ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​អ៊ុយក្រែន ដក​តំណែង​ឧត្តមសេនីយ៍​យោធា​ជាន់ខ្ពស់​២រូប


រូបឯកសារ៖ ទាហាន​អ៊ុយក្រែន​ម្នាក់ កាន់​កាំភ្លើង ហើយ​មើល​យន្តហោះ​គ្មាន​មនុស្ស​បើក (drone) របស់​រុស្ស៊ី​នៅ​ក្នុង​លេណដ្ឋាន​មួយ​នៅ​ភាគ​ខាង​កើត​ក្រុង Kharkiv ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។
រូបឯកសារ៖ ទាហាន​អ៊ុយក្រែន​ម្នាក់ កាន់​កាំភ្លើង ហើយ​មើល​យន្តហោះ​គ្មាន​មនុស្ស​បើក (drone) របស់​រុស្ស៊ី​នៅ​ក្នុង​លេណដ្ឋាន​មួយ​នៅ​ភាគ​ខាង​កើត​ក្រុង Kharkiv ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។

ប្រធានាធិបតី​អ៊ុយក្រែន លោក​ Volodymyr Zelenskyy បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​ប្រចាំ​រាត្រី​របស់លោកនៅ​ថ្ងៃព្រហស្បតិ៍​ថា ​លោក​បាន​ដក​ឧត្តមសេនីយយោធា​ជាន់ខ្ពស់​អ៊ុយក្រែន២រូប​ចេញពី​តំណែង។​

លោក​ប្រធានាធិបតី​អ៊ុយក្រែន​ បាន​ហៅ​ឧត្តមសេនីយ​យោធា​ទាំងពីររូបនោះ​ថា ជា «មនុស្ស​ខ្វះ​សេចក្តីក្លាហាន‍»។ ឧត្តមសេនីយ​ម្នាក់​ជាប្រធាន​សន្តិសុខ​ផ្ទៃក្នុងនៃ​ទីភ្នាក់ស៊ើបការណ៍ជាតិរបស់​អ៊ុយក្រែន ​និង​ម្នាក់ទៀត​ ជា​ប្រធានទីភ្នាក់ងារ​ស៊ើបការណ៍សម្ងាត់របស់​អ៊ុយក្រែន​ ប្រចាំ​តំបន់ Kherson។ ​

លោក Zelenskyy​ និយាយ​ថា​ លោកគ្មានពេល​ដើម្បីដោះស្រាយ​ជាមួយមនុស្ស​ក្បត់ទេ ប៉ុន្តែ​ថា ពួក​គេនឹង​ត្រូវ​ទទួល​ការ​ដាក់​ទណ្ឌកម្ម​នៅ​ពេល​ក្រោយ​។​

មន្ត្រី​អ៊ុយក្រែន​និយាយ​ថា​ កងកម្លាំង​រុស្ស៊ី បាន​រឹបអូស​ជំនួយ​មនុស្សធម៌​ចំនួន​១៤​តោន​ ពី​ក្បួន​រថយន្ត​ដឹកជញ្ជូន​ជំនួយ​១២​គ្រឿង​ នៅ​ថ្ងៃព្រហស្បតិ៍នៅ​ភាគខាងត្បូង​នៃប្រទេស​អ៊ុយក្រែន។​ ជំនួយ​ទាំង​នោះ ​រួម​មាន​ថ្នាំពេទ្យនិងស្បៀងអាហារ។

ចំណែក​ក្បួន​រថយន្តចំនួន​៤៥​គ្រឿង​ផ្សេង​ទៀត​ ដែល​ត្រូវបាន​បញ្ជូន​ទៅជម្លៀសជនស៊ីវិល ចេញ​ពី​ទីក្រុង Mariupol ដែល​កំពុងស្ថិត​ក្នុង​ការ​ឡោមព័ទ្ធ​របស់​កងទ័ព​រុស្ស៊ី​នោះ​ ត្រូវ​បានទាហាន​រុស្ស៊ី​បញ្ឈប់​មិនឲ្យបន្តដំណើរ​នៅ​ថ្ងៃព្រហស្បតិ៍​ដែរ​ ហើយ​គេ​នៅ​មិន​ទាន់​ដឹងភ្លាម​ៗ​នៅ​ឡើយ​ទេ​ថា​ តើ​ក្បួន​រថយន្ត​ទាំង​នេះ​ នឹង​ត្រូវ​អនុញ្ញាត​ឲ្យ ឬមិនឲ្យ​បន្ត​ដំណើរ​នោះ។

មួយ​ថ្ងៃ​បន្ទាប់​ពីមន្ត្រី​អ៊ុយក្រែន​និយាយ​ថា រុស្ស៊ី​មិន​បាន​គោរព​កិច្ចសន្យា​ថានឹង​កាត់បន្ថយ​ប្រតិបត្តិការ​យោធា​របស់​ខ្លួននៅ​ជាយ​តំបន់​រដ្ឋធានី​កៀវ​នោះ​ សហរដ្ឋអាមេរិក​និង​សម្ព័ន្ធមិត្ត​បស្ចឹម​ប្រទេស​នៅតែ​មានការ​មន្ទិល​សង្ស័យ​លើការអះអាង​របស់​រុស្ស៊ី។

អង្គភាព​ស៊ើបការណ៍សម្ងាត់​យោធា​របស់អង់គ្លេស​ បាន​ព្រមាន​នៅ​ព្រឹកថ្ងៃ​ព្រហស្បតិ៍​ថា​ កងកម្លាំង​របស់​រុស្ស៊ី​ភាគច្រើន​នៅ​តែ​បន្ត​ប្រមូល​ផ្តុំគ្នា​នៅ​ជិត​ទីក្រុង​កៀវ​ដដែល ទោះ​ជា​មាន​ការ​ដកទ័ព​ចេញ​ពីទីនោះមួយ​ចំនួន​តូច​ក្តី។

បញ្ជាការ​រង​កងទ័ព​ជើង​អាកាស​អង់គ្លេសលោក Mick Smeath បាននិយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយថា​ «​ការ​វាយ​ប្រហារ​ដ៏​ខ្លាំង ទំនង​ជា​នឹង​អាច​កើត​មាននៅ​តំបន់​ជាយ​ក្រុង​កៀវ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​»។

មន្ត្រីជាន់​ខ្ពស់​មួយ​រូប​នៃ​ក្រសួង​ការពារជាតិ​អាមេរិក បានហៅការ​ដកទ័ពរបស់​រុស្ស៊ី​នោះ​ថា​ ជា​រឿង​តូច​មួយ​ដោយ​ព្រមាន​ថា កងកម្លាំង​រុស្ស៊ី នៅ​តែ​បន្ត​ផ្តោតទៅ​លើ​គោល​ដៅ​ក្នុងរដ្ឋធានី​កៀវ​ និងទីក្រុង​មួយ​ចំនួន​នៅ​ភាគ​ខាង​ជើង​អ៊ុយក្រែន​ ជា​មួយនិង​ការ​វាយ​ប្រហារ​តាម​អាកាស​និង​ការ​បាញ់​ផ្លោង។​

​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​អាមេរិក​លោក​ John Kirby​ បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​ ការដកទ័ពនោះ «មិនច្រើន ហើយក៏​មិន​ឆាប់​រហ័សដែរ»។​ លោក​បានបញ្ជាក់​ថា ​កងកម្លាំង​រុស្ស៊ី​ដែល​ត្រូវ​បាន​ដក​ចេញ​នោះ​ ​មានចំនួន​តិច​ជាង​២០% នៃ​កងទ័ពរុស្ស៊ីទាំងអស់​ដែល​បាន​ដាក់​ពង្រាយ​នៅ​ជិត​ទីក្រុង​កៀវ​ និង​ទីក្រុង Chernihiv។

​លោក​បន្ត​ទៀត​ថា​ «​គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ទេ​ថា​ តើ​កម្លាំង​ដែល​ត្រូវ​ដក​ចេញ​ទាំង​នោះ​ទៅ​ទីណា​ទេ ហើយ​មាន​រយៈ​ពេល​យូរ​ប៉ុន្មាន​ និង​ក្នុង​គោល​បំណង​អ្វី​នោះទេ។​ ប៉ុន្តែ​ យើងមិន​ឃើញ​សញ្ញា​ណា​មួយ​ដែលថា​ កម្លាំង​ទាំង​នោះ ​ត្រូវ​បាន​ដក​បញ្ជូន​ត្រឡប់​ទៅកាន់​ប្រទេស​រុស្ស៊ី​វិញ​ឡើយ»។​

មន្ត្រី​ការពារ​ជាតិអាមេរិក​មួយ​ចំនួន​ ជឿជាក់​ថា​ កងកម្លាំង​រុស្ស៊ី ដែល​ត្រូវ​ប្តូរ​ទៅ​កាន់​ទីតាំង​ថ្មី​នោះ​ ទំនង​ដូច​ជា​ឆ្ពោះទៅ​កាន់ប្រទេស​បេឡារុស ដើម្បីយក​គ្រៀង​ផ្គត់​ផ្គង់​បន្ថែម និង​ជួល​ជុល​បរិក្ខា​យោធា​របស់​គេ មុន​ពេល​ត្រឡប់​ចូលក្នុង​ប្រទេស​អ៊ុយក្រែន​សាជាថ្មី ដើម្បី​ជួយ​កម្លាំង​រុស្ស៊ី​ផ្សេងទៀត ដែល​កំពុងធ្វើ​ការ​វាយ​ប្រហារ​នៅផ្នែក​ខាង​កើត​អ៊ុយក្រែន​៕​

លោក Jeff Seldin អ្នក​យកព័ត៌មាន​ផ្នែក​សន្តិសុខ​ជាតិ​របស់​វីអូអេ​ ​អ្នកស្រី Carla Babb អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់វីអូអេ​ប្រចាំ​ក្រសួង​ការពារ​ជាតិ ​អ្នក​ស្រី Margaret Besheer អ្នក​យកព័ត៌មាន​វីអូអេប្រចាំនៅ​អង្គការ​សហប្រជាជាតិ និងអ្នកស្រី Anita Powell អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់វីអូអេ​ប្រឆាំ​សេតវិមាន រួម​ចំណែក​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ។

XS
SM
MD
LG