ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

មន្ត្រី​យោធា​ជាន់​ខ្ពស់​អាមេរិក​ថា សង្គ្រាម​អ៊ុយក្រែន​ទំនង​អាច​ជា​មាន​រយៈពេល​ច្រើន​ឆ្នាំ


ប្រធាន​អគ្គសេនាធិការ​ចម្រុះ​កងទ័ព​អាមេរិក​​លោក​ឧត្តមសេនីយ​ Mark Milley ក្នុង​អំឡុង​ពេល​ផ្តល់​សក្ខីកម្ម​នៅ​​ចំពោះ​មុខ​គណៈកម្មាធិការ​​​សេវាយោធា​​នៃ​រដ្ឋសភា​អាមេរិក​នៅ​ថ្ងៃ​អង្គារ​ទី​៥ ខែ​មេសា ឆ្នាំ​២០២២។ (AP)

មន្ត្រី​យោធា​ជាន់​ខ្ពស់​អាមេរិក​មួយ​រូប​បាន​ព្រមាន​ថា សង្គ្រាម​ក្នុង​ប្រទេស​អ៊ុយក្រែន​ទំនង​អាច​មាន​រយៈពេល​ច្រើន​ឆ្នាំ​ ​ហើយ​លោក​បង្ហាញ​ពី​ក្តី​បារម្ភ​ថា ពិភពលោក​នឹង​មាន​អសិ្ថរភាព​បន្ថែម​ទៀត ហើយ​ជម្លោះ​អន្តរជាតិ​ដ៏សំខាន់​មួយ​រវាង​ប្រទេស​មហាអំណាច​ កំពុង​កើន​ឡើង។

ក្នុង​អំឡុង​ពេល​ផ្តល់​សក្ខីកម្ម​នៅចំពោះ​មុខ​គណៈកម្មាធិការ​សេវាយោធានៃ​រដ្ឋសភា​អាមេរិក​នៅ​ថ្ងៃ​អង្គារ​ម្សិល​មិញ ប្រធាន​អគ្គសេនាធិការ​ចម្រុះ​កងទ័ព​អាមេរិកលោក​ឧត្តមសេនីយ​ Mark Milley បាន​ហៅការឈ្លានពាន​របស់​រុស្ស៊ី​ទៅ​លើ​អ៊ុយក្រែន​ថា ជាការគំរាម​កំហែង​ដ៏​ខ្លាំង​មួយ​ដល់​សន្តិភាព​និងសន្តិសុខ​របស់​សហភាព​អឺរ៉ុប ហើយ​អាច​ប្រហែល​ដល់​ពិភពលោក​ទាំង​មូល​ផង​ដែរ ដែល​លោក​បាន​ឃើញក្នុង​រយៈ​ពេល​៤២​ឆ្នាំនៃ​អាជីព​ការងារ​របស់​លោកក្នុង​ជួរកងទ័ព​អាមេរិក​នោះ»។

លោក​បាន​និយាយសំដៅ​លើ​ការគំរាម​កំហែង​ផ្នែក​កងទ័ពដ៏​មាន​សក្តានុពល​របស់​ប្រទេស ពីរ​ចំពោះ​អាមេរិក​ថា៖ «សហរដ្ឋ​អាមេរិក​ កំពុង​ស្ថិត​ក្នុងចំណុច​ដ៏​សំខាន់​មួយ​និងចំណុច​របត់​នៃយុទ្ធសាស្ត្រ​ភូមិសាស្ត្រ​ជា​ប្រវត្តិសាស្ត្រ​មួយ។ យើង​ត្រូវ​អនុវត្ត​នូវយុទ្ធសាស្ត្រ​ដ៏ជាក់​ច្បាស់​ដោយ​រក្សា​សន្តិភាព​ជា​មួយ​នឹង​សមត្ថភាព​ប្រាកដនិយម​ជា​មួយ​ចិន​និង​រុស្ស៊ី»។

នៅ​ពេល​សួរដោយ​សមាជិក​រដ្ឋសភា​អាមេរិក​ថា តើ​អ្វី​ដែល​អាច​បញ្ឈប់​ប្រធានាធិបតី​រុស្ស៊ី​ លោកVladimir Putin កុំ​ឲ្យ​វាយ​ប្រហារ​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​នោះ ឧត្តមសេនីយយោធា​អាមេរិក​រូប​នេះ​និយាយ​ថា ការការពារតែ​មួយ​គត់​ដែល​អាច​មាន​នោះ​គឺការដាក់​កម្លាំង​យោធា​អាមេរិកនៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ​ដែល​នេះ​ជា​រឿង​មួយ​ដែល​លោក​ថាមិន​ត្រូវ​ធ្វើ​នោះ​ទេ​ ព្រោះវា​នឹងអាច​នាំ​ឲ្យជម្លោះ​ប្រដាប់​អាវុធ​មួយនឹង​ប្រទេស​រុស្ស៊ី។

រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក Lloyd Austin ក្នុង​អំឡុង​ពេល​ផ្តល់​សក្ខីកម្ម​នៅចំពោះ​មុខ​គណៈកម្មាធិការ​សេវាយោធានៃ​រដ្ឋសភា​អាមេរិក​នៅ​ថ្ងៃ​អង្គារ​ទី​៥ ខែ​មេសា ឆ្នាំ​២០២២។ (AP)
រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក Lloyd Austin ក្នុង​អំឡុង​ពេល​ផ្តល់​សក្ខីកម្ម​នៅចំពោះ​មុខ​គណៈកម្មាធិការ​សេវាយោធានៃ​រដ្ឋសភា​អាមេរិក​នៅ​ថ្ងៃ​អង្គារ​ទី​៥ ខែ​មេសា ឆ្នាំ​២០២២។ (AP)

ចំណែក​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក Lloyd Austin បាន​និយាយ​ថា ការទាមទារ​របស់រុស្ស៊ី​ដែល​ក្នុង​នោះ​រួម​មាន​ការ​ហាមប្រាម​អ៊ុយក្រែន​មិន​ឲ្យ​ចូល​ជា​សមាជិករបស់​អង្គការ​អូតង់​និង​ការដាក់​កម្រិតការពង្រាយ​កម្លាំង​និងអាវុធ​យុទ្ធភ័ណ្ឌ​របស់​អង្គការ​អូតង់នៅ​តំបន់​អឺរ៉ុប​ខាង​កើត​ ​មិន​អាច​ទទួល​យក​បាន​ឡើយ។

លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​រូប​នេះ​និង​ឧត្តមសេនីយ​យោធា​អាមេរិក​លោកMilleyបាន​បញ្ជាក់​ថា ខណៈពេល​ដែល​កង​យោធា​អាមេរិក មិន​បាន​ហ្វឹកហ្វឺន​កង​កម្លាំងអ៊ុយក្រែន​ក្នុងប្រទេស​អ៊ុយក្រែន​ឬ​ក្នុង​ប្រទេស​ប៉ូឡូញ​ដែល​នៅ​ជិត​អ៊ុយក្រែន​នោះក៏​ដោយ ក៏​កងកម្លាំង​អាមេរិក​បាន​បណ្តុះ​បណ្តាល​ពួក​គេ​នៅក្រៅ​ប្រទេស​អ៊ុយក្រែន​ ដែល​ក្នុង​នោះ​ក៏​រួម​មាន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ផង​ដែរ។

លោក Austin បាន​ថ្លែង​ប្រាប់សមាជិក​សភា​អាមេរិក​ថា សហរដ្ឋ​អាមេរិក​ បាន​បន្តពិភាក្សាជា​ប្រចាំ​ជា​មួយ​ភាគី​អ៊ុយក្រែន​ ​ហើយអ៊ុយក្រែន​បាន​ស្នើ​សុំ​ជំនួយ​យោធាអាមេរិក​ ដែល​ក្នុង​នោះ​មាន​កាំជ្រួច Javelin និង Stinger ដែល​មាន​ប្រសិទ្ធភាពប្រឆាំង​នឹងកងទ័ព​រស្ស៊ី​និង​អាវុធ​របស់​ពួក​គេ​ផង​ដែរ។

លោក​បន្ថែម​ទៀត​ថា៖ «យើងសំឡឹង​រក​មើល​បរិក្ខារ​យោធា​ដែលអាច​ផ្តល់​ឲ្យ​អ៊ុយក្រែន​យកទៅ​ប្រើ​ប្រាស់​ ដែល​អាច​ធ្វើ​ឲ្យ​ពួក​គេ​មាន​ប្រៀបនៅ​ក្នុងការ​ប្រយុទ្ធ​ ហើយដូច​លោក​បាន​ឃើញ​ហើយ​ថា​ យើង​បាន​ចាប់​ផ្តើមផ្តល់​នូវ​ឧបករណ៍​ទាំង​នោះមួយ​ចំនួន​ហើយ»៕

XS
SM
MD
LG