ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

​មីស៊ីល​​រុស្ស៊ី​វាយប្រហារ​ជិត​ព្រលាន​យន្តហោះ​ក្រុង Lviv ខណៈ​អ្នក​នៅរស់រាន​ចេញ​ពីរោង​មហោស្រព​ក្រុង Mariupol ដែល​រងការវាយប្រហារ​


មនុស្ស​ដើរ​ក្បែរ​តំបន់​មួយ​ដែល​មាន​ផ្សែង​ហុយ​យ៉ាង​ខ្លាំង​ក្រោយ​ពី​មាន​ការ​ផ្ទុះ​នៅ​ជិត​ព្រលាន​យន្តហោះ​នៅ​ជិត​ក្រុង​ Lviv ភាគ​ខាង​លិច​ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០២២។

កង​ទ័ព​រុស្ស៊ី​បាន​បាញ់​កាជ្រួច​ផ្លោង​ទៅ​លើ​តំបន់​ក្បែរ​ព្រលាន​យន្តហោះ​ទីក្រុង Lviv នៅ​ភាគ​ខាង​លិច​ប្រទេស​អ៊ុយក្រែននៅ​ថ្ងៃសុក្រ​នេះ។ គេ​នៅ​ពុំ​ទាន់​ដឹង​ពី​មនុស្ស​រងរបួស​ឬ​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​នេះនៅ​ឡើយ​ទេ។

បើ​ទោះ​បី​ជា​យ៉ាង​នេះក្តី ក៏អភិបាល​ទីក្រុង Lviv លោក Andriy Sadovy បាន​និយាយ​ថា ព្រលាន​យន្តហោះ មិន​ទទួល​រង​ការវាយ​ប្រហារ​ទេ។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

គេ​ឃើញ​មាន​ផ្សែង​ដ៏​ខ្លាំង​នៅ​លើ​អាកាស​ជុំវិញ​ព្រលាន​យន្តហោះ​នោះ។

ក្នុង​ខណៈនោះ​ដែរ នៅ​ក្នុង​ទីក្រុង Mariupol ឯណោះ​វិញ អ្នក​នៅ​រស់រាន​មាន​ជីវិត បាន​ចាប់ផ្តើម​ចេញ​ពី​រោង​មហោស្រព​ដែល​រង​ការវាយ​ប្រហារដោយ​កាំជ្រួច​មីស៊ី​របស់​រុស្ស៊ីក្នុង​ទីក្រុង​នោះ​កាល​ពី​ថ្ងៃ​ពុធ។

មនុស្សរាប់​រយនាក់​ដែល​ក្នុង​នោះ​មាន​កុមារ​ផង​ដែរ​ត្រូវបាន​គេជឿថា​ បាន​រត់​រក​កន្លែង​ពួន​នៅក្នុង​រោង​មហោស្រព​ក្នុង​ទីក្រុង​ Mariupol។

បើ​តាម​រូបភាព​ផ្កាយ​រណប​ដែល​ត្រូវ​បានផ្សព្វផ្សាយ​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាវកាស ​Maxar បាន​បង្ហាញ​ពាក្យសរសេរ​ជា​អក្សរ​រុស៊្សី​ដែល​ថា «កូនក្មេង» នៅ​លើ​ផ្លូវក្បែរ​រោង​មហោស្រព​នោះកាល​ពី​ថ្ងៃចន្ទកន្លង​ទៅ​នេះ។

គេ​នៅ​មិន​ទាន់​ដឹង​ទេ​ថា តើ​មាន​មនុស្ស​ប៉ុន្មាននាក់​នៅ​រស់​រាន​មាន​ជីវិតពី​ការ​វាយ​ប្រហារ​នោះ​ទេ។

ប្រធានាធិបតី​អាមេរិក​លោក Joe Biden មាន​គម្រោង​នឹង​ជួប​តាម​ទូរស័ព្ទដោយ​កម្រ​មួយ​ជាមួយ​ប្រធានាធិបតី​ចិន​លោក Xi Jinping នៅ​ថ្ងៃ​សុក្រ​នេះ​ដែល​ជា​ការសន្ទនាថ្នាក់​ខ្ពស់​មួយ​ ខណៈពេលដែល​ប្រធានាធិបតី​អ៊ុយក្រែន​លោក Zelenskyy បាន​អង្វករ​ដល់​ពិភពលោក​ឲ្យ​ជួយ​ប្រយុទ្ធប្រឆាំង​នឹង​ការឈ្លានពាន​របស់​កងទ័ព​រុស្ស៊ី​ដែល​មាន​រយៈពេល​៣​សប្តាហ៍​កន្លង​ទៅ​ហើយ។

ចិន បាន​ដើរ​តួនាទី​ដ៏សំខាន់​មួយនៅ​ក្នុង​ជម្លោះអ៊ុយក្រែន ស្រប​ពេល​ដែល​មានរបាយការណ៍​ព័ត៌មានមួយ​ចំនួនផ្សព្វផ្សាយ​ថា រុស្ស៊ី​បាន​ស្នើសុំជំនួយ​យោធា​ពី​ចិន។ សហរដ្ឋ​អាមេរិក បាន​ផ្តល់​ជំនួយ​យោធា​យ៉ាង​ច្រើន​ទៅ​ឲ្យ​អ៊ុយក្រែន ដោយលោក Biden បាន​ប្រកាស​ផ្តល់​កញ្ចប់​ថវិកាថ្មីក្នុង​ចំនួន​៨០០​លាន​ដុល្លារក្នុង​សប្តាហ៍​នេះ។

អ្នក​នាំ​ពាក្យ​សេតវិមាន​លោកស្រី Jen Psaki បាន​និយាយថា៖ «យើង​បាន​លើក​ឡើង​យ៉ាង​ច្បាស់​ពី​ក្តី​កង្វល់​ដ៏​ជ្រាល​ជ្រៅ​របស់​យើងចំពោះ​ការពាក់​ព័ន្ធ​របស់​ចិនជា​មួយ​រុស៊្សី ក៏​ដូច​ជា​ផល​ប៉ះពាល់​និង​ផលវិបាក​នានា​ដែល​អាច​កើត​ចេញ​ពី​បញ្ហា​នេះ​ផង​ដែរ»។

លោក​ស្រី Psaki បន្ត​ទៀត​ថា៖ «ការសន្ទនា​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​សុក្រ​នេះ ជា​ឱកាស​មួយ​ដែល ប្រធានាធិបតី​អាមេរិក​លោក Biden អាច​ធ្វើ​ការវាយ​តម្លៃ​បាន​ពីជំហរ​របស់ប្រធានាធិបតី​ចិន។ ជា​ការពិត​ណាស់ មាន​ការគាំទ្រ​ជា​ពាក្យសម្តីឬ​ពុំ​មាន​ការថ្កោលទោស​ជាក់​លាក់​ណា​មួយ​ដោយ​ប្រទេស​ចិន​ចំពោះ​អ្វី​ដែល​រុស៊្សី​កំពុង​ធ្វើ​នោះ​ឡើយ។ ទាំង​នេះ​វា​ហាក់​ដូច​ជា​អ្វី​ដែល​ជា​ជំហរ​របស់​ចិន​ដែល​ក្នុង​នោះ​រួម​ទាំង​ធម្មនុញ្ញ​ជា​មូល​ដ្ឋាន​របស់​អង្គការ​សហប្រជាជាតិ​ ​ការ​គោរព​ជា​មូលដ្ឋាននូវ​អធិបតេយ្យភាព​របស់​ប្រទេស​ដទៃជាដើម។ ដូច​នេះ​អ្វី​ដែលចិន​មិន​បាន​ប្រកាស​ថ្កោល​ទោស​នូវ​អ្វី​ដែល​រុស្ស៊ីកំពុង​ធ្វើ​នោះ​ជា​ការបង្ហាញ​នូវ​ជំហរ​របស់​ខ្លូន​មួយ»។

ដោយ​ឡែក​ការ​ប្រយុទ្ធគ្នា​ក្នុង​សមរភូមិក្នុង​ប្រទេស​អ៊ុយក្រែន​វិញ មន្ត្រីការពារជាតិ​អាមេរិកមួយ​ចំនួន​និយាយ​ថា កង​ទ័ព​រុស្ស៊ី​ហាក់​ដូច​ជា​នៅ​ទ្រឹងក្នុង​ដំណើររុល​ទៅ​មុខ​របស់​ខ្លួន​ ដោយ​មាន​ការជឿន​លឿន​តែ​បន្តិច​បន្តួច​តែ​ប៉ុណ្ណោះ។ មន្ត្រី​អាមេរិក​ទាំង​នេះ​ពណ៌នា​ថា​ ដោយសារ​តែ​មាន​ការតស៊ូយ៉ាង​ស្វិត​ស្វាញ​ពី​កងកម្លាំង​របស់​អ៊ុយក្រែន​នោះ។​

មន្ត្រីក្រសួង​ការពារ​ជាតិ​អាមេរិក​នោះ និយាយ​ទៀត​ថា កងទ័ព​រុស្សី​ ដែល​កំពុង​ព្យាយាម​ ដណ្តើម​កាន់កាប់​រដ្ឋធានី​កៀវ​នោះ បាន​បរាជ័យ​ក្នុងការរុល​ទៅ​មុខ​បន្ថែមទៀត​ទៅ​ជិត​រដ្ឋធានី​នេះ​ក្នុង​រយៈពេល​២៤​ម៉ោង​ចុងក្រោយ​នេះ៕

ប្រធាន​ការិយាល័យវីអូអេ​នៅ​សេតវិមាន​អ្នក​ស្រី Patsy Widakuswara និង​អ្នក​យក​ព័ត៌មាន​វីអូអេ​នៅ​សភា​អ្នកស្រី Katherine Gypson ផ្តល់​សេចក្តី​រាយការណ៍​នេះ។ ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ដកស្រង់ពី​ទីភ្នាក់ងារ​ព័ត៌មាន AP, AFP និង Reuters។

XS
SM
MD
LG