ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ UNICEF បង្កើន​ជំនួយ​ដល់​កុមារ​ដែល​រងការ​គំរាម​កំហែង​ដោយ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន


ក្មេងៗ​រង់​ចាំ​កាបូប​របស់​ពួកគេ​ ពេល​ពួកគេ​ទៅ​ដល់​ស្ថានីយ៍​រថភ្លើង​ដើម្បី​ចាកចេញ​ពី​តំបន់ Donetsk ភាគខាង​កើត​អ៊ុយក្រែន​កាលពី​ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ (AP)
ក្មេងៗ​រង់​ចាំ​កាបូប​របស់​ពួកគេ​ ពេល​ពួកគេ​ទៅ​ដល់​ស្ថានីយ៍​រថភ្លើង​ដើម្បី​ចាកចេញ​ពី​តំបន់ Donetsk ភាគខាង​កើត​អ៊ុយក្រែន​កាលពី​ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ (AP)

រដ្ឋធានី​កៀវ​នៃ​ប្រទេស​អ៊ុយក្រែន​កំពុង​ស្ថិតក្រោម​ការ​វាយប្រហារ។ កង​កម្លាំង​រុស្ស៊ី​បាន​ចូល​ឈ្លានពាន​ប្រទេស​នេះ​មកពី​ទិសដៅ​ជាច្រើន។ ចំនួន​មនុស្ស​ស្លាប់​និង​រងរបួស​ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​កើនឡើង។ ចាប់តាំង​ពី​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putinបាន​ចាប់​ផ្តើម​ការ​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន​កាលពី​ថ្ងៃព្រហស្បតិ៍​មក គ្រោះថ្នាក់​សម្រាប់​ជន ស៊ីវិល​កាន់​តែ​កើនឡើង​យ៉ាង​ខ្លាំង។ នាយិកា​ប្រចាំ​តំបន់​អឺរ៉ុប​និង​អាស៊ី​កណ្តាល​នៃ​អង្គការ UNICEF អ្នកស្រី Afshan Khan បាន​ព្រមានថា សង្គ្រាម​នេះ​កំពុង​បង្ក​ការ​គំរាមកំហែង​ភ្លាមៗ​ដល់​កុមារ​អ៊ុយក្រែន​ប្រមាណ៧លាន៥នាក់នាក់។

អ្នកស្រី Khan បាន​ថ្លែងថា៖«នៅ​ពេល​ដែល​យើង​កំពុង​និយាយ​នេះ មាន​ការវាយប្រហារ​ដ៏​ធំ​នៅ​ទីក្រុង​កៀវ​ដែល​បង្ក​ភាព​ភ័យខ្លាច​និង​តក់ស្លុត​យ៉ាង​ខ្លាំង​ក្នុងចំណោមប្រជាពលរដ្ឋ។ ដោយ​ក្រុមគ្រួសារ​នីមួយៗ​មាន​ការ​ភ័យខ្លាច ពួកគេ​រួម​ជាមួយ​កូន​របស់​គេ បាន​រើ​ទៅកាន់​ស្ថានីយ៍​រថភ្លើង​ក្រោមដី​និង​កន្លែង​ជ្រកកោន​នានា។ នេះ​គឺជា​ស្ថានភាព​ដ៏​គួរ​ឲ្យ​ខ្លាច​ខ្លាំង​ណាស់​សម្រាប់​ក្មេងៗ​នៅ​ទូទាំង​ប្រទេស»។

អង្គការ UNICEF បាន​ផ្តល់​ជំនួយ​មនុស្សធម៌​ដល់​កុមារ​រាប់​លាន​នាក់​និង​ក្រុមគ្រួសារ​នានា​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​អស់រយៈ​ពេល​៨ឆ្នាំមកហើយ។

ទីភ្នាក់ងារ​នេះ ជា​ពិសេស មាន​សកម្មភាព​យ៉ាង​សកម្ម​នៅ​ក្នុង​តំបន់ Donetsk និង Luhansk ដែល​ជា​តំបន់​ទាមទារ​បំបែក​រដ្ឋ​ដែល​គាំទ្រ​ដោយរុស្ស៊ី​ដែល​នៅ​ភាគខាង​កើត​ប្រទេស​អ៊ុយក្រែន​ជា​ទីកន្លែង​ដែល​ទីភ្នាក់ងារ​នេះ​បាន​ដឹក​ជញ្ជូន​ទឹកស្អាត​ទៅ​តំបន់​នានា​ដែល​រងផល​ប៉ះពាល់​ដោយ​ជម្លោះ​នេះ។

អង្គការ UNICEF បាន​ដាក់​គ្រឿង​ផ្គត់ផ្គង់​សុខភាព អនាម័យ​និង​អប់រំ​ក្នុង​គ្រា​បន្ទាន់​នៅ​តំបន់​នានានៅ​ជិត​ខ្សែ​បន្ទាត់​ទាក់ទង។ តំបន់​នេះ មាន​ទំហំ២០គីឡូម៉ែត្រ​ដែល​បែងចែក​ទឹកដី​គ្រប់ គ្រង​ដោយ​រុស្ស៊ី​ចេញពី​ផ្នែក​ផ្សេងទៀត​នៃ​ប្រទេស​អ៊ុយក្រែន។ ទីភ្នាក់ងារ​នេះ​ក៏​បាន​ផ្តល់​ជំនួយ​ផ្នែក​ចិត្តសាស្ត្រ​សង្គម​ដល់​កុមារមាន​ជំងឺ​បាក់ស្បាត​ដែល​រស់នៅ​ក្នុង​តំបន់​គ្រោះ​ថ្នាក់​នេះ​ដែរ។

អ្នកស្រី Khan បាន​ថ្លែងថា តម្រូវការ​កើនឡើង​ ខណៈ​ពេល​ដែល​វិបត្តិ​កាន់​តែ​ធ្ងន់ធ្ងរឡើង។ អ្នកស្រី​និយាយ​ទៀត​ថា ប្រេង​ឥន្ធនៈ​កាន់​តែ​តិចទៅ​ហើយ​គេ​ត្រូវការថវិកា​បន្ថែម​សម្រាប់​ទិញ​គ្រឿង​ផ្គត់ផ្គង់​បន្ទាន់​ដូចជា គ្រឿង​បរិក្ខា​ពេទ្យ​ឬ​គ្រឿង​អនាម័យ​ និង​គ្រឿង​សំខាន់ៗ​ដទៃ​ទៀត​សម្រាប់​ពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់ Donbas និង​នៅទូទាំង​ប្រទេស។

អ្នកស្រី Khan បាន​ថ្លែងថា៖ «ជាការពិត​ណាស់ រដ្ឋាភិបាល​អ៊ុយក្រែន​និង​ប្រទេស​លោក​ខាងលិច មិន​បាន​រងគ្រោះ​ដែល​មាន​ផលវិបាក​ដូចនេះ​ទេ។ ឥឡូវនេះ ដោយសារតែ​ស្ថានភាព​ដ៏​យ៉ាប់យឺន​នេះ ហានិភ័យ​ដែល​ក្រុមគ្រួសារ​នីមួយៗ​និង​កូនៗរបស់​ពួកគេ​ទទួល​គឺ ការភ័យខ្លាច ការបាក់​ស្បាត​កាន់​តែ​ខ្លាំង​ឡើង តម្រូវការ​ស្វែងរក​ទីជម្រក​និង​តម្រូវកា​ថវិកា។ យើង នឹង​ឃើញ​មាន​ការកើនឡើង​នូវ​តម្រូវការ​គ្រឿង​ផ្គត់ផ្គង់​បន្ថែម»។

អង្គការ UNICEF ថ្លែង​ថា តម្រូវការ​កើនឡើង​សម្រាប់​កុមារ​និង​ក្រុមគ្រួសារ​ដែល​រស់​នៅ​ក្នុង​តំបន់​ជម្លោះ។ ទីភ្នាក់ងារ​នេះ ស្នើ​សុំ​ថវិកា​ចំនួន៦៦,៤លាន​ដុល្លារ​ដើម្បី​ជួយ​ដល់​កុមារ​រហូត​ដល់៧លាន៥នាក់​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

ទីភ្នាក់ងារUNICEFថា ថវិកា​ទាំងនេះ​នឹង​ជួយ​ផ្តល់​ទឹក​និង​អនាម័យ ថ្នាំ​ចាក់​ការពារ​និង​ការ សិក្សា​អប់រំ។ ទីភ្នាក់ងារ​នេះ​ថ្លែង​ទៀត​ថា ខ្លួន​មាន​គោល​បំណង​ចង់​ពង្រីក​ចំនួន​ក្រុម​ចល័ត​របស់​ខ្លួន​នៅ​ពេល​បច្ចុប្បន្ន​ដោយ​ធ្វើ​ដំណើរ​ជុំវិញ​ប្រទេស​ដើម្បី​ផ្តល់​ការគាំទ្រ​ផ្នែក​ចិត្តសាស្ត្រ​ដល់​កុមារ​ដែល​កើត​ជំងឺ​បាក់ស្បាត។ ទីភ្នាក់ងារ​នេះ ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ការបង្កើន​សេវាកម្ម​នេះ នឹង​អនុញ្ញាត​ឲ្យ​ខ្លួន​អាច​ដោះស្រាយ​សំណើរ​សុំ​ជំនួយ​ផ្នែក​ចិត្តសាស្ត្រ​ដែល​កំពុង​កើន ឡើង​យ៉ាង​ខ្លាំង​និង​អាច​ជួយ​ថែទាំ​ដល់​កុមារ។

ស្របពេល​ជាមួយ​គ្នានេះ​ដែរ ទីភ្នាក់ងារ​ទទួល​បន្ទុក​ជនភៀសខ្លួន​របស់​អង្គការ​សហប្រជា ជាតិ បាន​ព្រមាន​ថា មនុស្ស​រហូត​ដល់៤លាន​នាក់​អាច​រត់គេច​ខ្លួន​ទៅ​កាន់​ប្រទេស​ផ្សេង ៗ​នៅ​អឺរ៉ុប ប្រសិនបើ​វិបត្តិ​នេះ​កាន់​តែ​ធ្ងន់ធ្ងរឡើង។ បើ​មើល​ស្ថានភាព​ជាក់ស្តែង​ក្នុង​ពេល​បច្ចុប្បន្ន​នេះ អ្នកស្រី Khan ថ្លែងថា អង្គការUNICEF រួម​ជាមួយ​នឹង​ទីភ្នាក់ងារ​ទទួល​បន្ទុក​ជន ភៀសខ្លួន​និង​ទីភ្នាក់ងារ​ដទៃ​របស់​អង្គការ​សហប្រជាជាតិ នឹង​ស្នើថវិកាបន្ទាប់​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ដើម្បី​ជួយការកើនឡើង​នូវ​ជនភៀសខ្លួន​នៅ​បណ្តា​ប្រទេស​នានា​នៅ​ជុំវិញ​ប្រទេស​អ៊ុយក្រែន៕

XS
SM
MD
LG