ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​​បោះឆ្នោត​រារាំង​សេចក្តី​សម្រេច​អ.ស.ប.​ ថ្កោល​ទោស​ការ​ឈ្លានពាន​អ៊ុយក្រែន


ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោក Vassily Nebenzia បោះឆ្នោត​ក្នុង​អំឡុង​ការ​ប្រជុំ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​អំពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន នៅ​ទី​ស្នាក់ការ​ក្នុង​ទី​ក្រុង New York កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២២។
ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោក Vassily Nebenzia បោះឆ្នោត​ក្នុង​អំឡុង​ការ​ប្រជុំ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​អំពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន នៅ​ទី​ស្នាក់ការ​ក្នុង​ទី​ក្រុង New York កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២២។

រុស្ស៊ីកាល​ពី​ថ្ងៃ​សុក្រ បានបោះឆ្នោតរាំង​ខ្ទប់ (វ៉េតូ) ​សេចក្តី​សម្រេច​មួយ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ដើម្បី​ថ្កោលទោស និង​បញ្ឈប់​ការ​ឈ្លានពាន​របស់​ខ្លួន​លើ​ប្រទេស​អ៊ុយក្រែន ក៏​ប៉ុន្តែ​ប្រទេស​ជា​ច្រើន​និយាយ​ថា ​ពួក​គេ​នឹង​ព្យាយាមរក​មធ្យោបាយ​ឱ្យ​រុស្ស៊ី​ទទួល​ខុស​ត្រូវ​ពី​សមាជិក​ទាំង​អស់​របស់​អង្គការ​ពិភពលោក​នេះ ​នៅ​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​វិញ។

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិកលោកស្រី Linda Thomas-Greenfield បាន​ថ្លែង​ប្រាប់​ក្រុមប្រឹក្សា​សន្តិសុខ​ថា៖ «ខ្ញុំ​សូម​និយាយ​ឱ្យ​ចំ​ថា៖ សូម​បោះឆ្នោត​យល់​ព្រម ​ប្រសិន​បើ​អ្នក​ជឿ​លើ​ការ​លើក​តម្កើង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ។ សូម​បោះឆ្នោត​យល់ព្រម ប្រសិន​បើ​អ្នក​គាំទ្រ​សិទ្ធិ​មាន​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​របស់​អ៊ុយក្រែន ឬ​រដ្ឋ​ណា​ក៏​ដោយ។ សូម​បោះឆ្នោត​យល់​ព្រម​ ប្រសិន​បើ​អ្នក​ជឿ​ថា ​រុស្ស៊ី​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​សកម្មភាព​របស់​ខ្លួន។​

លោកស្រី​បន្ត​ថា៖ «សូម​បោះឆ្នោត​មិន​យល់ព្រម ឬ​អនុប្បវាទ ប្រសិន​បើ​អ្នក​មិន​លើក​តម្កើង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​ទេ​នោះ និង​ចង់នៅ​ខាង​សកម្មភាព​ដ៏​គឃ្លើន​របស់​រុស្ស៊ី​ដែល​មិន​មាន​ការ​បង្ក​ហេតុ។ ដូច​រុស្ស៊ី​ដែរ អ្នក​ក៏​មាន​ជម្រើស​ដូច​គ្នា។

ខ្លឹមសារ​អត្ថបទ​សេចក្តី​សម្រេច​នោះ ដែល​ត្រូវ​បានព្រាង​ដោយ​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​អាល់បានី​ បាន​ទទួល​ការ​គាំទ្រ​ពី​សមាជិក​១១​ នៃ​សមាជិក​សរុប​១៥​របស់​ក្រុមប្រឹក្សា​សន្តិសុខ។ ចិន ឥណ្ឌា និង​អេមីរ៉ាតអារ៉ាប់រួម បាន​បោះឆ្នោត​អនុប្បវាទ។ សេចក្តី​សម្រេច​មួយ​ត្រូវ​ការ​សំឡេង​ឆ្នោតគាំទ្រ​ចំនួន​៩​សំឡេង​ និង​មិន​ត្រូវ​មាន​សំឡេង​ប្រឆាំង​វ៉េតូ​ទេ​ ទើប​អាចត្រូវ​អនុម័ត​បាន។

កិច្ច​ប្រជុំ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​អំពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន នៅ​ទី​ស្នាក់ការ​ក្នុង​ទី​ក្រុង New York កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២២។
កិច្ច​ប្រជុំ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​អំពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន នៅ​ទី​ស្នាក់ការ​ក្នុង​ទី​ក្រុង New York កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២២។

ឯកអគ្គរាជ​ទូត​ន័រវែស​លោកស្រី Mona Juul បាន​ចោទ​សួរ​ថា​ តើ​ឯកអគ្គរដ្ឋ​ទូត​រុស្ស៊ី​ គួរ​ត្រូវ​បាន​គេ​អនុញ្ញាតឱ្យ​បោះឆ្នោត​ដែរ​ឬ​ទេ?

លោកស្រី​ថ្លែង​ថា៖ «សំឡេង​ឆ្នោត​ប្រឆាំង​វ៉េតូ​ដែល​បោះ​ដោយ​ភាគី​ដែល​ឈ្លានពាន នឹង​ធ្វើឲ្យ​ខូចខាត​ដល់​គោលបំណង​របស់​ក្រុមប្រឹក្សា​នេះ។ វា​ជា​ការ​រំលោភ​លើ​មូលដ្ឋាន​គ្រឹះ​របស់​ធម្មនុញ្ញ​សហប្រជាជាតិ​តែ​ម្តង។ ម៉្យាង​ទៀត ក្នុង​ស្មារតី​នៃ​ធម្មនុញ្ញ​នេះ រុស្ស៊ី​ដែល​ជា​ភាគី​មួយ គួរ​តែ​បោះឆ្នោត​អនុប្បវាទ​លើ​សេចក្តី​សម្រេច​នេះ។

ឯកអគ្គរដ្ឋទូត​រុស្ស៊ី​លោក Vassily Nebenzia ដែល​ចៃដន្យ​ជា​ប្រធាន​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ក្នុង​ខែ​នេះ​ផង​នោះ បាន​ធ្វើ​ជា​អធិបតី​នៃ​កិច្ចប្រជុំ​ខណៈ​រដ្ឋាភិបាល​របស់​លោក​ត្រូវ​គេ​ថ្កោល​ទោស​យ៉ាង​ច្រើន។ ក្នុង​នាម​ជា​ប្រធាន​អង្គប្រជុំ​ លោក​ត្រូវ​អាន​ឈ្មោះ​ប្រទេស​រាប់​សិប​ដែល​បាន​គាំទ្រ​សេចក្តី​សម្រេច​ដើម្បី​ថ្កោល​ទោស​រដ្ឋាភិបាល​ក្រុង​មូស្គូ។

នៅ​ចុង​បញ្ចប់​នៃ​កិច្ច​ប្រជុំ​នេះ មាន​ប្រទេស​ជាង​៨០​បាន​គាំទ្រ​សេចក្តី​សម្រេច​នេះ។

លោក Nebenzia បាន​ច្រានចោលសេចក្តី​សម្រេច​នេះ​ដោយ​ថា​វា​មិន​គ្រាន់​តែ«ប្រឆាំង​រុស្ស៊ី» ប៉ុន្តែ​ថែម​ទាំង​ប្រឆាំង​នឹង​ពលរដ្ឋ​អ៊ុយក្រែន​ទៀត ដោយសារ​លោក​ថា​សេចក្តី​សម្រេច​នេះ​ផ្ទុយ​ពី​ផលប្រយោជន៍​របស់​ពលរដ្ឋ​អ៊ុយក្រែន។

លោក​ថ្លែងថា៖ «សេចក្តី​ព្រាង​សេចក្តី​សម្រេច​ថ្ងៃ​នេះ គឺ​សេចក្តី​ព្រាង​សេចក្តី​សម្រេច​របស់​អ្នក​នោះ មិន​មាន​អ្វី​ក្រៅ​តែ​ពី​ជា​ជំហាន​ឃោរឃៅ និង​អមនុស្សធម៌​មួយ​ទៀត​នៅ​ក្នុង​ល្បែង​អុក​នៅ​អ៊ុយក្រែន​នេះ។​

លោក​បាន​បដិសេធ​ថា​ រដ្ឋាភិបាល​ទី​ក្រុង​មូស្គូ​មិន​មែន​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ពលរដ្ឋ​អ៊ុយក្រែន​ទេ ប៉ុន្តែ​កំពុង​តែ​ធ្វើ​«ប្រតិបត្តិការ​ពិសេស» ប្រឆាំង​នឹង​អ្នក​ជាតិនិយម ដើម្បី​ការពារ​ពលរដ្ឋ​នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន​ទៅ​វិញ។

លោក​ Nebenzia ថ្លែង​ថា៖ «គោលដៅ​ទាំង​នេះ​នឹង​ត្រូវ​បាន​សម្រេច ហើយ​ប្រជាពលរដ្ឋអ៊ុយក្រែន​នឹង​ទទួល​បាន​ឱកាសជា​ថ្មី​ដើម្បី​អាច​សម្រេច​ចិត្ត​ដោយ​ឯករាជ្យ​ពី​អនាគត​របស់​ពួក​គេ។»

បាតុករ​អាមេរិក៖ «លោក Putinវង្វេង​ស្មារតីហើយ»
សូម​រង់ចាំ

No media source currently available

0:00 0:02:21 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ដោយ​ឡែក ​ស្រប​ពេល​ដែល​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិកំពុង​ជួបប្រជុំ​គ្នា​ ដើម្បី​ធ្វើ​សេចក្តីសម្រេច​ថ្កោល​ទោស​រុស្ស៊ី​ចំពោះ​ការវាយប្រហារ​លើ​ប្រទេស​អ៊ុយក្រែន​នោះ នៅ​ខាង​ក្រៅ​ទី​ស្នាក់ការ​អង្គការ​ពិភពលោក​នេះ​ក្នុង​បូរី New York មាន​ពលរដ្ឋ​អ៊ុយក្រែន​នាំគ្នា​កាន់​បដា​ថ្កោលទោស​រុស្ស៊ី​ចំពោះ​ការឈ្លានពាន​ចូល​ប្រទេស​របស់​ពួកគេ៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្តី​រាយការណ៍​នេះ​ ចេញ​ពី​ក្រុមផ្សាយ​វីអូអេ​ជា​ភាសា​ខ្មែរ។

XS
SM
MD
LG