ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នឹង​ពិភាក្សា​អំពី​ការ​សម្លាប់​ជនស៊ីវិល​នៅ​​អ៊ុយក្រែន​​​


ក្មេង​ប្រុស​ម្នាក់​ដើរ​កាត់​​រណ្តៅ​សាកសព​ជនស៊ីវិល​​ ដែល​អ្នក​ស្រុក​អះអាង​ថា​ត្រូវ​បាន​សម្លាប់​ដោយសារ​ទាហាន​រុស្ស៊ី នៅ​ទី​ក្រុង Bucha នៅ​ជាយ​រដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០២២។ (Reuters)
ក្មេង​ប្រុស​ម្នាក់​ដើរ​កាត់​​រណ្តៅ​សាកសព​ជនស៊ីវិល​​ ដែល​អ្នក​ស្រុក​អះអាង​ថា​ត្រូវ​បាន​សម្លាប់​ដោយសារ​ទាហាន​រុស្ស៊ី នៅ​ទី​ក្រុង Bucha នៅ​ជាយ​រដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០២២។ (Reuters)

ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ត្រូវ​គេ​រំពឹង​ថា​នឹងបើក​កិច្ចប្រជុំ​មួយ​នៅ​ថ្ងៃ​អង្គារ​នេះ​ ដើម្បី​ពិភាក្សា​អំពីការ​សម្លាប់ជនស៊ីវិល​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន មួយ​ថ្ងៃ​បន្ទាប់​ពី​ប្រធានាធិបតីអាមេរិក​ លោក Joe Biden បាន​និយាយ​ថា​ មេដឹកនាំ​រុស្ស៊ី​លោក Vladimir Putin គួរ​ប្រឈម​នឹងការ​កាត់​ទោស​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​មួយ។

កិច្ចប្រជុំនៅ​ថ្ងៃ​អង្គារ​នេះ​ រួម​មានការថ្លែងរបស់អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres និង​ប្រធាន​ផ្នែក​មនុស្សធម៌​របស់​អង្គការ​សហប្រជាជាតិ​លោក​ Martin Griffiths ព្រមទាំង​ការថ្លែង​សុន្ទកថា​របស់​ប្រធានាធិបតី​អ៊ុយក្រែនលោក Volodymyr Zelenskyy ។

ចក្រភព​អង់គ្លេស​ជា​ប្រធាន​ប្តូរវេន​នៃ​ក្រុមប្រឹក្សា​សន្តិសុខអង្គការ​សហប្រជាជាតិ​នៅក្នុង​ខែ​មេសា​នេះ​ ហើយ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោក​ស្រី ​Barbara Woodward ​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មានថា​ បញ្ហា​នៃ​ការ​សម្លាប់​ជន​ស៊ីវិល​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ ក្នុង​អំឡុង​ពេល​នៃ​ការ​ឈ្លានពាន​របស់​រុស្ស៊ី គឺ​ជា​ប្រធាន​បទ​ «សំខាន់មុនគេ» នៅ​ក្នុង​កិច្ចប្រជុំ​នោះ។​

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​លោក​ Dmytro Kuleba បាន​និយាយ​នៅ​យប់​ថ្ងៃ​ចន្ទ​ថា​ លោក​បាន​ពិភាក្សាពី​បញ្ហា​នេះ​ ជាមួយ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិលោក Guterres ដែល​ក្នុង​នោះក៏​រួម​មាន​ផង​ដែរ​ពី​ស្ថានភាពក្នុង​ទីក្រុង Bucha ដែលស្ថិតនៅជាយ​រដ្ឋធានី​កៀវ​ ​និង​ជា​កន្លែង​ដែលកង​ទ័ពរុស្ស៊ី​ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​ប្រព្រឹត្ត​អំពើសាហាវ​ព្រៃផ្សៃទៅ​លើជន​ស៊ីវិល​អ៊ុយក្រែននៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃកន្លង​ទៅ​នេះ។

លោក ​Kuleba​ បាន​បង្ហោះ​សារ​លើ​បណ្តាញ​ Twitter ថា៖ ​«អ៊ុយក្រែន​នឹង​ប្រើ​ប្រាស់នូវរាល់​យន្តការ​ទាំង​អស់​របស់​អង្គការ​សហប្រជាជាតិ​ ដើម្បី​ប្រមូល​ភ័ស្តុតាង​ ក្នុង​ការ​ធ្វើ​ឲ្យ​ពួកឧក្រិដ្ឋជន​សង្គ្រាមរុស្ស៊ី​ទទួល​ខុសត្រូវលើ​បញ្ហា​នេះ។​

​រដ្ឋាភិបាល​ទីក្រុង​មូស្គូបាន​បដិសេធ​ការ​សម្លាប់​ជន​ស៊ីវិល​នៅ​ក្នុង​ទីក្រុង Bucha ប្រទេស​អ៊ុយក្រែន។ រដ្ឋមន្ត្រី​ការបរទេសរុស្ស៊ីលោក Sergey Lavrov បានហៅ​ការ​ចោទ​ប្រកាន់នោះ​ថា​ ជា​«ការ​បង្ក​ហេតុដែល​ត្រូវបាន​រៀបចំ​ឡើង​ប្រឆាំង​នឹង​រុស្ស៊ី» ហើយឯកអគ្គរដ្ឋទូត​របស់​រុស្ស៊ី​ប្រចាំ​អង្គការ​សហប្រជាជាតិ​ បាន​និយាយ​ថា​ លោក​នឹង​ផ្តល់​«ភ័ស្តុតាង​ពិតប្រាកដ»​ នៅ​ក្នុង​កិច្ច​ប្រជុំរបស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃ​អង្គារ​នេះ។​ ​

​អ្នក​នាំ​ពាក្យ​ក្រុមហ៊ុនបច្ចេកវិទ្យា​ផ្កាយ​រណប Maxar Technologies បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍មួយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ រូបភាព​ដែល​ខ្លួន​ប្រមូល​បានក្នុង​ទីក្រុង Bucha កាល​ពី​ពាក់​កណ្តាលខែ​មីនា​ មាន​ការ​ផ្ទៀង​ផ្ទាត់​ទៅ​នឹងវីដេអូ​និងរូបភាព​លើ​បណ្តាញ​សង្គម​នា​ពេល​ថ្មីនេះ ដែលបង្ហាញ​ថា​ ​មាន​សាកសព​ជន​រង​គ្រោះ​ជា​ច្រើន​នៅ​តាម​ដង​ផ្លូវ​ ហើយ​ត្រូវ​បាន​គេ​ទុក​ចោល​នៅ​កណ្តាល​វាល​អស់​ពេល​រាប់​សប្តាហ៍។ ​

ទន្ទឹម​នឹង​នេះ​ដែរ​ ​អគ្គរដ្ឋអាជ្ញា​របស់​អ៊ុយក្រែន​ លោកស្រី​ Iryna Venediktova បាន​និយាយ​ថា​ សាកសព​ជន​ស៊ីវិល​ប្រមាណ​៤១០​នាក់​ ត្រូវ​បាន​យក​ចេញ​ពី​ទីប្រជុំជន​នានា​នៅជិត​ទីក្រុង​កៀវ​ ​ដែល​អ៊ុយក្រែន​បានគ្រប់គ្រងឡើង​វិញពី​កងទ័ព​រុស្ស៊ីក្នុងពេល​ថ្មីៗ​នេះ។ ​

ដោយ​ឡែក​ប្រធាន​គណៈកម្មការ​សហភាពអឺរ៉ុប​លោក​ស្រី​ Ursula von der Leyen ​បាន​បង្ហោះ​សារនៅលើ​ Twitter នៅ​ថ្ងៃ​ចន្ទ​ថា​ សហភាពអឺរ៉ុប​ នឹង​បញ្ជូនអ្នក​ស៊ើប​អង្កេត​ទៅ​កាន់ប្រទេសអ៊ុយក្រែន​ ដើម្បី​ជួយ​លោក​ស្រី​ក្នុងការ​កត់​ត្រា​នូវ​ឧក្រិដ្ឋកម្ម​សង្គ្រាម។​ ​

ចំណែក​ក្រសួងការ​បរទេស​អាមេរិក​វិញ​ ​លើក​ឡើង​ថា​ ​តាមសំណើ​របស់​អ៊ុយក្រែន រដ្ឋាភិបាលក្រុង​វ៉ាស៊ីនតោន នឹង​គាំទ្រ​រដ្ឋអា​ជ្ញា​ចម្រុះជាតិសាសន៍​មួយ​ក្រុម​ ​ ដែល​នឹងប្រមូល​ភ័ស្តុតាងស្តី​ពីអំពើឃោរឃៅ​របស់​កង​ទ័ព​រុស្ស៊ី​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់នោះ។ ​
ប្រធានាធិបតី​អ៊ុយក្រែន​ លោក Zelenskyy បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ទីក្រុង Bucha កាល​ពី​ថ្ងៃ​ចន្ទ​ ហើយ​បាន​ថ្លែង​ប្រាប់​ពលរដ្ឋ​អ៊ុយក្រែន​តាម​កញ្ចក់​ទូរទស្សន៍​ថា​ ​នៅ​ពេល​នេះការ​ចរចា​ ជាមួយ​រុស្ស៊ី​ ដើម្បី​បញ្ចប់​សង្គ្រាម​ នឹង​មានការ​ពិបាក​ជាងមុន ដោយ​សារតែ​អំពើ​ព្រៃ​ផ្សៃដែល​ប្រព្រឹត្ត​ដោយ​កងទ័ព​រុស្ស៊ី​ ត្រូវ​បាន​គេ​ឃើញ​កាន់​តែជាក់​ស្តែង​ថែម​ទៀត​នោះ៕

ព័ត៌មាន​មួយចំនួន​នៅក្នុង​សេចក្ដីរាយការណ៍​នេះ ត្រូវបាន​ដកស្រង់​ពីទីភ្នាក់ងារ​ព័ត៌មាន The Associated Press, Agence France-Presse និង Reuters។

XS
SM
MD
LG