ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ឃ្លាំមើល​សាលាក្តី​ខ្មែរក្រហម​បន្ទោស​​អ.ស.ប.​អំពី​រចនា​សម្ព័ន្ធ​សាលាក្តី​នេះ


លោក​សាស្រ្តាចារ្យ ចន ស៊ីយ៉ូស៊ីយ៉ារី ​(John Ciorciari)​ នៃ​សាកល​វិទ្យាល័យ​មីជីហ្គ៊ែន​ ​(Michigan) នៅ​ក្នុងការ​ធ្វើ​បទ​បង្ហាញ​អំពី​សៀវភៅ​ខ្មែរក្រហម​ថ្មី​មួយ​កាល​ពី​ថ្ងៃព្រហស្បតិ៍​នៅជ្ឈមណ្ឌលEast-West Center ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។
លោក​សាស្រ្តាចារ្យ ចន ស៊ីយ៉ូស៊ីយ៉ារី ​(John Ciorciari)​ នៃ​សាកល​វិទ្យាល័យ​មីជីហ្គ៊ែន​ ​(Michigan) នៅ​ក្នុងការ​ធ្វើ​បទ​បង្ហាញ​អំពី​សៀវភៅ​ខ្មែរក្រហម​ថ្មី​មួយ​កាល​ពី​ថ្ងៃព្រហស្បតិ៍​នៅជ្ឈមណ្ឌលEast-West Center ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។
អ្នក​ឃ្លាំមើល​សាលាក្តី​កាត់ទោស​ខ្មែរ​ក្រហម​ បាន​ស្តី​បន្ទោសអ.ស.ប.ចំពោះ​ការ​រៀបចំ​រចនា​សម្ព័ន្ធ​តុលាការ​កូន​កាត់​មិន​សមរម្យ ​ដោយ​និយាយ​ថា​ សាលាក្តី​នេះ​ទំនង​ជាពិបាក​នឹង​បន្សល់​ទុក​នូវ​កេរ​ដំណែល​វិជ្ជមាន​មួយ។ ​

នៅ​ឯ​កិច្ច​ពិភាក្សា​មួយ​ស្តីពី​សាលាក្តី​កាត់ទោស​ខ្មែរក្រហម​ដែល​ចូលរួម​ដោយ​អ.ស.ប.និង​ការ​ធ្វើ​បទ​បង្ហាញ​អំពី​សៀវភៅ​ខ្មែរក្រហម​ថ្មី​មួយ​កាល​ពី​ថ្ងៃព្រហស្បតិ៍​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ លោក​វាគ្មិន​សាស្ត្រាចារ្យ​ ចន ស៊ីយ៉ូស៊ីយ៉ារី ​(John Ciorciari)​ នៃ​សាកល​វិទ្យាល័យ​មីជីហ្គ៊ែន​ ​(Michigan)​បាន​ថ្លែង​ថា​ អ.ស.ប.បាន​បង្កើត​រចនា​សម្ព័ន្ធ​តុលាការ​មួយ​ជាមួយ​កម្ពុជា​ ដែល​មិន​អាច​ទុក​កេរដំណែលល្អ​មួយ​បាន​ទេ​ ​ក្រោយ​ពេល​បញ្ចប់។​ ហើយ​រចនាសម្ព័ន្ធ​នោះ​ធ្វើ​ឲ្យ​អ.ស.ប.មាន​ជំហរ​ទន់​ជ្រាយ​ហួស​ហេតុ។​

«អ.ស.ប.មាន​ជំហរ​ខ្សោយ​ជា​រចនា​សម្ព័ន្ធ​ក្នុង​តុលាការ​ដែល​ជា​រឿង​មិន​អាច​ប្រកែក​បាន។​ ក៏ប៉ុន្តែ​អ.ស.ប.នៅតែ​ជ្រើសរើស​ការ​បកស្រាយ​អំពី​អំណាច​របស់​ខ្លួន​តាម​លក្ខណៈ​តូចតាច​ និង​តាម​របៀប​អភិរក្ស​ ហើយ​មាន​ជំហរ​ផ្ទុយគ្នា​ក្នុង​សំណុំ​រឿង​ស្ទើរ​តែ​ទាំងអស់​ចំពោះ​បូរណភាពកម្ពុជា ​និង​សិទ្ធិ​ជា​ម្ចាស់​ប្រទេស។​ រឿង​នោះ​ហើយ​ដែល​ធ្វើ​ឲ្យ​ខូច​ដំណើរការ​សាលាក្តី​នេះ»។​

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ប្រាប់​ក្រុម​អ្នកចូលរួម​សំខាន់ៗ​មកពី​តាម​ក្រសួង ​អង្គការ​តាក់​តែង​គោល​នយោបាយ ​និង​អ្នកស្រាវ​ជ្រាវ​ជា​ច្រើន​ក្នុង​រដ្ឋធានី​វ៉ាស៊ីន​តោន​ ក្នុង​ទីស្នាក់ការ​អង្គការ​តាក់តែង​គោល​នយោបាយ​របស់​ស.រ.អា.មួយ​ឈ្មោះ​ថា​ មជ្ឈមណ្ឌល​ East ​West ​Center​ នៅ​ពេល​លោក​បង្ហាញ​ចំណុច​សំខាន់ៗ​នៃ​សៀវភៅ​ខ្មែរក្រហម​ឈ្មោះ​ថា ​Hybrid ​Justice: Trials and Errors at the ​ Extraordinary​ Chambers ​in the ​Court of ​Cambodia។ ​លោក​ចន​ ស៊ីយ៉ូស៊ីយ៉ារី ​បាន​សរសេរ​សៀវភៅ​នេះ​ជាមួយ​នឹង​លោកស្រី ​អាន ហេនដេល​ (Anne Heindel)​ ជា​ទីប្រឹក្សា​ច្បាប់​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ឯកសារ​កម្ពុជា ​DC-Cam។​

​លោក​ស៊ីយ៉ូស៊ីយ៉ារី ​បាន​បញ្ជាក់​ថា​ មាន​ច្បាប់​និង​វិធាន​ជាច្រើន​ចែង​មិន​ច្បាស់ ​និង​មាន​ភាព​ស្រពិច​ស្រពិល​ ហើយនាំ​ឲ្យមាន​ការ​លំបាក​ក្នុង​ការ​អនុវត្ត។​ លោក​បាន​លើក​យក​បញ្ហា​ ដែល​មិន​អាច​រក​ដំណោះ​ស្រាយ​រួម​បាន​ ហើយ​ធ្វើឲ្យ​ដំណើរ​ការ​កាត់ទោស​ខ្មែរក្រហម​យឺតយ៉ាវ​នោះ​ មក​បញ្ជាក់​ថា​ ភាគី​អ.ស.ប.ក្នុង​សាលាក្តី​កាត់ទោស​ខ្មែរក្រហម​ត្រូវ​ការ​សំឡេងគាំទ្រ​ភាគ​ច្រើន​ដាច់ខាត​ពី​ភាគី​កម្ពុជា​គឺ​មានន័យ​ថា​ ចៅក្រម​ភាគី​អ.ស.ប.ត្រូវការ​ចៅក្រម​ម្នាក់​ពីខាង​ភាគី​កម្ពុជា​យ៉ាងតិច​មុន​នឹង​សម្រេច​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ ការ​ចោទ​ប្រកាន់​ ការ​ចាប់​ខ្លួន​ជន​សង្ស័យ​ និង​សម្រេចដោះស្រាយ​លើ​រឿង​ខ្វែង​គំនិត​គ្នា​ដែល​ប្រើ​ពេល​វេលា​យ៉ាង​យូរ​នោះ។

ម្យ៉ាងទៀត​ សាលាក្តី​នេះ​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​ មាន​ការ​ជ្រៀត​ជ្រែក​ផ្នែក​នយោបាយ​ ហើយ​នឹង​ដំណើរការ​រឿង​ក្តី​ភាគច្រើន​ទៅ​តាម​ច្បាប់​កម្ពុជា​ ដែល​គេ​ដឹង​ថា​ ងាយ​នឹង​ឲ្យ​ភាគី​កម្ពុជា​រារាំង​ដំណើរការ​កិច្ចការ​តុលាការ​បាន​យ៉ាង​ស្រួល​ ជាពិសេស​សំណុំ​រឿង​ណា​ដែល​ខ្លួន​មិនចង់​ឲ្យ​ដើរ​ទៅ​មុខ។ ​មួយវិញ​ទៀត​ ការខ្វែង​គំនិត​គ្នា​នេះ​បានធ្វើ​ឲ្យ​ជន​ជាប់​ចោទ​តា ម៉ុក ​មេ​បញ្ជាការ​កងទ័ព​ខ្មែរក្រហម​កំពូល ​អៀង សារី​ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ខ្មែរក្រហម​ ស្លាប់​ក្នុង​ពន្ធ​ធនាគារ​ មុនការ​កាត់​ទោស។ ​ហើយ​ជន​សង្ស័យ​ម្នាក់​ទៀត​គឺ ​លោក​ ស៊ូ ម៉េត​នៃ​សំណុំ​រឿង​០០៣ ​បាន​ស្លាប់​កាលពី​ពាក់​កណ្តាល​ឆ្នាំ​ទៅ​ មុនការ​ចាប់​ឃុំឃាំង​នោះ​ផង​ដែរ។

«កេរដំណែលសាលាក្តី​នេះ​ស្ថិត​នៅ​ក្នុង​ភាព​មន្ទិល​ខ្លាំង​ណាស់។​ បញ្ហា​បច្ចេក​ទេស​វាងាយ​ស្រួល​ជាង។​ វា​ងាយ​ស្រួល​ក្នុងការ​បញ្ចុះបញ្ចូល​នរណា​ម្នាក់​ឲ្យ​ប្រើ​កំណត់ត្រា​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ជាងការ​ដែល​ទៅ​បញ្ចុះ​បញ្ចូល​នរណា​ម្នាក់​ឲ្យ​ឈប់​ទទួល​បទ​បញ្ជាពី​ថ្នាក់​ដឹកនាំ​ក្នុង​រដ្ឋាភិបាល។​ បញ្ហា​ពិត​ប្រាកដ​ចំពោះ​នីតិរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា​មិនគ្រាន់​តែ​ប្រភេទ​នៃ​ការ​ប្រឈម​មុខ​ផ្នែក​បច្ចេក​ទេស​ទេ​ តែរឿង​សំខាន់​នោះ​គឺ​បញ្ហា​នយោបាយ​ផង​ដែរ»។​

លោក​សាស្ត្រា​ចារ្យ​អាមេរិកាំង​ ភីធ័រ ម៉ាខ្វៃអឺ ​(Peter Maguire)​ អ្នក​និពន្ធ​សៀវភៅ​ខ្មែរក្រហម​ហៅ​ថា ​Facing Death​ in ​Cambodia ​ឬ​ហៅ​ថា ​ការ​ប្រឈម​មុខ​នឹង​សេចក្តី​ស្លាប់​ក្នុង​ប្រទេស​កម្ពុជា​ បាន​ស្តី​បន្ទោស​អ.ស.ប.ដែល​ពន្យារ​ពេល​ក្នុង​ការ​រក​យុត្តិធម៌ ​ដោយសារ​តែការ​ទទួល​យក​ប្រព័ន្ធ​តុលាការ​កូន​កាត់​នេះ។​ លោក​ថ្លែង​ថា ​បើទោះបី​ជា​កម្ពុជា​មិន​ព្រម​ក្តី​ អ.ស.ប.គួរតែ​ឲ្យ​កម្ពុជា​រៀបចំ​ការ​កាត់ទោស​ដោយ​ខ្លួន​ឯង​ឬ​គ្រប់​គ្រង​តុលាការ​ទាំង​ស្រុង​ដូច​អ.ស.ប.ធ្វើ​នៅក្នុង​ប្រទេស​ផ្សេងៗ​ទៀត​ដែរ។​

«តែ​ការ​ព្យាយាម​បញ្ចូល​គ្នា​ដោយ​មាន​សំឡេងគាំទ្រ​ភាគ​ច្រើន​ដាច់ខាត​ពី​កម្ពុជា​នោះគឺ​ជា​ប្រព័ន្ធ​តុលាការ​ដ៏​ស្មុគស្មាញ​ និង​អាក្រក់​ជាង​គេ​បំផុត​ដែល​ខ្ញុំ​ឃើញ​ក្នុង​ប្រវត្តិ​តុលាការ​អន្តរជាតិ»។​

លោក​ថ្លែង​ថា​ ជា​រឿង​ដែល​តុលាការ​នេះ​អាច​ជួយ​សង្គ្រោះ​មុខមាត់​បាន​វិញ​ខ្លះ​ដែរ​ ប្រសិន​បើ​តុលាការ​នេះ​អាច​កាត់ទោស​សំណុំ​រឿង​០០២​បាន​ចប់​ក្នុង​ពេល​ដែល​ជន​ជាប់​ចោទ​មាន​វ័យជាង​៨០​ឆ្នាំ​ទាំងពីរ​គឺ​នួន ជា ​និង ​ខៀវ សំផន​ អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​នៅ​មាន​ជីវិត។​

សាលាក្តី​កាត់ទោស​ខ្មែរក្រហម​កំពុង​ដំណើរការ​យ៉ាងយឺត​លើ​សំណុំ​រឿង​នីមួយៗ ​ជាពិសេស​សំណុំ​រឿង​០០២​វគ្គ១​ និង​សំណុំ​រឿង​០០២​វគ្គ​២​ នៅ​ក្នុង​តុលាការ​ពិសេស​កូនកាត់​ដែល​រៀបចំ​រវាង​អ.ស.ប.និង​រដ្ឋាភិបាល​កម្ពុជា។​ សាលាក្តី​នេះ​មិន​ទាន់​ដាក់​កាល​បរិច្ឆេទ​ដើម្បី​កាត់​ទោស​វគ្គ​ទី២​នៃ​សំណុំ​រឿង​០០២​ទេ​ ទោះបី​ជា​វគ្គ​ទី១​បានកាត់​ទោស​ចប់ ​ហើយ​រង់ចាំ​តែ​សាលក្រម​ក្តី។​ ក្រុម​អ្នក​វិភាគ​ជាច្រើន​បាន​អះអាង​ថា​ ការ​ពន្យារ​ពេល​ដោយសារ​ការ​ខ្វែង​គំនិតគ្នា​នេះ​ជា​រឿង​ដែល​ពន្យារការ​ស្វែង​រកយុត្តិធម៌​ និង​ធ្វើ​ឲ្យ​ជន​រងគ្រោះ​មិន​សប្បាយ​ចិត្ត។​

ភាព​យឺត​យ៉ាវនេះ​ធ្វើឲ្យ​មាន​ការ​ដាក់​សម្ពាធ​ពី​ម្ចាស់​ជំនួយ​ ដែល​បាន​ផ្តល់​ជំនួយ ​ហើយ​ចង់​ឃើញ​យុត្តិធម៌​ដ៏​ឆាប់​នោះ។​

ដោយ​មិនទាន់​មាន​ការ​សន្យា​ផ្តល់​ថវិកាថ្មី ​ មន្ត្រី​សាលាក្តី​នេះ​ថ្លែង​ថា ​អាច​ខ្វះ​ថវិកានៅ​ដើម​ឆ្នាំ​២០១៤ ​ដែល​គេ​គិត​ថា ​អ.ស.ប.និង​ម្ចាស់​ជំនួយ​និង​ភាគី​ពាក់​ព័ន្ធ​ត្រូវ​ពិភាក្សា​គ្នា​ដើម្បី​ធានាការ​កាត់ទោស​ដំណើរ​ការ​ទៅមុខ​ ដោយ​គ្មាន​ការ​ពន្យារ​ពេល​ និង​បាតុកម្ម​មិន​ចូល​ធ្វើការ​ទៀត។​
តែ​លោក​បណ្ឌិត​ចន ស៊ីយ៉ូស៊ីយ៉ារី​បាន​អះ​អាង​ថា ​ភាគី​ពាក់ព័ន្ធ​នានា​មិន​អាច​មិន​អើពើ​រឿងការ​ផ្តល់​ថវិកាដែល​ខ្លួន​បាន​សន្យា​ថា​ នឹង​បំពេញ​សម្រាប់​ដំណើរ​ការ​កាត់ទោស​ខ្មែរក្រហម​នោះ​ទេ។​

«ជាថ្មី​ម្តង​ទៀត ​ប្រសិន​បើ​សហគមន៍​អន្តរជាតិ​ចូល​រួម​ពាក់ព័ន្ធ​ ហើយ​បង្កើត​បាននូវ​អាណត្តិ​ដ៏​មាន​មហិច្ឆតា​សម្រាប់​ស្ថាប័ន​មួយ​ដូច្នេះ​ គេ​ត្រូវ​តែ​មាន​លទ្ធភាព​ផ្តល់​ការ​ធានា​ដ៏គួរ​ឲ្យ​ជឿជាក់​បាន​មួយ​ថា​ ថវិកានឹង​មាន​គ្រប់គ្រាន់​ដើម្បី​បំពេញ​ការងារ»។​

លោក​បាន​បន្ថែម​ថា​ អ.ស.ប.គួររៀន​សូត្រ​ជា​មេរៀន​នូវ​ប្រភេទ​តុលាការ​ក្នុង​ប្រទេស​កម្ពុជា​នេះ​ ហើយ​មិន​គួរ​យក​ធ្វើ​ជា​គម្រូ​ និង​មិនគួរ​កើត​ម្តង​ទៀត​ទេ។

សាលាក្តី​ខ្មែរក្រហម​ដែល​ចាប់​ផ្តើម​កាល​ពីឆ្នាំ​២០០៦​បាន​ចំណាយ​ទឹកប្រាក់​ជាង​២០០​លាន​ដុល្លារ​ស.រ.អា. ហើយ​កាត់​ទោស​បាន​តែ​ជន​ជាប់​ចោទ​ម្នាក់​ប៉ុណ្ណោះ​គឺ​កាំង ហ្កេចអ៊ាវ​ ហៅឌុច​ ប្រធាន​គុកទួល​ស្លែង​ស ​២១។​ សំណុំ​រឿង​០០២​ដែល​ពាក់​ព័ន្ធនឹងឧក្រិដ្ឋកម្ម​សំខាន់ៗ​ទាក់ទង​នឹង​ការ​កាប់​សម្លាប់​រង្គាល​ពលរដ្ឋ​ខ្មែរ​ជាង​១​លាន​៧សែន​នាក់​ក្នុង​ទសវត្សរ៍​១៩៧០​នោះ​ គេ​មិនទាន់​កំណត់​ជាក់លាក់​ថា​ ត្រូវ​កាត់​ទោស​ពេល​ណា​លើ​វិសាលភាព​នៃ​ឧក្រិដ្ឋកម្ម​អ្វី​ខ្លះ​នោះ​ទេ។​ ចំណែក​សំណុំ​រឿង​បន្ថែម០០៣ ​និង​០០៤ដ៏​ចម្រូងចម្រាស​ ដែល​រដ្ឋាភិបាល​ធ្លាប់​ប្រកាស​ថា​ មិនចង់​ឲ្យ​កាត់​ទោស​នោះ ​នៅមិន​ទាន់​ឃើញ​មាន​ដំណើរ​ការ​ទៅមុខ​នៅឡើយ​ដែរ​ ដោយសារ​តែមាន​ការ​ជ្រៀត​ជ្រែក​ផ្នែក​នយោបាយ​ និង​ការ​ខ្វែង​គំនិត​គ្នា​រវាង​សហ​ចៅក្រម​អ.ស.ប.​ និង​កម្ពុជា ​ដូចជា​សហ​ព្រះរាជ​អាជ្ញា​ផង​ដែរ​នោះ។​

លោក​ចន ស៊ីយ៉ូស៊ីយ៉ារី ​បាន​ទទូច​ថា ​ជា​មេរៀន​ផង​ដែរ​សម្រាប់​ អ.ស.ប.ដែល​ត្រូវ​ទាមទារ​អំណាច​ និង​គ្រប់គ្រង​ឲ្យ​បាន​ខ្លាំង​នៅ​ពេល​ចូលរួម​ពាក់​ព័ន្ធ​នឹង​កិច្ចការ​តុលាការ​នេះ៕
XS
SM
MD
LG