ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សំណុំ​រឿង​០០២ ​វគ្គ២​បាន​ដំណើរការ​​ តែ​​មិន​ទាន់​កំណត់​កាលបរិច្ឆេទ

  • សុខ ខេមរា

ទិដ្ឋភាព​សាលាក្តី​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម។ រូបភាពថត ឆ្នាំ២០០៩។
វ៉ាស៊ីនតោន - តុលាការ​ខ្មែរក្រហម​មិនទាន់​ដាក់​កាល​បរិច្ឆេទ​ដើម្បី​ដំណើរការ​កាត់​ទោស​សំណុំ​រឿង ​០០២ ​វគ្គទី២ទេ​ តែបាន​អះអាងថា​ តុលាការ​កំពុង​រៀបចំ​ផែនការ​កាត់​ ទោស​ជនជាប់​ចោទ​ទាំងពីរ​គឺ​នួន ជា​ និង​ខៀវ សំផន​ពីបទ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ សាសន៍​ ឧក្រិដ្ឋ​កម្ម​សង្គ្រាម​ និង​បទ​ឧក្រិដ្ឋ​មួយ​ចំនួន​ទៀត។​

ការ​រៀបចំ​ផែនការ​ទាំងនោះ ​រួមទាំង​ការ​ដែល​ភាគី​ពាក់ព័ន្ធ​ត្រូវ​សរសេរ​សារណា ស្តីពី​សុខភាព​ជនជាប់​ចោទ​ សារណា​ស្តីពី​វិសាលភាព​នៃ​ការ​ជំនុំ​ជម្រះ​ សារណា​គាំទ្រ​ដល់​ជនជាប់​ចោទ​ ការប្តឹង​សារទុក្ខ​ជាដើម។​ បញ្ជី​ឈ្មោះ​សាក្សី​ និង​អ្នក ជំនាញ​ហើយនឹង​ដើម​បណ្តឹង​រដ្ឋប្ប​វេណី​ត្រូវដាក់​ជូនដល់​ចៅក្រម​ជម្រះ​រួច​ហើយ។​

លោកនេត្រ ភត្រា​ អ្នក​នាំពាក្យ​សាលាក្តី​កាត់ទោស​ខ្មែរក្រហម ​បាន​អះអាង​ថា ​ពី​ពេល​នេះ​ទៅ​ដល់​ពេល​ប្រកាស​សាលក្រម​សំណុំ​រឿង​០០២ ​វគ្គ​២​ក្នុង​ខែតុលា​គឺ​ជា​ដំណាក់​កាល​មួយ​ដែល​ត្រូវ​ដោះស្រាយ​បញ្ហា​ មុនឈាន​ទៅដល់​ការ​ជំនុំ​ជម្រះ​ក្តី​លើ​អង្គ​សេចក្តី។​

លោក​ឡាត់ គី​ មន្ត្រី​ឃ្លាំមើល​សាលាក្តី​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ បាន​អះ អាង​ថា​ មក​ទល់ពេល​នេះ​ជនរង​គ្រោះ​ជាអ្នក​ដាក់​ពាក្យ​ប្តឹង​តាំង​ខ្លួន​ជាដើម​បណ្តឹង​រដ្ឋប្បវេណី​ និង​ជន​រងគ្រោះ​អ្នកដាក់​ពាក្យប្តឹង​ព្រហ្មទណ្ឌ​ធម្មតា​ មិនទាន់​បាន​ដឹង​នៅឡើយ​ទេ​ ថា​តើ​ពួក​គេ​ស្ថិត​ក្នុង​វិសាលភាព​នៃ​ការ​ជំនុំ​ជម្រះ​សំណុំ​រឿង​០០២​ វគ្គទី២​ផង​ឬ​យ៉ាងណា​ ហើយ​ក៏​មិនទាន់​បាន​ដឹង​ពី​ទីតាំង​ឧក្រិដ្ឋ​កម្ម​ផង​ដែរ។​ លោក​ថ្លែង​ថា​ ជន​រងគ្រោះ​និង​មេធាវី​មានការ​លំបាក​ក្នុងការ​រៀបចំ​សារណា​និង​គម្រោងការ​របស់​ខ្លួន​ នៅ​ពេល​មិនទាន់​ទទួល​បាន​ព័ត៌មាន​ជាក់​លាក់​នោះ។​

ក្រុមជន​រងគ្រោះ​មួយ​ចំនួន​ចង់ឃើញ​សំណុំ​រឿង​០០២​ វគ្គ២កាត់​ទោស​ឲ្យ​បាន ឆាប់​ ​នៅពេល​ជនជាប់​ចោទ​នៅ​មាន​ជីវិត។​ រឿងនោះ​គឺ​ដើម្បី​រក​យុត្តិធម៌​ចំពោះ​ការ​កាប់​សម្លាប់​រង្គាល​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៧០៕
XS
SM
MD
LG