ប្រទេសអ៊ុយក្រែននៅថ្ងៃចន្ទនេះ បានបដិសេធឱសានវាទរបស់រុស្ស៊ីក្នុងការប្រគល់ទីក្រុង Mariupol ដែលកំពុងរងការឡោមព័ទ្ធ ខណៈដែលប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy និយាយថា លោកត្រៀមខ្លួនដើម្បីជួបចរចាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។
នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោកស្រី Irina Vereshchuk បានបដិសេធនូវការទាមទាររបស់រុស្ស៊ីដោយបាននិយាយថា រុស្ស៊ីគួរតែបើកច្រករបៀងមនុស្សធម៌សម្រាប់ពលរដ្ឋចាកចេញពីទីក្រុងនេះ។
លោកនាយករដ្ឋមន្ត្រីអ៊ុយក្រែនរូបនេះ បានថ្លែងប្រាប់សារព័ត៌មានអ៊ុយក្រែនPravda ថា៖ «គេមិនអាចនិយាយពីរឿងចុះចូលឬទម្លាក់អាវុធនោះឡើយ។ យើងបានប្រាប់ទៅខាងភាគីរុស្ស៊ីរួចហើយពីរឿងនេះ»។
បើទីភ្នាក់ងារព័ត៌មានរដ្ឋរុស៊្សី RIA បានឲ្យដឹងថា ក្រសួងការពារជាតិរុស៊្សី បានផ្តល់ការបរិច្ឆេទដល់កងកម្លាំងអ៊ុយក្រែនឲ្យចុះចូលនៅមុនព្រលឹមថ្ងៃចន្ទនេះ ហើយការបដិសេធមិនព្រមចុះចួល នឹងត្រូវចាត់ទុកថាជាការចូលដៃជើងជាមួយ«ក្រុមចោរ»។
ការដាក់ឱសានវាទរបស់រុស៊្សីត្រូវបានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោកZelenskyy បានថ្លែងប្រាប់អ្នកយកព័ត៌មានរបស់ទូរទស្សន៍ CNNលោកFareed Zakaria នៅក្នុងបទសម្ភាសន៍មួយដែលបានផ្សព្វផ្សាយនៅថ្ងៃអាទិត្យម្សិលមិញថា ការបរាជ័យដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងចរចាមួយជាមួយរុស៊្សី នឹងមានន័យថា «នេះជាសង្គ្រាមលោក លើកទី៣»។
លោកZelenskyy បានអំពាវនាវឲ្យមានការចរចាសន្តិភាពដ៏ទូលំទូលាយមួយជាមួយរដ្ឋាភិបាលក្រុងមូស្គូដែលនឹងធ្វើឲ្យមានឡើងវិញបូរណភាពទឹកដីនិងយុត្តិធម៌ដល់អ៊ុយក្រែន។ ប្រធានក្រុមអ្នកចរចារុស្ស៊ី បាននិយាយកាលពីពេលថ្មីៗនេះថា ភាគីទាំងពីរ បានខិតកាន់តែជិតទៅនឹងកិច្ចព្រមព្រៀងមួយលើបញ្ហាអ៊ុយក្រែននៅក្នុងការទម្លាប់ចោលការចូលរួមអង្គការអូតង់និងដាក់ចេញនូវឋានៈភាពអព្យាក្រឹត្យ។
លោកZelenskyy បានប្រាប់ទូរទស្សន៍CNN ថា កងទ័ពរុស្ស៊ី បានក្នុងប្រទេសអ៊ុយក្រែនដើម្បី«កម្ទេចយើងនិងសម្លាប់យើង» ប៉ុន្តែលោកបានសន្យាថា អ៊ុយក្រែននឹងមិនចុះចាញ់ហើយនិងប្រគល់អធិបតេយ្យភាពនិងបូរណភាពទឹកដីឲ្យរុស្ស៊ីនោះឡើយ។ លោកបន្ថែមទៀតថា «កងទ័ពរុស្ស៊ី បានសម្លាប់កុមារអ៊ុយក្រែន។ អ្នកមិនអាចផ្លាស់ប្តូរស្ថានភាពនេះឡើយ។ អ្នកមិនអាចទាមទារឲ្យអ៊ុយក្រែនទទួលស្គាល់នូវទឹកដីនៃផ្នែកខ្លះរបស់ខ្លួនថាជាសាធារណរដ្ឋឯករាជ្យនោះឡើយ។ ការសម្របសម្រួលទាំងនេះជារឿងខុស»។
ដោយឡែកនៅក្នុងទីក្រុងMariupolឯណោះវិញ សាលាសិល្បៈមួយកន្លែងរបស់ទីក្រុង ដែលមានមនុស្សប្រមាណ៤០០នាក់ កំពុងរត់រកកន្លែងជ្រកពួននោះ ត្រូវបានកងទ័ពរុស្ស៊ីផ្លោងដាក់កាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញ។
ក្រុមប្រឹក្សារបស់ទីក្រុងMariupolនិយាយថា អគារនេះត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារនោះ។ ព័ត៌មានពីអ្នកនៅរស់រានជីវិតពីការបាញ់ផ្លោងរបស់រុស្ស៊ីនេះ នៅមិនទាន់ត្រូវបានដឹងនៅឡើយទេ។
រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោកLloyd Austin បានប្រាប់កម្មវិធី“Face the Nation” របស់ទូរទស្សន៍ CBS ថា លោកគិតថា កងកម្លាំងរបស់រុស្ស៊ីបានបើកការវាយប្រហារដ៏ព្រៃផ្សៃលើជនស៊ីវិលអ៊ុយក្រែន ពីព្រោះយុទ្ធនាការយោធារបស់ខ្លួន កំពុងជាប់គាំង។
ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិរាយការណ៍ថា ជនស៊ីវិលយ៉ាងតិចណាស់ក៏ចំនួន៩០២នាក់ដែរ ត្រូវបានសម្លាប់ ហើយមនុស្សប្រមាណ១.៤៥៩នាក់ ទទួលរងរបួសរហូតមកដល់ថ្ងៃសៅរ៍កន្លងទៅនេះ និងបាននិយាយថា ចំនួននេះទំនងជាអាចខ្ពស់ពីនេះ៕