ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គណៈ​កម្មការ​អន្តរជាតិ​៖ គេ​ចាំបាច់​ចាត់វិធានការ​ជាបន្ទាន់​ដើម្បី​ស៊ាំ​​នឹង​ការផ្លាស់ប្តូរ​អាកាសធាតុ

  • Lisa Schlein

លោក​ Rajendra Kumar Pachausi ប្រធាន​គណៈ​​កម្មការ​អន្តររដ្ឋាភិបាល​ស្តី​ពី​ការ​ផ្លាស់​ប្តូរ​អាកាស​ធាតុIPCCបាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បត៍​ថា របាយការណ៍​នៅ​ពេល​ខាង​មុខ នឹង​ផ្តោត​លើ​ការ​អនុវត្ត​ជាបន្ទាន់។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា បាន​ថ្លែង​សុន្ទរកថា ទៅ​កាន់​មហា​សន្និបាត​របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​ថ្ងៃអង្គារ ទី២៣ ខែកញ្ញា​នេះ នៅ​ក្នុង​បូរី​ញូយ៉ក ដោយ​បាន​អំពាវនាវ​ដល់​ប្រទេស​ទាំងអស់​ឲ្យ​ចូលរួម​ទប់ស្កាត់​ការផ្លាស់ប្តូរ​អាកាសធាតុ។ ហើយ​អ្នកវិទ្យាសាស្រ្ត​ខាង​អាកាស​ធាតុ​នាំ​មុខ​ម្នាក់ បាន​ព្រមាន​ថា ការខកខាន​មិន​បាន​ចាត់​វិធានការ​ដើម្បី​កាត់បន្ថយ​ការគំរាម​កំហែង​មក​ពី​ការផ្លាស់ប្តូរ​អាកាសធាតុ នឹង​ធ្វើ​ឲ្យ​មាន​ផល​វិបាក​យ៉ាង​ខ្លាំង​ដល់​សាកលលោក។ លោក​មាន​ប្រសាសន៍​ថា វិទ្យាសាស្រ្ត​ស្តីពី​ការផ្លាស់ប្តូរ​អាកាសធាតុ មាន​ភាព​ប្រាកដប្រជា​ហើយ​ការ​មិន​ចាត់​វិធានការ មិនមែន​ជា​ដំណោះស្រាយ​ទេ។

គណៈ​កម្មការ​អន្តររដ្ឋាភិបាល​ស្តី​ពី​ការផ្លាស់ប្តូរ​អាកាស​ធាតុ (IPCC) និង​បញ្ចេញ​របាយ​ការណ៍ចុងក្រោយនៃ​ការ​វាយ​តម្លៃ​លើក​ទី​៥​របស់​ខ្លួន​ក្នុង​រយៈ​ពេលប៉ុន្មាន​សប្តាហ៍​ខាង​មុខ​ទៀត​នេះ​។ ​របាយការណ៍​មុន​ ​បាន​លាត​ត្រដាង​ពីភាព​គ្រោះ​ថ្នាក់នៃការ​ផ្លាស់​ប្តូរ​អាកាសធាតុហើយ​នឹង​សង្កត់​ពីភាព​ចាំ​បាច់​កាត់​បន្ថយ​ឧស្ម័ន​កាបូន ​ឌី​អុក​ស៊ីត​នៅ​ក្នុង​បរិយាកាស​តាម​រយៈការ​សម្រប​តាម​និងការ​ស៊ាំទៅ​តាមការប្រែប្រួលអាកាស​ធាតុ​។

លោក​ Rajendra Kumar Pachausi ប្រធាន​គណៈកម្មការ​អន្តររដ្ឋាភិបាល​ស្តី​ពី​ការ​ផ្លាស់​ប្តូរ​អាកាស​ធាតុ IPCC បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បត៍​ថា របាយការណ៍​នៅ​ពេល​ខាង​មុខ នឹង​ផ្តោត​លើ​ការ​អនុវត្ត​ជាបន្ទាន់។

លោក ​មាន​ប្រសាសន៍​ទៀត​ថា ​ការ​ផ្លាស់​ប្តូរ​អាកាស​ធាតុ​ ​នឹង​បង្កើត​ឲ្យមាន​ស្ថានភាព​នៃ​ការ​ប៉ះ​ទង្គិច​គ្នា​កាន់​តែខ្លាំង​ឡើង​ នៅពេល​ដែល​មនុស្សប្រយុទ្ធ​គ្នា​ដោយ​សារ​ការ​ខ្វះ​ខាត​ទឹក ​ឬ ​ការ​ខ្វះ​ខាត​ម្ហូបអាហារមក​ពីកសិដ្ឋាន​ផ្តល់​ផលតិច។ ​លោក Pachausi ​មាន​ប្រ​សាសន៍​ទៀត​ថា បញ្ហា​ធំ ​នឹង​កើត​មក​ពី​កម្រិត​ទឹក​សមុទ្រ​ឡើង ​ហើយ​ភាព​គ្រោះ​ថ្នាក់ខាង​សុខភាព​របស់​មនុស្ស​ ​នឹង​កើន​ឡើង។ ​លោក ​មាន​ប្រសាសន៍​ទៀត​ថា សេចក្តី​សង្ឃឹម​នៃការ​ផ្លាស់​ប្តូ​រ​អាកាស​ធាតុនៅ​ក្នុងជីវិត​សមុទ្រ ​មិន​ល្អ​ទេ។

«ម៉្យាង​វិញ​ទៀត ​ខ្ញុំ​គិតថា​ យើងមាន​សេចក្តី​លម្អិត​ច្រើន​ទៀត​ស្តីពី​វិធានការ​ណ៍ដែល​អាចត្រូវធ្វើ។ ​ជាការ​ពិត​ ការ​ស៊ាំទៅ​តាម​ការ​ប្រែប្រួល​អាកាស​ធាតុ អាច​បន្ធូរ​ស្ថានការ​នេះ។ ​ខ្ញុំគិតថា ​យើង មានគោល​មា​គារ​ដ៏​ច្បាស់​ក្រឡែត​ដែល យើង ​អាចដោះ​ស្រាយ​បញ្ហា​នេះ​បាន។​ដូច្នេះ ​ចំពោះ​បញ្ហា​នេះ ​ខ្ញុំ ​ចង់​និយាយ​ថា ​របាយការណ៍វាយ​តម្លៃ​លើកទី៥​ ជាទូទៅ​ជា​របាយ​ការណ៍​មាន​ការផ្តល់​យោបល់​រួម​ ដែល​នឹង​ក្លាយ​ជាឯកសារ​ដែល​ផ្តល់​ភាពស៊ី​ជម្រៅចំពោះ​អ្វីដែល​ត្រូវ​ធ្វើ»។

លោក​ Pachausi ​និយាយ​ទៀត​ថា ​គ្មាន​ផ្នែក​ណាមួយ​របស់​ពិភពលោក ដែល​នឹង​មិន​រង​ផល​ប៉ះពាល់​ដោយ​សារ​ការ​ផ្លាស់​ប្តូរ​អាកាស​ធាតុ​នេះ។ ដូច្នេះ ​មនុស្សគ្រប់​រូប ​មាន​ផល​ប្រយោជន៍ក្នុង​ការ​ធ្វើ​អ្វី​ដែលចាំបាច់​ត្រូវ​ធ្វើដើម្បី​រារាំងផល​វិ​បាក​ដ៏​អាក្រក់​នេះ។​ ​លោក ​និយាយ​ទៀត​ថា ​ពេល​វេលា ​ជាការ​សំខាន់​ហើយ​ការ​ចាត់​វិធានការណ៍ ​មិន​អាច​ពន្យា​ពេល​បាន​ទេ។

លោកមិន​យល់​ស្រប​ជាមួយ​អ្នកដែលនិយាយ​ថា ​ការអភិវឌ្ឍន៍​ថាម​ពលដែល​អាច​ផលិតឡើង​វិញ​ដើម្បី​ជំ​នួសឥន្ធនៈ​ហ្វូស៊ីល ​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សេដ្ឋ​កិច្ច​ពិភពលោក។

​លោក ​បាន​ប្រាប់​ VOA ថា ការ​ប៉ះ​ពាល់​សេដ្ឋ​កិច្ច​ ​នឹង​មាន​ចំនួន​តិ​ចបំផុត។ ​លោក​ Pachausi ​និយាយ​ទៀត​ថា តម្លៃ​នៃ​ការ​កាត់​បន្ថយឧស្ម័ន​ផ្ទះ​កញ្ចក់ក្នុងឆ្នាំ​២០៣0 ​នឹង​មាន​តិច​ជាង​២ភាគរយ​នៃ​ចំនួន​ប្រើ​ប្រាស់​របស់​ពិភព​លោក​ទាំង​មូល។​

«ចំនួន​នេះ ​ប្រហែល 0,6% ​នៃ​ផលិផល​សរុបសាកលលោក GDP ​ក្នុង​មួយ​ឆ្នាំ។​ជាការ​ពិត នេះ មិនមែន​ជា​តម្លៃ​ថ្លៃទេ ​ជាពិសេស ​នៅពេល​ដែល​ចំណាត់​ការ​នេះ​ ​នឹង​លប់​បំបាត់ផល​ប៉ះ​ពាល់​ដ៏​អាក្រក់​ធ្ងន់​ធ្ងរ​ខ្លះ​នៃ​ការ​ផ្លាស់​ប្តូរ​អាកាស​ធាតុនោះ។ ហើយ ​លើសពី​នេះ​ទៅ​ទៀត​ អស់​លោក អ្នក ​នឹង​អាច​ទទួល​ផល​ប្រយោជន៍ជា​ច្រើន​ថែមទៀត»​។

លោក ​និយាយ​ទៀត​ថា ផល​ប្រយោជន៍ទាំង​នោះ​ ​នឹង​រួមមាន​ទាំង​កំណើននៃ​កម្រិតសន្តិសុខ​ថាម​ពលកាន់​តែ​ខ្លាំង​ឡើង ​កម្រិតខ្យល់​កខ្វក់​ទាប ​ភាព​ធូស្រាល​នៃ​ប្រព័ន្ធ​បរិស្ថាន ​កម្រិត​ផលិត​ផល​កសិកម្ម​កាន់តែ​ខ្ពស់​ឡើង ​ហើយ​នឹង​មានការងារធ្វើកាន់​តែ​ច្រើន​ឡើង។

​លោក Pachauri ​បាន​កត់​សម្គាល់​ថា ​រដ្ឋ​ California របស់​សហរដ្ឋ​អាមេរិក​ ​ដែល​បាន​អនុវត្តគោល​នយោបាយ​ថាមពល​ល្អ​ក្នុង​អំឡុង​ពេល​៣-៤​ឆ្នាំ​កន្លង​មក​នេះ ​មាន​ការរីក​លូតលាស់ខ្ពស់​ជាង​ផ្នែក​នានា​នៅ​ទូទាំង​ប្រទេសហើយ កំពុងទទួល​អត្ថប្រយោជន៍​ពី​ការ​ធ្លាក់​ចុះ​នៃការ​ប្រើ​ថាមពល។

របាយការណ៍​វាយ​តម្លៃ​លើក​ទី​៥ ​ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​២ ​ខែ​វិច្ឆិកា ​នឹង​ក្លាយជា​របាយការណ៍​ចុងក្រោយ​របស់គណៈកម្មការ​អន្តររដ្ឋាភិបាល​ស្តី​ពី​ការ​ផ្លាស់​ប្តូរ​អាកាស​ធាតុ (IPCC)​មុនពេល​កិច្ច​ព្រម​ព្រៀង​សាកល​មួយ​ស្តីពី​ការ​ផ្លាស់​ប្តូរ​អាកាស​ធាតុ ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​ប្រទេស​នានា​នៅ​ឆ្នាំក្រោយ​ក្នុង​សន្និសិទទីក្រុង​ប៉ារីស៕

ប្រែសម្រួល​ដោយ ​ជឹង ​ប៉ូជីន

XS
SM
MD
LG