ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

អ.ស.ប.៖ សង្គ្រាម​នៅអ៊ុយក្រែន​នឹងនាំឲ្យមាន​វិបត្តិស្បៀង​អាហារ​ធ្ងន់ធ្ងរ​បំផុត​តាំងពីសង្គ្រាមលោក​លើកទី២មក


រូបឯកសារ៖ ស្ត្រី​ម្នាក់​ឈ្លោះ​ប្រកែក​គ្នា​ជាមួយ​នឹង​អ្នក​ផ្សេង​ទៀត​រឿង​ចែក​ស្បៀង​អាហារ​ដោយ​អង្គការ​មនុស្សធម៌ Relief Society of Tigray ក្នុង​ក្រុង Agula តំបន់Tigray ប៉ែក​ខាង​ជើង​ប្រទេស​អេត្យូពី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១។ (AP Photo/Ben Curtis)

ប្រធាន​កម្មវិធី​ស្បៀងអាហារពិភពលោក​របស់​អង្គការ​សហប្រជាជាតិ ថ្លែងថា​ការឈ្លានពាន​របស់​រុស្ស៊ី​ចូល​ប្រទេស​អ៊ុយក្រែន អាចនាំឲ្យមាន​វិបត្តិស្បៀង​អាហារ​ធ្ងន់ធ្ងរ​បំផុត​ចាប់តាំងពីសង្គ្រាមលោក​លើកទី២មក។

លោក David Beasleyប្រធាន​កម្មវិធី​ស្បៀងអាហារពិភពលោក បានថ្លែងប្រាប់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​កាលពីថ្ងៃអង្គារ​ថា សង្គ្រាមជាងមួយខែ​បានធ្វើឲ្យអ៊ុយក្រែន​ប្រែក្លាយពី «ជង្រុកស្បៀងអាហារ​របស់​ពិភពលោក ទៅជាទីកន្លែង​មានមនុស្សតម្រៀបជួរ​ទទួលស្បៀងវិញ‍»។ លោកបានប្រាប់​ក្រុមប្រិក្សា​សន្តិសុខថា​ គ្រាប់ធញ្ញជាតិ៥០%​ដែលអង្គការ​របស់​លោក​ទិញ​ដើម្បី​ចិញ្ចឹម​មនុស្ស​១២៥លាននាក់​នៅជុំវិញពិភពលោក​ គឺ​ទិញ​មកពីប្រទេស​អ៊ុយក្រែន ហើយ​បានព្រមានថា​អង្គការ​របស់​លោកនឹងត្រូវចាប់ផ្តើម​កាត់បន្ថយ​ការចែកចាយស្បៀងអាហារនៅតំបន់​ដែលមានជម្លោះ​ដូចជា​យេម៉ែន​ជាដើម ដែលមានការ​កាត់បន្ថយ​អស់ពាក់កណ្តាល​រួចហើយ ដោយសារ​ការឡើងថ្លៃ​ស្បៀងអាហារ ប្រេងសាំង​និង​ការដឹកជញ្ជូន។

លោក Beasley ថ្លែងថា ​អ៊ុយក្រែន​និងរុស្ស៊ី​រួមគ្នា​ផលិត​ស្រូវសាលី​៣០ភាគរយ សម្រាប់​ពិភពលោក ហើយថា​ប្រទេស អេហ្ស៊ីប និង​លីបង់ ទិញ​គ្រាប់ធញ្ញជាតិ​ជាង​៨០ភាគរយ​ពីអ៊ុយក្រែន។

លោក Beasley បានប្រាប់​ក្រុមប្រឹក្សា​សន្តិសុខថា​សង្គ្រាម​បាន​បង្ខំឲ្យ​កសិករ​អ៊ុយក្រែន​ចូលប្រយុទ្ធ​ក្នុង​សមរភូមិ ហើយមិនអាច​ថែទាំ​ស្រែចម្ការនៅរដូវ​ដាំដុះ​បាន​ទេ។ លោក​ក៏​បាន​ថ្លែង​ផង​ដែរ​ថា​ កសិករ​អ៊ុយក្រែន​ កំពុង​ជួប​បញ្ហា​កង្វះខាត​ជី​ មក​ពី​ប្រទេស​បេឡារុសនិងរុស៊្សី​ ដែល​អាច​ធ្វើ​ឲ្យ​ខូចខាត​ផល​ដំណាំ​របស់​ខ្លួន​ប្រមាណ​៥០%។

លោកថា​សង្គ្រាម​នឹង​បង្កើត​មហន្តរាយ​បន្ថែមពីលើ​មហន្តរាយ​មួយទៀត បើ​សិនជានៅតែបន្ត ហើយនឹងនាំឲ្យមាន​ការ​អត់អាហារ អស្ថិរភាព​ក្នុង​ប្រទេស​ជាច្រើន ព្រមទាំង​នឹងនាំឲ្យមាន​ការធ្វើ​ចំណាកស្រុក​ខ្នាត​ធំ​ទៀតផង។ លោកថ្លែងថា‍ «អ្វីដែលយើង​មិនចង់ធ្វើ​ក្នុងនាម​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​នោះ គឺ​យកចំណីអាហារ​ពី​កុមារ​ដែល​ត្រូវការ​ចំណីអាហារ ​ទៅឲ្យកុមារ​ដែល​អត់ឃ្លាន‍​ដដែល»។

លោកស្រី​អនុរដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក Wendy Sherman បានស្តីបន្ទោស​ស្ថានការណ៍​នេះ​ទៅលើ​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin។ លោកស្រីថ្លែងថា កងកម្លាំងរុស្ស៊ី​បាន​បំផ្លាញ​នាវា​ស៊ីវិល​ដែល​ដឹក​ទំនិញ​ពីបណ្តា​កំពង់ផែ​នៅ​សមុទ្រ​ខ្មៅ ហើយ​បាន​ចោទ​កងទ័ព​ជើងទឹករុស្ស៊ី ថាបាន​រាំងខ្ទប់​ការ​ចេញចូល​នៅតាម​កំពង់ផែ​អ៊ុយក្រែន ដើម្បី​មិនឲ្យមានការ​នាំ​គ្រាប់ធញ្ញជាតិ​ចេញ​ទៅក្រៅ​ប្រទេស។

ក៏ប៉ុន្តែ​លោក​ឯកអគ្គរដ្ឋទូត​រុស្ស៊ីប្រចាំ​អង្គការ​សហប្រជាជាតិ Vassily Nebenzia បានស្តីបន្ទោស​ការឡើងថ្លៃ​ស្បៀងអាហារ​ទៅលើ «ការដាក់ទណ្ឌកម្ម​យ៉ាង​ភិតភ័យ‍» លើ​ប្រទេស​របស់លោក ដោយ​សហរដ្ឋ​អាមេរិក​និង​បស្ចឹមប្រទេស។ លោក Nebenzia ថ្លែងថា​កងទ័ពជើងទឹក​រុស្ស៊ី​បាន​បង្កើត​ច្រករបៀង​មនុស្សធម៌ ដើម្បី​អនុញ្ញាត​ឲ្យនាវា​ចេញពី​បណ្តា​កំពង់ផែ​អ៊ុយក្រែន៕

XS
SM
MD
LG