ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

តម្រូវការ​ជំនួយ​មនុស្សធម៌​និង​កិច្ច​ការពារ​កើន​ឡើង​កាន់តែ​ខ្លាំង​ ខណៈ​ពេល​ដែល​ជម្លោះ​នៅ​អ៊ុយក្រែន​កាន់តែ​ធ្ងន់ធ្ងរ


ជនភៀសខ្លួន​ម្នាក់​លា​ប្រពន្ធ​និងកូនស្រី​របស់​គាត់ មុន​នឹង​ពួកគេ​ឡើង​រថភ្លើង​ទៅ​កាន់​ទីក្រុង Budapest ដើម្បី​ភៀសខ្លួន​ពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី​មក​លើ​អ៊ុយក្រែន នៅ​ទីក្រុង Bucharest ប្រទេស​រ៉ូម៉ានី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២។

ក្នុង​រយៈ​ពេល៣សប្ដាហ៍​កន្លង​មក​នេះ ទីភ្នាក់ងារ​ជនភៀស​ខ្លួន​អង្គការ​សហប្រជាជាតិ​និយាយ​ថា មនុស្ស​ជាង ៣.២ លាន​នាក់​បាន​ភៀសខ្លួន​ចេញ​ពី​អ៊ុយក្រែន​ដើម្បី​ស្វែងរក​ទីមាន​សុវត្ថិភាព​នៅ​បណ្តា​ប្រទេស​ជិតខាង។ មនុស្សជាង២លាននាក់​ត្រូវ​បាន​ផ្លាស់ទី​លំនៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ហើយ​មនុស្ស​ប្រមាណ ១៣ លាន​នាក់​បាន​រង​ផល​ប៉ះពាល់​នៅ​ក្នុង​តំបន់​នានា​ដែល​រងការវាយប្រហារ​ខ្លាំង​បំផុត។

តំបន់​ដែល​រងការ​វាយប្រហារ​ខ្លាំង​បំផុត​ទាំង​នោះ​រួម​មានទីក្រុងនានា ដូចជាទីក្រុង Mariupol និង​ ទីក្រុងSumy ដែល​រុស្ស៊ី​បាន​ទម្លាក់​គ្រាប់បែក​ឥត​ឈប់​ឈរ​ទៅ​លើ​តំបន់​ដែល​មាន​អ្នកស្រុក​រស់​នៅ ហើយបាន​បំផ្លិច​បំផ្លាញ​ហេដ្ឋារចនា​សម្ព័ន្ធ​ស៊ីវិល​ ដូចជា​រោង​សម្ដែង​ល្ខោន​នៅ​ទីក្រុង Mariupol ជាដើម។ លោក Matthew Saltmarshអ្នក​នាំពាក្យ​ទីភ្នាក់ងារUNHCR បាន​ថ្លែង​ក្នុង​វីដេអូមួយ​ពី​ទីក្រុង Rzesow ប្រទេស​ប៉ូឡូញ​ថា មនុស្ស​ជាច្រើន​កំពុង​ជាប់​ក្នុង​តំបន់​ទាំងនោះ​ និង​គ្មាន​សេវា​ចាំបាច់​សំខាន់ៗ​នៅ​ក្នុង​តំបន់​ដែល​ជម្លោះ​កំពុង​តែ​រីក​រាលដាល​កាន់​តែខ្លាំង​ទាំងនោះ។ លោក​ថ្លែងថា ពួក​គេ​កំពុង​ខ្វះ​ស្បៀងអាហារ ទឹក និង​ថ្នាំ​សង្កូវ។

លោក Saltmarsh ថ្លែងថា៖«បើ​តាម​សេចក្តី​រាយការណ៍​ស្ដី​ពី​ជំនួយ​មនុស្សធម៌​ដែល​យើង​បាន​ទទួល​ពី​តំបន់​ទាំង​នោះ ​គឺ​គួរ​ឲ្យ​រន្ធត់​ណាស់ ហើយ​យើង​នៅ​តែ​បន្ត​អំពាវនាវ​ឲ្យ​មាន​ការ​ការពារ​ដល់​ជន​ស៊ីវិល និង​ហេដ្ឋារចនា​សម្ព័ន្ធ​ស៊ីវិល ការ​គោរព​ច្បាប់​មនុស្សធម៌​អន្តរជាតិ និង​អំពាវនាវ​ឲ្យ​ប្រទេស​ជិត​ខាង​នានា​បន្ត​បើក​ចំហរ​ព្រំដែន​របស់​ពួក​គេ ដើម្បី​ឲ្យ​ជនភៀសខ្លួន​អាច​គេច​ចេញ និង​អាច​ស្វែង​រក​ទីកន្លែង​មាន​សុវត្ថិភាព​នោះ​ទីនោះ»។

នៅ​ក្នុង​របាយការណ៍ចុងក្រោយ ការិយាល័យ​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុកសិទ្ធិ​មនុស្ស​ បាន​កត់​ត្រា​ចំនួន​មនុស្ស​រងគ្រោះ ២.១៤៩ នាក់ ដែល​ក្នុង​នោះ ៨១៦ ត្រូវ​បាន​សម្លាប់។ ទីភ្នាក់ងារ​នេះ​បាន​ឲ្យដឹង​ទៀតថា ខ្លួន​ជឿ​ថា​តួលេខ​ពិតប្រាកដ​អាច​មាន​ច្រើន​ជាង​នេះ ហើយ​តួលេខ​នេះ​នឹង​កើន​ឡើង​បន្ត​ទៀត ខណៈ​ដែល​អ៊ុយក្រែន​បាន​បាត់​បង់​អ្វី​ដែល​ហៅ​ថា ទីជម្រក​មាន​សុវត្ថិភាព។

ទីក្រុង Lviv ដែល​ស្ថិត​នៅ​ភាគ​ខាង​លិច​នៃ​ប្រទេស​អ៊ុយក្រែន ក៏រង​ការ​វាយប្រហារ​ផងដែរ។ ការគំរាម​កំហែង​កំពុងកើនឡើង​ខ្លាំង​នៅ​ទីក្រុង​ Odesa ដែល​ជាទីក្រុង​កំពង់ផែ​មួយ ហើយត្រូវ​ការ​ជំនួយ​មនុស្សធម៌​កាន់​តែ​បន្ទាន់​ជាង​មុន​ផងដែរ​ ទាំង​នៅ​តំបន់​ផ្ដាច់​ខ្លួន​ Donbas គាំទ្ររុស្ស៊ី ដែល​ស្ថិត​នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន។ លោក Saltmarsh និយាយ​ថា ជនភៀសខ្លួន​ដែល​បាន​មក​ដល់​ប្រទេស​ប៉ូឡូញ ក្នុង​រយៈ​ពេល ៥ ទៅ ៦ ថ្ងៃ​ចុង​ក្រោយ​នេះ មាន​ការ​ភ័យ​រន្ធត់ និង តក់​ស្លុត ជាង​អ្នក​ដែល​បាន​មក​ដល់​កាល​ពី​ដំណាក់​កាល​ដំបូង​នៃ​ការ​ភៀសខ្លួន​ទ្រង់ទ្រាយ​ធំ។

លោក​ Saltmarsh ថ្លែងថា៖ «មនុស្ស​ដែល​បាន​ភៀសខ្លួន​ចេញ​ពី​អ៊ុយក្រែន​ ទៅ​ប្រទេស​ជិតខាង ​៩០ ភាគរយ​ជាស្ត្រី និង​កុមារ។ ទីភ្នាក់ងារ UNHCR និង​ទីភ្នាក់ងារ​ដទៃ​ទៀត បាន​ព្រមាន​ពី​ហានិភ័យ​កាន់​តែ​ខ្លាំង​ពាក់​ព័ន្ធ​នឹង​ការ​ជួយដូរ​មនុស្ស​និង​ការ​កេងប្រវ័ញ្ច។ ដោយសារ​តែ​មាន​ហានិភ័យ​ខ្ពស់​ទៅ​លើ​កិច្ច​ការពារ​នានា ទីភ្នាក់ងារ​ UNHCR និងដៃគូ​នានា កំពុង​ចែក​រំលែក​ព័ត៌មាន និង​លើក​កម្ពស់​ការ​យល់​ដឹង​ តាម​រយៈ​ការ​ផ្សព្វផ្សាយ​សារ​នានា ដើម្បី​ដាស់​តឿន​ដល់​ជនភៀសខ្លួន​ពី​ហានិភ័យ​នៃ​ការ​ជូញដូរ ការ​កេង​ប្រវ័ញ្ច និង​រំលោភ​បំពាន»។

លោក Saltmarsh និយាយ​ថា ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន​ UNHCR កំពុង​ធ្វើការ​ជាមួយ​មូលនិធិ​កុមារ​របស់​អង្គការ​សហប្រជាជាតិ ដើម្បី​ពង្រីក​សេវា​ការពារ​សម្រាប់​កុមារ​នៅ​ប្រទេស​ចំនួន​ ៦ រួម​មាន សាធារណរដ្ឋ​ឆែក ហុងគ្រី ម៉ុលដាវី ប៉ូឡូញ រូម៉ានី និង​ សាធារណរដ្ឋ​ស្លូវ៉ាគី។ លោក​បន្ត​ថា ទីភ្នាក់ងារ​នានា​ក៏​កំពុង​ផ្ដល់​កន្លែង​មាន​សុវត្ថិភាព​ និង​សេវា​ការពារ​ដល់​កុមារ ក្រុម​គ្រួសារ និង​មនុស្ស​ដទៃ​ទៀត​ដែល​កំពុង​ត្រូវ​ការ​ជំនួយ​ជាក់​លាក់៕

ប្រែសម្រួលដោយលោក នៀម ឆេង

XS
SM
MD
LG