ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

អង្គការ​សហប្រជាជាតិ​ថា ស្ថានភាព​មនុស្សធម៌​​នៅ​អ៊ុយក្រែន​កំពុង​​តែ​​អាក្រក់​ឡើងៗ​ជា​រៀង​រាល់​ថ្ងៃ


អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​ លោក Tedros Adhanom Ghebreyesus រាយការណ៍​តាម​វីដេអូ​អំពី​ស្ថានភាព​វិបត្តិ​មនុស្សធម៌​នៅ​អ៊ុយក្រែន ក្នុង​អំឡុង​កិច្ច​ប្រជុំ​មួយ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គារ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០២២។

ប្រធាន​អង្គការ​សុខភាព​ពិភពលោក បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា «ឱសថ​សង្គ្រោះ​ជីវិត» ជា​តម្រូវការ​ចាំបាច់នៅ​ក្នុងប្រទេស​អ៊ុយក្រែន។

អគ្គនាយក​អង្គការ​សុខភាពពិភព​ពិភពលោក​ លោក Tedros Adhanom Ghebreyesus ថ្លែង​ថា៖ «ការ​អូសបន្លាយ​ជម្លោះ មិន​បាន​ផ្តល់​ផលប្រយោជន៍ដល់​នរណា​ម្នាក់​ឡើយ​ហើយ​នឹង​អូស​បន្លាយ​ការឈឺចាប់​ដល់​អ្នក​ដែល​ងាយ​ទទួល​រងគ្រោះ​បំផុត»។ ​លោក​បាន​ថ្លែង​ដូច្នេះប្រាប់សម័យប្រជុំ​បន្ទាន់​របស់ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាតិ​ស្តីពី​ស្ថានភាពមនុស្សធម៌​ដែល​កាន់តែ​អាក្រក់​ឡើងៗនៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ដែល​កំពុង​ស្ថិត​ក្រោម​ការ​វាយ​ប្រហារពីលើ​អាកាស​និងការបាញ់​ផ្លោង​របស់​កងទ័ពរុស្ស៊ី អស់​រយៈពេល៣ សប្តាហ៍​កន្លង​ទៅ។​

លោកTedros បាន​ប្រាប់​សម័យ​ប្រជុំ​នោះ​ថា អង្គការ​សុខភាព​ពិភពលោក បាន​ផ្ទៀងផ្ទាត់ពីការ​វាយប្រហារ​ចំនួន​៤៣លើកទៅ​លើកន្លែង​ថែទាំ​សុខភាព​ដែល​បាន​សម្លាប់​មនុស្សរាប់​សិប​នាក់​ហើយនិង​របួស​ប្រមាណ​៣៤នាក់។

ប្រធាន​អង្គការ​សុខភាព​ពិភពលោក​រូប​នេះ ក៏​បាន​និយាយផង​ដែរ​ថា អង្គការ WHO កំពុង​ធ្វើការ​ជាមួយ​ក្រសួង​សុខាភិបាលអ៊ុយក្រែន​ហើយ​រហូត​មក​ដល់​ពេល​នេះ ​ខ្លួនបាន​បញ្ជូន​បរិក្ខារ​ពេទ្យ​ប្រមាណ​១០០តោនទៅ​ដល់​ប្រទេស​នេះហើយ។

លោក​បន្ត​ទៀតថា៖ «យើង​បាន​បង្កើត​បណ្តាញ​ផ្គត់ផ្គង់ពី​ឃ្លាំង​ផ្ទុកសម្ភារៈ​នៅ​ក្នុង​ទីក្រុង Lviv ទៅកាន់​ទីក្រុង​ជា​ច្រើន​ផ្សេងទៀតនៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ប៉ុន្តែ​នៅតែ​ប្រឈម​នឹង​ការលំបាក​ក្នុង​ការចូល​ទៅ​ដល់​ទីតាំង​ដែល​ត្រូវ​ផ្តល់​នោះ។ ទីក្រុង Lviv ស្ថិត​នៅភាគខាង​លិច​អ៊ុយក្រែន​ដែលពេល​នេះ​កំពុង​មាន​សុវត្ថិភាព​គួរសម។

ចាប់តាំ​ពី​កងទ័ព​រុស៊្សី​ចូល​ឈ្លានពាន​ប្រទេស​អ៊ុយក្រែនកាល​ពី​ថ្ងៃ​ទី២៤ កុម្ភៈ​មក អង្គការ​សហប្រជាជាតិ បាន​ផ្ទៀងផ្ទាត់ការសម្លាប់​ជន​ស៊ីវិល​ប្រមាណ​៧២៦​នាក់​ ដែល​ក្នុង​នោះ​៥២​នាក់​ជា​កូនក្មេង។ ជនស៊ីវិល​ប្រមាណជាង១.០០០នាក់​ផ្សេងទៀត​ ​បាន​រងរបួស។ អង្គការ​សហប្រជាជាតិ​និយាយ​ថាចំនួនពិតប្រាកដទំនង​ជា​អាចខ្ពស់ខ្លាំង​លើសពី​នេះ។

ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​លោក​ស្រី Linda Thomas-Greenfield និយាយ​ថា៖ «រុស្ស៊ី​ត្រូវ​ទទួល​ខុស​ត្រូវលើ​អំពើ​ឃោរឃៅ​របស់​ខ្លួន។ មាន​វិធី​តែ​មួយ​ប៉ុណ្ណោះ​ដែល​អាច​បញ្ចប់​នូវ​សកម្មភាព​ដ៏​ឆ្កួត​លីលា​នេះ​បាន គឺប្រធានាធិបតី​រុស៊្សី​លោក Vladimir Putin ត្រូវ​បញ្ឈប់ការសម្លាប់ហើយត្រូវ​ដកខ្លួន​និង​កង​ទ័ព​របស់​ខ្លួន​ទាំងអស់​ចេញ​ពីប្រទេស​អ៊ុយក្រែន»៕

XS
SM
MD
LG