ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Zelenskyy ​រំពឹង​ថា​​ នឹង​មាន​កំណើន​អរិភាព​ពី​រុស្ស៊ី​ មុន​ការ​បោះ​ឆ្នោត​សហភាព​អឺរ៉ុប​អំពី​សមាជិក​ភាព​អ៊ុយក្រែន


ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ធ្វើទស្សនកិច្ចនៅទីក្រុង Mykolaiv ភាគខាងត្បូងប្រទេស ខណៈការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែននៅតែបន្តនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២២។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ធ្វើទស្សនកិច្ចនៅទីក្រុង Mykolaiv ភាគខាងត្បូងប្រទេស ខណៈការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែននៅតែបន្តនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២២។

ប្រធានាធិបតី​អ៊ុយក្រែន​ លោក​ Volodymyr Zelenskyy ​បាន​និយាយ​ថា​ «យើង​រំពឹង​ទុក​ថា​ នឹង​មាន​សកម្មភាព​ប្រទូស្តរាយ​កាន់​តែ​ខ្លាំងពី​ប្រទេស​រុស្ស៊ី»​នៅ​សប្តាហ៍​នេះ ខណៈ​មេ​ដឹកនាំ​សហភាព​អឺរ៉ុប​ពិចារណា​ថា ​តើ​ត្រូវ​គាំទ្រ​បេក្ខភាព​ប្រទេស​អ៊ុយក្រែន​ក្នុង​សហភាព​អឺរ៉ុប ​ឬ​យ៉ាង​ណា​នោះ។​ ​

លោក​ Zelenskyy​ បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​នា​រាត្រី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា​ «សកម្មភាព​អមិត្ត​របស់​រុស្ស៊ី​មិន​គ្រាន់​តែ​ប្រឆាំង​នឹង​ប្រទេស​អ៊ុយក្រែន​នោះ​ឡើយ​ ប៉ុន្តែ​ក៏​នឹង​ប្រឆាំង​ប្រទេស​អឺរ៉ុប​ផ្សេងៗ​ទៀត​ផង​ដែរ។​ យើង​កំពុង​ប្រុងប្រៀប​ខ្លួន។​ យើង​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ។ យើង​ក៏​បាន​ក្រើន​រំឭក​ដៃគូ​របស់​យើង​រួច​ហើយ​ដែរ»។ ​

គណៈ​កម្មការ​អឺរ៉ុប​ កាល​ពី​សប្តាហ៍​មុន​ បាន​ផ្តល់​អនុសាសន៍​ថា​ ប្រទេស​អ៊ុយក្រែន​គួរ​ទទួល​បាន​ឋានៈ​បេក្ខភាព​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប។​ ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​ទាំង​២៧​ប្រទេស​នឹង​ពិភាក្សា​អំពី​បញ្ហា​នេះ​ ហើយ​ធ្វើ​ការ​បោះ​ឆ្នោត​សម្រេច​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​នៅ​ថ្ងៃ​ព្រហស្បតិ៍​ និង​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ។​ ប្រសិន​បើ​ប្រទេស​អ៊ុយក្រែន​ ទទួល​បាន​ឋានៈ​ជា​បេក្ខភាព​ ​នោះ​ដំណើរ​ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​នៅ​ក្នុង​សហភាព​អឺរ៉ុប​ អាច​ប្រើ​ពេល​ជា​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត។​

លោក​ Zelenskyy ​ក៏​បាន​និយាយ​ផង​ដែរ​ថា​ «ការ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំង​ក្លា​កំពុង​បន្ត​នៅ​ក្នុង​តំបន់​ Donbas ។​ តំបន់​ខាង​កើត​អ៊ុយក្រែន​នេះ​បាន​ក្លាយ​ជា​ចំណុច​ផ្តោត​យ៉ាង​សំខាន់​នៃ​កិច្ច​ប្រឹងប្រែង​របស់​រុស្ស៊ី​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ។​

អគ្គ​លេខាធិការ​អង្គការ​អូតង់​ លោក ​Jens Stoltenberg ​បាន​ព្រមាន​នៅ​ថ្ងៃ​អាទិត្យ​ថា​ សង្គ្រាម​ឈ្លាន​ពាន​របស់​រុស្ស៊ី​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​អាច​មាន​រយៈពេល​យូរ​ទៅ​មុខ​ទៀត​ ហើយ​សម្ព័ន្ធមិត្ត​បស្ចឹម​ប្រទេស​មិន​ត្រូវ​បញ្ឈប់​ការ​គាំទ្រ​ដល់​កង​កម្លាំង​រដ្ឋាភិបាល​អ៊ុយក្រែន​នោះ​ឡើយ។​

លោក​ Stoltenberg​ បាន​ប្រាប់​សារ​ព័ត៌មាន​ប្រចាំ​សប្តាហ៍​ Bild am Sonntag ​របស់​អាល្លឺម៉ង់​ថា​ «យើង​ត្រូវ​ត្រៀម​ខ្លួន​ចំពោះ​សង្គ្រាម​នោះ​ ដែល​នឹង​អាច​មាន​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត។​ យើង​មិន​ត្រូវ​បណ្តែត​បណ្តោយ​ក្នុង​ការ​គាំទ្រ​ប្រទេស​អ៊ុយក្រែន​នោះ​ឡើយ​ បើ​ទោះ​បី​ជាត្រូវ​ចំណាយ​ច្រើន​ គឺ​មិន​គ្រាន់​តែ​ផ្នែក​យោធា​ប៉ុណ្ណោះ​ទេ​ ក៏​ប៉ុន្តែ​ដោយសារ​កំណើន​តម្លៃ​ថាមពល ​និង​ស្បៀង​អាហារ​ផង​ដែរ»។ ​

នាយក​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​ លោក​ Boris Johnson ដែល​បាន​ទៅ​ទស្សនកិច្ច​រដ្ឋធានីកៀវ​ កាល​ពី​ថ្ងៃ​សុក្រ​ដោយ​ស្នើ​ផ្តល់​ការ​បណ្តុះ​បណ្តាល​ដល់​កង​កម្លាំង​អ៊ុយក្រែន​នោះ​ ​ក៏​បាន​ព្រមាន​ពី​ហានិភ័យ​នៃ​«ការ​ចុះ​ខ្សោយ​របស់​អ៊ុយក្រែន»​ ខណៈសង្គ្រាម​នៅក្នុង​ប្រទេស​នេះ​កំពុង​ឈាន​ចូល​ដល់​គម្រប់​៤​ខែ​ ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។​

ក្នុង​អត្ថបទ​បញ្ចេញ​មតិ​មួយ​ក្នុង​សារ​ព័ត៌មាន ​Sunday Times ​ក្នុង​ទីក្រុង​ឡុងដ៍​ ​លោក ​Johnson ​និយាយ​ថា​ នេះ​មាន​ន័យថា​ ត្រូវ​ធានា​ថា​ ប្រទេស​អ៊ុយក្រែន​ទទួល​បាន​អាវុធ​យុទ្ធភ័ណ្ឌ​ ឧបករណ៍​ គ្រាប់​រំសេវ​ និង​ការ​ហ្វឹកហ្វឺន​ឱ្យ​បាន​លឿន​ជាង​អ្នក​ឈ្លានពាន»។

លោក​ Zelenskyy ​ និយាយ​ថា​ លោក​បាន​ទៅ​សួរ​សុខទុក្ខ​កង​កម្លាំង​នៅ​ក្នុង​តំបន់​ Mykolaiv ​ភាគ​ខាង​ត្បូងអ៊ុយក្រែនចម្ងាយ​ប្រមាណ​៥៥០​គីឡូម៉ែត្រ​ខាង​ត្បូង​រដ្ឋធានី​កៀវ។​ ​

នៅ​ក្នុង​សារ​តាម​វីដេអូ​ដែល​ទំនងជា​ថត​លើ​រថភ្លើង​ កាល​ពី​ថ្ងៃ​អាទិត្យ​នោះ​ ​ លោក​ Zelenskyy ​និយាយ​ថា​ «ទឹកចិត្ត​របស់​កង​ទ័ព​គឺ​ច្បាស់លាស់។​ ​ពួក​គេ​មិន​មាន​មន្ទិល​សង្ស័យ​ពី​ជ័យ​ជម្នះ​នោះ​ឡើយ។​ ​យើង​នឹង​មិន​ប្រគល់​តំបន់​ខាង​ត្បូង​ទៅ​ឱ្យ​នរណា​នោះ​ឡើយ​ ហើយ​ទឹកដី​របស់​យើង​ទាំង​អស់​ ​យើង​នឹង​យក​ពី​រុស្ស៊ី​វិញ»។​

លោក​ Zelenskyy ​និយាយ​ថា​ កង​កម្លាំង​របស់​រុស្ស៊ី​បាន​បំផ្លាញ​ផ្នែក​ជាច្រើន​នៃ​តំបន់ ​Mykolaiv ​និង​តំបន់ Odesa។​

ដោយ​ឡែក​ក្រសួង​ការ​ពារជាតិ​រុស្ស៊ី​និយាយ​ថា​ កងកម្លាំង​របស់​ខ្លួន​បាន​គ្រប់គ្រង​តំបន់ Metolkine​ ដែល​ស្ថិតនៅ​ភាគ​អាគ្នេយ៍​នៃ​ទីក្រុង ​Sievierodonetsk​ ហើយ​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី​ TASS ​បាន​អះអាង​ថា​ ​ ក្រុម​អ្នក​ប្រយុទ្ធ​អ៊ុយក្រែន​ជា​ច្រើន​នាក់​បាន​ចុះចាញ់​នៅ​ទី​នោះ។​ ​ យោធា​អ៊ុយក្រែន​បាន​ទទួល​ស្គាល់​ថា​ ​រុស្ស៊ី​ពិត​ជា​បាន​ជោគជ័យ​នៅ​ផ្នែក​ខ្លះ​ នៅ​ក្នុង​តំបន់​នោះ​មែន»៕ ​

(ព័ត៌មានខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ដក​ស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ The Associated Press និង Reuters)

XS
SM
MD
LG