ក្នុងពេលប៉ុន្មានថ្ងៃមុនការលុកលុយរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន ពួកមន្ត្រីលោកខាងលិចខ្លះនៅពេលនេះ និងពីអតីតកាល បានចាប់ផ្តើមមានចម្ងល់អំពីភាពមិនវង្វេងវង្វាន់របស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។
ពួកគេបានចង្អុលបង្ហាញអំពីអ្វីដែលពួកគេយល់ថា ជាការប្រែប្រួលអាកប្បកិរិយារបស់លោក Putin គឺការនិយាយរបស់លោកអំពីវិបត្តិនេះ ថាជាភ័ស្តុតាងនៃអ្វីដែលបានប្រែប្រួល និងបានធ្វើឱ្យមេដឹកនាំរុស្ស៊ីរូបនេះ ជាមនុស្សនាំឱ្យមានគ្រោះថ្នាក់ជាងមុន។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានពណ៌នាសុន្ទរកថាមួយរបស់លោក Putin ដែលទទួលស្គាល់តំបន់ Donetsk និង Luhansk នៃប្រទេសអ៊ុយក្រែនថាជារដ្ឋឯករាជ្យថា «ចម្លែក» និង«មួលបង្កាច់»។ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានពណ៌នាសុន្ទរកថានោះថា «នាំឱ្យមានការព្រួយបារម្ភខ្លាំង»។
លោក Gérard Araud អតីតឯកអគ្គរដ្ឋទូតបារាំងប្រចាំសហរដ្ឋអាមេរិកបាន tweet ថា សុន្ទរកថារបស់លោក Putin បាន«ធ្វើឱ្យភ្ញាក់ផ្អើល» ហើយលោកសង្ស័យថា ប្រធានាធិបតីរុស្ស៊ីរូបនេះ មាន«ការបារម្ភខាងផ្លូវចិត្តហួសហេតុដូចទៅស្ថិតនៅក្នុងពិភពមួយផ្សេងទៀត»។
អ្នកសង្កេតការណ៍ឯទៀតៗ បានហៅលោក Putin ថា«ឡប់» និង«ផ្តាច់ខ្លួនពីភាពជាក់ស្តែង»។
ការនិយាយបែបនេះអំពីលោក Putin ដែលប្រហែលបាត់បង់ភាពប្រាកដនិយម ផ្ទុយពីការវាយតម្លៃសាធារណៈកាលពីពេលមុនៗ និងការវាយតម្លៃឯកជនខាងការស៊ើបការសម្ងាត់អំពីមេដឹកនាំរុស្ស៊ីរូបនេះដែលបានកាន់តំណែងយូរមកហើយ ដែលត្រូវបានពណ៌នាថា លោក Putin ដែលនៅពេលនេះអាយុ៦៩ឆ្នាំថា ជាមនុស្សគ្មានមេត្តា ឆ្លាត និងមានគ្រោះថ្នាក់ ដោយការចូលចិត្តប្រថុយប្រថាន។
លោក William Burns នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិក CIA បាននិយាយប្រាប់ក្រុមសមាជិកសភាកាលពីខែកុម្ភៈមុន នៅមុនការទទួលតំណែងនេះថា៖ «សក់ស្កូវខ្ញុំភាគច្រើនមានមកពីការបំពេញការងាររបស់ខ្ញុំច្រើនឆ្នាំនៅក្នុងប្រទេសរុស្ស៊ី ហើយជាពិសេសក្នុងការទាក់ទងជាមួយប្រទេសរុស្ស៊ីរបស់លោក Putin»។
លោក Putin បានចាប់ផ្តើមអាជីពលោកជាមន្ត្រីស៊ើបការណ៍សម្ងាត់នៅប្រទេសក្រៅឲ្យ KGB ដែលជាអង្គការប៉ូលិសសម្ងាត់រុស្ស៊ី ហើយលោកបានចូលនិវត្តន៍នៅពេលលោកជាវរសេនីយទោកាលពីឆ្នាំ១៩៩០។
លោកបានចូលប្រឡូកក្នុងនយោបាយ ហើយនៅឆ្នាំ១៩៩៨ លោកជាមេដឹកនាំសេវាសន្តិសុខក្នុងប្រទេស FSB របស់ប្រទេសរុស្ស៊ី។
ពីរឆ្នាំបន្ទាប់មក លោក Putin បានជាប់ឆ្នោតជាប្រធានាធិបតី។ លោកបានកាន់តំណែងប្រធានាធិបតីចាប់ពីពេលនោះមក លើកលែងតែក្នុងពេលបួនឆ្នាំដែលលោកជានាយករដ្ឋមន្ត្រីពីឆ្នាំ២០០៨ ដល់២០១២។
លោក Burns បានបន្ថែមថា៖ «វាតែងតែជាកំហុស បើយើងមើលស្រាលប្រទេសរុស្ស៊ីរបស់លោក Putin»។
ប៉ុន្តែ ពួកអតីតមន្ត្រីខាងការស៊ើបការណ៍សម្ងាត់ ក៏បាននិយាយបង្ហាញហេតុផលដែរថា ការបដិសេធមេដឹកនាំរុស្ស៊ីរូបនេះថាជាមនុស្សចម្កួតទៅវិញ គឺជាការភ័ន្តច្រឡំធំមួយដែរ។
លោក Daniel Hoffman ជាមន្ត្រីខាងសេវាសម្ងាត់ចូលនិវត្តន៍និងជាអតីតប្រធាន CIA នៅប្រទេសក្រៅ។ លោកបាននិយាយថា៖ «ខ្ញុំមិនឃើញមានអ្វីបញ្ជាក់ថា Vladimir Putin ខុសប្លែកពីប្រតិបត្តិករ KGB មានការថ្លឹងថ្លែងដោយប្រយ័ត្នប្រយែងដូចដែលលោកធ្លាប់ជាមនុស្សបែបនេះតាំងពីមុននោះទេ»។
លោក Hoffman បានថ្លែងប្រាប់វីអូអេថា៖ «ខ្ញុំមិនយល់ថា គាត់បានធ្វើកំហុសណាមួយនៅឡើយទេ» ដោយលោកកត់សម្គាល់អំពីសកម្មភាពយោធាមានជោគជ័យរបស់រុស្ស៊ីក្នុងតំបន់ Chechnya ប្រទេសហ្សកហ្សី តំបន់ Crimea និងប្រទេសស៊ីរី។
លោក Hoffman និងអតីតមន្ត្រីសហរដ្ឋអាមេរិកខាងការស៊ើបការណ៍សម្ងាត់ឯទៀតៗមានជំនឿថា លោក Putin ដែលមានការលើកទឹកចិត្តដោយសារជោគជ័យទាំងនោះ បានពិនិត្យមើលស្ថានភាពពិភពលោកបច្ចុប្បន្ន ហើយបានឃើញឱកាសធ្វើឱ្យបំណងយូរយាមួយរបស់លោកក្លាយជាការពិត។
បើតាមលោក Mark Kelton អតីតនាយករងនៃសេវាសម្ងាត់ជាតិខាងប្រឆាំងចារកម្មថា៖ «លោក Putin មិនបានធ្វើឱ្យទស្សនវិស័យលោកជាការសម្ងាត់ទេ»។
លោក Kelton បានថ្លែងប្រាប់វីអូអេថា៖ «អ្វីដែលប្រែប្រួល គឺថានៅពេលនេះ លោកយល់ថា លោកមានសមត្ថភាពបំពេញបំណងរបស់លោកក្នុងការយកផ្នែកទាំងនោះនៃប្រទេសអ៊ុយក្រែនដែលរុស្ស៊ីមិនបានវាយយកកាលពីឆ្នាំ២០១៤ ឱ្យឋិតនៅក្រោមការត្រួតត្រារបស់រុស្ស៊ី»។
ជាពិសេស អតីតពួកមន្ត្រីខាងការស៊ើបការណ៍សម្ងាត់ចង្អុលបង្ហាញអ្វីដែលលោក Putin ទំនងយល់ឃើញថា ជា«ភាពកម្សោយរបស់សហរដ្ឋអាមេរិក»ដោយសារការបែកបាក់ខាងនយោបាយក្នុងប្រទេស និងការដកថយពីប្រទេសអាហ្វហ្គានីស្ថានដែលបង្ហាញថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងក្រុមសម្ព័ន្ធមិត្តលោកខាងលិច មិនបម្រុងខ្លួនក្នុងការទាក់ទិននឹងសង្គ្រាមនៅក្រៅប្រទេសទេ។
ហើយក៏មានប្រទេសចិនដែរដែលទំនងជាគូបដិបក្ខ នៅពេលយូរអង្វែង ពេលនេះបានក្លាយ ជាសម្ព័ន្ធមិត្តរបស់រដ្ឋាភិបាលក្រុងម៉ូស្គូដែលជាអ្វីលោក Kelton ហៅថា«ការប្រឆាំងរួមគ្នានឹងសត្រូវរួម គឺសហរដ្ឋអាមេរិក»។
បើតាមអ្នកសង្កេតរុស្ស៊ីខ្លះថា ការបង្វែរបញ្ចូលគ្នានៃនិន្នាការនានាប្រហែលនាំឱ្យអតីតមន្ត្រីខាងស៊ើបការណ៍សម្ងាត់នេះ មានការទុកចិត្តជាងមុនបន្តិច។
លោកស្រី Molly McKew អតីតទីប្រឹក្សាប្រធានាធិបតីប្រទេសហ្សកហ្សី និងក្រុមប្រឹក្សាសន្តិសុខជាតិ បាននិយាយប្រាប់វីអូអេថា៖ «លោក Putin ដែលខ្ញុំបានឃើញកន្លងមក ជាលោកពូទីនដែលខ្ញុំរំពឹងថា នឹងឃើញទៀត។ Putin ចង់មានអំណាចនិងកេរ្តិ៍ដំណែលសម្រាប់ខ្លួនគាត់ផ្ទាល់ និងសម្រាប់ទស្សនវិស័យគាត់អំពីប្រទេសរុស្ស៊ី»។
លោកស្រីបានបន្ថែមថា៖ «គាត់មានការប្រាកដជាងមុនថា នឹងមិនមានការបង់ខាតដែលគាត់មិនអាចពុះពារបានទេ។ គាត់មានការប្រាកដជាងមុនថា គ្មានឆន្ទៈអ្វីបញ្ឈប់គាត់បានទេ»។
ប៉ុន្តែមិនមែនគ្រប់គ្នាជឿជាក់ថា Putin ដូចដែលគាត់បង្ហាញខ្លួនតាមទូរទស្សន៍កាលពីប៉ុន្មានថ្ងៃមុននេះ ជា Putin កាលពីពេលមុនទេ។
លោក John Sipher ដែលធ្លាប់ចាត់ចែងកិច្ចប្រតិបត្តិការរបស់ CIA ក្នុងប្រទេសរុស្ស៊ី បាននិយាយប្រាប់វីអូអេថា៖ «ខ្ញុំភ្ញាក់ផ្អើលនឹងសុន្ទរកថាបត់បែនប្រកបដោយកំហឹងដែលគាត់បានថ្លែងកាលពីថ្ងៃចន្ទ»។
លោក Sipher បានថ្លែងនៅមុនការលុកលុយប្រទេសអ៊ុយក្រែនថា៖ «ខ្ញុំតែងតែសន្មតថា គាត់បានទទួលព័ត៌មានសុក្រិត្យ។ គាត់ជាអតីតមន្ត្រី KGB ហើយមានសេវាស៊ើបការណ៍សម្ងាត់ល្អប្រសើរដែលគេដឹងឮ ហើយអ៊ុយក្រែន និងសហរដ្ឋអាមេរិក មិនបានគ្រោងចូលឈ្លានពានរុស្ស៊ីនោះទេ។ ស្តាប់ទៅដូចលោកជឿរឿងមិនគ្មានន័យនេះ»។
ពួកអ្នកជំនាញខាងប្រទេសរុស្ស៊ីផ្សេងទៀតយល់ស្របគ្នាថា លោក Putin មានការប្រែប្រួល។ លោក Seva Gunitsky សាស្ត្រាចារ្យជំនួយខាងវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ Toronto បានថ្លែងថា៖ «អ្វីដែលប្លែកនៅពេលនេះ គឺរបៀបនិយាយបែបគំរាមកំហែង ហើយស្ទើរមិនលាក់បាំងកំហឹង»។
លោកបានពោលប្រាប់វីអូអេថា៖ «នេះ ជាសុន្ទរកថាគំរាមកំហែង មិនមែនដើម្បីបំផុសគំនិតទេ។ គាត់បានប្តូរគោលជំហរ និងការបង្ហាញទឹកមុខដើម្បីឱ្យឃើញការគំរាមកំហែង»។
ហើយបើតាមអ្នកជំនាញខ្លះថា ការណ៍នេះ អាចជាការបង្ហាញការប្រែប្រួលអាកប្បកិរិយារបស់លោក Putin ដែលអាចមានផលប៉ះពាល់ច្រើន។
លោក Gunitsky បាននិយាយថា៖ «Putin ហាក់ដូចជានៅដាច់ពីគេជាងមុន លើកលែងតែពួកអ្នកជិតស្និទ្ធជាមួយគាត់ដែលសុទ្ធតែជាសមាជិកសេវាសន្តិសុខមានទស្សនវិស័យគឃ្លើន និងបារម្ភគ្មានហេតុផល។
លោក David Szakonyi អ្នកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ George Washington យល់ស្របជាមួយមតិនេះ។
លោកបាននិយាយប្រាប់វីអូអេថា៖ «ការណ៍នេះ កើតមានច្រើនដល់ពួកមេដឹកនាំផ្តាច់ការ។ ពួកគេឈប់ទុកចិត្តលើទស្សនវិស័យឯទៀតៗ។ ពួកគេប្រុងប្រយ័ត្នក្នុងការអនុញ្ញាតឱ្យមតិផ្សេងៗចូលទៅក្នុងការគិតពិចារណារបស់ពួកគេ»។
បើតាមអតីតមន្ត្រីខាងស៊ើបការណ៍សម្ងាត់ខ្លះថា មានលទ្ធភាពមួយទៀតគឺថា ដើម្បីការចាត់ចែងផែនការទាំងអស់របស់លោកនិងសម្រាប់ទំនុកចិត្តរបស់លោក លោក Putin មានការថប់អារម្មណ៍ពិតមែន។
លោក Paul Pillar ជាអតីតមន្ត្រី CIA ជាន់ខ្ពស់ដែលនៅពេលនេះបង្រៀននៅសាកលវិទ្យាល័យ Georgetown។ លោកបានថ្លែងថា «ទោះជា Putin បានផ្តើមគំនិតឱ្យមានវិបត្តិនេះក៏ដោយក៏ប្រតិកម្មរបស់លោកខាងលិចមិនដូចអ្វីដែលលោកបានគិតនោះទេ។ នេះជាការគ្រប់គ្រាន់សម្រាប់ធ្វើឱ្យមនុស្សខ្លះយល់ថាគាត់មិនអាចគ្រប់គ្រងស្ថានការណ៍បានទេប្រសិនបើគាត់នៅតែខឹងសំបារបែបនេះ»។
តែអ្នកខ្លះនិយាយថា អាកប្បកិរិយារបស់លោក Putin អាចជាសកម្មភាព មានការគិតពិចារណាល្អ។
លោក Pillar បានថ្លែងប្រាប់វីអូអេថា៖ «ប្រសិនបើមនុស្សក្នុងលោកខាងលិចយល់ថា លោក Putin ឆ្កួតលីលា ការណ៍នេះ អាចជាការមានប្រៀបខាងយុទ្ធសាស្ត្រមួយ។ ទិដ្ឋភាពបែបនេះ អាចនាំឱ្យពួកមេដឹកនាំលោកខាងលិច បារម្ភអំពីអ្វីដែលមនុស្សឆ្កួតលីលានេះ អាចធ្វើតទៅទៀត ដើម្បីធ្វើសម្បទានគ្រប់គ្រាន់សម្រាប់បន្ថយវិបត្តិនេះ តាមលក្ខខ័ណ្ឌដែលរុស្ស៊ីអាចទទួលយកបាន»៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ