ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

រុស្ស៊ី​បង្កើន​ការវាយ​ប្រហារ​លើ​អ៊ុយក្រែន ខណៈ​ការចរចា​សន្តិភាព​ជាប់​គាំង


ទិដ្ឋភាព​ដែល​ថត​ពី​លើ​អាកាស​នៅ​ជិត​ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២​នេះ បង្ហាញពី​ផ្ទះ​​​ដែល​ត្រូវបាន​បំផ្លាញ​នៅក្នុង​ភូមិ Lukianivka។

រុស្ស៊ី បាន​បំពាន​លើ​ការ​សន្យា​របស់​ខ្លួនដែល​ថា ​នឹង​កាត់​បន្ថយ​ប្រតិបត្តិការ​យោធាទៅ​លើ​តំបន់​ជាយ​រដ្ឋធានី​កៀវរបស់​អ៊ុយក្រែន​ និងទីក្រុង Chernihiv។​ នេះ ​បើតាម​ការឲ្យ​ដឹង​របស់​មន្ត្រី​អ៊ុយក្រែន​មួយ​ចំនួន​នៅ​ថ្ងៃពុធ។

ក្រសួង​ការពារ​ជាតិ​អាមេរិកនិយាយនៅ​ថ្ងៃ​ពុធ​ថា​ រុស្ស៊ី​ បានប្តូរទីតាំង​ឈរជើង​កងកម្លាំង​យោធា​របស់​ខ្លួន​មួយ​ចំនួន​តូចនៅ​ជុំវិញ​ទីក្រុង​កៀវ​ក្នុង​រយៈពេល​២៤​ម៉ោង​ចុងក្រោយ​នេះ​ ប៉ុន្តែ​បាន​បន្ថែម​ថា «ពុំ​មាន​ទាហាន​រុស្ស៊ីណា​ម្នាក់ ត្រឡប់​ទៅ​កាន់​បន្ទាយ​ដើម​របស់​គេ​វិញទេ»។

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិអាមេរិក​ លោក John Kirby និយាយថា​ «កង​កម្លាំង​មួយ​ចំនួន​ បាន​ចាក​ចេញ​ទៅ​កាន់​ភាគ​ខាង​ជើង ​គឺឆ្ងាយ​ពីទីក្រុង​» ​ប៉ុន្តែ​កងកម្លាំងរុស្ស៊ី​ភាគ​ច្រើន​នៅតែ​ស្ថិតជុំវិញ​ទីក្រុង​កៀវ​នៅ​ឡើយ​ ខណៈ​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​រុស្ស៊ី​នៅមានជា​បន្ត។

​រុស្ស៊ីនិយាយ​នៅ​ថ្ងៃពុធថា ពុំ​មាន​សញ្ញា​ណាមួយ​ដែលបង្ហាញ​នូវ​ការ​បំបែក​ភាព​ទាល់​ច្រក​ក្នុង​កិច្ចប្រជុំចរចាសន្តិភាពជា​មួយ​ភាគី​អ៊ុយក្រែន​នោះ​ឡើយ។​

នៅ​ក្នុង​រដ្ឋធានាវ៉ាស៊ីនតោន​ឯណោះ​វិញ​ ប្រធានាធិបតី​អាមេរិក​ លោក​ Joe Biden​ បាន​និយាយ​ជា​មួយប្រធានាធិបតី​អ៊ុយក្រែន​លោក ​Volodymyr Zelenskyy កាល​ពី​ថ្ងៃពុធ។​

សេតវិមាន​បាន​និយាយក្នុង​សេចក្តី​ថ្លែងការណ៍​មួយថា​ «មេដឹកនាំ​ទាំង​ពីរ​ បាន​ពិភាក្សា​គ្នា​អំពីការធ្វើ​ការ​ងារ​មិនឈប់ឈរ​របស់​សហរដ្ឋអាមេរិក ដើម្បី​អនុវត្ត​នូវការ​ផ្តល់​ជំនួយ​សន្តិសុខដ៏សំខាន់​ដែលអ៊ុយក្រែន​បាន​ស្នើ​សុំ​ ក៏​ដូច​ជា​អំពី​ប្រសិទ្ធភាព​នៃ​អាវុធ​ដែល​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ជម្លោះ​ និង​ការ​កិច្ចប្រឹង​ប្រែងជា​បន្ត​របស់​អាមេរិកជា​មួយសម្ព័ន្ធមិត្តនិង​ដៃគូ​ផ្សេង​ទៀត​ ដើម្បី​រក​មើល​លទ្ធភាព​បន្ថែម​ទៀត​ក្នុង​ការ​ជួយ​ដល់កងកម្លាំង​អ៊ុយក្រែន​ ដើម្បីការ​ការពារ​ប្រទេស​របស់​គេ​»។

សេតវិមាន​បន្ថែម​ទៀត​ថា «លោកប្រធានាធិបតី Biden បានប្រាប់​លោក​ប្រធានាធិបតី Zelenskyy ថា ​សហរដ្ឋអាមេរិក​ មាន​បំណង​ផ្តល់ជំនួយ​ថវិកាផ្ទាល់​ប្រមាណ​៥០០​លាន​ដុល្លារ​ ដល់​រដ្ឋាភិបាល​អ៊ុយក្រែន​។​ សេតវិមាន​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ មេដឹកនាំ​អ៊ុយក្រែន​ ក៏​បានប្រាប់​លោក Biden អំពី​ស្ថានភាព​នៃ​ដំណើរការ​ចរចា​សន្តិភាពជា​មួយ​រុស្ស៊ីផង​ដែរ។​ ​ ​

នៅ​ក្នុង​ការ​ថ្លែងតាម​វីដេអូ​កាល​ពី​ថ្ងៃពុធ លោក​ Zelenskyy និយាយ​ថា «​ខ្ញុំបាន​អរគុណ​សហរដ្ឋ​អាមេរិក​ ដែល​បាន​ផ្តល់កញ្ចប់​ជំនួយមនុស្ស​ធម៌ថ្មី​ ដែល​មានទឹកប្រាក់​ប្រមាណ​១ពាន់លាន​ដុល្លារ​អាមេរិក​ និង​ជំនួយ​ថវិកាបន្ថែម​ផ្ទាល់ដែល​មាន​ទឹកប្រាក់ប្រមាណ​៥០០​លាន​ដុល្លារ​។ ខ្ញុំ​ក៏​បាន​គូស​បញ្ជាក់​ផង​ដែរ​ថា​ ពេល​នេះ​ជាចំណុច​របត់​មួយ»។

លោក​ ក៏​បាន​បញ្ជាក់​អំពី​ការព្រួយបារម្ភ​ជា​ថ្មី​ថា កងទ័ព​រុស្ស៊ី​ កំពុង​ប្រមូល​កម្លាំង​របស់​ខ្លួន​សម្រាប់​ការ​វាយ​ប្រហារ​ជា​ថ្មីក្នុង​តំបន់​ Donbas។

​លោក​ Zelenskyy ​បន្ថែម​ទៀត​ថា​ «យើង​មិន​ជឿ​នរណា​ម្នាក់ និង​មិនជឿ​សម្តីល្អទេ។ ស្ថានភាព​ជាក់​ស្តែង​ស្តែង​ស្ថិត​នៅលើ​សមរភូមិ​ប្រយុទ្ធ។

ឯកសារ​ចារកម្ម​របស់​អាមេរិកដែល​ទើបផ្សព្វផ្សាយ​នា​ពេល​ថ្មីៗ បាន​ឲ្យ​ដឹង​ថា ​ការ​ចូលឈ្លាន​ពាន​របស់​រុស្ស៊ី​ទៅ​លើ​អ៊ុយក្រែន​ ដែល​មាន​រយៈ​ពេល​ជាង​មួយ​ខែមកហើយ​នោះ កំពុង​នាំ​ឲ្យមានជម្លោះ​ផ្ទៃក្នុង​រវាង​លោកប្រធានាធិបតី​រុស្ស៊ី Vladimir Putin ជា​មួយ​ទីប្រឹក្សា​យោធា​ជាន់​ខ្ពស់​របស់​លោក។

​មន្ត្រី​អាមេរិក​ម្នាក់​បាន​បញ្ជាក់​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធក្នុង​លក្ខខណ្ឌ​មិន​បញ្ជេញ​ឈ្មោះថា​ «​មានភាព​តាន​តឹង​ខ្លាំង​នៅ​ពេល​នេះរវាង​លោក Putin​ និង​ក្រសួង​ការពារ​ជាតិ​របស់​រស្ស៊ី។

នាយិកា​ទំនាក់​ទំនង​សេតវិមានលោក​ស្រី​ Kate Bedingfield បាន​ពន្យល់ប្រាប់​អ្នក​សារព័ត៌មាន​ជុំវិញ​រឿង​នេះថា​៖

«យើង​ជឿ​ថា​ លោក Putin មិន​ត្រូវ​បាន​ទីប្រឹក្សា​របស់​លោក​ប្រាប់​រឿង​ពិត អំពី​ភាពទន់ខ្សោយ​របស់​កង​ទ័ព​រុស្ស៊ី និង​អំពី​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​នៃការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​រុស្ស៊ី ពី​ព្រោះក្រុមទីប្រឹក្សា​ជាន់​ខ្ពស់​ទាំង​នោះ ភ័យ​ខ្លាច មិន​ហាន​ប្រាប់​លោក Putin តាម​ត្រង់។​ ដូច្នេះ រឿងនេះ​ កាន់តែ​បង្ហាញ​យ៉ាង​ច្បាស់​ណាស់​ថា​ ​សង្គ្រាម​របស់​លោក Putin ជា​កំហុស​ខាង​យុទ្ធសាស្ត្រ​មួយ​ ដែល​ធ្វើ​ឲ្យ​រុស្ស៊ី​ កាន់តែចុះ​ខ្សោយក្នុង​រយៈពេល​យូរ​ខាង​មុខ និង​កាន់តែ​មាន​ភាព​ឯកកោ នៅ​លើ​ឆាក​អន្តរជាតិ»៕

លោក Jeff Seldin អ្នក​យកព័ត៌មាន​ផ្នែក​សន្តិសុខ​ជាតិ​របស់​វីអូអេ​ ​អ្នក​ស្រី Margaret Besheer អ្នក​យកព័ត៌មាន​វីអូអេប្រចាំនៅ​អង្គការ​សហប្រជាជាតិ​ អ្នកស្រី Carla Babb អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់វីអូអេ​ប្រចាំ​ក្រសួង​ការពារ​ជាតិ និងអ្នកស្រី Anita Powell អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់វីអូអេ​ប្រឆាំ​សេតវិមាន រួម​ចំណែក​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ។

XS
SM
MD
LG