ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កងទ័ព​អ៊ុយក្រែន​និង​រុស្ស៊ី​ប្រយុទ្ធ​គ្នា​ដើម្បី​ត្រួតត្រា​រដ្ឋធានី​កៀវ


ទាហាន​ម្នាក់​ដើរ​កាត់​រថក្រោះ​អ៊ុយក្រែន​នៅ​លើ​ផ្លូវមួយ​ក្នុង​ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន​នៅ​ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។ (AP)
ទាហាន​ម្នាក់​ដើរ​កាត់​រថក្រោះ​អ៊ុយក្រែន​នៅ​លើ​ផ្លូវមួយ​ក្នុង​ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន​នៅ​ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។ (AP)

ការបំផ្ទុះ​គ្រាប់បែក​និង​ការបាញ់​គ្នា​បាន​បន្ត​នៅ​ក្នុង​រដ្ឋធានី​កៀវ​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ខណៈ​កងទ័ព​រុស្ស៊ី​និង​អ៊ុយក្រែន​បាន​ប្រយុទ្ធ​គ្នា​ដើម្បី​ត្រួតត្រា​រដ្ឋធានីកៀវ ហើយ​កងទ័ព​រុស្ស៊ី បាន​ខិត​ចូល​កាន់តែ​ជិត​ទីក្រុង​២ផ្សេង​ទៀត​នៅ​ក្នុង​ថ្ងៃ​ទី៣​នៃ​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន។

ប្រធានាធិបតី​អ៊ុយក្រែន​ដ៏​អង់អាច​ក្លាហាន​លោក Volodymyr Zelenskyy បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា រដ្ឋធានី​កៀវ​នៅ​តែ​ស្ថិត​នៅ​ក្នុង​កណ្តាប់​ដៃ​របស់​អ៊ុយក្រែន​ ខណៈ​ក្រុម​មន្ត្រី​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​ជួយ​ការពារ​រដ្ឋធានី​កៀវ​ទប់ទល់​នឹង​កងទ័ព​រុស្ស៊ី។

លោក Zelenskyy បាន​និយាយ​នៅ​ក្នុង​វីដេអូ​ដែល​ថតពី​តាម​ផ្លូវក្នុង​រដ្ឋធានី​កៀវ​ថា «យើង​បាន​តស៊ូ​នៅ​ទីនេះ​ហើយ​យើង​នឹង​ទទួល​ជោគជ័យ​នៅ​ក្នុង​ការវាយ​បក​ការវាយ​ប្រហារ​របស់​សត្រូវ។ ការប្រយុទ្ធ​នៅ​បន្ត​ធ្វើ​ឡើង​»។

មន្ត្រី​ម្នាក់​នៃ​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​កាលពី​ថ្ងៃ សៅរ៍​ម្សិលមិញ​ថា សហរដ្ឋ​អាមេរិក​មើលឃើញ «ការបង្ហាញ​នៃ​ការតស៊ូ​របស់​អ៊ុយក្រែន​អាច​សម្រេច​ជោគជ័យ​បាន»។

មន្ត្រីរូប​នោះ​ដែល​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ដើម្បី​ពិភាក្សា​ការសម្ងាត់​នោះ បាន​ថ្លែង​ថា «យើង​បន្ត​ជឿ​ថា ផ្អែកលើ​អ្វី​ដែល​យើង​បាន​សង្កេត​នោះ​គឺ​ថា ការតស៊ូ​នេះ​មាន​ខ្លាំង​ជាង​អ្វី​ដែល​រុស្ស៊ី​រំពឹង​ទុក ហើយ​យើង​មាន​សុចនាករ​ដែល​បង្ហាញ​ថា ពួក​រុស្ស៊ី​មាន​ការរកាំចិត្ត​កាន់តែ​ខ្លាំង​ឡើង​ ដោយ​សារ​តែ​សន្ទុះ​ទៅ​មុខ​របស់​ពួកគេ​ក្នុង​រយៈពេល​ជាង២៤ម៉ោងចុង​ក្រោយ​នេះ​យឺត​ជាង​ការ​រំពឹង​ទុក ជាពិសេស​នៅផ្នែក​នានា​នៃ​ភាគ​ខាង​ជើង​នៃ​ប្រទេស​អ៊ុយក្រែន»។

ផែនទីបង្ហាញ​ប្រទេសដែលគាំទ្រឬថ្កោលទោស​សកម្មភាព​របស់​ប្រទេសរុស្ស៊ី។ ពណ៌លឿង តំណាង​ប្រទេសដែល​ថ្កោលទោសរុស្ស៊ី។ ពណ៌ក្រហម តំណាង​ប្រទេសដែល​គាំទ្រ​ប្រទេសរុស្ស៊ី។ (VOA)
ផែនទីបង្ហាញ​ប្រទេសដែលគាំទ្រឬថ្កោលទោស​សកម្មភាព​របស់​ប្រទេសរុស្ស៊ី។ ពណ៌លឿង តំណាង​ប្រទេសដែល​ថ្កោលទោសរុស្ស៊ី។ ពណ៌ក្រហម តំណាង​ប្រទេសដែល​គាំទ្រ​ប្រទេសរុស្ស៊ី។ (VOA)

នៅពេល​ដែល​កងទ័ព​រុស្ស៊ី បាន​ប្រយុទ្ធ​គ្នា​បន្តិច​បន្តួច​ជាមួយ​កងទ័ព​អ៊ុយក្រែន​នៅ​ខាង​ក្រៅ​រដ្ឋធានី​កៀវ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​ឧត្តមសេនីយ៍​ទោ​លោក Igo Konashenkov បាន​និយាយ​នៅឯ​សន្និសីទ​កាសែត​ក្នុង​ទីក្រុង​មូស្គូ​ថា «អង្គភាព​ទាំង​អស់​បាន​ទទួល​បញ្ជា​ឲ្យ​រុល​ទៅ​មុខ​ពី​គ្រប់​ទិសដៅ​ទាំង​អស់​ស្រប​ទៅតាម​ផែនការ​នៃ​កិច្ចប្រតិបត្តិការ»។

មូលដ្ឋាន​កងទ័ពមួយ​កន្លែង​នៅ​ក្នុង​រដ្ឋធានី​កៀវ​បាន​រងការវាយ​ប្រហារ​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ ក៏ប៉ុន្តែ​យោធា​អ៊ុយក្រែន បាន​និយាយ​ថា ការវាយប្រហារ​នេះ​បាន​ត្រូវ​វាយ​ច្រាន​ទៅ​វិញ។

អាគារស្នាក់នៅខ្ពស់ៗនៅ​ក្នុង​រដ្ឋធានី​កៀវ​បាន​រង​ការវាយ​ប្រហារ​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ម្សិល​មិញ​ដោយ​កាំជ្រួច​មីស៊ីល​របស់​រុស្ស៊ី។ នេះ​បើ​យោង​តាម​រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន។ បុគ្គលិក​ជួយ​សង្គ្រោះ​ម្នាក់​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Associated Press ថា មនុស្ស៦នាក់​បាន​រង​របួស​នៅ​ក្នុង​ការវាយ​ប្រហារ​ដោយ​កាំជ្រួច​មីស៊ីល​នេះ។ រូបភាព​តាម​វីដេអូ​បង្ហាញថា អគារ​នោះ​បាន​រង​ការខូចខាត​យ៉ាង​ខ្លាំង​នៅ​ជាន់​ខាង​លើ។

អគារ​ស្នាក់នៅ​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ដោយវាយ​ប្រហារ​ដោយរ៉ុកែតនៅ​ទីក្រុង​កៀវ​ ប្រទេស​អ៊ុយក្រែន​នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។ (AP)
អគារ​ស្នាក់នៅ​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ដោយវាយ​ប្រហារ​ដោយរ៉ុកែតនៅ​ទីក្រុង​កៀវ​ ប្រទេស​អ៊ុយក្រែន​នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។ (AP)

ប្រធានាធិបតី​អ៊ុយក្រែន​លោក Zelenskyy បាន​ទស្សន៍ទាយ​កាលពី​ថ្ងៃ​សុក្រ​ថា ការវាយ​ប្រហារ​លើ​រដ្ឋធានី​កៀវ នឹង​មាន​ភាពកាន់តែ​ធ្ងន់ធ្ងរ​ឡើង​នៅ​ថ្ងៃ​សៅរ៍ ដោយ​លោក​និយាយ​ទៀត​ថា «រដ្ឋធានី​កៀវ ត្រូវការ​ការយកចិត្ត​ទុកដាក់​ពិសេស» ហើយ​លោក បាន​ប្រកាស​ថា «យើង​មិន​អាច​បាត់បង់​រដ្ឋធានី​នេះ​បាន​ទេ»។

លោក Zelenskyy បាន​បង្ហោះ​សារ​តាមបណ្តាញ​ Twitter ថា លោក​បាន​និយាយ​ជាមួយ​ប្រធានាធិបតី​បារាំង​លោក Emmanual Macron អំពី​ការទទួល​ជំនួយ​កាន់តែ​ច្រើន​ឡើង​ពី​សម្ព័ន្ធមិត្ត​ប្រទេស​លោក​ខាង​លិច។

លោក​បាន​បញ្ជាក់​នៅ​ក្នុង twitter ថា «អាវុធ​និង​ឧបករណ៍​មកពី​ដៃគូ​របស់​យើង កំពុង​បញ្ជូន​មក​ហើយ។ ក្រុម​ចម្រុះ​ប្រឆាំង​សង្គ្រាម កំពុង​ធ្វើការ»។

កាលពី​ថ្ងៃ​សុក្រ ប្រធានាធិបតី​អាមេរិក​លោក Joe Biden បាន​អនុញ្ញាត​ឲ្យ​ក្រសួង​ការបរទេស​បញ្ចេញ​ជំនួយ​យោធា​ដែល​មាន​ទឹកប្រាក់​ចំនួន៣៥០លាន​ដុល្លារ​ដល់​អ៊ុយក្រែន។ ថវិកា​នេះ​ធ្វើ​ឲ្យ​ជំនួយ​ខាង​សន្តិសុខរបស់​សហរដ្ឋ​អាមេរិក​ដែល​បាន​សន្យា​ផ្តល់ឲ្យអ៊ុយក្រែន​ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំ​កន្លង​មក​នេះ​មាន​មាន​ចំនួន​សរុប​ទាំង​អស់​ជាង១ពាន់​លាន​ដុល្លារ។

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក John Kirby បាន​ប្រាប់​ពួក​អ្នកយក​ព័ត៌មាន​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា ជំនួយ​បន្ថែម​នោះ​រួមមាន «កាំភ្លើង​បាញ់​រថក្រោះ កាំភ្លើង​ធន់​តូច​និង​គ្រាប់​រំសេវ​ផ្សេង​ៗ​ទៀត អាវ​ក្រោះ និង​ឧបករណ៍​ផ្សេងៗ​ទៀត​ដែល​ដើម្បី​ជួយ​ទាហាន​ដែល​ឈរ​ជើងនៅ​សមរភូមិ​មុខ​របស់​អ៊ុយក្រែន​នៅ​ក្នុង​ការប្រឈម​ការវាយ​ប្រហារ​ដែល​បង្ក​ឡើង​ដោយ​រុស្ស៊ី»។ លោក​បាន​និយាយ​ទៀត​ថា សហរដ្ឋ​អាមេរិក​បន្ត​ស្វែងរក​មធ្យោបាយ​ដើម្បី​ជួយ​អ៊ុយក្រែន​ការពារ​ខ្លួន​ឯង «ឲ្យ​ផុត​ពី​អាវុធ​ប្រល័យ​និង​មិន​ប្រល័យ»។

ក្រសួង​ការពារ​ជាតិរុស្ស៊ី​បាន​បញ្ជាក់​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា កងទ័ព​រុស្ស៊ី​បាន​កាន់កាប់​ទីក្រុង Melitopol ភាគ​អាគ្នេយ៍​អ៊ុយក្រែន ក៏ប៉ុន្តែ​ការអះអាង​នេះ​ត្រូវ​បាន​ជំទាស់​ប្រឆាំង​ដោយ​រដ្ឋមន្ត្រី​កងទ័ព​ចក្រភព​អង់គ្លេស​លោក James Heappey។ នៅ​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ទូរទស្សន៍ BBC កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ លោក Heappeyបាន​និយាយ​ថា «យើង​មិន​អាច​មើលឃើញ​អ្វី​ឲ្យ​បាន​ពិតប្រាកដ​នៅ​ពេល​ឥឡូវ​នេះ​ទេ»។ លោកក៏​បាន​និយាយ​ដែរថា ជួរ​រថពាស​ដែក​ដែល​ខិត​កាន់តែ​ជិតរដ្ឋធានី​កៀវ​នោះ ត្រូវ​បាន​រារាំង​និង​ត្រូវ​បាន​ពន្យឺត​ដោយ​ពួក​អ្នក​តស៊ូ​អ៊ុយក្រែន។

ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ចក្រភព​អង់គ្លេស បាន​បញ្ជូន​សារ​តាម​បណ្តាញ​ Twitter ថា ការលុកលុយ​ចូល​របស់​រុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយក្រែនយឺត​ជាងមុន «ទំនង​ដោយសារ​ការលំបាក​ខាង​ភស្តុភា​និង​ការតស៊ូ​យ៉ាង​ខ្លាំង​របស់​អ៊ុយក្រែន»។

អភិបាល​រដ្ឋធានី​កៀវ​ដែល​ជា​អតីត​ជើងឯក​កីឡា​ប្រដាល់ទម្ងន់​ធ្ងន់​លោក Vitali Klitschko បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា មិន​មាន​វត្តមាន​យោធា​រុស្ស៊ី​ច្រើន​ទេនៅ​ក្នុង​រដ្ឋធានី​កៀវ ក៏​ប៉ុន្តែក្រុម​បំផ្លិច​បំផ្លាញ​ទាំងនេះកំពុង​រត់​គេច​ខ្លួន។ លោក Klitschko បាន​ដាក់​បម្រាម​គោលចរណ៍​ពី​ម៉ោង៥​ល្ងាច​ដល់​ម៉ោង៨ព្រឹក ហើយ​លោក​បាន​និយាយ​ទៀត​ថា ទីក្រុង​នេះ​បាន​ស្ថិត​នៅ​ក្នុង​ដំណាក់ការ​នៃ​ការការពារ។

បណ្តាញ​ផ្សាយ​ព័ត៌មាន​រដ្ឋ​របស់​រុស្ស៊ី RT បាន​រាយការណ៍​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា កងទ័ព​រុស្ស៊ី ត្រូវ​បាន​បញ្ជា​ឲ្យ​បង្កើន​ការ​លុកលុយ​ចូល​ប្រទេស​អ៊ុយក្រែនគ្រប់​ទិស​ទាំង​អស់» បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​កៀវ បាន​បដិសេធ​ពុំ​ព្រម​ចរចា។

មន្ត្រី​ការពារ​ជាតិ​ជាន់​ខ្ពស់​ម្នាក់​របស់​សហរដ្ឋ​អាមេរិក​ បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដើម្បី​ពិភាក្សា​អំពី​ការណ៍​សម្ងាត់​នោះ​ បាន​និយាយ​ថា កងទ័ព​រុស្ស៊ី បាន​បាញ់​កាំជ្រួច​មីស៊ីល​ផ្លោង​ ballistic និង​កាំជ្រួច​មីស៊ីល Cruise ជាង២រយ​គ្រាប់ ចាប់​តាំង​ការឈ្លានពាន​បាន​ចាប់ផ្តើម ភាគ​ច្រើន​នៃ​មីស៊ីល​ទាំង​នោះ​បាញ់​សំដៅលើ​កងទ័ព​អ៊ុយក្រែន។

មន្ត្រី​សហរដ្ឋ​អាមេរិក​រូប​នោះ​បាន​ថ្លែង​ទៀត​ថា៖ «កងទ័ព​រុស្ស៊ី កំពុង​ជួប​ប្រទះ​ការតស៊ូ​យ៉ាង​ខ្លាំងជាង​អ្វី​ដែល​ពួកគេ​រំពឹង​ទុក»។ លោក​បាន​បន្ថែម​ទៀត​ថា កងទ័ព​រុស្ស៊ី​មិនទាន់​បាន​បង្កើត​ឲ្យ​មាន​ឧត្តមភាព​នៃ​កងកម្លាំង​អាកាស​នៅ​ឡើយ​ទេ បើ​ទោះ​បី​ជារុស្ស៊ីមាន​ប្រៀប​និង​បាន​ខំប្រឹង​ប្រែង​ដើម្បី​កម្ចាត់​ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​អ៊ុយក្រែន​ក៏​ដោយ។ មន្ត្រី​រូប​នោះ​បាន​បន្ថែម​ទៀត​ថា ទីបញ្ជាការ​និង​ការត្រួតត្រា​របស់​អ៊ុយក្រែន «គ្មាន​ការខូចខាត» នោះ​ទេ។

នៅ​ក្នុង​រដ្ឋធានី​កៀវ លោក​ប្រធានាធិបតី Zelenskyy បាន​ស្វះស្វែង​ប្រមូល​ការគាំទ្រ​នៅ​ក្នុង​ប្រទេស ដោយ​ច្រានចោល​ពាក្យ​ចចាម​អារ៉ាម​ដែល​ថា លោក​បាន​រត់​គេច​ខ្លួន​ចេញ​ពី​ទីក្រុង ហើយ​លោក​ទទូច​ថា លោក​និង​មន្ត្រី​ផ្សេង​ទៀត​របស់​រដ្ឋាភិបាល «បាន​ស្ថិត​នៅ​ក្នុង​រដ្ឋធានី​កៀវ​ទាំង​អស់​គ្នា​ដើម្បី​ការ​ពារ​ឯករាជ្យ​និង​រដ្ឋ​របស់​យើង»។

ពួក​មន្ត្រី​រុស្ស៊ី បាន​និយាយ​ថា កងទ័ព​របស់​ពួកគេបាន​រុល​ទៅ​មុខ​យ៉ាង​ខ្លាំង​ចូល​ក្នុង​ប្រទេស​អ៊ុយក្រែន​នៅ​ក្នុង​អ្វី​ដែល​ពួកគេ​បាន​ពណ៌នា​ថា ជា​កិច្ច​ខិត​ខំប្រឹងប្រែង​ដើម្បី​លប់​បំបាត់​ការគំរាម​កំហែង​ភេរវកម្ម។

នៅ​ក្នុង​ការចុះផ្សាយ​តាម​បណ្តាញ​ព័ត៌មាន​សង្គម​មួយ ឧត្តមសេនីយ៍​ទោ​រុស្ស៊ី​លោក Igor Konashenko បាន​និយាយ​ថា កងទ័ព​របស់​ប្រទេស​លោក​បាន​ធ្វើ​ឲ្យ​ទីកន្លែង​យោធា​និង​ប្រព័ន្ធ​ការពារ​ដែន​អាកាស​និង​ស្ថានីយ​រ៉ាដា​រាប់​សិប​របស់​អ៊ុយក្រែន​បិទ​លែង​ដំណើរការ ខណៈពេល​ដែល​បាន​កម្ទេច​យន្តហោះចម្បាំង ឧទ្ធម្ភាគចក្រ​និង​រថយន្ត​យោធា​របស់​អ៊ុយក្រែន​មួយ​ចំនួន​តូច​ទៀត។

យោធា​រុស្ស៊ីក៏​បាន​និយាយ​ដែរ​ថា ខ្លួន​បាន​ត្រួតត្រា​អាកាសយានដ្ឋាន​ Hostomel ដែល​ជា​អាកាសយានដ្ឋាន​យុទ្ធសាស្ត្រ​ដ៏សំខាន់​នៅ​ភាព​ពាយ័ព្យ​រដ្ឋធានី​កៀវ។

ការអះអាង​របស់​រុស្ស៊ី​នេះ​មិន​ទាន​មាន​ការបញ្ជាក់​ភ្លាម​ៗ​នៅ​ឡើយ​ទេ ក៏ប៉ុន្តែ​ពួកអាជ្ញាធរ​អ៊ុយក្រែន​បាន​រាយការណ៍​ពី​ការប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា​នៅ​ទី​នោះ។

ជន​ជាតិ​អ៊ុយក្រែន​យ៉ាង​តិច​ណាស់​ក៏១៩៨នាក់​ដែរត្រូវ​បាន​សម្លាប់ រួមទាំង​កូនក្មេង៣នាក់​ផង។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី Interfax ដែល​បាន​ដក​ស្រង់​ប្រភព​ពី​ក្រសួង​សុខាភិបាល​អ៊ុយក្រែន។ គេ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ថា តើ​តួលេខ​នៃ​ចំនួនអ្នក​ស្លាប់​ទាំង​នោះ​ជា​ជន​ស៊ីវិល​តែ​ប៉ុណ្ណោះ​ឬ​យ៉ាង​ណា​ទេ។

អ៊ុយក្រែនបាន​បញ្ជាក់​ទៀត​ថា ទាហាន​រុស្ស៊ី​ជាង១ពាន់​នាក់​បាន​ត្រូវ​សម្លាប់ ខណៈ​ដែល​រុស្ស៊ី​មិន​បាន​បញ្ចេញ​អំពី​តួលេខ​នៃ​ការស្លាប់​របស់​ខ្លួន។

អ៊ុយក្រែនបាន​ជម្លៀស​បុគ្គលិក​ស្ថានទូត​របស់​ខ្លួន​នៅ​ក្នុង​ទីក្រុង​មូស្គូ​នៃ​ប្រទេស​រុស្ស៊ី​ទៅ​កាន់​ប្រទេស​ឡេតូនី។ នេះ​បើ​តាម​ការបញ្ជាក់​របស់​ក្រសួង​ការបរទេស​របស់​ប្រទេស​នោះ​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ។

អង្គការ​សិទ្ធិ​មនុស្ស Amnesty International និយាយ​ថា រុស្ស៊ី​ប្រហែល​បាន​ប្រព្រឹត្តិ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដោយ​ការឈ្លានពាននៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

លោក​ស្រី Agnes Callamard អគ្គលេខា​ធិការ​អង្គការ​ Amnesty International បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថា៖ «យោធា​រុស្ស៊ី បាន​បង្ហាញ​ពី​ការប្រមាថ​ជីវិត​ជន​ស៊ីវិល​ដោយ​ការប្រើ​កាំជ្រួច​មីស៊ីល​ផ្លោង​ ballistic ​និង​គ្រឿង​ផ្ទុះ​ផ្សេង​ៗ​ដែល​ប៉ះពាល់ក្នុង​តំបន់​នានា​ដែល​មាន​ពលរដ្ឋ​រស់​នៅ​យ៉ាង​ច្រើន។ ការវាយ​ប្រហារ​ខ្លះ អាច​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម។ រដ្ឋាភិបាល​រុស្ស៊ី​ដែល​អះអាង​មិន​ពិតដោយថា ខ្លួន​ប្រើ​តែ​អាវុធ​ដែល​មាន​ប្រដាប់​បញ្ជា​បាញ់​តម្រង់​ចំ​ទិសដៅ​នោះ ត្រូវ​តែ​ទទួល​ខុសត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន»៕

ប្រែសម្រួល​ដោយ​លោក ជឹង ប៉ូជីន

លោក Jeff Seldin អ្នកឆ្លើយឆ្លង​ព័ត៌មាន​សន្តិសុខជាតិ អ្នកស្រី Heather Murdock អ្នកឆ្លើយឆ្លង​ព័ត៌មាន​ជនភៀសខ្លួន​ដែល​ស្ថិត​នៅ​ទីក្រុង​កៀវ លោក Jamie Dettmer ស្ថិត​ក្នុង​ទីក្រុង Lviv អ្នកស្រី Carla Babb អ្នកឆ្លើយឆ្លង​ព័ត៌មាន​ប្រចាំ​ក្រសួងការពារជាតិ អ្នកស្រី Cindy Saine អ្នកឆ្លើយឆ្លង​ព័ត៌មាន​ការបរទេស​ជាន់ខ្ពស់ និង​លោក Wayne Lee នៃ VOA បាន​រួម​ចំណែក​ក្នុង​សេចក្តីរាយការណ៍នេះ។ ហើយ​ព័ត៌មាន​មួយ​ចំនួន​ក្នុង​សេចក្តី​រាយការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters។

XS
SM
MD
LG