កាលពីថ្ងៃអង្គារ ប្រទេសអ៊ុយក្រែនបានបោះមួយជំហានទៅមុខទៀតក្នុងការស្វះស្វែងឲ្យទទួលបានសមាជិកភាពក្នុងអង្គការអូតង់ នៅពេលសភានៃប្រទេសនេះបានអនុម័តច្បាប់មួយដោយមានសំទ្បេងឆ្នោតគាំទ្រច្រើនលើសលប់ដើម្បីលុបចោលឋានៈអព្យាក្រឹតនិងមិនចូលបក្សសម្ព័ន្ធរបស់រដ្ឋាភិបាលក្រុងគៀវ (Kyiv)។
ពួកសមាជិកសភាអ៊ុយក្រែនបានបោះឆ្នោតគាំទ្រចំនួន៣០៣សំទ្បេងទល់នឹង៨សំទ្បេងក្នុងការទម្លាក់ចោលឋានៈមិនចូលបក្សសម្ព័ន្ធ។
ថ្លែងទៅកាន់អង្គប្រជុំមួយក្នុងសភា លោករដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Pavio Klimkin បានមានប្រសាសន៍ថា វិធានការនេះជំរុញប្រទេសឲ្យចូលជិតអង្គការអូតង់ជាងមុនហើយបើក«យន្តការថ្មីនិងទម្រង់ថ្មីនៃការធ្វើឲ្យសម្រេចគោលដៅនៃគោលនយោបាយក្នុងប្រទេសប្រកបដោយប្រសិទ្ធិភាព»។
លោក Oleh Lyashko សមាជិកម្នាក់ទៀតនៃសភាអ៊ុយក្រែនបានគាំទ្រដល់ការលុបចោលឋានៈមិនចូលបក្សសម្ព័ន្ធនេះ ដោយលោកបាននិយាយថា «ទីតាំងរបស់ប្រទេសអ៊ុយក្រែនគឺនៅក្នុងទ្វីបអឺរ៉ុប ហើយកន្លែងរបស់ប្រទេសអ៊ុយក្រែនគឺនៅក្នុងអង្គការអូតង់»។
ក៏ប៉ុន្តែ ពួកអ្នកប្រឆាំងបាននិយាយ ថាការអនុម័តច្បាប់នេះនឹងនាំឲ្យមានភាពតានតឹងនៅខាងក្នុងនិងខាងក្រៅប្រទេសអ៊ុយក្រែន។ ដោយសម្តែងទស្សនៈប្រឆាំង លោក Alexander Vilku សមាជិកសភាម្នាក់ទៀតបាននិយាយថា សេចក្តីសម្រេចនេះ«នឹងមិននាំឲ្យមានអ្វីល្អប្រសើរទេ»៕