ការវាយប្រហាររបស់រុស្សីទៅលើប្រទេសអ៊ុយក្រែន បានធ្វើឲ្យប្រទេសនេះ ធ្លាក់ចូលទៅក្នុងភាពច្របូកច្របល់។ ទីភ្នាក់ងារផ្តល់ជំនួយនានា កំពុងស្វះស្វែងធ្វើការវាយតម្លៃអំពីស្ថានភាពគ្រោះថ្នាក់ និងសេចក្តីត្រូវការចាំបាច់ជាអទិភាព ដើម្បីជួយដល់មនុស្សរាប់លាននាក់ ដែលកំពុងស្ថិតនៅក្នុងស្ថានភាពអសន្តិសុខយ៉ាងខ្លាំងនេះ។
តួលេខបឋមនៃចំនួនមនុស្សស្លាប់និងរបួសកំពុងកើនឡើង។ គិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅនេះ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនិយាយថា ខ្លួនបានទទួលរបាយការណ៍ ស្តីពីជនស៊ីវិលដែលទទួលរងគ្រោះមានចំនួនយ៉ាងហោចណាស់ក៏១២៧នាក់ដែរ ដែលក្នុងនោះ២៥នាក់ បានស្លាប់ និង១០២នាក់ រងរបួស។ ភាគច្រើននៃជនរងគ្រោះទាំងនោះត្រូវបានគេរាយការណ៍មកថា ស្ថិតក្នុងតំបន់ដែលគ្រប់គ្រងដោយរដ្ឋាភិបាល គឺតំបន់ផ្តាច់ខ្លួនDonetsk និង Luhanskដែលស្ថិតនៅភាគខាងកើតប្រទេសអ៊ុយក្រែន។
អ្នកស្រី Shabia Mantoo អ្នកនាំពាក្យរបស់ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួននៃអង្គការសហប្រជាជាតិ ឬ UNHCRបាននិយាយថា មានការផ្លាស់ទីលំនៅនិងចលនារើទីតាំងជាច្រើននៅក្នុងប្រទេសអ៊ុយក្រែន និងនៅតាមបណ្តោយព្រំដែន ចាប់តាំងពីការវាយលុយបានចាប់ផ្តើមមក។
អ្នកស្រី Mantoo បានថ្លែងថា៖ «មានមនុស្សប្រមាណជាង១សែននាក់ ដែលយើងបានប៉ាន់ស្មានថា បានចាកចេញពីទីលំនៅរបស់ពួកគេ និងប្រហែលត្រូវបានផ្លាស់ទីលំនៅរបស់ពួកគេនៅក្នុងប្រទេសអ៊ុយក្រែន។ យើងក៏បានដឹងផងដែរថា មានមនុស្សជាច្រើនពាន់នាក់ ដែលបានឆ្លងព្រំដែនទៅកាន់ប្រទេសផ្សេងៗក្នុងតំបន់។ ហើយយើងទើបឃើញបញ្ហានេះកើតមានឡើង ចាប់តាំងពីការចាប់ផ្តើមនៃស្ថានភាពនេះមក»។
ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបានព្រមានថា អាចមានមនុស្សរហូតដល់ប្រមាណ៤លាននាក់ ដែលអាចភៀសខ្លួនទៅកាន់ប្រទេសផ្សេងៗ ប្រសិនបើស្ថានភាពនេះកាន់តែមានភាពតានតឹងឡើងនោះ។
តំណាងអង្គការសុខភាពពិភពលោកនៅក្នុងប្រទេសអ៊ុយក្រែន លោក Jarno Habicht កំពុងធ្វើដំណើរទៅក្រៅប្រទេស នៅពេលដែលរុស្សីចាប់ផ្តើមចូលឈ្លានពានប្រទេសអ៊ុយក្រែននោះ។ លោកបានជាប់នៅក្នុងប្រទេសអេស្ប៉ាញ ដោយសារតែដែនអាកាសអ៊ុយក្រែន ត្រូវបានបិទ សម្រាប់យន្តហោះស៊ីវិល។
លោក Jarno រស់នៅក្នុងរដ្ឋធានីកៀវអស់រយៈពេល៣ឆ្នាំមកហើយ ហើយលោកនិយាយថាលោកព្រួយបារម្ភទៅលើសុវត្ថិភាព សុខភាព និងស្ថានភាពរបស់ពលរដ្ឋអ៊ុយក្រែននៅទូទាំងប្រទេស។
លោកបន្ថែមទៀតថា កាលពីមួយសប្តាហ៍កន្លងទៅ បុគ្គលិករបស់អង្គការសុខភាពពិភពលោក បានបង្កើនយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ នៅក្នុងប្រទេសអ៊ុយក្រែន។ លោកថា កិច្ចប្រឹងប្រែងត្រូវបានបង្កើតឡើង ដើម្បីទប់ស្កាត់ការផ្ទុះឡើងនាពេលថ្មីៗនេះ នៃជំងឺស្វិតដៃជើង ហើយកំណែទម្រង់ប្រព័ន្ធសុខាភិបាល កំពុងមានសន្ទុះទៅមុខ។
លោក Jarno ថ្លែងក្នុងសម្តីដើមថា៖ «នៅពេលនេះអាទិភាពរបស់យើងបានងាកទៅរកការព្យាបាលជំងឺបាក់ស្បាត ដោយធានានូវការទទួលបាននូវសេវាថែទាំ ការបន្តថែរក្សាសុខភាព សុខភាពផ្លូវចិត្ត និងការគាំទ្រចិត្តសាស្ត្រសង្គម ប៉ុន្តែទន្ទឹមនឹងនេះ ក៏នៅបន្តដំណើរការគ្រប់កំណែទម្រង់ទាំងអស់ផងដែរ។ ដូចនេះការឆ្លើយតបខាងមនុស្សធម៌ គឺជាការងារសំខាន់របស់យើងនៅពេលនេះ ដែលយើងចាំបាច់ត្រូវធានាផងដែរថា សុខភាពរបស់យើងនិងការឆ្លើយតបខាងមនុស្សធម៌ ត្រូវទទួលបានការការពារ»។
ដើម្បីឆ្លើយតបទៅនឹងវិបត្តិនេះ អង្គការសុខភាពពិភពលោក បានបញ្ចេញទឹកប្រាក់ប្រមាណ៣លាន៥សែនដុល្លារអាមេរិក ពីកញ្ចប់ថវិកាក្នុងគ្រាអាសន្នរបស់ខ្លួន ដើម្បីទិញនិងផ្គត់ផ្គង់គ្រឿងបរិក្ខាពេទ្យជាបន្ទាន់។
បន្ថែមពីលើនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកAntonio Guterres បានបែងចែកថវិកាប្រមាណ២០លានដុល្លារ ពីមូលនីធិកណ្តាលដើម្បីឆ្លើយតបក្នុងគ្រាអាសន្ន។
កាលពីដើមឆ្នាំនេះ អង្គការសហប្រជាជាតិបានអំពាវនាវសុំថវិកាជំនួយប្រមាណ១៩០លានដុល្លារអាមេរិក ដើម្បីជួយដល់ជនងាយរងគ្រោះប្រមាណ១លាន៨សែននាក់នៅក្នុងតំបន់គ្រប់គ្រងដោយរដ្ឋាភិបាលនិងតំបន់ដែលមិនមែនគ្រប់គ្រងដោយរដ្ឋាភិបាលនៅផ្នែកខាងកើតប្រទេសអ៊ុយក្រែន៕