ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

អង្គការ UNICEF ថា​កុមារ​ប្រមាណ​២លាន​នាក់​ បាន​រត់ចេញ​ពី​អ៊ុយក្រែន​​


ជន​ភៀសខ្លួន​អ៊ុយក្រែន​ចាកចេញ​ពី​ច្រក​ព្រំដែន​នៅ​ទី​ក្រុង Medyka ភាគ​ខាង​កើត​ប្រទេស​ប៉ូឡូញ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០២២។

ទីភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ UNICEF បាន​និយាយ​ថា​ កុមារ​ប្រមាណ​២​លាន​នាក់​ បាន​រត់​គេច​ខ្លួន​ពី​ការ​ប្រយុទ្ធនៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ ហើយកុមារ​ប្រមាណ​២លាន​៥សែន​នាក់​ផ្សេង​ទៀត បាន​ខ្ចាត់ព្រាត់​ពីទីលំនៅ​របស់​ពួកគេនៅ​ក្នុងប្រទេស​នេះ។

​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ចេញផ្សាយ​នៅថ្ងៃពុធ អង្គការ​ UNICEF និង​ឧត្តម​ស្នងការ​ការិយាល័យ​សិទ្ធិមនុស្សរបស់​សហប្រជាជាតិ UNCHR បាន​និយាយថា​ កុមារ​មាន​ចំនួន​ពាក់​កណ្តាល​នៃ​ជន​ភៀស​ខ្លួនសរុប​ទាំង​អស់ដោយ​សារ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។​ ​អង្គការ UNICEF រាយការណ៍​ថា កុមារ​ប្រមាណ​ជាង​១លាន​១សែន​នាក់​ បាន​មក​ដល់​ប្រទេស​ប៉ូឡូញ​ ហើយ​កុមាររាប់​សែន​នាក់​ផ្សេង​ទៀត​ បានទៅ​ដល់​ប្រទេស​ រូម៉ានី​ ម៉ុលដាវី​ ហុងគ្រី​ ស្លូវ៉ាគី ​និង​សាធារណរដ្ឋ​ឆែក។

​អង្គការ​ UNCHR បាន​កត់​ត្រា​ផង​ដែរ​ថា​ កុមារ​ប្រមាណ​ជាង​១០០​នាក់​ ត្រូវ​បាន​សម្លាប់​នៅ​ក្នុងជម្លាះនៅ​អ៊ុយក្រែន​ ហើយ​កុមារ​ប្រមាណ​១៣៤​នាក់​ទៀត​ បាន​រង​របួស។ ប៉ុន្តែ​ទីភ្នាក់ងារ​នេះ​ និយាយ​ថា​ ​កុមារដែល​ស្លាប់​និង​រង​គ្រោះ​ពិតប្រាកដ អាច​មាន​ចំនួន​ច្រើន​ជាង​នេះ។

ទី​ភ្នាក់ងារ​អង្គការ​សហប្រជា​ជាតិ​ទាំង​ពីរ​នេះ ក៏​បានព្រមាន​ផង​ដែរ​ថា​ កុមារ​ដែល​ខ្ចាត់ព្រាត់ពី​លំនៅដ្ឋាន​ទាំងនេះ ​អាច​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់នៃ​ការ​ជួញដូរនិង​ការ​កេងប្រវ័ញ្ច។​ ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​របស់​កុមារ​និង​មនុស្ស​វ័យ​ក្មេង​នោះ អង្គការ UNICEF អង្គការ​ UNHCR រដ្ឋាភិបាល​ និង​ដៃគូ​នៃ​សង្គម​ស៊ីវិល​នានា បានបង្កើត​មជ្ឈមណ្ឌល​ឈ្មោះ “Blue Dot” នៅ​ក្នុង​ប្រទេសដែល​ទទួល​ជនភៀស​ខ្លួន​ ដែល​រួម​មាន​ប្រទេស​ម៉ុលដាវី​ រូម៉ានី​ និង​ស្លូវ៉ាគី។​

មជ្ឈមណ្ឌល​ “Blue Dot” ​គឺជា​មណ្ឌល​សុវត្ថិភាព​ ដែល​ផ្តល់​ព័ត៌មានដល់​គ្រួសារ​ដែល​កំពុង​ធ្វើ​ដំណើរ​ និង​ជួយ​សម្គាល់​កុមារ​ដែលគ្មាន​ក្រុម​គ្រួសារមក​ជាមួយ​ឬ​បែក​ពី​គ្រួសាររបស់​គេ​ ដើម្បី​ធានា​នូវ​ការ​ការពារដល់​ពួក​គេ​ពី​កេងប្រវ័ញ្ច និង​ជា​មជ្ឈមណ្ឌល​មួយ​ដែលផ្តល់ជូនសេវា​សំខាន់ៗ​នានា។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍មួយ​កាល​ពី​ថ្ងៃពុធ នាយិកាប្រតិបត្តិ​នៃ​អង្គការ ​UNICEF លោក​ស្រី​ Catherine Russell និយាយ​ថា៖​ «ស្ថានភាព​នៅក្នុង​ប្រទេស​អ៊ុយក្រែន​ កំពុង​ធ្លាក់​ដុនដាប​យ៉ាងឆាប់​រហ័ស»។ ស្រប​ពេល​ដែលចំនួន​កុមាររត់​គេច​ចេញពី​ផ្ទះ​សម្បែង​របស់​គេ​ កើនឡើង​ជាបន្ត​នោះ​លោកស្រី​ថ្លែង​ថា យើង​ត្រូវចងចាំ​ថា​ «​កុមារ​គ្រប់រូប​ត្រូវ​ការ​ការពារ​ ការ​អប់រំ​ សុវត្ថិភាព​ និង​ការ​គាំទ្រ»៕​

XS
SM
MD
LG