ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ធនាគារ​កណ្តាល​អឺរ៉ុប​ថា​ លំហូរ​ជនភៀស​ខ្លួន​អ៊ុយក្រែន​អាច​សម្រាល​ការ​ខ្វះខាត​កម្លាំង​ពលកម្ម​ក្នុង​តំបន់​អឺរ៉ុប


រូប​ឯកសារ៖ ជន​ភៀសខ្លួន​អ៊ុយក្រែន​រង់ចាំ​មធ្យោបាយ​ដឹក​ជញ្ជូន​ដើម្បី​ឆ្លង​​ព្រំដែន​​ចូល​ប្រទេស​ប៉ូឡូញ​ត្រង់​ច្រក​ព្រំដែន​ទី​ក្រុង Medyka ប្រទេស​ប៉ូឡូញ កាល​ពី​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០២២។ (AP/Markus Schreiber)
រូប​ឯកសារ៖ ជន​ភៀសខ្លួន​អ៊ុយក្រែន​រង់ចាំ​មធ្យោបាយ​ដឹក​ជញ្ជូន​ដើម្បី​ឆ្លង​​ព្រំដែន​​ចូល​ប្រទេស​ប៉ូឡូញ​ត្រង់​ច្រក​ព្រំដែន​ទី​ក្រុង Medyka ប្រទេស​ប៉ូឡូញ កាល​ពី​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០២២។ (AP/Markus Schreiber)

ធនាគារ​កណ្តាល​អឺរ៉ុប​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ លំហូរ​ជន​ភៀសខ្លួន​អ៊ុយក្រែន​ចូល​ទៅ​ក្នុង​សហភាព​អឺរ៉ុប​អាច​បន្ធូរ​បន្ថយ​ការ​ខ្វះ​កម្លាំង​ពលកម្ម​ជាបណ្តើរៗ​នៅ​ក្នុង​តំបន់​ចាយ​ប្រាក់​អឺរ៉ូ ខណៈ​ជន​ភៀស​ខ្លួន​មួយ​ចំនួន​ដែល​ភៀស​ខ្លួន​ចេញ​ពី​សង្រ្គាម​ទំនង​ជា​នឹង​រស់​នៅ​ជាអចិន្ត្រៃយ៍​នៅទី​នោះ។ ​នេះ​បើតាម​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ Reuters។​

មនុស្ស​ប្រហែល ​៧​លាន​នាក់ ដែល​ភាគច្រើន​ជាស្ត្រី ​និង​កុមារ​ បាន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​អ៊ុយក្រែន​មក​ទល់​ពេល​នេះ ​ចាប់តាំង​ពី​ប្រទេស​រុស្ស៊ី​បាន​ចាប់​ផ្តើម​ការ​លុកលុយ​នៅ​ថ្ងៃ ទី២៤​ ខែ​កុម្ភៈ ​ហើយ​មនុស្ស​ជាច្រើន​ទៀត​កំពុង​ចាកចេញ​ជារៀង​រាល់​ថ្ងៃ ​ដោយ​ ពួកគេ​ជាច្រើន​សង្ឃឹម​ថា ​នឹង​មាន​ឱកាស​រក​បាន​ការងារ​យូរ​អង្វែង​នៅ​ក្នុង​សហភាព​អឺរ៉ុប​ដែល​មាន ​២៧​ ប្រទេស។​

ធនាគារ​កណ្តាល​អឺរ៉ុប​បាន​និយាយ​នៅ​ក្នុង​ព្រឹត្តិបត្រ​សេដ្ឋកិច្ច​មួយ​ថា៖​ «តាម​ការ​វាយ​តម្លៃ​គ្រប់​ជ្រុងជ្រោយ​មក​ទល់​ពេល​នេះ ​ការ​គណនា​ស្រោម​សំបុត្រ​បង្ហាញ​កំណើន​ជា​មធ្យម​រវាង ​០,២% ​និង​ ០,៨%​ នៅ​ក្នុង​កម្លាំង​ពលកម្ម​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​គិត​ជា​មធ្យម។ ​កំណើន​នេះ​ស្រប​នឹង​ការ​កើន​ឡើង​ពី ​០,៣ ​ទៅ ​១,៣ ​លាន​នៃ​ទំហំ​កម្លាំង​ពលកម្ម​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​ដោយសារ​ពី​វិបត្តិ​ជនភៀសខ្លួន​អ៊ុយក្រែន»។​

ធនាគារ​កណ្តាល​អឺរ៉ុប​បាន​និយាយ​ថា​ ដោយសារ​ភាព​អត់​ការងារ​ធ្វើ​មាន​កម្រិត​ទាប​បំផុត​នោះ​ តំបន់​ចាយ​ប្រាក់​អឺរ៉ូ​បាន​ប្រឈម​នឹង​កំណើន​កង្វះ​កម្លាំង​ពលកម្ម ​ប៉ុន្តែ​លំហូរ​ជនភៀស​ខ្លួន​អាច​បន្ធូរបន្ថយ​ភាព​តឹងតែង​នៃ​ទីផ្សារ​ការងារ។ ​ធនាគារ​កណ្តាល​អឺរ៉ុប​ បាន​បន្ថែម​ថា ​ទោះជា​យ៉ាងណា​ក៏​ដោយ​ ការ​រក​ការងារ​ធ្វើ​ប្រហែល​ជា​ពិបាក ដោយសារ​ឧបសគ្គ​ផ្នែក​រដ្ឋបាល។ ​ធនាគារ​នេះ​បាន​និយាយ​ថា៖ ​«ឧបសគ្គ​ចំពោះ​ទីផ្សារ​ការងារ​ និង​ច្បាប់​ផ្សេងៗនៅតែ​ជា​ឧបសគ្គ​ដ៏​ធំ​ចំពោះ​ជន​ភៀសខ្លួន ​ដែល​ធ្វើ​ឱ្យ​ពួកគេ​ពិបាក​ចូល​ក្នុង​ទីផ្សារ​ការងារ​របស់​ប្រទេស​ម្ចាស់​ផ្ទះ ​ជាពិសេស​ក្នុង​រយៈ​ពេល​ខ្លី»៕

XS
SM
MD
LG