ប្រធានាធិបតីអ៊ុយក្រែនលោក Petro Poroshenko បានសន្យាថានឹងបង្កើនខ្ទង់ចំណាយយោធា ៣ពាន់លានដុល្លារក្នុងរយៈពេល៣ទៅ៥ ឆ្នាំខាងមុខ ដើម្បីឆ្លើយតបនឹងការគំរាមកំហែង របស់ក្រុមសកម្មប្រយុទ្ធទាមទារបំបែករដ្ឋ លម្អៀងទៅប្រទេសរុស្សីក្នុងតំបន់ខាងកើតនៃប្រទេសអ៊ុយក្រែន។
លោកបានថ្លែងដូច្នេះក្នុងសន្ទរកថា កាលពីថ្ងៃអាទិត្យនៅក្នុងទីក្រុងគាវ រដ្ឋធានីនៃប្រទេសអ៊ុយក្រែនក្នុងអំឡុងពេលនៃការប្រារព្ធធ្វើពិធីបុណ្យឯករាជ្យ២៣ឆ្នាំនៃការបំបែកចេញពីអតីតសហភាពសូវៀត។
លោកប្រជាធិបតេយ្យបានប្រកាសប្រាប់ហ្វូងមនុស្សរាប់ម៉ឺននាក់ដែលកំពុងចូលរួមពិធីថាអ៊ុយក្រែនត្រូវធ្វើការត្រៀមខ្លួនទៅថ្ងៃអនាគតដើម្បីឆ្លើយតបនឹងក្រុមសកម្មប្រយុទ្ធដែលព្យាយាមបំបែកទឹកដី។
កាលពីម្សិលមិញនេះក្បួនរថយន្តជំនួយរបស់ប្រទេសរុស្សីដែលបានបើកឆ្លងចូលក្នុងទឹកដីនៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃសុក្របានត្រឡប់មកកាន់ប្រទេសរុស្សីវិញ។ភាពតានតឹងបានកាត់បន្ថយនៅពេលដែលលោកស្រីអធិការបតីប្រទេសអាល្លឺម៉ង់ Angela Merkel បានធ្វើដំណើរទស្សនកិច្ចក្នុងរដ្ឋធានីនៃប្រទេសអ៊ុយក្រែនដើម្បីជំរុញឲ្យភាគីទាំងអស់ថែរក្សាសន្តិភាព៕