ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប.​និង​កម្ពុជា​ប្តេជ្ញា​គាំទ្រ​សាលាក្តី​កាត់ទោស​ខ្មែរក្រហម​ឲ្យ​បាន​ចប់ចុង​ចប់ដើម


ទិដ្ឋភាព​ទូទៅ​មួយ​នៃ​តុលាការ​កាត់ទោស​មេដឹកនាំ​ខ្មែរ​ក្រហម។
ទិដ្ឋភាព​ទូទៅ​មួយ​នៃ​តុលាការ​កាត់ទោស​មេដឹកនាំ​ខ្មែរ​ក្រហម។
មន្ត្រី​អ.ស.ប.​ និង​មន្ត្រី​កម្ពុជា​បាន​ប្តេជ្ញា​រួម​គ្នា​ថា​ នឹង​បន្ត​កិច្ចសហ​ប្រតិបត្តិការ​គ្នា​ដើម្បី​គាំទ្រ​សាលាក្តី​កាត់ទោស​ខ្មែរក្រហម​ឲ្យបាន​ចប់ចុង​ចប់ដើម។​

មន្ត្រី​ជាន់ខ្ពស់​របស់​អ.ស.ប.​និង​កម្ពុជា​បាន​សច្ចា​ជាថ្មី​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​គ្នា​កាលពី​ថ្ងៃអង្គារ​ថា​ នឹង​បន្ត​កិច្ច​សហ​ប្រតិបត្តិការ​លើ​បញ្ហា​ថវិកា​និង​បញ្ហា​ នីតិវិធី​ផ្សេងៗ​របស់​តុលាការ​ដើម្បី​ឈាន​ទៅរក​ការ​បញ្ចប់​ដំណើរ​ការ​កាត់​ទោស​ពួក​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ដែល​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​រង្គាល​ពលរដ្ឋ​ខ្មែរ​ជិត​ ពីរ​លាន​នាក់​នៅ​ចន្លោះ​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩។​

ការ​សម្រេច​យ៉ាង​ដូច្នេះធ្វើឡើងនៅ​ពេល​គណៈ​ប្រតិភូ​ជាន់ខ្ពស់​របស់​អ.ស.ប.​ដឹក​នាំ​ដោយ​លោក​មីហ្គែល ​ឌឺ​សឺប៉ា ​ស័ររ៉េស ​(Miguel de ​Serpa Soares) ​អគ្គ​លេខាធិការ​រង​អ.ស.ប.​ទទួល​បន្ទុក​ផ្នែក​ច្បាប់ ​ដែល​បំពេញ​ទស្សន​កិច្ច​បីថ្ងៃ​របស់​លោក​ចាប់ពី​ថ្ងៃ​ទី២៧​មករា​នោះ​ បាន​ជួបជា​មួយ​នឹង​លោក​ឧបនាយក​រដ្ឋមន្ត្រី​សុខ អាន ​រដ្ឋមន្ត្រី​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ការ​ចរចា​រឿង​សាលាក្តី​ ខ្មែរក្រហម​កាលពី​ថ្ងៃច័ន្ទ។​

សេចក្តី​ថ្លែង​ការណ៍​រួម​រវាង​រាជ​រដ្ឋាភិបាល​កម្ពុជា​ និង​គណៈ​ប្រតិភូ​អ.ស.ប.​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ភាគី​ទាំងពីរ​តាំងចិត្ត​ជម្នះ​នូវបញ្ហា​ប្រឈម​មុខ​ផ្នែក​ថវិកា ​ដែល​សាលាក្តី​ខ្មែរក្រហម​កំពុង​ជួបប្រទះ​ ដើម្បី​ជៀសវាង​ការ​ពន្យារ​ពេលណា​មួយ​ក្នុង​នីតិវិធី​តុលាការ​ និង​ធានា​បាន​នូវ​សុខុមាលភាព​របស់​បុគ្គលិក​ទាំងភាគី​ជាតិ​និង​អន្តរជាតិ។​

លោក​ឯក ថា​ អ្នក​នាំពាក្យ​នៃ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​កម្ពុជា ​បាន​អះអាង​ថា​ ភាគី​ទាំង​ពីរ​នឹង​រកវិធី​បំពេញ​បេសកកម្ម​តុលាការដើម្បី​រកយុត្តិធម៌​ បំបាត់​វប្បធម៌​គ្មាន​ទោស​ពៃរ៍​នៃ​ឧក្រិដ្ឋកម្ម​នានា​ក្នុង​សម័យ​ខ្មែរក្រហម​នេះ។​

«ហើយ​ឯក​ឧត្តម​ឧបនាយក​រដ្ឋមន្ត្រី ​បណ្ឌិត​សភា​ចារ្យ​សុខ អាន ​និង​គណៈ​ប្រតិភូ​របស់​អ.ស.ប.​ដែល​បាន​ជួប​គ្នា​កាល​ពីម្សិល​ហ្នឹង​គឺ​ក៏​បាន​គូស​បញ្ជាក់​សារ​ជាថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​បន្ត​គាំទ្រ​តុលាការ​នេះ​និង​សម្រេច​ឲ្យ​បាន​នូវ​យុត្តិធម៌​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​អន្តរជាតិ។​ នេះជាអ្វី​ដែល​យើង​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម»។​

ប្រទេស​កម្ពុជា​បាន​សន្យា​ផ្តល់​ថវិកា​១​លាន​១សែន​ដុល្លារ​ស.រ.អា.​ទៀត​សម្រាប់ បើក​ប្រាក់ខែ​បុគ្គលិក​សម្រាប់​ត្រីមាស​ទី១​ឆ្នាំ​២០១៤​នេះ​ ហើយ​គាំទ្រ​ដល់ គម្រោង​សំណើរបស់​គណៈកម្មការ​ទី៥​នៃ​មហា​សន្និបាត​អ.ស.ប.​ដើម្បី​ផ្តល់​ថវិកា​ ឧបត្ថម​ជា​ទៀង​ទាត់​ដល់​សាលាក្តី​ខ្មែរក្រហម ​ហើយ​ដែល​សំណើ​នេះ​ត្រូវ​គេ​រំពឹង​ថា​ នឹង​អនុម័ត​នៅ​ខែ​មិនា​ខាង​មុខ។​

សាលាក្តី​ខ្មែរក្រហម​ត្រូវ​គេ​ចោទ​ប្រកាន់​ថា​ មាន​ប្រឡាក់​ប្រឡូស​នឹង​អំពើ​ពុក រលួយ​ ការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ​ និង​មាន​ដំណើរការ​យឺតយ៉ាវ​ ហើយ​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ថវិកា​សម្រាប់​ឆ្នាំ​២០១៤​ ដោយ​ពុំទាន់​មាន​ប្រទេស​ផ្តល់​ជំនួយ​ណា​សន្យា​ថា​ នឹង​ផ្តល់​ការ​គាំទ្រ​នៅឡើយ​ទេ។​

នៅឯ​កិច្ចប្រជុំ​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អ.ស.ប.​ដើម្បី​ត្រួត​ពិនិត្យ​របាយ​ការណ៍សិទ្ធិ​មនុស្ស​ជាសកល​ និង​ជា​ទៀង​ទាត់​ហៅ​ថា ​UPR​ ​ក្នុង​ទីក្រុង​ហ្សឺណែវ​រាល់ បួន​ឆ្នាំម្តង​នោះ​ ប្រតិភូ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ការពារ​និង​បដិសេធ​ទៅ​នឹង​ សំណួរ​របស់​រដ្ឋខ្លះ​ ដែល​បាន​ផ្តល់​អនុសាសន៍​ឲ្យ​កម្ពុជា​ឈប់​ជ្រៀតជ្រែក​កិច្ចការ​តុលាការ​ខ្មែរក្រហម ​អំពើ​ពុករលួយ​ និង​បន្តការ​ឧបត្ថម្ភ​គាំទ្រ​ថវិកា​ដល់​សាលាក្តី ​នេះ។​ លោក​ម៉ក់ សម្បត្តិ​ ជាប្រធាន​គណៈ​ប្រតិភូ​កម្ពុជា​ និង​ជា​អនុប្រធាន​គណៈ ​កម្មការ​សិទ្ធិមនុស្ស​កម្ពុជា​ បាន​បញ្ជាក់​ក្នុង​កិច្ចប្រជុំ​ ដែល​មាន​តំណាង​ប្រទេស​ ១៩៣​នោះ​ថា៖​

«រាជ​រដ្ឋាភិបាល​កម្ពុជា​មិន​ដែល​លូក​ដៃ​ចូល​ទៅ​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​តុលាការ​ខ្មែរ​ក្រហម​ទេ។​ ហើយ​ការ​លើកឡើង​អំពី​អំពើ​ពុករលួយ​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម​នេះ ​ក៏​មាន​តំណាង​ពីស្ថាប័ន​អគ្គ​សវនកម្ម​មក​ត្រួត​ពិនិត្យ​ផ្ទាល់​ដែរ»។​

លោក​ក៏បាន​ឆ្លើយតប​ទៅ​នឹង​សំណួរ​និង​អនុសាសន៍​ជាច្រើន​ពីបណ្តា​ប្រទេស​ កាន់​លទ្ធិ​ប្រជាធិតេយ្យ​ ដែលលើក​ឡើង​នូវ​ការ​ព្រួយបារម្ភ​រឿង​អំពើ​រំលោភ​សិទ្ធិ​ មនុស្ស​ រំលោភ​ដីធ្លី​ បង្ក្រាប​បាតុករ​ជាកម្មករ​រោងចក្រ​ ការ​មិនកែ​ទម្រង់ប្រព័ន្ធ​ តុលាការ​ក្នុង​ប្រទេស​កម្ពុជា​ជាដើម។ ​លោក​ក៏បាន​អះអាង​ពីការ​តាំង​ចិត្ត​របស់​ប្រទេស​កម្ពុជា​ក្នុងការ​កាត់ទោស​ខ្មែរក្រហម​ដែល​កម្ពុជា​និង​អ.ស.ប.​បាន​បន្ត​ធ្វើ​ជាមួយ​គ្នា ​ជាពិសេស​លោក​បាន​លើក​យក​ជំនួប​រវាង​លោក​អគ្គលេខាធិការ​រង​ អ.ស.ប. ​មីហ្គែល ឌឺសឺប៉ា ​ស័ររ៉េស​ និង​លោក​ឧបនាយក​រដ្ឋមន្ត្រី​សុខ អាន ​កាល​ពី​ថ្ងៃ​ច័ន្ទ​ផង​ដែរ ​ដែល​លោក​ចាត់​ទុក​ថា​ ជា​ជំនួប​មាន​ផ្លែផ្កា។​

ក្រុម​អ្នក​ឃ្លាំមើល​សាលាក្តី​ខ្មែរក្រហម​នៅ​មាន​មន្ទិល​សង្ស័យ​នៅ​ឡើយ​ ថា​តើ​ កម្ពុជា​និង​អ.ស.ប.​នឹង​រកវិធី​យ៉ាងណា​ដើម្បី​រក​ថវិកា និង​ធ្វើ​ឲ្យ​មាន​ទំនុក​ចិត្ត​ឡើង​ វិញ​ពី​ម្ចាស់​ជំនួយ ​ហើយ​នឹង​បញ្ចប់​តុលាការ​នេះ​យ៉ាង​ដូចម្តេច​ បញ្ចប់​ពេល​ណា​ និង​បញ្ចប់​ត្រឹម​សំណុំ​រឿងណា។​ តុលាការ​នេះនៅ​សល់​សំណុំ​រឿង​០០២​ វគ្គ២​ និង​សំណុំ​រឿង​០០៣​ និង​០០៤​ដ៏​ចម្រូង​ចម្រាស់​ទៀត​ដែល​មិន​ទាន់​ចាប់​ផ្តើម​នៅ​ឡើយ៕
XS
SM
MD
LG