្ធមិត្ត​របស់​ខ្លួន បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា ពួកគេ បាន​«ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី​និងតឹងរ៉ឹង​ភ្លាមៗ»ប្រឆាំង​នឹង​រុស្ស៊ី ដោយ​ហាមឃាត់​ការវិនិយោគ ទុន​ទាំង​អស់នៅ​ក្នុង​ប្រទេស​រុស្ស៊ី បិទខ្ទប់​ទាំង​ស្រុង​ស្ថាប័ន​ហិរញ្ញវត្ថុ​ធំៗ​របស់​ប្រទេស​នេះ​ហើយ​ដាក់គោលដៅ​ទៅ​លើ​ទ្រព្យសម្បត្តិ​ដែល​កាន់កាប់​ដោយ​កូនចៅ​របស់​ប្រធានាធិបតី Vladimir Putinផង​ដែរ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា៖ «រួម​ជាមួយ​សម្ពន្ធមិត្ត​និង​ដៃគូ​របស់​យើង យើង​នឹង​បន្ត​បង្កើន​ការ​ខូចខាត​និង​ការឈឺចាប់​ដល់​លោក Putin ហើយ​នឹង​បន្ត​បង្កើន​ដល់​ភាពឯកោ​ខាង​សេដ្ឋកិច្ច​របស់​រុស្ស៊ី»។

បើតាម​សេតវិមាន វិធានការ​ថ្មីៗនេះ ជា​ការផ្តន្ទាទោស​ចំពោះ​អំពើ​ព្រៃផ្សៃ​ប្រឆាំង​ជនស៊ីវិល​ដែល​ត្រូវ​បាន​ចោទប្រកាន់​ថា បាន​ធ្វើ​ឡើង​ដោយ​កងទ័ព​រុស្ស៊ី​ដែល​ត្រូវ​បាន​រកឃើញ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​នៅ​ក្នុង​ទីក្រុង Bucha នោះ។

លោក​ប្រធានាធិបតី Biden បាន​មាន​ប្រសាសន៍​ថា រូបភាព​ដ៏​រន្ធត់​ពី​ទីក្រុង Bucha ជា​ទីកន្លែង​ដែល​ជនស៊ីវិល​ស្លាប់​នៅ​តាម​ផ្លូវ បាន​បន្សល់​ទុក​នូវ​ទិដ្ឋភាព​ព្រៃផ្សៃ​និង​អមនុស្សធម៌​សម្រាប់​ពិភពលោក​នៅពេល​ដែល​លោក​ប្រធានាធិបតី បាន​សង្កត់​លើ​វិធានការ​របស់​រដ្ឋបាល​លោក​ដើម្បី​ដាក់​ទោស​ទៅ​លើ​អ្នក​ទទួល​ខុសត្រូវ។ រុស្ស៊ីបាន​ច្រានចោល​ពី​ការសម្លាប់​ជន​ស៊ីវិល​នៅ​ក្នុង​ទីក្រុង Bucha៕

អ្នក​យកព័ត៌មាន​របស់​វីអូអេ​អ្នក​ស្រី Patsy Widakuswara និង​លោក Masood Farivar ផ្តល់​សេចក្តីរាយការណ៍​នេះ។

XS
SM
MD
LG