ប្រធានាធិបតីអ៊ុយក្រែនលោក Petro Poroshenko នៅថ្ងៃអង្គារនេះ បានជួបតទល់ផ្ទាល់ជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្សីក្នុងជំនួបពិភាក្សាដើម្បីបញ្ចប់វិបត្តិក្នុងប្រទេសអ៊ុយក្រែន។ មេដឹកនាំទាំងពីរបានធ្វើគោរពគ្នាទៅវិញទៅមក។ នេះជាលើកទីមួយហើយដែលថ្នាក់ដឹកនាំជាន់ខ្ពស់របស់រុស្សី និងអ៊ុយក្រែនបានជួបប្រជុំចាប់តាំងពីខែមិថុនា។
កិច្ចប្រជុំនេះធ្វើឡើងនៅក្នុងទីក្រុង Minskនៃប្រទេសបេឡារុសនេះ ហើយមានការចូលរួមដោយភាគីដ៏ទៃទៀតដូចជា ប្រធានាធិបតីនៃប្រទេសបេឡារុសកាហ្សាក់ស្ថាន និងមន្ត្រីតំណាងសហភាពអឺរ៉ុប៣នាក់ផងដែរ។ គោលដៅដើម្បីស្វែងរកយុទ្ធសាស្ត្រការទូតក្នុងការបញ្ចប់ជម្លោះ និងការប្រយុទ្ធគ្នារយៈពេលជាង៥ ខែរវាងកងទ័ពអ៊ុយក្រែន និងក្រុមសកម្មប្រយុទ្ធលម្អៀងទៅរុស្សី។ ជម្លោះដែលបណ្ដាឲ្យមនុស្សយ៉ាងតិច ២០០០នាក់បានបាត់បង់ជីវិត។
សូមបញ្ជាក់ថាជំនួបដ៏កម្រនេះ បានកើតមានឡើងមុនមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកប្រធានាធិបតី Poroshenko បានសម្រេចរំលាយសភាចោល ហើយបានអំពាវនាវឲ្យមានការបោះឆ្នោតមុនពេលកំណត់នៅថ្ងៃទី២៦ ខែតុលា។
នៅក្នុងសេចក្ដីថ្លែងការណ៍តាមទូរទស្សន៍លោកបាននិយាយថា ការបោះឆ្នោតជាការចាំបាច់ដើម្បីធ្វើឲ្យសភាមានភាពត្រឹមត្រូវឡើងវិញ។ប្រធានាធិបតីរូបនេះនិយាយថា ការបោះឆ្នោតសភាកាលពីឆ្នាំ២០១២ មិនមានភាពសេរីនិងយុត្តិធម៌ហើយថាប្រជាពលរដ្ឋភាគច្រើនបានបាត់បង់ជំនឿទុកចិត្តលើសមាជិកសភាអស់ទៅហើយ៕