ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មេដឹកនាំ​ពិភពលោក​ចូល​រួម​ក្នុង​ការ​បើក​មហាសន្និបាត​អ.ស.ប.


លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន គីមូន​ (Ban ki-Moon) ថ្លែង​ក្នុង​អំឡុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី​៦៩​នៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ​នៅ​បុរី​ញូវយ៉ក កាល​ពី​ថ្ងៃ​ពុធ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៤។

មហាសន្និបាត​អង្គការ​សហប្រជាជាតិបាន​បើក​នៅ​ក្នុង​បុរី​ញូវយ៉កសហរដ្ឋ​អាមេរិកកាល​ពី​ថ្ងៃ​ពុធ​ទី​២៤ ខែ​កញ្ញា ដោយ​ផ្តោត​សំខាន់​ទៅ​លើ​ការ​កើន​ឡើង​នៃ​ចលនា​អ៊ីស្លាម​ជ្រុល​និយម​នៅ​ប្រទេស​អ៊ីរ៉ាក់ ស៊ីរី និង​តំបន់​ផ្សេង​ទៀត​នៃ​តំបន់​មជ្ឈឹម​បូព៌ា។

​មេដឹកនាំ​ពីបណ្តា​ប្រទេសចំនួន​ជិត​២០០​កំពុង​ជួប​ជុំគ្នា​នៅ​ក្នុង​កិច្ចប្រជុំ​កំពូលប្រចាំ​ឆ្នាំ​របស់​អង្គការ​សហប្រជាជាតិ។

នៅ​ក្នុង​សុន្ទរកថា​បើក​មហាសន្និបាត​អង្គការ​សហប្រជាជាតិ លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន គីមូន​ (Ban ki-Moon) ថ្លែង​ថា​ ជម្លោះ​និង​វិបត្តិ​ខាង​មនុស្សធម៌​ដែល​ហាក់​មិន​ចេះ​ចប់​នៅ​ជុំ​វិញ​ពិភពលោក​ បាន​បន្សល់​ទុក​នូវ​អារម្មណ៍​អស់​សង្ឃឹម​សម្រាប់មនុស្ស​ជា​ច្រើន។

«ពិភពលោក​ហាក់​ដូច​ជា​កំពុង​ឈាន​ទៅ​រក​មហន្តរាយ​ ខណៈ​ដែល​វិបត្តិ​នានា​មាន​កាន់​តែ​ច្រើន​ហើយ​ជំងឺ​រីកសាយ។ ប៉ុន្តែ​ភាព​ជា​អ្នក​ដឹកនាំ​គឺ​មាន​ន័យ​ថា គេ​អាច​ស្វែង​រក​ពន្លឺ​នៃ​ក្តី​សង្ឃឹម​បាន​ហើយ​ប្រែ​ក្លាយ​វា​ឲ្យ​ទៅ​ជា​អ្វី​កាន់​តែ​ធំ​ជាង​នេះ។ នេះ​ជា​ករណីកិច្ច​របស់​យើង។»

លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា នៃ​សហរដ្ឋ​អាមេរិក​ជា​មេដឹកនាំ​ទី​ពីរ​ដែល​បាន​ឡើង​ថ្លែងទៅ​កាន់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ។ ថ្វី​បើ​លោក​ប្រធានាធិបតី​បាន​ធ្វើ​ការ​កត់​សម្គាល់​អំពី​អ្វីដែល​លោក​ហៅ​ថា​«សញ្ញា​នៃ​ភាព​ជឿនលឿន​»​នៅ​ទូទាំង​ពិភពលោក​ក្តី ក៏​លោក​បាន​ថ្លែង​ដូច​គ្នា​អំពីភាព​អាប់អួរ​នៃ​ស្ថានភាព​ពិភពលោក​ដូច​ការ​ពិព័ណនា​ថ្លែង​របស់​អគ្គលេខាធិការ​ Ban ki-Moon ដែរ ដោយ​លោក​អូបាម៉ា​ថ្លែង​ថាមាន​«ភាពនៅ​មិន​សុខ​ស្រួល​នៅ​ពាសពេញ​ពិភពលោក។»

លោក​ប្រធានាធិបតី​អូបាម៉ា​បាន​និយាយ​អំពី​ជំងឺ Ebola ដែល​រាលដាល​នៅ​ទ្វីប​អាហ្វ្រិកខាង​លិច​ ភាព​គគ្លើន​របស់ប្រទេស​រុស្ស៊ីនៅ​ទ្វីប​អឺរ៉ុប និង​សកម្មភាព​របស់អង្គការ​ភេរវកម្ម​នៅ​តំបន់​មជ្ឈឹម​បូព៌ា។

ចំពោះ​បញ្ហា​ប្រទេសរុស្ស៊ី លោក​អូបាម៉ា​ថ្លែង​ថា​ សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ឲ្យ​រុស្ស៊ី​រង​ការ​ខាត​បង់​ពី​សកម្មភាព​របស់​ខ្លួន ​តាម​រយៈ​ការ​ការ​ទណ្ឌកម្មខាង​សេដ្ឋកិច្ច​និង​ការ​គាំទ្រ​ប្រទេស​អ៊ុយក្រែន។ ប៉ុន្តែ​លោក​ថ្លែង​ថា​ប្រទេស​រុស្ស៊ី​ក៏​អាច​ជ្រើស​រើស​យកមាគ៌ា​ការទូត​និង​សន្តិវិធី​ជា​ជំនួស​វិញ​ដែរ។

លោក​អូបាម៉ា​ថ្លែង​ថា៖ «កិច្ច​ព្រមព្រៀង​បទ​ឈប់​បាញ់​គ្នា​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ ផ្តល់​ច្រក​មួយ​ដើម្បី​អាច​សម្រេច​បាន​កម្មវត្ថុ​ទាំង​នោះ។ ប្រសិន​បើ​រុស្ស៊ី​សម្រេច​ចិត្ត​ដើរ​តាម​មាគ៌ា​នេះ គឺ​មាគ៌ា​ដែលនៅ​អំឡុង​ក្រោយ​សម័យ​សង្គ្រាម​ត្រជាក់​បាន​នាំ​ឲ្យមក​នូវ​វឌ្ឍនភាព​ដល់ពលរដ្ឋ​រុស្ស៊ី​ ពេល​នោះ​យើង​នឹង​ដក​ទណ្ឌកម្ម​ ហើយ​ស្វាគមន៍​តួនាទី​របស់​រុស្ស៊ី​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ញា​នានា​រួម​គ្នា។»

ចំពោះ​បញ្ហា​ការ​គំរាមកំហែង​ភេរវកម្ម​នៅ​តំបន់​មជ្ឈឹមបូព៌ា លោក​ប្រធានាធិបតី​អូបាម៉ា​បាន​អំពាវនាវ​ឲ្យមាន​ការ​បន្ថយ​កម្លាំង​និង​កម្ទេចក្រុម​ភេរវកម្ម​រដ្ឋ​អ៊ីស្លាម ឬ Islamic State ហើយ​នឹង​ការ​បញ្ចប់វដ្ត​នៃ​ជម្លោះ​នានា​ដែល​ ជា​មូលដ្ឋាន​សម្រាប់​ក្រុម​ភេរវករ​ទាំង​នោះយក​ឱកាស។

លោក​ថ្លែង​ថា​សហរដ្ឋ​អាមេរិក​បាន​ប្រុងប្រៀប​ខ្លួន​ហើយ​សម្រាប់​ចាត់​វិធានការ​ប្រឆាំង​នឹង​ការ​គំរាមកំហែងដែល​អាច​កើត​មាន​ភ្លាមៗ​នេះ ខណៈ​ដែល​ចង់​ឲ្យ​មានពិភពលោក​មួយ​ដែលលែង​ត្រូវ​ការ​សកម្មភាព​ឆ្លើយ​តប​នឹង​ការ​គំរាមកំហែង​នេះ​ទៀត​ទៅ​អនាគត។

«សហរដ្ឋ​អាមេរិក​នឹង​មិន​រាថយ​ឡើយ​ពី​ការ​ការពារ​ផល​ប្រយោជន៍​របស់​យើង ក៏​ប៉ុន្តែ​យើង​ក៏​នឹង​មិន​ដក​ខ្លួន​ចេញ​ពី​ការ​មាន​ក្តី​សង្ឃឹម​ចំពោះ​ស្ថាប័ន​(អ.ស.ប.)​មួយ​នេះ ហើយ​នឹង​សេចក្តី​ប្រកាស​ជា​សាកល​អំពី​សិទ្ធិ​មនុស្ស គឺ​គំនិត​ដែល​ថា​ សន្តិភាព​មិន​មាន​ន័យ​គ្រាន់​តែ​ថា មិន​មាន​សង្គ្រាមតែ​បុណ្ណោះ​ទេ ប៉ុន្តែ​សន្តិភាព​គឺ​មាន​ន័យ​ថា​ការ​ដែល​មាន​ជីវិត​ប្រសើរ​ជាង​មុន។»

នៅ​ថ្ងៃ​ពុធ​នេះ​ដែរ លោក​ប្រធានាធិបតី​អូបាម៉ា​ក៏​គ្រោង​នឹង​ធ្វើ​ជា​ប្រធាន​កិច្ច​ប្រជុំ​មួយ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អសប​ ដែល​ក្រុមប្រឹក្សានេះ​ត្រូវ​រំពឹង​ថា​នឹង​យល់​ព្រម​លើ​សេចក្តី​សម្រេច​មួយ​ដែល​ជំរុញ​ឲ្យ​រដ្ឋ​សមាជិក​នានា​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ប្រឆាំង​នឹង​ចលនា​ហិង្សា​ជ្រុលនិយម។

លោក​ប្រធានាធិបតី​បាន​អំពាវនាវ​ដល់​ប្រជាជាតិ​ទាំង​អស់ឲ្យ​ធ្វើ​តាម​សេចក្តី​សម្រេច​នេះ ដោយ​មានលទ្ធផល​ជា​ជំហានៗ​តាម​គំរូ​សហរដ្ឋ​អាមេរិកប្រឆាំង​នឹង​លទ្ធិ​ជ្រុល​និយម៕

ប្រែសម្រួល​ដោយ សឹង សុផាត

XS
SM
MD
LG